Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"ការ​ប្រឡង​បាក់ឌុប​ក្នុង​សម័យ​កំណែ​ទម្រង់​កំពុង​ហុច​ផល​ល្អ"

$
0
0

សិស្ស​វិទ្យាល័យ​ចំនួន​ជាង ១០​ម៉ឺន​នាក់​នៅ​ថ្ងៃ​ទី​២១ សីហា បាន​សម្រុក​ទៅ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ក្រសួង​អប់រំ បន្ត​ពង្រឹង និង​បន្តឹង​ការ​ប្រឡង ដើម្បី​ចម្រាញ់​យក​ធនធាន​មាន​ចំណេះដឹង​ពិតប្រាកដ។

យុវតី ប៉ែន លីហៀក ជា​បេក្ខជន​ប្រឡង​ម្នាក់​ក្នុង​ចំណោម​សិស្ស​ទាំងនោះ កំពុង​ឈរ​នៅ​មុខ​វិទ្យាល័យ​បឹងត្របែក រាជធានី​ភ្នំពេញ ចាំ​គ្រួសារ​មក​ទទួល ក្រោយ​ពេល​ចេញ​ពី​ប្រឡង​បញ្ចប់​ការ​សិក្សា​ចំណេះ​ទូទៅ​របស់​នាង៖ «ខ្ញុំ​ធ្វើ​បាន​ច្រើន។ រឹត​បន្តឹង​ចឹង​ល្អ។ ពេល​យើង​ខំ​រៀន​ពី​ដើម​ឆ្នាំ ទោះ​តឹង​ម៉េច ក៏​ធ្វើ​បាន​ដែរ»

ក្រសួង​អប់រំ ប្រើប្រាស់​ទាំង​ច្បាប់​អប់រំ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ និង​ច្បាប់​ព្រហ្មទណ្ឌ ដើម្បី​ធានា​ថា​បេក្ខជន​ទាំងអស់​ប្រឡង​ដោយ​ការ​ប្រើប្រាស់​សមត្ថភាព​ពិត និង​គ្មាន​អំពើ​ហិង្សា​ផ្សេងៗ។ ក្រសួង​ប្រកាន់​គោលការណ៍​ថា «អ្នក​ចេះ​គឺ​ជាប់»

នៅ​ក្បែរ​កញ្ញា លីហៀក គឺ​យុវជន ទូច ភីណា ប្រាប់​ថា វិញ្ញាសា​ប្រឡង​មាន​សំណួរ​ខ្លះ​ពិបាក សំណួរ​ខ្លះ​ងាយស្រួល ហើយ​ក្នុង​បន្ទប់​ប្រឡង​របស់​គេ​មិន​មាន​ការ​បើក​ចម្លង​នោះ​ទេ៖ «លំហាត់​ខ្លះ​ធ្វើ​បាន​ទាំងអស់។ ដល់​សំណួរ​ខ្លះ​រាង​ពិបាក។ បើ​ប្រវត្តិ​វិញ ចេញ​មក​រៀង​ធូរ​ដែរ។ ប្រសិន​បើ​រឹត​បន្តឹង​ទៀត កាន់​តែ​ល្អ។ អត់​មាន​ការ​បើក​ចាក់​បាន។ ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​ជាប់»

ការ​ឆែកឆេរ​រក​ឯកសារ​យោង ឬ​ព្រុយយ៉ុង និង​ឧបករណ៍​ហាមឃាត់ ត្រូវ​ធ្វើ​ឡើង​ចំនួន ៣​ដំណាក់កាល គឺ​មុន​ការ​ចូល​មណ្ឌល​ប្រឡង​ម្ដង មុន​ចូល​បន្ទប់​ប្រឡង​ម្ដង និង​ម្ដង​ទៀត​មុន​ចែក​វិញ្ញាសា​ដល់​បេក្ខជន។ ប្រសិន​បើ​រក​ឃើញ​ព្រុយយ៉ុង​បន្ទាប់​ពី​ចែក​វិញ្ញាសា និង​ការ​ចម្លង​គ្នា​ក្នុង​ពេល​សំណេរ បេក្ខជន​នឹង​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ។ រីឯ​បេក្ខជន​ផ្លាស់​ទីកន្លែង ឬ​ដូរ​លេខ​តុ ក៏​ត្រូវ​ធ្លាក់ និង​ព្យួរ​ការ​ប្រឡង​មួយ​ឆ្នាំ ហើយ​ការ​ប្រព្រឹត្ត​ឲ្យ​មាន​អំពើ​ហិង្សា​លើ​បេក្ខជន​ដទៃ ឬ​ឲ្យ​អ្នក​ដទៃ​ប្រឡង​ជំនួស នឹង​ធ្លាក់​ស្វ័យប្រវត្តិ ព្រម​ទាំង​ព្យួរ​ការ​ប្រឡង​រយៈពេល ២​ឆ្នាំ។

បន្ទាប់​ពី​បើក​ហិប​វិញ្ញាសា​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ហង់ ជួន ណារ៉ុន អះអាង​ថា ដំណើរ​រៀបចំ​ការ​ប្រឡង​នៅ​ឆ្នាំ​នេះ គឺ​តឹង​ដូច​បណ្តា​ឆ្នាំ​មុនៗ​ដែរ៖ «តែ​ស្ថានភាព​នឹង​ប្រសើរ​ឡើង។ សិស្ស​ដែល​ខំ​រៀន​ពី​ដើម​ឆ្នាំ នឹង​ប្រឡង​ជាប់»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ផ្ញើ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ទាំងអស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ប្រឡង កុំ​មាន​ការ​ភ័យ​ខ្លាច ប៉ុន្តែ​ត្រូវ​គោរព​វិន័យ និង​បទប្បញ្ញត្តិ​ឲ្យ​បាន​ត្រឹមត្រូវ។

នេះ​ជា​ឆ្នាំ​ទី​៤ នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​របស់​លោក​រដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន។ កាល​ពី​ឆ្នាំ​២០១៤ អត្រា​អ្នក​ប្រឡង​ជាប់​មាន ២៦​ភាគរយ ដែល​ថយ​ពី ៨០​ភាគរយ​នៅ​ឆ្នាំ​២០១៣។ ចំណែក​នៅ​បណ្តា​ឆ្នាំ​បន្ទាប់​មក អត្រា​នេះ​កើន​ឡើង​វិញ ដូចជា​នៅ​ឆ្នាំ​២០១៦ អត្រា​សិស្ស​ប្រឡង​ជាប់​មាន ៦២​ភាគរយ។

ប្រព័ន្ធ​អប់រំ​មូលដ្ឋាន​កម្ពុជា ធ្លាប់​រង​ការ​រិះគន់​ថា​មិន​មាន​ស្តង់ដារ ពិសេស​ពេល​មាន​ការ​ប្រឡង​ចេញ​ម្តងៗ វា​មាន​សភាព​រញ៉េរញ៉ៃ ដូចជា​គ្រូ​ទទួល​យក​សំណូក​ពី​សិស្ស​ពេល​ប្រឡង ជា​ថ្នូរ​បើក​ឲ្យ​មាន​ការ​លួច​ចម្លង និង​ការ​បែក​ធ្លាយ​វិញ្ញាសា​មុន​ពេល​ប្រឡង ជាដើម។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល (NGO Education Partnership) លោក ជិន ចាន់វាសនា លើក​ឡើង​ថា កំណែ​ទម្រង់​អប់រំ ពិសេស​ការ​បន្តឹង​ការ​ប្រឡង​នេះ ធ្វើ​ឲ្យ​សិស្ស​ខិតខំ​រៀនសូត្រ​ជាង​មុន ហើយ​ផលិត​បាន​ធនធាន​មនុស្ស​ដែល​មាន​ចំណេះដឹង​ពិតៗ។ លោក​បន្ត​ថា ក្រសួង​គួរ​ពង្រឹង​គុណភាព​គ្រូបង្រៀន និង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​គ្រូ​បន្ថែម​ទៀត ដើម្បី​ឲ្យ​កំណែ​ទម្រង់​រឹត​តែ​ទទួល​បាន​លទ្ធផល​ល្អ៖ «»

ការ​ប្រឡង​នេះ ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ។ ប្រឡង​ថ្ងៃ​នេះ​មាន​វិញ្ញាសា​ភាសា​បរទេស គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ផែនដី និង​បរិស្ថានវិទ្យា។

បើ​តាម​ក្រសួង​អប់រំ ដំណើរការ​សំណេរ​ថ្ងៃ​ទី​មួយ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ ហើយ​បេក្ខជន​បាន​គោរព​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន។

នៅ​ថ្ងៃ​ប្រឡង​ទី​មួយ​នេះ បេក្ខជន​ប្រព្រឹត្ត​កំហុស​ឆ្គង​ត្រូវ​បាន​រៀបចំ​កំណត់​ហេតុ​ពិសេស​ចំនួន ៧​ករណី ក្នុង​នោះ​ករណី​ដកហូត​ទូរស័ព្ទ​ដៃ ៥​ករណី ប្ដូរ​លេខ​តុ​អង្គុយ ១​ករណី លួច​ចម្លង​សំណៅ​ឯកសារ ១​ករណី ដោយឡែក​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ២៣​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួល​បាន​ការ​សង្គ្រោះ​បឋម និង​មាន ២​ករណី​ដែល​មិន​អាច​បន្ត​ការ​ប្រឡង​បាន។

បុគ្គលិក​អប់រំ​មាន​កំហុស​ឆ្គង ១​ករណី (ធ្វើ​អនុរក្ស​ជំនួស) ត្រូវ​បាន​បញ្ឈប់​មិន​អនុញ្ញាត​ឲ្យ​បន្ត​ការងារ និង​រៀបចំ​កំណត់​ហេតុ​ពិសេស។

មណ្ឌល​មួយ​ចំនួន​នៅ​ពេល​ព្រឹក​នៅ​ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់ និង​ពេល​រសៀល​មាន​មណ្ឌល​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង ខេត្ត​កណ្ដាល និង​ខេត្ត​ក្រចេះ មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​របស់​បេក្ខជន​ឡើយ។

សិស្ស​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​នេះ​មាន​ជាង ១​សែន​នាក់ (១០១.៤១០​នាក់) ដែល​មាន ១៧៨​មណ្ឌល និង​មាន​ជាង ៤​ពាន់​បន្ទប់ (.០៩៣​នាក់) នៅ​ទូទាំង​ប្រទេស។ ក្នុង​ដំណើរការ​សំណេរ​នា​ថ្ងៃ​ទី​មួយ​នេះ សិស្ស​អវត្តមាន​សរុប​ចំនួន ១.៤៩៧​នាក់។

អ្នក​សង្កេតការណ៍​ប្រឡង​មាន​ជាង ៤​ពាន់​នាក់ ហើយ​ក្នុង​មួយ​មណ្ឌល មន្ត្រី​ប៉ូលិស និង​ប៉េអិម​ជាង ១០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ការពារ​សុវត្ថិភាព ជួយ​សម្រួល​ចរាចរណ៍ និង​ការពារ​ការ​ដឹក​ជញ្ជូន​វិញ្ញាសា​ទៅ​តាម​មណ្ឌល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles