Clik here to view.

ពលរដ្ឋដែលមានជម្លោះដីធ្លីនៅឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ប្រាប់ថា ក្រោយកើតអំពើហិង្សារវាងសន្តិសុខក្រុមហ៊ុនការពារដីឲ្យអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយអ្នកភូមិតេជោអង្កាញ់ និងមានកងកម្លាំងចម្រុះចុះចាប់ និងដុតផ្ទះពលរដ្ឋលើដីមានជម្លោះកាលពីថ្ងៃទី១០ សីហា មក ពួកគេបាននាំគ្នារត់គេចចេញពីផ្ទះ ព្រោះខ្លាចមានការចាប់ខ្លួនជាបន្តទៀត។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់នៅភូមិតេជោអង្កាញ់ លោក ប៉ូ សម្បត្តិ ឲ្យដឹងថា អ្នកភូមិជាង ២០០នាក់កំពុងគេចចេញពីផ្ទះ ក្រោយពេលដែលអ្នកភូមិឮថា នឹងមានការចាប់ខ្លួនជាបន្តទៀត ករណីជម្លោះដីធ្លី ហិង្សាជាមួយសន្តិសុខក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) ដែលអ្នកភូមិអះអាងថាជារបស់អ្នកស្រី ចាន់ សុធា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។
លោក ប៉ូ សម្បត្តិ អះអាងថា ក្រោយការចាប់ខ្លួនពលរដ្ឋ ២នាក់ និងអ្នកកាសែតម្នាក់កាលពីថ្ងៃទី១១ សីហា បញ្ជូនទៅតុលាការខេត្តកំពត រួចមក នៅថ្ងៃទី១៥ សីហា បុរសម្នាក់ទៀតឈ្មោះ ភ័ក្រ រស់នៅភូមិតេជោអង្កាញ់ ត្រូវបានកងកម្លាំងចម្រុះរបស់ឃុំ ចាប់ខ្លួននៅពេលជិះម៉ូតូតាមផ្លូវទៅទិញអីវ៉ាន់។ ពលរដ្ឋដែលអះអាងថាផ្ទះគាត់ត្រូវបានសន្តិសុខក្រុមហ៊ុនដុតចោលរូបនេះ ប្រាប់ថា បច្ចុប្បន្នពួកលោកកំពុងគេចខ្លួន ក្រោយពេលឮដំណឹងថា មេឃុំតេជោអភិវឌ្ឍន៍ បញ្ជាឲ្យតាមចាប់ខ្លួនអ្នកភូមិ៖ «ដោយសារកំហឹងប្រជាពលរដ្ឋយើង គាត់ (ក្រុមហ៊ុន) មកដុត ដុតបំផ្លាញផ្ទះសម្បែង។ គាត់ឈឺចាប់ណាស់។ ដល់ឈឺចាប់ណាស់ ក្រុមហ៊ុនគាត់ដឹកសាំង ដឹងសាំងប្រហែលកន្លះឡានមក ដើម្បីយកមកកម្ទេចទៀត ចឹងគាត់ការពារផ្ទះ និងលំនៅឋានគាត់ គាត់ (ពលរដ្ឋ) ទប់អត់បាន វា (សន្តិសុខក្រុមហ៊ុន និងទាហានង៧០) បាញ់អ្ហា បាញ់ស្រោចមកលើប្រជាពលរដ្ឋ ប្រជាពលរដ្ឋខឹងពេក សុខចិត្តថាស្លាប់ក៏ស្លាប់ចុះ បបួលគ្នាទៅកម្ទេច តែកម្ទេចតែឡានក្រុមហ៊ុនមួយទេ»។
កាលពីថ្ងៃទី១០ សីហា អ្នកភូមិតេជោអង្កាញ់ និងសន្តិសុខក្រុមហ៊ុន ហ្វឺស បាយអូថេក អេហ្គ្រីខលឈឺរ័ល (First Bio-Tech Agricultural (Cambodia) Co., Ltd.) បានប៉ះទង្គិចគ្នាបង្កជាហិង្សា ដោយអ្នកភូមិអះអាងថាកើតចេញពីខាងប្រជាការពារភូមិ និងទាហាន «ង៧០» ការពារដីឲ្យក្រុមហ៊ុន ដែលបានបាញ់រះដោយប្រើកាំភ្លើងវែងប្រភេទអាកា (AK) បាញ់ឡើងលើគំរាមអ្នកភូមិ និងគ្រាប់ខ្លះបាញ់តម្រង់អ្នកភូមិបណ្ដាលឲ្យអ្នកភូមិខឹងសម្បា ក៏បានវាយបំបែកកញ្ចក់ឡានក្រុមហ៊ុនមួយគ្រឿង។ ចំណែកឡានរបស់កងរាជអាវុធហត្ថ អ្នកភូមិអះអាងថាមិនបានវាយកម្ទេចដូចការចោទប្រកាន់នោះទេ។
មេឃុំតេជោអភិវឌ្ឍន៍ លោក សាន់ គ្រីយ៉ា បដិសេធព័ត៌មានថា លោកបញ្ជាឲ្យកងកម្លាំងឃុំចុះចាប់ពលរដ្ឋ ដោយលោកសំអាងថា លោកគ្មានសិទ្ធិនោះទេ៖ «ខ្ញុំគ្មានសិទ្ធិណាបញ្ជាឲ្យចាប់ប្រជាពលរដ្ឋទេ ត្រូវចាំប៉ុណ្ណឹងបានហើយណា»។
ក្រោយការប្រើហិង្សាដាក់គ្នា កងកម្លាំងចម្រុះខេត្តកំពត នៅថ្ងៃទី១១ សីហា បានឃាត់ខ្លួនអ្នកភូមិ ២នាក់ ឈ្មោះ ព្រឿង ប្រាណ និងឈ្មោះ សុខ ពិសី ព្រមទាំងអ្នកយកព័ត៌មានឲ្យកាសែតអំណាចប្រជាជនម្នាក់ឈ្មោះ ជា ស៊ីថា បញ្ជូនទៅតុលាការ។
ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពត លោក ខាន់ សុផល ឲ្យអាស៊ីសេរីដឹងថា បុរសទាំង ៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១១ សីហា ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ និងបានឃុំខ្លួន ដោយចោទបីបទល្មើស គឺបទហិង្សាមានស្ថានទម្ងន់ទោស បទធ្វើឲ្យខូចខាតមានស្ថានទម្ងន់ទោស និងបទប៉ះពាល់កម្មសិទ្ធិសាធារណៈ៖ «ចៅក្រមគាត់សម្រេចឃុំខ្លួនអស់ហើយណា។ បាទ! ឃុំខ្លួនទាំង៣»។
សង្គមស៊ីវិល និងអ្នកសារព័ត៌មានយល់ឃើញថា ការចាប់ខ្លួនអ្នកសារព័ត៌មានដែលកំពុងបំពេញការងារ គឺជាទង្វើខុសឆ្គង និងរំលោភសិទ្ធិអ្នកសារព័ត៌មាន ហើយវាអាចជាការបិទបាំងរឿងអ្វីម្យ៉ាងដែលជាប់ពាក់ព័ន្ធនឹងអាជ្ញាធរ។
មន្ត្រីអង្កេតនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តកំពត លោក ហេង ភារៈ ហៅការឃាត់ខ្លួន និងការចោទប្រកាន់អ្នកយកព័ត៌មានដែលកំពុងបំពេញភារកិច្ចនៅខេត្តកំពត ជាការរឹតត្បិតសេរីភាព និងជាការគំរាមកំហែងដល់អ្នកសារព័ត៌មានទូទៅ៖ «អ្នកកាសែតគាត់ទៅហ្នឹង គឺគាត់បានពាក់កាតរបស់គាត់ ពាក់អី។ គាត់មានឧបករណ៍សម្រាប់យកព័ត៌មាន មានន័យថាគាត់ចុះទៅបំពេញការងារយកព័ត៌មាន។ ចឹងហើយ កាលដែលចុះទៅយកព័ត៌មាន មានការចាប់ខ្លួនចឹង អាហ្នឹងគឺជាការរឹតត្បិតសេរីភាពទៅលើអ្នកសារព័ត៌មាន ក៏ដូចជាការគំរាមកំហែងអ្នកសារព័ត៌មានដទៃទៀតឲ្យមានការភ័យខ្លាច»។
អ្នកភូមិទាំង ៦ភូមិនៃឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក អះអាងស្រដៀងគ្នាថា ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យឲ្យបង្កើតភូមិតេជោទាំង៦ នោះមក ក្រុមហ៊ុន និងអ្នកមានអំណាចតែងរំលោភយកដី កាប់បំផ្លាញផ្ទះ ដុតផ្ទះ និងយកគ្រឿងចក្រទៅឈូសបំផ្លាញដំណាំរបស់ពួកគាត់ និងប្ដឹងពួកគាត់ទៅតុលាការជាបន្តបន្ទាប់។ អ្នកភូមិស្នើយ៉ាងទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះទៅមើលស្ថានភាព និងស្ដាប់ពីទុក្ខលំបាកពិតប្រាកដរបស់អ្នកភូមិ ជាជាងស្ដាប់តាមរបាយការណ៍របស់មន្ត្រីនៅមូលដ្ឋាន៕