
ក្រសួងបរិស្ថាន នឹងបញ្ចប់ការតាក់តែងសេចក្ដីព្រាងស្ដីពីក្រមបរិស្ថាន និងធនធានធម្មជាតិ យ៉ាងយូរនៅចុងឆ្នាំ២០១៧ ខាងមុខនេះ។ បច្ចុប្បន្ន សេចក្ដីព្រាងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការដាក់ឲ្យពិគ្រោះយោបល់នៅឡើយ។
ស្របពេលសេចក្ដីព្រាងនេះ កំពុងដាក់ឲ្យពិភាក្សានៅឡើយនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការតាក់តែងក្រមនេះឡើង គឺមិនមែនក្នុងគោលបំណងដើម្បីក្ដោបក្ដាប់កិច្ចការរបស់ក្រសួងដទៃទៀត ប៉ុន្តែក្រមថ្មីស្រឡាងនេះ នឹងជាជំនួយស្មារតីដ៏ចាំបាច់មួយសម្រាប់ការអនុវត្តនៅក្នុងប្រទេសកម្ពុជា និងមនុស្សជំនាន់ក្រោយៗទៀត។
ថ្លែងទៅកាន់អ្នកចូលរួមកម្រិតថ្នាក់ជាតិជាច្រើនរយនាក់លើកទី៥ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា នៅសណ្ឋាគារភ្នំពេញ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បញ្ជាក់ថា ក្រមបរិស្ថាននេះ គឺជាការផ្ដួចផ្ដើមគំនិតឡើងចេញពីក្រដាសសទទេសុទ្ធ។ ប៉ុន្តែឆ្លងការពិគ្រោះយោបល់ពីតាមមន្ទីរ និងនាយកដ្ឋាននានា អស់ពេលដ៏យូរ ក្រមនេះបានលេចចេញជារូបរាងឡើង។
លោកបន្តថា ក្រមស្ដីពីបរិស្ថាន និងធនធានធម្មជាតិនេះ គឺយកតាមលំនាំច្បាប់ជាគោល ២ប្រទេស គឺប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក៖ «គ្រាន់តែចង់ថា ឲ្យយើងរៀបចំច្បាប់នេះសម្រាប់យើងទាំងអស់គ្នា។ ច្បាប់នេះពិតណាស់ បានព្រាងប្រៀបធៀបនឹងច្បាប់ដែលបានសរសេរទៅនឹងលោកខាងលិច ជាប្រទេសជឿនលឿន ជាប្រទេសមានឧស្សាហកម្ម ជាប្រទេសមានឥទ្ធិពលខាងផ្នែកសេដ្ឋកិច្ច នយោបាយ និងយោធា»។
បើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន នេះជាក្រមលើកទី១ហើយរបស់កម្ពុជាផ្នែកបរិស្ថាន។ ជាងនេះទៀត ការបើកទំព័រថ្មីនេះ ក៏ជាការបោះជំហានមុនគេដែរ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន។ ក្រមបរិស្ថាននេះ បានដាក់ឲ្យស្ថិតក្នុងការពិគ្រោះយោបល់ និងសេចក្ដីព្រាងលើកទី៩ ហើយ ក្រោយការបង្កើតឡើងតាំងពី២០១៦ មក។
ទីប្រឹក្សាផ្នែកច្បាប់នៃក្រុមមេធាវី វិស្ណុ លោក ប្រាយអិន រ៉ូហាន () ប្រាប់ក្រុមអ្នកកាសែតថា សេចក្ដីព្រាងនៃក្រមបរិស្ថាននេះ មិនមែនសម្រាប់តែក្រសួងសាមីទេ គឺក្រសួងបរិស្ថានទេ ដែលមានមុខងារក្នុងការអនុវត្តដោយផ្ទាល់ចំពោះក្រមថ្មីនេះ។ លោកបន្តថា ក្រមនេះគឺស្ទើរតែគ្រប់ក្រសួងដែលត្រូវអនុវត្តដែរ ដើម្បីឲ្យប្រាកដថា ការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា មានចិរភាព។ ជាងនេះទៀត ទីប្រឹក្សាច្បាប់រូបនេះអះអាងថា ដោយមើលឃើញពីភាពចាំបាច់ និងឆ្លងការពិគ្រោះយោបល់ដ៏ល្អិតល្អន់ ជាពិសេសតម្រូវការរបស់សង្គម ក្រមនេះនឹងដាក់ឲ្យរដ្ឋសភាអនុម័ត យ៉ាងយូរបំផុតនៅដំណាច់ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ៖ «ឥឡូវតាមផែនការដើម្បីអនុវត្តក្រមបរិស្ថានទៅរកសភាជាតិវានៅក្នុងឆ្នាំហ្នឹង ខែ១២ ឆ្នាំហ្នឹង (២០១៧)»។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរិះគន់ការបញ្ជ្រាបផ្នែកបរិស្ថាន តាមរយៈអង្គមីទីង ឬសិក្ខាសាលាថា ជាវិធីសាស្ត្រចាស់គំរឹល ឬហួសសម័យណាស់ពេកទៅហើយ។ បើតាមរដ្ឋមន្ត្រីរូបនេះ អ្វីដែលចាំបាច់គឺត្រូវបណ្ដុះពលរដ្ឋឲ្យដឹងពីការការពារ និងថែរក្សាបរិស្ថានតាំងពីថ្នាក់កុមារឋានឡើងទៅ។ ក្រមថ្មីនេះ ក៏បានដាក់បញ្ចូលការអភិរក្សសត្វព្រៃ ដែលវាពុំទាន់មានច្បាប់ពិសេសណាមួយនៅឡើយនៅកម្ពុជា និងមានបញ្ញត្តិពីបទល្មើសផង។
ឯកសារដែលចែកចាយនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើក៥ ស្ដីពីសេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅពុំទាន់មានជំពូក និងមាត្រាឲ្យប្រាកដនៅឡើយទេ ព្រោះក្រមនេះកំពុងស្ថិតក្នុងសេចក្ដីព្រាង និងដាក់ឲ្យពិគ្រោះយោបល់នៅឡើយ។
បើទោះជាបែបណា សេចក្ដីព្រាងនេះ បានបង្ហាញអំពីមាតិកាមួយចំនួនរួមមាន បទល្មើសពាក់ព័ន្ធបរិស្ថាន និងធនធានធម្មជាតិ ប្រភេទនៃបណ្ដឹង ភាគីនៃបណ្ដឹងបរិស្ថាន និងធនធានធម្មជាតិ យន្តការដោះស្រាយបណ្ដឹងបរិស្ថាន និងធនធានធម្មជាតិ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ ហើយចុងក្រោយគឺលំហូរនីតិវិធីដោះស្រាយវិវាទបរិស្ថាន និងធនធានធម្មជាតិ។ ក្រមបរិស្ថាននេះ មានកម្រាស់ជាង ៤០០ទំព័រ និងមានមាតិកាប្រមាណ ៤០មាតិកា ហើយក៏ជាក្រមមុនដំបូងគេបង្អស់ផ្នែកបរិស្ថាននៅកម្ពុជា៕