
អ្នកភូមិ នៃឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ សង្ស័យអាជ្ញាធរ និងមន្ត្រីជំនាញបរិស្ថាន បើកដៃឲ្យក្រុមឈ្មួញកាប់ឈើចេញពីចន្លោះភ្នំសំកុស និងភ្នំ១០០៥ ដែលជាតំបន់នៅសល់ឈើល្អច្រើនដើម្បីធ្វើអាជីវកម្ម។ ពលរដ្ឋអះអាងថា ឈើទាំងនោះត្រូវបានគេដឹកចេញពីដែនអភិរក្សចូលទៅក្នុងក្រុមហ៊ុន អឹម.ឌី.អេស (MDS) ទី២ ប៉ុន្តែតំណាងក្រុមហ៊ុនបដិសេធចំពោះការអះអាងនេះ។
ឈើមូលមុខកាត់ចន្លោះពី ១កន្លះ ទៅជិត ២ម៉ែត្រ និងបណ្ដោយប្រវែងយ៉ាងតិច ៨ម៉ែត្រ ត្រូវឈ្មួញដឹកតាមឡានសណ្ដោងកន្ទុយយ៉ាងតិច ៣ជើងក្នុង១យប់ ដោយពុំមានអាជ្ញាធរ ឬសមត្ថកិច្ចចុះបង្ក្រាប។
អ្នកភូមិនៃឃុំអន្លង់រាបម្នាក់ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងដោយបារម្ភពីសុវត្ថិភាពឲ្យដឹងនៅថ្ងៃទី១៨ ខែសីហា ថា ឈ្មួញបានយកគ្រឿងចក្រកាយដីធ្វើផ្លូវចូលទៅចន្លោះភ្នំទាំងពីរ ដើម្បីកាប់ឈើរួចអូសមកទម្លាក់ទុកនៅក្បែរមាត់ផ្លូវលេខ៥៥ ហើយម៉ោងប្រហែល ៧កន្លះយប់ ទើបលើកដាក់ឡានដឹកចូលក្រុមហ៊ុន អឹម.ឌី.អេស ឋិតនៅភូមិចម្ការជ្រៃខាងជើង ឃុំអន្លង់រាប។
ឆ្លើយតបនឹងការអះអាងនេះ នាយកប្រតិបត្តិក្រុមហ៊ុន អឹម.ឌី.អេស មណ្ឌលខេត្តពោធិ៍សាត់ លោក ឃៀង សុជីវ័ន្ដ បដិសេធថា ក្រុមហ៊ុនលោកមិនជាប់ពាក់ព័ន្ធ ឬបានដឹងករណីកាប់ឈើពីក្នុងដែនអភិរក្សចូលក្រុមហ៊ុនដូចដែលពលរដ្ឋអះអាងនោះទេ។ ក្រុមហ៊ុនកំពុងឈូសឆាយដីសម្បទានសេដ្ឋកិច្ចបន្ថែមដើម្បីដាំកៅស៊ូ ហើយឈើនៅក្នុងដីសម្បទានក្រុមហ៊ុនមានសិទ្ធិចាត់ចែង៖ «នៅក្នុងដីសម្បទានអាហ្នឹងយើងមានការឈូសឆាយ ដើម្បីដាំដុះកៅស៊ូបន្ត តែបើថា នៅណាភ្នំ១០០៥ ឬ១០០៦ ខ្ញុំអត់បានពាក់ព័ន្ធ អត់បានដឹងអីក្នុងរឿងហ្នឹងទេ។ ធម្មតាក្នុងដីសម្បទានយើងមានសិទ្ធិឈូសឆាយ ដើម្បីដាំដុះទៅលើដំណាំកសិ-ឧស្សាហកម្ម អ៊ីចឹងអ្វីដែលយើងបានឈូសឆាយហ្នឹង គឺបង់ពន្ធជូនរដ្ឋទៅតាមអ្វីដែលយើងត្រូវការធ្វើហ្នឹង»។
ចំណែកមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងម្នាក់បង្ហើបថា បទល្មើសអាចនឹងកើតមានខ្លះ ដោយសារមន្ត្រីរបស់លោកមានគ្នាតិច និងខ្វះខាតមធ្យោបាយធ្វើដំណើរចុះល្បាតបានទៀងទាត់។ ប៉ុន្តែលោកថា ក្រុមលោក និងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបទល្មើសព្រៃឈើច្រើនករណីដែរ ហើយនាំគ្នាចុះល្បាតតាមគោលដៅតាមលទ្ធភាព។
អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកវាលវែង លោក ហេង សុភាណា បញ្ជាក់ថា លោកបានចាត់ឲ្យមន្ត្រីចុះពិនិត្យករណីនេះហើយ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម។ ក្នុងនាមរដ្ឋបាលស្រុកលោកបានចុះអប់រំផ្សព្វផ្សាយដល់ពលរដ្ឋពីវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងព្រៃឈើជារឿយៗ ហើយបន្តសហការជាមួយមន្ត្រីជំនាញទប់ស្កាត់បទល្មើស៖ «ខ្ញុំបានឲ្យជំនាញពិនិត្យមើលទាក់ទងការងារហ្នឹង ហើយទាំងការកាប់រានដីព្រៃ ឬក៏បទល្មើសព្រៃឈើ។ និយាយរួមយើងអនុវត្តជាប្រចាំ យើងធ្វើយ៉ាងម៉េចតាមយន្តការអាជ្ញាធរផង និងកម្លាំងជំនាញដើម្បីកុំឲ្យមានការកាប់រានយកដីនៅតំបន់ហ្នឹង»។
បទល្មើសឈើប្រណីត និងឈើកែច្នៃតាមរោងសិប្បកម្មនៅស្រុកវាលវែង កើតមានច្រើនករណី ហើយអ្នកស្រុកតែងតែសង្ស័យថា បទល្មើសទាំងនេះប្រព្រឹត្តដោយអាជ្ញាធរមានអំណាច ឬក្រុមហ៊ុនអឹម.ឌី.អេស របស់លោកឧកញ៉ា ទ្រី ភាព។ ប៉ុន្តែតំណាងក្រុមហ៊ុនបដិសេធដាច់អហង្ការថា ក្រុមហ៊ុនមិនពាក់ព័ន្ធបទល្មើសទេ ហើយថា ឈ្មួញឈើខ្លះឆ្លៀតប្រព្រឹត្តបទល្មើស រួចទម្លាក់កំហុសមកលើក្រុមហ៊ុន៕