
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលគណបក្សប្រឆាំងស្នើ ត្រូវបានប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា លោក ហេង សំរិន អនុញ្ញាតឲ្យបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែសីហា។
ទោះជាលោក ហេង សំរិន បានបើកផ្លូវឲ្យមានកិច្ចប្រជុំលើសំណើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ប៉ុន្តែតំណាងរាស្ត្របក្សប្រឆាំង លោក គីមសួរ ភីរិទ្ធ មិនសង្ឃឹមថា សំណើនេះមានការឯកភាពពីតំណាងរាស្ត្ររបស់គណបក្សកាន់អំណាចនោះទេ។ សម្រាប់ក្រុមតំណាងរាស្ត្របក្សប្រឆាំង នឹងធ្វើសន្និសីទកាសែតដើម្បីបញ្ជាក់ជំហរ និងការទាមទារ ប្រសិនបើសំណើនេះត្រូវបានរាំងខ្ទប់ដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មែននោះ៖ «ខ្ញុំទោះបីមិនបានទទួលក៏ដឹងថា ប្រហែលជាមិនវិជ្ជមានដែរ ព្រោះអ្វីដែលយើងស្នើទៅហ្នឹង មិនដែលទទួលទេ»។
សំណើសុំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីសម្រួលដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសបានចុះឈ្មោះ និងបោះឆ្នោតនៅក្រៅប្រទេស ត្រូវបានក្រុមតំណាងរាស្ត្របក្សប្រឆាំងស្នើទៅរដ្ឋសភាកាលពីថ្ងៃទី១១ ខែសីហា គឺក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ខ្លួនគ្មានសិទ្ធិអំណាចជួយសម្រួលឲ្យពលករចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស ដូចអ្វីដែលក្រុមសង្គមស៊ីវិល និងបក្សប្រឆាំងចង់បាននោះ។
អ្នកតំណាងឲ្យគណបក្សប្រជាជនកម្ពុជា ធ្លាប់ប្រកាសជំហររបស់តំណាងរាស្ត្របក្សកាន់អំណាចថា មិនចូលរួមសហការជាមួយគណបក្សប្រឆាំងក្នុងការកែប្រែច្បាប់នេះទេ ព្រោះជាច្បាប់ដែលបំផ្លាញឆ្នាំងបាយពលរដ្ឋខ្មែរនៅក្រៅប្រទេសឲ្យរវល់នឹងរឿងបោះឆ្នោត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី១៦ ខែសីហា ថា លោកមិនទាន់ច្បាស់ទេថា នៅថ្ងៃទី២១ ខែសីហា ក្រុមតំណាងរាស្ត្រដែលជាថ្នាក់ដឹកនាំរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា យល់ព្រមឯកភាពបញ្ជូនសំណើវិសោធនកម្មច្បាប់បោះឆ្នោតនេះទៅសភាពេញអង្គ ឬយ៉ាងណានោះទេ។ ប៉ុន្តែលោក សុខ ឥសាន ឆ្ងល់ថា ការចុះឈ្មោះបោះឆ្នោត ធ្វើនៅតាមស្ថានឯកអគ្គរាជទូត ឬស្ថានអគ្គកុងស៊ុលនៅក្រៅប្រទេស តើការចុះឈ្មោះ និងបញ្ជីឈ្មោះនោះត្រូវដាក់ចូលទៅក្នុងមណ្ឌលបោះឆ្នោតណាមួយ៖ «សួរថា ទៅបោះនៅបាងកក (ប្រទេសថៃ) ហ្នឹង យកលទ្ធផលបោះឆ្នោតមកដាក់នៅមណ្ឌលណាមួយនៅក្នុងប្រទេសកម្ពុជា? ឲ្យគាត់ (អ្នកស្នើវិសោធនកម្មច្បាប់បោះឆ្នោត) ឆ្លើយតែប៉ុណ្ណឹងហ្នឹង បើគាត់ឆ្លើយតែប៉ុណ្ណឹងហ្នឹងរួច អាហ្នឹងទៅរួចហើយ តែបើឆ្លើយមិនរួចទេ គឺថា ទៅមិនរួចទេ»។
ដំណើរការចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៧ នឹងចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា។ ពលរដ្ឋប្រមាណ ១,២លានសែននាក់ គឺជាពលករបម្រើការងារនៅក្រៅប្រទេស ដែល គ.ជ.ប រំពឹងថា នឹងនាំគ្នាមកចុះឈ្មោះបោះឆ្នោត។ ថ្វីត្បិតតែពេលវេលាចុះឈ្មោះបោះឆ្នោតនៅសល់មិនដល់ ១ខែទៀតក្ដី ក្រុមតំណាងរាស្ត្របក្សប្រឆាំងបានបញ្ជូនសំណើសុំកែប្រែច្បាប់ដើម្បីបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេសសម្រាប់ពលករទាំងនេះ។ សំណើនេះ ត្រូវដាក់ទៅដល់រដ្ឋសភាដោយស្នើឲ្យលោក ហេង សំរិន ដាក់សេចក្ដីស្នើច្បាប់នេះជូនទៅរដ្ឋសភាពិនិត្យ និងអនុម័ត ដោយចាត់ទុកជាការប្រញាប់។
មន្ត្រីច្បាប់ និងអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា មើលឃើញថា សំណើធ្វើវិសោធនកម្មច្បាប់នេះពិបាកក្នុងការចេញ ដោយសារគណបក្សកាន់អំណាចនៅតែយល់ថា មានឧបសគ្គច្រើន។ ចំពោះឧបសគ្គដែលលោក សុខ ឥសាន លើកឡើង សង្គមស៊ីវិលយល់ថា ច្បាប់បោះឆ្នោតគួរតែវិសោធនកម្មពីប្រព័ន្ធសមាមាត្រ ទៅជាប្រព័ន្ធចម្រុះ ដូច្នេះមិនពិបាកក្នុងការដោះស្រាយសន្លឹកឆ្នោតដាក់ក្នុងមណ្ឌលណានោះទេ៖ «អានេះបើសិនជាយើងអាចធ្វើវិសោធនកម្មបាន វាមិនមែនត្រឹមតែធ្វើវិសោធនកម្មអំពីការចុះឈ្មោះប៉ុណ្ណឹងហ្នឹងទេ ត្រូវធ្វើវិសោធនកម្មទាំងប្រព័ន្ធបោះឆ្នោតហ្នឹងដែរ មានន័យថា ត្រូវធ្វើវិសោធនកម្មប្រព័ន្ធបោះឆ្នោតទៀត»។
មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ ដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៣៣នាក់យកជាសំអាងស្នើទៅរដ្ឋសភាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតចែងថា ពលរដ្ឋខ្មែរដែលកំពុងរស់នៅបរទេសត្រូវបានគាំពារដោយរដ្ឋ ហើយពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។ តំណាងរាស្ត្រទាំងនេះជំរុញឲ្យ គ.ជ.ប សម្រេចបង្កើតការិយាល័យមួយ ឬច្រើននៅតាមច្រកព្រំដែនអន្តរជាតិ ស្ថានទូត ស្ថានកុងស៊ុល ប្រចាំប្រទេសនីមួយៗដែលមានពលរដ្ឋខ្មែរកំពុងធ្វើការ ឬរស់នៅដើម្បីបង្កភាពងាយស្រួលដល់ពួកគេក្នុងការចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត។
សង្គមស៊ីវិលធ្វើការផ្នែកបោះឆ្នោតយល់ថា ឆ្លងកាត់បទពិសោធន៍នៃការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ មក កម្ពុជាគួរមានលទ្ធភាពបង្កើតការចុះឈ្មោះ ឬបោះឆ្នោតនៅក្រៅប្រទេសបាន ហើយបើប្រៀបធៀបលក្ខខណ្ឌបោះឆ្នោតរវាងកម្ពុជា និងប្រទេសភូមា កម្ពុជាមានលក្ខខណ្ឌល្អទាំងបច្ចេកទេស ធនធាន និងជំនួយពីបរទេស មិនគួរធ្វើមិនកើត ខណៈដែលប្រទេសភូមា អាចបង្កើតប្រព័ន្ធចុះឈ្មោះ និងបោះឆ្នោតនៅក្រៅប្រទេសបានកាលពីការបោះឆ្នោតឆ្នាំ២០១៥៕