Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"អាជីវកម្ម​ខ្សាច់​បំផ្លាញ​សុភមង្គល​អ្នក​ភូមិ​កោះ​ស្រឡៅ​ខេត្ត​កោះកុង"

$
0
0

តំបន់​កោះ​ស្រឡៅ នៃ​ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្ត​កោះកុង គឺ​ជា​ទីកន្លែង​ដែល​មាន​ការ​បូម​ខ្សាច់​ខ្នាត​ធំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ខុស​ពី​ការ​វិនិយោគ​ផ្សេង​ទៀត ដែល​អាច​ផ្ដល់​ការងារ​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន អាជីវកម្ម​ខ្សាច់​នេះ​មិន​បាន​ផ្ដល់​ផល​ចំណេញ​អ្វី​ដល់​ពលរដ្ឋ​នៃ​សហគមន៍​កោះ​ស្រឡៅ ឡើយ ពោល​គឺ​មាន​តែ​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួកគាត់​ធ្លាក់​ចុះ​ដុនដាប​ទៅ​វិញ។ ប្រជា​សហគមន៍​នៅ​តែ​ប្រកាន់​ជំហរ​លែង​ឱ្យ​មាន​ការ​បូម​ខ្សាច់​នៅ​តំបន់​ជុំវិញ​នោះ​ទៀត ទោះបីជា​អាជីវកម្ម​នោះ​ជា​អាជីវកម្ម​ខ្នាត​ធំ ខ្នាត​មធ្យម ឬ ខ្នាត​តូច​ក្ដី។

​ម៉ោង ៦​ព្រឹក ព្រះអាទិត្យ​បញ្ចេញ​រស្មី​យ៉ាង​ភ្លឺ​ចិញ្ចាចចិញ្ចែង គ្របដណ្ដប់​លើ​ផ្ទៃ​ទឹក និង​ភូមិម្ករ​របស់​អ្នក​ស្រុក​កោះ​ស្រឡៅ ដែល​ហ៊ុមព័ទ្ធ​ដោយ​ភ្នំ និង​ព្រៃ​កោងកាង។ អ្នក​ភូមិ​បាន​ចាប់​ផ្ដើម​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគាត់ ដូចជា​ចេញ​ទៅ​នេសាទ និង​រៀបចំ​លក់ដូរ​ជាដើម ចំណែក​ឯ​ក្មេងៗ​វិញ ក៏​បាន​រៀបចំ​ខ្លួន​ដើរ​ទៅ​រៀន​ដោយ​ទឹក​មុខ​ស្រស់បស់។

«សំឡេង​អ៊ូអរ​ក្នុង​ភូមិ»។

​នេះ​ក៏​ជា​ពេល​វេលា​ដែល​ស្ត្រី​វ័យ​កណ្ដាល​ម្នាក់ គឺ​លោកស្រី សម្បត្តិ វ៉ាត រៀបចំ​គ្រឿង​ហូបចុក និង​នំ​ចំណី ដែល​លោកស្រី​បាន​ក្រោក​ធ្វើ​តាំង​ពី​ព្រលឹម​យក​ទៅ​លក់​នៅ​តាម​ផ្ទះ​ពលរដ្ឋ​ក្នុង​ភូមិ​កោះ​ស្រឡៅ ផង​ដែរ។ លោកស្រី​លក់​គ្រឿង​ហូបចុក និង​នំចំណី​ជា​ច្រើន​មុខ ដូចជា​ជ្រក់​ស្ពៃ នំអន្សម ប្រហិត​ចៀន សណ្ដែកដី​ស្ងោរ និង​ទឹកអំពៅ ជាដើម។

«សំឡេង​ដើរ​ពពាយនាយ​លក់»។

​ការ​លក់ដូរ​នេះ​ចាប់​ផ្ដើម​តាំង​ពី​ពេល​ព្រឹក​រហូត​ដល់​យប់ ទើប​លោកស្រី​ត្រឡប់​មក​ផ្ទះ​វិញ។

​មាន​សម្បុរ​ស្រអែម ទឹក​មុខជា​មនុស្ស​ស្លូត​បូត តែ​ម៉ឺងម៉ាត់ លោកស្រី សម្បត្តិ វ៉ាត ក្នុង​វ័យ ៣៨​ឆ្នាំ ត្រូវ​បាន​អ្នក​ជិត​ខាង និង​អ្នក​រាប់​អាន​គ្នា​ចាត់​ទុក​ថា ជា​មាតា​ដៃ ១០០ ដោយសារ​តែ​លោកស្រី​ត្រូវ​រែកពុន​អម្រែក​ដ៏​ធ្ងន់ គឺ​រក​ប្រាក់​ចិញ្ចឹម និង​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន​ចំនួន ៤​នាក់។

​កូន​ទី​មួយ​របស់​លោកស្រី​រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។ កូន​ទី​ពីរ រៀន​ថ្នាក់​ទី​១១ កំពុង​ស្នាក់​នៅ​ជាមួយ​ប្អូន​របស់​លោកស្រី​នៅ​ខេត្ត​ព្រះវិហារ  ចំណែក​ឯ​កូន​ទី​បី និង​កូនពៅ​កំពុង​រៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ និង​មតេ្តយ្យ​នៅ​ក្នុង​ភូមិ​កោះ​ស្រឡៅ។

និយាយ​បណ្ដើរ ដៃ​ចាប់​ជ្រក់​ស្ពៃ​ដាក់​ថង់​បណ្ដើរ លោកស្រី សម្បត្តិ វ៉ាត ថ្លែង​ថា លោកស្រី​ប្រឹងប្រែង​ដូច​សព្វថ្ងៃ​នេះ គឺ​ដើម្បី​តែ​អនាគត​កូនៗ​របស់​លោកស្រី​តែប៉ុណ្ណោះ៖ «»។

​លោកស្រី សម្បត្តិ វ៉ាត អះអាង​ថា កាល​ពី​មុន​ជីវិត​របស់​លោកស្រី​មិន​មែន​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បែប​នេះ​ឡើយ ហើយ​លោកស្រី​ក៏​មិន​សូវ​ហត់នឿយ​ទាំង​ថ្ងៃ​ទាំង​យប់​ដូច​បច្ចុប្បន្ន​នេះ​ដែរ។ លោកស្រី​ធ្លាប់​រស់​នៅ​​ជួបជុំ​ជាមួយ​ស្វាមី និង​កូនៗ ហើយ​ប្រកប​របរ​ជា​អ្នក​នេសាទ​សមុទ្រ ក៏ប៉ុន្តែ​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​របស់​លោកស្រី ត្រូវ​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង​ដោយសារ​តែ​អាជីវកម្ម​ខ្សាច់​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​តាម​ប្រព័ន្ធ​ស្ទឹង​ផ្នែក​ខាង​លើ និង​នៅ​ក្បែរ​តំបន់​កោះ​ស្រឡៅ។

លោកស្រី​រៀបរាប់​ដោយ​ដក​ដង្ហើម​ធំៗ​ថា នៅ​មុន​ពេល​មាន​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ លោកស្រី និង​ស្វាមី​កាក់កប​នឹង​របរ​នេសាទ​ណាស់ ដោយ​ក្នុង​មួយ​ថ្ងៃៗ យ៉ាង​ហោច​ណាស់​ក៏​លោកស្រី​អាច​រក​ចំណូល​បាន​ជាង ១០​ម៉ឺន​រៀល​ដែរ ក៏ប៉ុន្តែ​ក្រោយ​ពេល​មាន​ការ​បូម​ខ្សាច់ ផល​នេសាទ​បាន​ធ្លាក់​ចុះ​ជា​លំដាប់ រហូត​ដល់​ពេល​មួយ របរ​នេសាទ​នេះ​លែង​អាច​ផ្ដល់​ផល​ចំណេញ គឺ​បាន​ត្រឹមតែ​បង់ខាត​កម្លាំងកាយ និង​ប្រេង​សាំង​តែប៉ុណ្ណោះ៖ «»។

​ពេល​នោះ​ហើយ​ដែល​ស្វាមី​របស់​លោកស្រី​ចាប់​ផ្ដើម​បាក់​ទឹក​ចិត្ត និង​ធ្លាក់​ខ្លួន​ជា​អ្នក​សេពសុរា​ជា​ប្រចាំ ហើយ​ជីវិត​អាពាហ៍ពិពាហ៍​រយៈពេល​ជាង ១០​ឆ្នាំ ក៏​ត្រូវ​បាន​បញ្ចប់។ លោកស្រី​ក៏​បាន​សម្រេច​ចិត្ត​បោះបង់ចោល​មុខ​របរ​ជា​អ្នក​នេសាទ​ដោយ​ក្តី​សោកស្ដាយ​ជា​ទីបំផុត ហើយ​ចាប់​យក​របរ​លក់ដូរ​នំ​ចំណី​វិញ៖ «»។

អ្នក​ភូមិ​កោះ​ស្រឡៅ ភាគ​ច្រើន​បំផុត​ប្រកប​របរ​នេសាទ។ អ្នក​ភូមិ​អះអាង​ថា កាល​ពី​ជាង ១០​ឆ្នាំ​មុន ពួកគាត់​រស់​នៅ​ក្នុង​ជីវភាព​ធូរធារ ដោយសារ​តែ​កាក់កប​នឹង​របរ​នេសាទ ក៏ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០០៦ ដែល​ជា​ឆ្នាំ​មាន​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នោះ​មក ពួកគាត់​សង្កេត​ឃើញ​ថា បរិមាណ​ក្ដាម ត្រី និង​បង្គា បាន​ថយ​ចុះ​ជា​គំហុក ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​ជា​ខ្លាំង។

​លោក ហាក់ ពិទូ គឺ​ជា​ប្រជា​នេសាទ​ម្នាក់​នៃ​សហគមន៍​កោះ​ស្រឡៅ ដែល​បាន​ជូន​ក្រុម​ការងារ​អាស៊ីសេរី ជិះ​ទូក​មើល​ស្ថានភាព​រស់​នៅ​របស់​អ្នក​ភូមិ និង​កន្លែង​ដែល​ធ្លាប់​មាន​ការ​បូម​ខ្សាច់។ លោក​បញ្ជាក់​ថា ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​តាម​ប្រព័ន្ធ​ស្ទឹង​ផ្នែក​ខាង​លើ និង​ក្បែរ​តំបន់​កោះ​ស្រឡៅ បាន​កើត​ឡើង​ពេញ​បន្ទុក​ចាប់​ពី​ឆ្នាំ​២០០៦ ដល់​ចុង​ឆ្នាំ​២០១៦។ ​លោក​បន្ត​ថា គ្រឿងចក្រ និង​សាឡង់​ដឹក​ខ្សាច់​ជា​ច្រើន​គ្រឿង​បាន​បញ្ចេញ​ជាតិ​ប្រេង​ចូល​ក្នុង​ទឹក ព្រម​ទាំង​មាន​សំឡេង​លឺ​ខ្លាំង ដែល​បាន​បំពុល និង​បង្ក​ការ​រំខាន​ដល់​ពពួក​ត្រី ក្រាម និង​បង្គា។ ម្យ៉ាង​វិញ​ទៀត ការ​បូម​ខ្សាច់​ធ្វើ​ឱ្យ​ទឹក​កាន់តែ​ជ្រៅ និង​ល្អក់ មិន​អំណោយផល​ដល់​ការ​រស់​នៅ​របស់​ពពួក​សត្វ​សមុទ្រ​ឡើយ ជាពិសេស វា​បាន​ធ្វើ​ឱ្យ​បាត់បង់​ព្រៃ​កោងកាង ដែល​ជា​ទីជម្រក​របស់​សត្វ​ទាំង​នោះ៖ «»។

​ដោយសារ​តែ​មើល​ឃើញ​ពី​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​បែប​នេះ ទើប​ប្រជាពលរដ្ឋ​នៅ​សហគមន៍​កោះ​ស្រឡៅ បាន​នាំ​គ្នា​ងើបឡើង​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ជា​បន្តបន្ទាប់ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង។

ជា​លទ្ធផល នៅ​ខែ​កក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ឈប់​ជា​ស្ថាពរ​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​អាជីវកម្ម​នាំ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់ ចេញ​ពី​ខេត្ត​កោះកុង ទៅ​ក្រៅ​ប្រទេស។ ​ពលរដ្ឋ​នៅ​សហគមន៍​កោះ​ស្រឡៅ បាន​សាទរ​ចំពោះ​ការ​សម្រេច​នេះ ក៏ប៉ុន្តែ​ពួកគាត់​នៅ​តែ​មិន​ទាន់​ជឿជាក់​ទាំង​ស្រុង​​នៅ​ឡើយ​ទេ ដោយសារ​តែ​ការដ្ឋាន​លាង​ខ្សាច់​មួយ​កន្លែង​ស្ថិត​ក្នុង​តំបន់​អភិរក្ស​ជម្រក​សត្វព្រៃ​តាតៃ មិន​ទាន់​ត្រូវ​បាន​រុះរើ​ចេញ​នៅ​ឡើយ៖ «»។

​ក្រៅ​ពី​ពលរដ្ឋ​នៃ​សហគមន៍​កោះ​ស្រឡៅ អង្គការ​សង្គម​ស៊ីវិល​ផ្នែក​បរិស្ថាន​ក៏​បាន​បញ្ជាក់​ជំហរ​ដែរ​ថា ពួកគេ​នឹង​នៅ​តាមដាន​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ខេត្ត​កោះកុង នេះ​ជា​បន្ត​ទៀត ទោះបីជា​ក្រសួង​បាន​ប្រកាស​បញ្ឈប់​ជា​ស្ថាពរ​ក្តី។

​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺ​ពួកគេ​នៅ​តែ​ទាមទារ​ឱ្យ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដដែល។ នោះ​គឺ​ជា​ការ​នាំ​ចេញ​ខ្សាច់​ចាក់​បំពេញ និង​ខ្សាច់​សំណង់​ទៅ​សិង្ហបុរី និង​ឥណ្ឌា ដែល​ត្រូវ​បាន​រក​ឃើញ​ថា កម្ពុជា​ខាតបង់​ទឹក​ប្រាក់​ជាង ៧០០​លាន​ដុល្លារ​អាមេរិក ហើយ​ថ្មីៗ​នេះ​គឺ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា ដែល​សកម្មជន​បរិស្ថាន​រក​ឃើញ​ថា កម្ពុជា​អាច​នឹង​ខាត​បង់​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​វិស័យ​មួយ​នេះ។

អ្នក​សម្របសម្រួល​បណ្ដាញ​ស្ត្រី​នៃ​អង្គការ​មាតា​ធម្មជាតិ អ្នកនាង លឹម គីមស័រ ថ្លែង​សាទរ​ចំពោះ​ការ​សម្រេច​របស់​ក្រសួង​រ៉ែ និង​ថាមពល។ នាង​បន្ត​ថា នេះ​ជា​ជោគជ័យ​របស់​ពលរដ្ឋ​ដែល​ហ៊ាន​ងើប​ឡើង​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​តស៊ូ​មតិ​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់ ដែល​បាន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​រស់​នៅ​របស់​ពួកគាត់៖ «»។

បច្ចុប្បន្ន​នេះ ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ខ្នាត​ធំ​នៅ​តាម​ប្រព័ន្ធ​ស្ទឹង​ផ្នែក​ខាង​លើ និង​ក្បែរ​តំបន់​កោះ​ស្រឡៅ ត្រូវ​បាន​បញ្ឈប់​ជា​ស្ថាពរ​ដូច​ការ​ប្រកាស​របស់​ក្រសួង​ហើយ ក៏ប៉ុន្តែ​អ្វី​ដែល​ជា​ផលវិបាក​នោះ គឺ​ព្រៃ​កោងកាង បាន​ដួល​រលំ និង​ងាប់​ជា​ច្រើន​កន្លែង ទឹកថ្លា​ប្រែជា​ល្អក់ ទឹក​រាក់​ប្រែជា​ជ្រៅ ដែល​បញ្ហា​ទាំង​អស់​នេះ​បង្ក​ហានិភ័យ​ជា​ច្រើន​ដល់​សហគមន៍​នេសាទ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះ​ស្រឡៅ មិន​មាន​ដីស្រែ​ចម្ការ ដើម្បី​ដាំ​ដុះ​បង្កបង្កើនផល ដូច​ពលរដ្ឋ​នៅ​តំបន់​ដទៃ​នោះ​ទេ ពោល​គឺ​ជីវិត​របស់​ពួកគាត់​ត្រូវ​ពឹង​ផ្អែក​ទាំងស្រុង​លើ​របរ​នេសាទ។ ការ​ថែរក្សា​ធនធាន​ខ្សាច់ និង​ព្រៃ​កោងកាង ដែល​ជា​ទីជម្រក និង​ជាទី​បង្ក​កំណើត​របស់​ពពួក​ក្ដាម ត្រី និង​បង្គា គឺ​មាន​ន័យ​ស្មើ​នឹង​ការ​ថែរក្សា​ឆ្នាំង​បាយ​របស់​ពួកគាត់​យ៉ាង​ដូច្នេះ​ដែរ។

​សម្រាប់​លោកស្រី សម្បត្តិ វ៉ាត លោកស្រី​ប្រកាន់​ជំហរ​ប្រឆាំង​ដាច់ខាត មិន​ឱ្យ​មាន​ការ​បូម​ខ្សាច់​នៅ​តំបន់​កោះ​ស្រឡៅ ជា​ថ្មី​ទៀត​ឡើយ ហើយ​បើ​មាន​កម្មវិធី ឬ​យុទ្ធនាការ​អ្វី​ដែល​ទាក់ទង​នឹង​ការ​ប្រឆាំង​ការ​បូម​ខ្សាច់ ទោះជា​រវល់​ប៉ុណ្ណា​ក៏ដោយ ក៏​លោកស្រី​សុខ​ចិត្ត​ទៅ​ចូលរួម​ដែរ ដោយសារ​តែ​លោកស្រី​គិត​ថា ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​នេះ​ហើយ ដែល​បាន​បំផ្លាញ​សុភមង្គល​គ្រួសារ​លោកស្រី និង​ជីវភាព​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​កោះ​ស្រឡៅ៖ «»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174