
ពលរដ្ឋជាង ២ពាន់នាក់ដែលបានចូលរួមតាមអនឡាញ (online) ឈ្មោះ ឆេង ដត អូអជី (Change.org) បានគាំទ្រលិខិតចំហដាក់ទៅស្ថាប័ន៣ តម្រូវឲ្យអ្នកអត្ថាធិប្បាយព័ត៌មានទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី និងអ្នកស្រី រស់ សុធាវី សុំទោសជាសាធារណៈដល់សពស្ត្រី និងគ្រួសារ។
លិខិតចំហនេះ ត្រូវបានអ្នកតំណាងផ្ញើជូនស្ថាប័នទាំង៣ គឺស្ថានីយទូរទស្សន៍ហង្សមាស ស្នើឲ្យអ្នកអត្ថាធិប្បាយទូរទស្សន៍ទាំង ២នាក់ សុំទោសជាសាធារណៈដល់សពស្ត្រី និងគ្រួសារ ដែលរងការរំលោភផ្លូវភេទកាលពីដើមខែសីហា ដោយអ្នករត់តាក់ស៊ី ២នាក់ ក្នុងពេលដែលនារីរងគ្រោះជិះរថយន្តឈ្នួលពីភ្នំពេញទៅខេត្តស្វាយរៀង។
លិខិតនេះក៏ត្រូវគេបញ្ជូនទៅក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន ដែរ ក្នុងបំណងជំរុញឲ្យពិនិត្យមើលចំពោះអ្នកអត្ថាធិប្បាយព័ត៌មានពេលព្រឹកលើកញ្ចក់ទូរទស្សន៍ហង្សមាស ដែលគេយល់ថា បានប្រើពាក្យពេចន៍ប្រមាថមាក់ងាយ និងព្យាយាមស្ដីបន្ទោសដល់ស្ត្រីរងគ្រោះ ឲ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ដូចដែលមានចែងក្នុងសេចក្ដីប្រកាសរួមស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់អ្នកព័ត៌មាន អំពើហិង្សាលើស្ត្រីរបស់ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី នាពេលថ្មីៗនេះ។
សកម្មជនស្ត្រីនៅក្នុងយុទ្ធនាការដាក់ញត្តិលើអនឡាន (Change.org) និងជាទីប្រឹក្សាឯករាជ្យផ្នែកយេនឌ័រ អ្នកស្រី ស៊ឹម ចិន្តា សង្ឃឹមថា ស្ថាប័នទាំង៣ នឹងពិចារណាចំពោះសំណើនេះ៖ «គោលបំណងធំនៅក្នុងលិខិតយើងនេះ គឺផ្ញើជូនទៅទូរទស្សន៍ហង្សមាស តែក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន គឺយើងចម្លងជូនពួកគាត់ ដោយសារស្ថាប័នទាំងពីរ គឺទើបតែចុះហត្ថលេខារួមថ្មីៗនេះទៅលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីឲ្យគាត់បានឮ និងជួយរំលឹកធ្វើវិធានការផ្សេងៗ ធ្វើម៉េចឲ្យក្រមនេះគេអនុវត្តដោយខ្ជាប់ខ្ជួនអត់ប្រាសចាកពីក្រមនេះ»។
នៅក្នុងលិខិតចំហដែលគេដាក់ជូនស្ថាប័នទាំង៣ នេះ បានស្រង់សម្ដីរបស់លោក មាស រិទ្ធី និងអ្នកស្រី រស់ សុធាវី ថាបើរំលោភៗចុះ កុំសម្លាប់ បើគេរំលោភកុំជេរប្រមាថគេ សម្របសម្រួលតាមគេទៅ បើរំលោភហើយមិនព្រមទុកប្រើប្រាស់តទៅទៀត យុទ្ធសាស្ត្ររបស់ស្រីៗ បើចូលក្នុងកណ្ដាប់ដៃគេហើយ ធ្វើឲ្យទន់ភ្លន់ ពេលយប់ព្រលប់ស្ងាត់កុំសូវហ៊ានពេក និងមិនគួរធ្វើដំណើរតាមប្រភេទតាក់ស៊ីម៉ៅ វាគ្រោះថ្នាក់ដល់យើងអ៊ីចឹង ជាដើម។ ម្យ៉ាងវិញទៀត ខ្លឹមសារលិខិតនេះ ពួកគេរឹតតែមិនទទួលយកចំពោះការបកស្រាយរបស់លោក មាស រិទ្ធី និងអ្នកស្រី រស់ សុធាវី ដែលបានបកស្រាយថា គាត់និយាយកំប្លែងលេងដើម្បីកុំឲ្យអ្នកទស្សនាធុញទ្រាន់ ហើយចរិតរបស់ពួកគាត់ជាអ្នកចូលចិត្តលេងសើច។ ប្រការនេះ អ្នកទាមទារយល់ថា មិនមានការគោរពសិទ្ធិស្ត្រី និងស្នើឲ្យបញ្ឈប់នូវរាល់ទង្វើ ឬការអត្ថាធិប្បាយទាំងឡាយណាដែលចាត់ទុកស្ត្រីជាកម្មវត្ថុ នៃការនិយាយកំប្លែងលេងក្នុងការធ្វើអត្ថាធិប្បាយអំពីហិង្សាលើស្ត្រី៕