Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​មហាផ្ទៃ​ទុក​ឲ្យ​លោក ហ៊ុន សែន ជា​អ្នក​សម្រេច​ថា​ទុក ឬ​បិទ​អង្គការ AIM

$
0
0

ក្រសួង​មហាផ្ទៃ បញ្ចប់​ការ​ស៊ើបអង្កេត​លើ​អង្គការ​របស់​អាមេរិក ឈ្មោះ មេត្រី​អន្តរជាតិ (AIM) និង​ប្រគល់​របាយការណ៍​នោះ​ជូន​ទៅ​លោក ហ៊ុន សែន ដើម្បី​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​សម្រេច​ចិត្ត​ផ្លូវការ​ថា គួរ​ទុក ឬ​បិទ​អង្គការ​នេះ? មន្ត្រី​នៃ​អង្គការ AIM រំពឹង​ថា លោក ហ៊ុន សែន នឹង​សម្រេច​ចិត្ត​ទុក​ឲ្យ​អង្គការ​នេះ​នៅ​តែ​អាច​បន្ត​បេសកកម្ម​ជួយ​ជន​រង​គ្រោះ​នៅ​កម្ពុជា ដដែល។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ប៉ុល លឹម ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ក្រសួង​មហាផ្ទៃ បាន​បើក​កិច្ច​ប្រជុំ​មួយ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ៥​ក្រសួង ដើម្បី​ពិនិត្យ​មើល​សកម្មភាព​របស់​អង្គការ​មេត្រី​អន្តរជាតិ។ អ្វី​លើស​ពី​នេះ លោក​មិន​ធ្វើ​ទាន់​បង្ហាញ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

​យ៉ាង​ក៏ដោយ​ចុះ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ប្រាប់​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​ស្រាវជ្រាវ​នោះ​ទំនង​មិន​បង្ហាញ​លទ្ធផល​អវិជ្ជមាន​ពេក​នោះ​ទេ។

ចំណែក​រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង និយាយ​ជាមួយ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា ក្រសួង​មហាផ្ទៃ កំពុង​រៀបចំ​របាយការណ៍​ស្ដីពី​លទ្ធផល​ដែល​ខ្លួន​បាន​រក​ឃើញ​ដាក់​ជូន​លោក ហ៊ុន សែន ដើម្បី​ផ្ដល់​ការ​សម្រេច​ថា គួរ​ទុក​ឲ្យ​អង្គការ​នេះ​បន្ត​បេសកកម្ម​របស់​ខ្លួន ឬ​បញ្ឈប់​សកម្មភាព​របស់​អង្គការ​នេះ។ អ្នកស្រី​ថែម​ទាំង​ប្រាប់​ថា អង្គការ AIM បាន​ផ្ញើ​លិខិត​សុំទោស​រដ្ឋាភិបាល ប្រសិនបើ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​កន្លង​មក​ប៉ះពាល់​ដល់​ស្ត្រី​ខ្មែរ ឬ​ពលរដ្ឋ​កម្ពុជា។

អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បាន​ទេ នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ដោយ​ទូរស័ព្ទ​មិន​អាច​ហៅ​ចូល​បាន។

​ចំណែក​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដែល​កាន់​សំណុំ​រឿង​នេះ លោក ប៉ុល លឹម ប្រាប់​ថា ដោយសារ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​លោក​ត្រូវ​បំពេញ​បេសកកម្ម​ការងារ​នៅ​ខេត្ត ដូច្នេះ​លោក​មិន​ទាន់​បាន​ដឹង​ពី​ការវិវឌ្ឍន៍​ក្រោយ​នេះ​បាន​ទេ៖ «ខ្ញុំ​គ្មាន​យោបល់​យ៉ាង​ម៉េច​ទេ ខ្ញុំ​រវល់​ចុះ​ខេត្ត ចង់​ដឹង​យ៉ាង​ម៉េច​សួរ​ទៅ​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ»

​មន្ត្រី​នៃ​អង្គការ​មេត្រី​អន្តរជាតិ ប្រចាំ​ក្រុង​ភ្នំពេញ ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ដោយ​ក្ដី​រំពឹង​ថា លោក ហ៊ុន សែន នឹង​បន្ត​ទុក​ឲ្យ​អង្គការ AIM បន្ត​បេសកកម្ម​របស់​ខ្លួន​បន្ត​ទៀត។

​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា លោក​មិន​អាច​ទទួល​យក​បាន​ឡើយ​នូវ​ការ​ប្រមាថ​របស់​អង្គការ AIM បន្ទាប់​ពី​អង្គការ​មួយ​នេះ​បាន​ផ្ដល់​ព័ត៌មាន​ដល់​ទូរទស្សន៍ ស៊ី.អិន.អិន (CNN) របស់​អាមេរិក និង អេ.ប៊ី.ស៊ី អូស្ត្រាលី (ABC NEWS) ដែល​បាន​ផ្សាយ​ថា "ក្មេង​ស្រី​កម្ពុជា ត្រូវ​បាន​ម្ដាយ​លក់​ឲ្យ​បម្រើ​ផ្លូវ​ភេទ"។

លោក ហ៊ុន សែន ចោទ​ថា ការ​ផ្ដល់​ព័ត៌មាន និង​ការ​ចុះ​ផ្សាយ​បែប​នេះ គឺ​ជា​ការ​ប្រមាថ​កិត្តិយស​ស្ត្រី​ខ្មែរ​ដ៏​ធ្ងន់ធ្ងរ​មួយ ហើយ​លោក​បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បិទ​អង្គការ​មួយ​នេះ ដោយ​មិន​អាច​អត់ឱន​ឲ្យ​បាន​ឡើយ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា រដ្ឋាភិបាល​គួរ​មាន​វិធានការ​រដ្ឋបាល​ណា​មួយ​លើ​អង្គការ AIM ជា​ជាង​ការ​បិទ​អង្គការ​នេះ​ចោល៖ «អ៊ីចឹង​ខ្ញុំ​គិត​ថា ប្រសិនជា​បិទ​អង្គការ​ពិត​ជា​មាន​ការ​គួរ​ឲ្យ​សោកស្ដាយ ប៉ុន្តែ​យើង​មាន​វិធានការ​ត្រឹម​កម្រិត​ណា​មួយ​ជា​ការ​ល្អ​ណាស់»

​អង្គការ​មេត្រី​អន្តរជាតិ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Agape International Mission  ដែល​មាន​ទីតាំងនៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ជា​តំបន់​ធ្លាប់​ល្បី​ឈ្មោះ​ករណី​ជួញដូរ​ផ្លូវ​ភេទ។ អង្គការ​នេះ​បាន​ជួយ​ច្រើន​ដល់​កុមារ និង​ស្ត្រី​តាម​រយៈ​ការ​បង្រៀន និង​ផ្ដល់​ជំនាញ។ អង្គការ​នេះ​មាន​ច្រើន​អគារ​បណ្ដុះបណ្ដាល ដូចជា​សាលារៀន កន្លែង​កាត់ដេរ និង​កន្លែង​ស្នាក់​នៅ​ជាដើម។

ដូច​គ្នា​នេះ​ដែរ គេហទំព័រ​ផ្លូវការ​របស់​អង្គការ​មេត្រី​អន្តរជាតិ បង្ហាញ​ថា អង្គការ​នេះ​មាន​ក្លឹប​កុមារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ និង​សាល​បង្វឹក​ប្រដាល់ និង​កន្លែង​ហាត់​ប្រាណ​ជាដើម។ អង្គការ AIM ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៨៨ ធ្វើ​ការ​ផ្នែក​មនុស្សធម៌ និង​បាន​ផ្ដើម​បេសកកម្ម​ខ្លាំង​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ពី​ឆ្នាំ​២០០៥ រហូត​មក​ដល់​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles