Clik here to view.

អ្នកភូមិនៃឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បារម្ភខ្លាចសហគមន៍ព្រៃឈើដែលពួកគេធ្លាប់អាស្រ័យផលជាយូរមកហើយនោះ នឹងក្លាយជាវាលរហោឋាន ហើយដីត្រូវគេវាស់ចែកគ្នា។ តំណាងសហគមន៍សង្ស័យថា មេភូមិមេឃុំចង់ផ្ចាញ់ផ្ចាលលោក ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ហើយអាចអាជ្ញាធរភូមិឃុំឃុបឃិតជាមួយជនល្មើស ដើម្បីបំផ្លាញព្រៃឈើ។
តំណាងសហគមន៍ព្រៃឈើឃុំពាម និងអ្នកភូមិពីរនាក់ដែលកំពុងដើរល្បាតព្រៃសហគមន៍ ឲ្យដឹងនៅថ្ងៃទី១៥ ខែសីហា ថា ផ្ទៃដីព្រៃសហគមន៍ប្រមាណ ៦០ហិកតារ ត្រូវបានកូនប្រសាមេឃុំពាម និងកូនមេភូមិច្រកថ្កូវ ទន្ទ្រានយកធ្វើកម្មសិទ្ធិ។ ពួកគេថា សកម្មភាពនេះបានធ្វើឲ្យពលរដ្ឋខ្លះជ្រួលច្របល់ចូលចាប់ដីសហគមន៍ដោយមានការបើកដៃពីមេភូមិឈ្មោះ សួស សារ៉េម និងមេឃុំឈ្មោះ យី ផេង។
ប្រធានគណៈកម្មការសហគមន៍ព្រៃឈើភ្នំព្រះធាតុ ឃុំពាម លោក ប៊ុន យ៉ូន មានប្រសាសន៍ថា ការទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិ កើតមានកាន់តែខ្លាំងចាប់តាំងពីអំឡុងថ្ងៃបោះឆ្នោតឃុំ-សង្កាត់ បន្ទាប់ពីលោកចេញមុខឈរឈ្មោះជាបេក្ខជនលេខរៀងទី៤ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំពាម។ ចាប់តាំងពីលោកចេញមុខគាំទ្របក្សប្រឆាំងមក មេភូមិមេឃុំបើកដៃឲ្យពលរដ្ឋបំផ្លាញព្រៃឈើតែម្ដង៖ «សហគមន៍ដែលខ្ញុំខំទប់ស្កាត់រាល់ថ្ងៃ ទប់ស្កាត់មិនបានដោយសារអាជ្ញាធរដែនដីគិតតែគំរាមកំហែង ដាក់ប្រជាពលរដ្ឋឲ្យកាប់ឆ្ការ។ ឥឡូវឲ្យខ្ញុំទប់ស្កាត់ម៉េចបាន បើអាជ្ញាធរដែនដីដើរប្រកាសប្រាប់ប្រជាពលរដ្ឋដើរកាប់ដើរឆ្ការអ៊ីចឹង។ សួស សារ៉េម ម្សិលមិញដើរប្រាប់នៅភូមិថ្មកែវ ឲ្យដើរកាប់ដើរឆ្ការទៅ គាត់ថាមិនមែនដីព្រៃអាពួកអស់ហ្នឹងជាអ្នកដាំទេ។ ខ្ញុំមានវិធានការមួយសាហើយ តែវាគ្មានប្រសិទ្ធភាព ដាក់មេដៃទៅ (សាលាខេត្ត) មេភូមិឃុំ និយាយថាមេដៃដែលដាក់សុទ្ធតែគណបក្សប្រឆាំង»។
ទាក់ទងបញ្ហានេះ មេភូមិច្រកថ្កូវ លោក សួស សារ៉េម បដិសេធមិនអត្ថាធិប្បាយដោយប្រាប់ថា លោកកំពុងជាប់រវល់ ខណៈមេឃុំពាម លោក យី ផេង ទូរស័ព្ទមិនអាចទាក់ទងបាននៅថ្ងៃទី១៥ ខែសីហា។
ចំណែកអភិបាលស្រុកសាមគ្គីមានជ័យ លោក វន ស៊ីផា បញ្ជាក់ថា បញ្ហានេះមិនជាប់ពាក់ព័ន្ធក្នុងរឿងនយោបាយនោះទេ ប៉ុន្តែប្រធានគណៈកម្មការសហគមន៍រូបនោះអសមត្ថភាព មិនអាចទប់ស្កាត់បទល្មើសក្នុងដែនសហគមន៍ដែលខ្លួនគ្រប់គ្រង បែរជាចោទដាក់គេដាក់ឯង។ ក្នុងនាមលោកជាអាជ្ញាធរស្រុក បានខ្នះខ្នែងការពារព្រៃសហគមន៍ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៖ «ហើយខ្ញុំបានជំរុញឲ្យរដ្ឋបាលព្រៃឈើបញ្ជូនមកតុលាការ ហើយស៊ើបសួរចុះស៊ើបសួរឡើង អាអ្នកចាប់ហ្នឹងគ្រាន់តែជាអ្នកដែលគេជួលមកទេ។ អ៊ីចឹងវាពិបាក វាមានយុទ្ធសាស្ត្រវាច្រើនណាស់។ យើងខ្ញុំខំប្រឹងគាំទ្រណាស់ដែរ គ្រាន់តែគាត់រាយការណ៍មក កម្លាំងយើងចុះទៅក៏ឃាត់មិនបានអ៊ីចឹងទៅណា។ ប៉ុន្តែខ្ញុំក៏សួរដែរ តើអ្នកឯងមកពីណា? សុទ្ធតែប្រជាជនមកពីក្រៅភូមិ ក្រៅស្រុកហ្នឹងទៅទៀត»។
លោក វន ស៊ីផា និងនាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច លោក ឯម វិចិត្រ អះអាងស្រដៀងគ្នាថា អាជ្ញាធរមានសមត្ថកិច្ចគាំទ្រ និងការពាររាល់ផលប្រយោជន៍រួមរបស់ពលរដ្ឋ។ អ្នកទន្ទ្រានដីព្រៃសហគមន៍ កំពុងឋិតនៅក្នុងនីតិវិធីរបស់តុលាការ បន្ទាប់ពីមន្ត្រីជំនាញកំណត់មុខសញ្ញា និងកសាងសំណុំរឿងចំនួនពីរករណីបញ្ជូនទៅតុលាការ ហើយកំពុងតាមដានអ្នកប្រព្រឹត្តិបទល្មើសថ្មីៗទៀត។
ព្រៃសហគមន៍ភ្នំព្រះធាតុ មានទំហំ ៦៨២ហិកតារ មានពលរដ្ឋចំនួន ៨ភូមិកំពុងអាស្រ័យអនុផលព្រៃឈើ។ បច្ចុប្បន្ន ព្រៃសហគមន៍ប្រមាណ ៦០ហិកតារ ត្រូវបានបំផ្លាញ ហើយមានសកម្មភាពរុករានកាន់តែខ្លាំង៕