Quantcast
Viewing all articles
Browse latest Browse all 11174

កសិករ​ស្រុក​ឯកភ្នំ​ដាំ​ក្រចៅ​កូត​យក​សម្បក​លក់​ធ្វើ​ជា​របរ​បន្ថែម​ក្រៅ​ពី​ធ្វើ​ស្រែ​ចម្ការ

Image may be NSFW.
Clik here to view.

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ចាប់​យក​របរ​ដាំ​ដើម​ក្រចៅ យក​សម្បក​ធ្វើ​ខ្សែ​ព្រាល​លក់ ឬ​ហៅ​ថា​ក្រចៅ​កូត រក​ប្រាក់​ចំណូល​បន្ថែម​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ក្រៅ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ។ អ្នក​ភូមិ​អះអាង​ថា ខ្សែ​ក្រចៅ ឬ​ហៅ​ថា​ខ្សែ​ព្រាល​ឆ្នាំ​នេះ​មាន​ហាងឆេង​ល្អ​ជាង​ឆ្នាំ​មុន ធ្វើ​ឲ្យ​ពួក​គាត់​រក​ប្រាក់​ចំណូល​បាន​ច្រើន​គួរសម ប៉ុន្តែ​ពួក​គាត់​ដាំ​បាន​តិច ដោយសារ​ពិបាក​រក​គ្រាប់​ពូជ។

ដើម​ក្រចៅ​ខ្លះ​ទំហំ​ប៉ុន​មេដៃ និង​ប៉ុន​មេជើង​មនុស្ស​ចាស់ និង​មាន​កម្ពស់​ប្រហែល​ពី​ពីរ​ម៉ែត្រ​ទៅ ៣​ម៉ែត្រ ដែល​ប្រជា​កសិករ​នៅ​ស្រុក​ឯកភ្នំ ភាគច្រើន​ដាំ​នៅ​លើ​ដី​ស្រែ​ទីទួល​មិន​ងាយ​ដក់​ទឹក។ អ្នក​ភូមិ​អះអាង​ថា មូលហេតុ​ដែល​ដាំ​នៅ​លើ​ដី​ទួល ដើម្បី​ឲ្យ​ដើម​ក្រចៅ​លូតលាស់​បាន​ល្អ។

នៅ​ជាប់​ផ្លូវ​លំ​ទី​ជនបទ​អម​ដង​ស្ទឹង​សង្កែ នៃ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ កន្លែង​ខ្លះ​មាន​ដើម​ក្រចៅ​នៅ​ក្បែរ​ផ្ទះ​របស់​ពលរដ្ឋ។ អ្នក​ភូមិ​បាន​នាំ​គ្នា​ប្រមូល​ផល​ក្រចៅ ដោយ​កាប់​នឹង​កាំបិត​រួច​ប្រមូល​ចង​បាច់ ដោយ​ក្នុង​មួយ​បាច់ៗ​ប្រហែល​មួយ​ឱប​កូន​ក្មេង ហើយ​បក​យក​សម្បក​ក្រចៅ​ទៅ​កូត ដោយ​ប្រើ​កាំបិត ឬ​អ្នក​ខ្លះ​ប្រើ​អង្គប់​ដែល​មាន​ដែក​នៅ​ខាង​ក្នុង គាប​យក​សម្បក​ស្ដើងៗ​ខាង​ក្រៅ​ចេញ ទុក​តែ​សាច់​ក្រចៅ ឬ​ហៅ​ថា​ខ្សែ​ព្រាល។

ពលរដ្ឋ​រស់នៅ​ភូមិ​អន្សងសក ឃុំ​ព្រែកនរិន្ទ លោក អ៊ិត ហត ផ្ដល់​សម្ភាស​ឲ្យ​អាស៊ីសេរី ខណៈ​កំពុង​កាប់​ដើម​ក្រចៅ ថា​ឆ្នាំ​នេះ​លោក​ដាំ​ក្រចៅ​នៅ​លើ​ផ្ទៃដី​ជិត​កន្លះ​ហិកតារ ដោយ​ប្រមូល​ផល​បណ្ដើរៗ​ជិត​អស់​ពាក់​កណ្ដាល​ហើយ។ បុរស​សម្បុរ​សណ្ដែកបាយ វ័យ ៥០​ឆ្នាំ​ប្លាយ​រូប​នេះ​អះអាង​ថា ហាងឆេង​ខ្សែ​ក្រចៅ​ឆ្នាំ​នេះ​មាន​តម្លៃ​ល្អ គឺ​ប្រមាណ​ពី ៥.៥០០​រៀល​ទៅ ៦​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម។ លោក​អះអាង​ថា តម្លៃ​នេះ​លក់​បាន​ប្រាក់​ចំណេញ​ជាង​ឆ្នាំ​មុនៗ ដែល​តម្លៃ​ត្រឹម​តែ​ជាង ៤​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម។ លោក​ថា ផ្ទៃដី​ជិត​កន្លះ​ហិកតារ​នេះ ប្រមូល​ផល​បាន​ចំនួន​ប្រមាណ​ពី ៤០០ ទៅ ៥០០​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ៖ «បើ​សិន​ជា​តម្លៃ​ដូច​សព្វថ្ងៃ ដាំ​ក្រចៅ​លក់​បាន​ប្រាក់​ច្រើន​ជាង​ធ្វើ​ស្រែ ប៉ុន្តែ​ត្រូវ​ចំណាយ​រយៈពេល​យូរ​ជាង​ការ​ធ្វើ​ស្រូវ ព្រោះ​ចំណាយ​ពេល ៦​ខែ​ទើប​ប្រមូល​ផល ចំណែក​ឯ​ស្រូវ​ស្រាល​វិញ គេ​ដាំ​តែ ៣​ខែ​បាន​ផល​ហើយ»

លោក​បន្ថែម​ទៀត​ថា ប្រសិន​បើ​ហាងឆេង​ក្រចៅ​ល្អ និង​មាន​ឈ្មួញ​មក​ទិញ​ដល់​ផ្ទះ​ជា​រៀង​រាល់​ឆ្នាំ​នោះ គឺ​ពួក​គាត់​មិន​ធ្វើ​ស្រែ​នោះ​ទេ ព្រោះ​ធ្វើ​ក្រចៅ​បាន​ផល​ច្រើន​ជាង និង​ចំណាយ​ផ្ទៃដី​តិច ក៏ប៉ុន្តែ​ត្រូវ​ចំណាយ​កម្លាំង​នៅ​ពេល​ប្រមូល​ផល​លំបាក​ជាង​ការ​ធ្វើ​ស្រែ៖ «ដូច​ខ្ញុំ​និយាយ​អ៊ីចឹង បើ​សិន​ជា​មាន​រោង​ចាំ​ទិញ​ក្រចៅ​វិញ អត់​បាន​ធ្វើ​ស្រូវ​ទេ នាំ​គ្នា​ធ្វើ​ក្រចៅ​ហើយ ព្រោះ​ក្រចៅ​បាន​ផល​ពីរ​ដង​នៃ​ការ​ធ្វើ​ស្រែ»

ការ​ប្រមូល​ផល​ក្រចៅ​ក្រោយ​ពី​កូត​យក​សម្បក​ស្ដើងៗ​ហើយ កសិករ​ត្រូវ​យក​វា​ទៅ​ហាល​ថ្ងៃ ដោយ​ធ្វើ​ស្នួ​ហាល​ដូច​ការ​ហាល​ខោអាវ​ដែរ។ អ្នក​ភូមិ​ឲ្យ​ដឹង​ថា ហាល​ខ្សែ​ក្រចៅ​ឲ្យ​ស្ងួត​ដោយ​ប្រើ​រយៈពេល​ពេញ​មួយ​ថ្ងៃ​ទើប​វា​ស្ងួត​ល្អ ហើយ​ប្រមូល​ចង​បាច់​ជា​ការ​ស្រេច។

ពលរដ្ឋ​ម្នាក់​ទៀត លោកស្រី មិញ សារឿន មាន​ប្រសាសន៍​ថា លោកស្រី​ប្រកប​របរ​មួយ​នេះ​ធ្វើ​ជា​របរ​បន្ថែម​ជាង ៤០​ឆ្នាំ​ហើយ ក៏ប៉ុន្តែ​ឆ្នាំ​នេះ​ខ្សែ​ក្រចៅ​បាន​ថ្លៃ​ជាង​ឆ្នាំ​មុនៗ។ ស្ត្រី​វ័យ ៧៣​ឆ្នាំ​រូប​នេះ​បន្ថែម​ដោយ​សម្ដី​មួយៗ​ថា ខ្សែ​ក្រចៅ​នៅ​ពេល​គេ​ហាល​វា​ស្ងួត​ហើយ មាន​ឈ្មួញ​មក​ទិញ​ដល់​ផ្ទះ ដោយ​ពុំ​បាច់​យក​ទៅ​លក់​នៅ​ទីផ្សារ​នោះ​ទេ៖ «របរ​នេះ​គ្រាន់​តែ​បាន​ប្រាក់​ទិញ​ម្ហូប​ប្រចាំ​ថ្ងៃ គឺ​ប្រាក់​សល់​សម្រាប់​ធ្វើ​អ្វី​ផ្សេង​ទេ ព្រោះ​ខ្ញុំ​ធ្វើ​ម្នាក់​ឯង។ បើ​គេ​ធ្វើ​គ្នា​ច្រើន​បាន​ប្រាក់​នៅ​សល់​ខ្លះ។ ខ្ញុំ​ធ្វើ​ក្រចៅ​រាល់​ថ្ងៃ​បាន​ប្រមាណ ៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ របរ​នេះ​ហត់​ណាស់»

ឈ្មួញ​ទិញ​ក្រចៅ​នៅ​ឃុំ​ព្រែកនរិន្ទ លោក ព្រឿន ព្រួញ មាន​ប្រសាសន៍​ថា ក្នុង​មួយ​សប្ដាហ៍​លោក​ប្រមូល​ទិញ​ខ្សែ​ក្រចៅ​ពី​កសិករ​បាន​ជាង ១​តោន ហើយ​ចំនួន ២​សប្ដាហ៍​ប្រមូល​ទិញ​បាន​ជាង ២​តោន ទើប​លោក​ដឹក​យក​ទៅ​លក់​ម្ដង។ លោក​បន្ថែម​ថា ក្រចៅ​ទាំងអស់​នេះ​លោក​យក​ទៅ​លក់​ឲ្យ​ម៉ូយ​ទិញ​យក​ទៅ​ចែកចាយ​បន្ត​នៅ​ខេត្ត​ព្រៃវែង៖ «ហាងឆេង​ក្រចៅ​ឆ្នាំ​នេះ​មាន​តម្លៃ​ជាង​ឆ្នាំ​មុន ដោយសារ​ខ្ញុំ​រក​ទីផ្សារ​បាន​ឆ្ងាយ បើ​សិន​ជា​លក់​នៅ​ត្រឹម​ខេត្ត​បាត់ដំបង មិន​បាន ៣​ពាន់​ផង ក្រចៅ​ក្នុង​មួយ​គីឡូក្រាម​នោះ។ បាន​ទីផ្សារ​នៅ​ខេត្ត​ព្រៃវែង គ្រាន់​ជួយ​ដល់​កសិករ​នៅ​ឃុំ​ព្រែកនរិន្ទ»

អ្នក​ភូមិ​ឲ្យ​ដឹង​ថា ប្រសិន​បើ​ដើម​ក្រចៅ​ល្អ ដាំ​នៅ​លើ​ផ្ទៃដី​ចំនួន ៤០​ម៉ែត្រ​បួន​ជ្រុង ហុច​ផល​ប្រមាណ​ពី ២៥០ ទៅ ៣០០​គីឡូក្រាម។ ចំណែក​ការ​ប្រមូល​ផល​ក្រចៅ​វិញ អ្នក​ភូមិ​អះអាង​ថា មនុស្ស​ម្នាក់​អាច​កូត​ក្រចៅ​បាន​ពី ៣ ទៅ ៦​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ។

មេ​ឃុំ​ព្រែកនរិន្ទ លោក ងៀប រ៉ុត អះអាង​ថា របរ​ធ្វើ​ក្រចៅ​របស់​កសិករ​នៅ​ឃុំ​មួយ​នេះ សព្វថ្ងៃ​ជា​របរ​បន្ទាប់​បន្សំ​ក្រៅ​ពី​ការ​ធ្វើ​ស្រែ និង​ធ្វើ​ចម្ការ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។ រីឯ​ដំណាំ​ឆ្លង​កាត់​ផ្សេងៗ​ទៀត​ដូចជា​សណ្ដែកបាយ ពោត ត្រសក់ និង​ឪឡឹក ជាដើម លោក​ថា​ក៏​ជា​របរ​សំខាន់​ដែល​ពលរដ្ឋ​និយម​ដាំ​ដុះ៖ «បាទ! គាត់​ធ្វើ​ជា​លក្ខណៈ​គ្រួសារ​ហ្នឹង តែ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជួយ​គាំទ្រ​ប្រើប្រាស់​របស់​ក្នុង​ស្រុក​យើង​ផង ព្រោះ​ជា​របស់​ល្អ​ប្រើ​ជាប់​បាន​យូរ»

ខ្សែ​ក្រចៅ​គេ​និយម​យក​ទៅ​ធ្វើ​ជា​ខ្សែ​ត្បាញ​កន្ទេល​ក្រហម ខ្សែ​ដេរ​បាវ​ស្រូវ​អង្ករ និង​ប្រើប្រាស់​សម្រាប់​ចង​របស់​របរ​ក្នុង​ផ្ទះ ជាដើម គឺ​ជាប់​ល្អ​ជាង​ខ្សែ​ប្លាស្ទិក​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ មេ​ឃុំ​ព្រែកនរិន្ទ ឲ្យ​ដឹង​ថា សព្វថ្ងៃ​ពលរដ្ឋ​ដែល​និយម​ដាំ​ក្រចៅ​មាន​ប្រមាណ ៤០​គ្រួសារ នៅ​ក្នុង​ភូមិ​ចំនួន​៥ នៃ​ឃុំ​របស់​លោក និង​មាន​ផ្ទៃដី​ដាំ​ដុះ​សរុប​ជាង ១០​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles