Clik here to view.

គណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ណែនាំដល់ថ្នាក់ដឹកនាំគណបក្សនៅរាជធានី ខេត្ត ឲ្យប្រើប្រាស់ស្លាកគណបក្សប្ដូរតាមគំរូស្លាកថ្មី។
នៅក្នុងសេចក្ដីណែនាំដែលចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា គណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ បានភ្ជាប់មកជាមួយនូវស្លាកគណបក្សនេះដែលត្រូវប្ដូរតាមគំរូថ្មី ដែលមានទម្រង់ជាគោលដូចជា៖ ស្លាកបញ្ឈរ ១,២ម៉ែត្រ គុណនឹង ១,៦ម៉ែត្រ ទំហំឡូហ្គោ (Logo) សញ្ញាព្រះអាទិត្យ ១ម៉ែត្រ គុណនឹង ១ម៉ែត្រ សងខាងឡូហ្គោប្រើពណ៌លឿង ឆ្វេង ស្ដាំ ទំហំ ១០សង់ទីម៉ែត្រៗ។ ទំហំខាងលើឡូហ្គោ ប្រើពណ៌លឿង ដោយសរសេរអក្សរខ្មែរថា គណបក្សសង្គ្រោះជាតិ នៅខាងលើអក្សរអង់គ្លេសថា ខេមបូឌា ណេស៊ិនណល រ៉េខ្យូស ផាតធី (Cambodia National Rescue Party) ទំហំ ២០សង់ទីម៉ែត្រៗ។ ចំណែកទំហំខាងក្រោមឡូហ្គោ ប្រើពណ៌លឿង ទំហំ ១០សង់ទីម៉ែត្រៗ សរសេរអក្សរថា សង្គ្រោះ បម្រើ ការពារ។ នៅខាងក្រោមបង្អស់នៃឡូហ្គោនេះ ប្រើផ្ទៃពណ៌ស ទំហំ ៣០សង់ទីម៉ែត្រ ជាសន្លឹកឆ្នោត មានសញ្ញាគ្រីស ឬធិច នៅក្នុងប្រអប់។
សេចក្ដីណែនាំនេះ គឺបន្ទាប់ពីច្បាប់គណបក្សនយោបាយដែលសមាជិកសភាបក្សកាន់អំណាចទើបធ្វើវិសោធនកម្មលើកទី២ថ្មី ដោយហាមគ្រប់គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សរបស់ខ្លួន។ ចំពោះគណបក្សណាដែលហ៊ានបំពាន ប្រព្រឹត្តផ្ទុយពីច្បាប់នេះ គឺតុលាការអាចសម្រេចផ្អាកសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ ឬអាចរំលាយគណបក្សនោះចោលតែម្ដង៕