
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង បានលុបរូបលោក សម រង្ស៊ី និងលោក កឹម សុខា កាន់ដៃគ្នានៅលើស្លាកសញ្ញាគណបក្សចំនួន ៣៧៥ស្លាក ក្នុងចំណោមស្លាកគណបក្សសរុបនៅទូទាំងខេត្តជាង ១ពាន់ស្លាក (១.១១៥ស្លាក)។ ការលុបរូប និងប្ដូរស្លាកសញ្ញាភ្លាមៗ គឺដើម្បីតម្រូវតាមច្បាប់គណបក្សនយោបាយដែលទើបធ្វើវិសោធនកម្មថ្មីដោយតំណាងរាស្ត្របក្សកាន់អំណាច។
ស្លាកសញ្ញាគណបក្សទាំង ៣៧៥ស្លាក ដែលមានរូបលោក សម រង្ស៊ី និងលោក កឹម សុខា នឹងត្រូវប្ដូរថ្មីនៅតាមទីតាំងដដែលឲ្យបានរួចរាល់នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា បន្ទាប់ពីលុបរូប។
សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង លោក ដួង ចន្ត្រា ថ្លែងនៅថ្ងៃទី១៨ ខែសីហា ថា លោកកំពុងស្វែងរកសប្បុរសជនឧបត្ថម្ភថវិកាដើម្បីធ្វើស្លាកថ្មី។ រីឯស្លាកដែលមានរូបព្រះអាទិត្យពុំមានរូបលោក សម រង្ស៊ី និងលោក កឹម សុខា នៅរក្សាទុកដដែល៖ «គម្រោងដំបូងនេះយើងផ្លាស់ប្ដូរស្លាកដែលមានរូបចាប់ដៃនេះជាបន្ទាន់សិន នៅក្នុងខែកញ្ញា ខាងមុខនេះ ហើយជាកិច្ចបន្តទៀតនោះ យើងនឹងបោះបន្តទៅតាមលទ្ធភាពដែលគណបក្សអាចធ្វើបាន ឬតាមសប្បុរសជនដែលគាត់ចូលរួមក្នុងការជ្រោមជ្រែងគណបក្សសង្គ្រោះជាតិ។ ដោយសារមានវិសោធនកម្មច្បាប់ពីរដង។ លើកទី១ គឺមិនឲ្យទណ្ឌិតធ្វើជាមេគណបក្ស។ លើកទី២ នេះ គឺមិនឲ្យមានរូបភាពទណ្ឌិតនៅក្នុងស្លាកគណបក្សនយោបាយ។ ចំណុចនេះហើយដែលយើងឃើញថា គេបានបង្ខំឲ្យយើងធ្វើទាំងលំបាក រត់តាមច្បាប់រហូត ហើយការលុបស្លាកនេះយើងបានលុបបាន ១០០% នៅក្នុងខេត្តកំពង់ឆ្នាំង រួចហើយ»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបច្ចុប្បន្នរួមរឹតដោយពាក្យបណ្ដឹង និងទោសទណ្ឌពីតុលាការកម្ពុជា កំពុងរស់នៅក្រៅប្រទេស និងឋិតនៅកាន់តែឆ្ងាយពីឆាកនយោបាយ។
ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ដែលមានរូបព្រះអាទិត្យរះអមដោយរូបលោក សម រង្ស៊ី និងលោក កឹម សុខា កាន់ដៃគ្នារាប់ពាន់ផ្ទាំងនៅទូទាំងប្រទេស ត្រូវបានកាត់ ឬយកទឹកថ្នាំលុបចេញ បន្ទាប់ពីច្បាប់គណបក្សនយោបាយត្រូវបានធ្វើវិសោធនកម្មម្ដងជាពីរដង ហើយឈានដល់ការហាមប្រាមប្រើប្រាស់រូបភាព ឬទំនាក់ទំនងផ្សេងទៀតជាមួយទណ្ឌិតក្នុងឆាកនយោបាយកម្ពុជា។
លោក ដួង ចន្ដ្រា បញ្ជាក់ថា ស្លាកសញ្ញាថ្មីដែលមានតែរូបព្រះអាទិត្យរះ ពុំមានរូបលោក សម រង្ស៊ី ឬលោក កឹម សុខា នឹងត្រូវដាក់នៅតាមទីតាំងដើមវិញ។ ចំណែកការលើកស្លាកបន្ថែមនៅកន្លែងថ្មីអាចមានបញ្ហា ប៉ុន្តែជាទិសដៅពេលនេះរហូតដល់ថ្ងៃបោះឆ្នោតជាតិឆ្នាំ២០១៨ គណបក្សលោកនឹងងាកទៅបង្កើនការចងក្រងបណ្ដាញផ្សព្វផ្សាយពីគោលនយោបាយរបស់បក្ស ច្រើនជាងលើកស្លាកវិញ៕