
រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ រៀបចំសិក្ខាសាលាពង្រឹងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់របស់គណបក្សនយោបាយ នៅថ្ងៃទី២១ ខែសីហា ដោយសំអាងថា មិនមានការឯកភាពពីក្រសួងមហាផ្ទៃ។ មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីការពារសិទ្ធិមនុស្សយល់ថា ការមិនអនុញ្ញាតរបស់រដ្ឋបាលខេត្តធ្វើឡើងដោយផ្ទុយពីច្បាប់ និងរឹតត្បិតលំហូរប្រជាធិបតេយ្យនៅកម្ពុជា។
មន្ត្រីគណបក្សសង្គ្រោះជាតិ ស្នើឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ឬក្រសួងមហាផ្ទៃ ផ្ដល់ហេតុផលសមស្របចំពោះការមិនអនុញ្ញាតឲ្យថ្នាក់ដឹកនាំកំពូលរបស់ខ្លួនជួបជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ប្រមាណ ២០០នាក់។ តាមគម្រោងលោក កឹម សុខា នឹងជួបជាមួយមេឃុំ និងក្រុមប្រឹក្សាទាំងនេះ នៅរសៀលថ្ងៃទី២១ ខែសីហា ដើម្បីពង្រឹងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ នាសណ្ឋាគាររស្មី សុខា ញូវយ៉ក ដែលម្ចាស់ទីតាំងព្រមជួលហើយនោះ។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង លោក កែវ ថៃ ថ្លែងនៅថ្ងៃទី១៩ ខែសីហា ថា ក្រសួងមហាផ្ទៃ ឬរដ្ឋបាលខេត្តគួរត្រេកអរទៅវិញទេដែលមានគណបក្សនយោបាយ ឬសង្គមស៊ីវិលបង្ហាត់បង្រៀនច្បាប់ដល់ពលរដ្ឋ និងមន្ត្រីនៅតាមមូលដ្ឋាន។ លោកថា ពុំមានប្រទេសកាន់របបប្រជាធិបតេយ្យណាមួយហាមប្រាមមិនឲ្យអប់រំផ្សព្វផ្សាយច្បាប់ដូចនេះឡើយ៖ «តាមច្បាប់គណបក្សនយោបាយយើងគ្រាន់តែជូនដំណឹងទៅគាត់ទេ ហើយគាត់ទៅសួរក្រសួងមហាផ្ទៃ អ៊ីចឹងអាវិមជ្ឈការអំណាចដល់ថ្នាក់ក្រោមជាតិ វាអត់មានន័យ។ អ៊ីចឹងសូមឲ្យក្រសួងមហាផ្ទៃ ពិចារណាឡើងវិញទៅលើរដ្ឋបាលសាលាខេត្ត ហើយផ្ដល់ព័ត៌មានយ៉ាងណាដើម្បីកុំឲ្យមានការរារាំងដល់ដំណើរការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីថ្នាក់មូលដ្ឋាន»។
លិខិតរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះហត្ថលេខាដោយអភិបាលខេត្តលោក ឈួរ ច័ន្ទឌឿន កាលពីថ្ងៃទី១៨ ខែសីហា ឆ្លើយតបនឹងលិខិតជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ ខេត្តនេះបង្ហាញថា ការរៀបចំសិក្ខាសាលាពង្រឹងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ របស់គណបក្សនយោបាយ គណៈបញ្ជាការរដ្ឋបាលខេត្ត មិនអនុញ្ញាតទេរហូតមានការឯកភាពពីក្រសួងមហាផ្ទៃ។
បន្ថែមលើនេះ អ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង លោក ម៉ម ឈឿម ថាលោកមិនអាចពន្យល់ពីការមិនអនុញ្ញាតនេះទេ ប៉ុន្តែសិក្ខាសាលាអាចធ្វើបានទាល់តែមានការឯកភាពពីក្រសួង៖ «មូលហេតុមានតែប៉ុណ្ណឹង គាត់មានការឯកភាពពីក្រសួងមហាផ្ទៃ ចង់ថា និយាយថាឲ្យសុំតាមរយៈហ្នឹងវិញទៅណា ព្រោះអានេះវាច្បាប់ក្រុមប្រឹក្សាឃុំ-សង្កាត់»។
អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី១៩ ខែសីហា ដោយទូរស័ព្ទមិនអាចទាក់ទងបាន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា យល់ថា ក្រសួងមហាផ្ទៃ គួរចេញគោលការណ៍រួមមួយដល់អាជ្ញាធរថ្នាក់ក្រោមជាតិទូទាំងប្រទេសដើម្បីអនុវត្ត ព្រោះលោកសង្កេតឃើញថា ការអនុវត្តច្បាប់ ឬគោលការណ៍របស់អាជ្ញាធរខេត្តនីមួយៗខុសៗគ្នា៖ «ខ្ញុំយល់ថា ការធ្វើបែបនេះរបស់សាលាខេត្ត បានរឹតបន្តឹងហើយដែលធ្វើឲ្យលំហប្រជាធិបតេយ្យកាន់តែរួញទៅៗ ហើយសិទ្ធិក្នុងការជួបប្រជុំត្រូវបានរំលោភបំពាន ហើយនៅក្នុងរយៈពេលចុងក្រោយនេះមានរំលោភជាខ្លាំង»។
មន្ត្រីការពារសិទ្ធិមនុស្ស និងបក្សប្រឆាំងថា ការមិនអនុញ្ញាតរបស់អាជ្ញាធរភាគច្រើនពុំមានហេតុផលច្បាស់លាស់ដោយគ្រាន់តែប្រាប់ឲ្យសុំទៅថ្នាក់លើ ឬក្រសួងដែលបង្កការលំបាកដល់ពួកគេ។ ពួកគេថា ក្រុមពលរដ្ឋ ឬគណបក្សនយោបាយមានសិទ្ធិជួបជុំនៅលើទីតាំងឯកជនណាមួយដែលមានការព្រមព្រៀងពីម្ចាស់ទីតាំង ហើយជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចជាមុនជាការស្រេច៕