Quantcast
Viewing all articles
Browse latest Browse all 11174

សហគមន៍​ទេសចរណ៍​បឹង​ត្រាវកុដិ​បារម្ភ​ពី​ការ​បំផ្លាញ​ធម្មជាតិ​ដោយសារ​ការ​ទិញ​លក់​ដី

Image may be NSFW.
Clik here to view.

បឹង​ត្រាវកុដិ គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​នៅ​ឃុំ​បល្ល័ង្ក នៃ​ស្រុក​ប្រាសាទបាគង ចម្ងាយ​ជិត ៤០​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប។ ទីនោះ​កំពុង​មាន​ចលនា​ពុះ​ដី​ឡូត៍​លក់ ព្រម​ទាំង​អ្នក​មាន​លុយ​កាក់​ខ្លះ​បាន​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ដី​នៅ​ជុំវិញ​បឹង បំណង​ធ្វើ​ជា​ភោជនីយដ្ឋាន ឬ​ក៏​ទី​កម្សាន្ត​ផ្សេងៗ​សម្រាប់​រក​កម្រៃ​ពី​ទេសចរ ប៉ុន្តែ​វា​ក៏​កំពុង​គំរាម​កំហែង​ដល់​ធនធាន​ធម្មជាតិ និង​បរិស្ថាន​របស់​រមណីយដ្ឋាន​ទេសចរណ៍​ដែរ។

សហគមន៍​ទេសចរណ៍​បឹង​ត្រាវកុដិ ព្រួយ​បារម្ភ​ថា រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​នេះ​អាច​នឹង​បាត់បង់​ព្រៃឈើ ព្រម​ទាំង​បរិស្ថាន​មិន​ល្អ ប្រសិន​បើ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​កំណត់​ព្រំប្រទល់​ការពារ​ឲ្យ​បាន​ទាន់​ពេលវេលា​ទេ​នោះ។

ការ​ព្រួយ​បារម្ភ​របស់​សហគមន៍ បាន​កើត​ឡើង​នៅ​ស្រប​ពេល​ដែល​ចលនា​ទិញ​លក់​ដី​នៅ​ជុំវិញ​តំបន់​បឹង​ត្រាវកុដិ កំពុង​កើត​ឡើង​យ៉ាង​ខ្លាំង។

ប្រធាន​សហគមន៍​ទេសចរណ៍​ធម្មជាតិ​បឹង​ត្រាវកុដិ គឺ​លោក អឿម អន។ លោក​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ព្រៃឈើ​ជាច្រើន​កន្លែង​នៅ​ជុំវិញ​បឹង​ត្រាវកុដិ បាន​បាត់បង់​ដោយសារ​តែ​ពលរដ្ឋ​លក់​ដូរ​ដី ហើយ​ម្ចាស់​ថ្មី​បាន​កែច្នៃ​ធ្វើ​ជា​កន្លែង​ចិញ្ចឹម​សត្វ ឬ​ក៏​ភោជនីយដ្ឋាន​ទំនើបៗ ជាដើម។

ប្រធាន​សហគមន៍​ទេសចរណ៍​ដដែល​បញ្ជាក់​ថា រូប​លោក​កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃឈើ ហើយ​ប៉ះពាល់​ដល់​ជីវិត​សត្វ​ព្រៃ រួម​ទាំង​ខូចខាត​ដល់​បរិស្ថាន​ធម្មជាតិ​ផង ក៏ប៉ុន្តែ​រូប​លោក​មិន​អាច​ដឹកនាំ​ចលនា​ដាំ​កូន​ឈើ​នៅ​ជុំវិញ​បឹង​ត្រាវកុដិ​បាន​ទេ ពីព្រោះ​តែ​អាជ្ញាធរ​មិន​ទាន់​កំណត់​ព្រំប្រទល់​រមណីយដ្ឋាន​ត្រឹម​ណា​នៅ​ឡើយ។

លោក អឿម អន បញ្ជាក់​ថា បច្ចុប្បន្ន ម្ចាស់​ដី​ឯកជន​ខ្លះ​បាន​ចាប់​ផ្ដើម​ទៅ​ធ្វើ​កន្លែង​ចិញ្ចឹម​សត្វ និង​ភោជនីយដ្ឋាន​នៅ​តាម​មាត់​បឹង​ធម្មជាតិ​ជា​បណ្ដើរៗ ជា​ហេតុ​ធ្វើ​ឲ្យ​ព្រួយ​បារម្ភ​ចំពោះ​ការ​បំពុល​បរិស្ថាន​ទឹក ប្រសិន​បើ​មាន​ការ​បង្ហូរ​សំណល់​រាវ ឬ​ក៏​ចោល​កាក​សំណល់​មិន​ត្រឹមត្រូវ៖ «ខាង​សហគមន៍​ចង់​ឲ្យ​កំណត់​ព្រំប្រទល់​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​នេះ​ឲ្យ​ច្បាស់លាស់ ដើម្បី​ធនធាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ»Image may be NSFW.
Clik here to view.


បឹង​ធម្មជាតិ​ត្រាវកុដិ ដែល​មាន​ផ្ទៃ​ទឹក​ទំហំ​ជាង ៥០​ហិកតារ មាន​ព្រៃឈើ​ដុះ​អម​ជុំវិញ​ផង គឺ​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ទៅ​កម្សាន្ត ព្រម​ទាំង​បង្កើត​បាន​ជា​ការងារ​ខ្លះ​ដល់​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរៗ ឲ្យ​រក​កម្រៃ​បាន​ពី​វិស័យ​ទេសចរណ៍​ផង។

អ្នក​ភូមិ​ដូននំ ឃុំ​មានជ័យ នៃ​ស្រុក​ប្រាសាទបាគង ដែល​ទៅ​ប្រកប​របរ​លក់​ម្ហូប​អាហារ​នៅ​បឹង​ត្រាវកុដិ លោកស្រី អឿ ស្រីពៅ មាន​ប្រសាសន៍​ថា ក្នុង​មួយ​ខែៗ​គាត់​អាច​រក​ចំណូល​បាន​ពី​ភ្ញៀវ​ទេសចរ​ប្រហែល ៤០០ ទៅ ៥០០​ដុល្លារ​អាមេរិក​ដែរ។ ស្ត្រី​រូប​នេះ​ចង់​ឲ្យ​អាជ្ញាធរ​ជួយ​អភិវឌ្ឍ​រមណីយដ្ឋាន​ត្រាវកុដិ ឲ្យ​កាន់​តែ​ល្អ​ថែម​ទៀត ដូចជា​មាន​កន្លែង​ចត​ឡាន និង​សួន​កុមារ ជាដើម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​កាន់​តែ​ចង់​ទៅ​លេង​កម្សាន្ត​ច្រើន​ថែម​ទៀត៖ «កន្លែង​ខ្ញុំ​លក់​ម្ហូប​កុម្ម៉ង់​គ្រប់​មុខ។ ម្ហូប​មាន​ដូចជា​មាន់​ដុត ត្រី​ដុត មាន់​អាំង ហើយ​សាច់ និង​ត្រី​ភាគច្រើន​ដែល​យក​មក​ធ្វើ​ម្ហូប សុទ្ធតែ​របស់​អ្នក​នៅ​ស្រុក»

កញ្ញា​ម្នាក់​ទៀត​ដែល​លក់​ម្ហូប​សម្រាប់​ភ្ញៀវ​ទេសចរ​ដែរ តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ថា នាង​អាច​រក​កម្រៃ​ពី​វិស័យ​ទេសចរណ៍​ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​សមរម្យ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​បឹង​ត្រាវកុដិ​នេះ៖ «ភ្ញៀវ​ភាគច្រើន​សម្បូរ​ថ្ងៃ​សៅរ៍ អាទិត្យ និង​ពេល​មាន​បុណ្យ​ទាន។ ថ្ងៃ​ធម្មតា​មាន​ភ្ញៀវ​ដែរ តែ​មួយៗ គឺ​រក​បាន​ប្រាក់​គ្រាន់​តែ​ម៉ា​ហូប»

អាជ្ញាធរ​ឃុំ​បល្ល័ង្ក ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នេះ​ចលនា​ទិញ និង​លក់​ដី​នៅ​ជុំវិញ​តំបន់​បឹង​ធម្មជាតិ​ត្រាវកុដិ កំពុង​កើត​ឡើង​យ៉ាង​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​ព្រួយ​បារម្ភ​ដល់​ការ​បំផ្លាញ​ព្រៃ​ធម្មជាតិ ការ​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ទឹក​មែន។

មេ​ឃុំ​បល្ល័ង្ក ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី លោក ហម ព្រេម មាន​ប្រសាសន៍​ថា ការ​បាត់បង់​ព្រៃឈើ​ខ្លះៗ​នៅ​ជុំវិញ​បឹង​ត្រាវកុដិ គឺ​កើត​ឡើង​តាំង​ពី​មេ​ឃុំ​អាណត្តិ​មុន​មក។ លោក​មេ​ឃុំ​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​លោក​ក៏​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ព្រៃឈើ ដោយសារ​ការ​ទិញ​លក់​ដី​នៅ​ជុំវិញ​បឹង​ធម្មជាតិ​នោះ​ដែរ ហើយ​លោក​គិត​ថា​នឹង​មាន​វិធានការ​ទប់ស្កាត់​ការ​ទិញ និង​លក់​ដី​នៅ​ជុំវិញ​នោះ៖ «ការពិត បើ​មើល​ពី​ផល​អាក្រក់ គឺ​កំពុង​កើត​មាន​នៅ​ជុំវិញ​បឹង​ធម្មជាតិ​នោះ​មែន។ បញ្ហា​នេះ​ក្រុម​អាជីវករ​ដែល​លក់​ម្ហូប​ចំណី​នៅ​ទីនោះ តែង​នាំ​គ្នា​ឡើង​មក​សាលា​ឃុំ​ឲ្យ ខ្ញុំ​ជួយ​ដោះស្រាយ​ដែរ ប៉ុន្តែ​រឿង​នេះ​វា​លើស​ពី​សមត្ថភាព​របស់​ឃុំ​ដែល​ដោះស្រាយ»

អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ពី​អភិបាល​ស្រុក​ប្រាសាទបាគង លោក ភូ សំអាត ជុំវិញ​ដំណោះស្រាយ​ទិញ​លក់​ដី​នៅ​ជុំវិញ​បឹង​ទេសចរណ៍​ធម្មជាតិ ដែល​សហគមន៍​កំពុង​ព្រួយ​បារម្ភ​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ដោយសារ​តែ​លោក​ទទួល​ទូរស័ព្ទ ប៉ុន្តែ​ប្រាប់​ថា​ស្ដាប់​ការ​សន្ទនា​គ្នា​មិន​ច្បាស់។

អាជ្ញាធរ​ឃុំ​បល្ល័ង្ក ឲ្យ​ដឹង​ថា បច្ចុប្បន្ន បឹង​ធម្មជាតិ​ត្រាវកុដិ មាន​សក្ដានុពល​ផ្នែក​ទេសចរណ៍​ធម្មជាតិ​យ៉ាង​ខ្លាំង ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត ធ្វើ​ឲ្យ​ពលរដ្ឋ​ចំនួន ២​ភូមិ​រស់នៅ​ជិត​នោះ ព្រម​ទាំង​អ្នក​មក​ពី​ចម្ងាយ​ខ្លះ​ទៀត​អាច​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត​បាន​យ៉ាង​សមរម្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles