Clik here to view.

ពលរដ្ឋមានវិបត្តិដីធ្លីជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចជាង ៧០០គ្រួសារ និងពលរដ្ឋមួយចំនួនរស់នៅឃុំឃ្សឹម ស្រុកស្នួល ខែត្រក្រចេះ ភ័យព្រួយករណីអាជ្ញាធរភូមិដើរសួរនាំពលរដ្ឋថា បោះឆ្នោតឲ្យគណបក្សណាកាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ និងគ្រោងបោះឆ្នោតឲ្យគណបក្សណា នៅពេលបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ។
ពលរដ្ឋរស់នៅឃុំឃ្សឹម ស្រុកស្នួល បានទៅប្រឹក្សាផ្នែកច្បាប់ជាមួយមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) កាលពីពេលថ្មីៗនេះ រឿងអាជ្ញាធរបានដើរស្រង់ឈ្មោះ និងសួរនាំពលរដ្ឋថា បោះឆ្នោតឲ្យគណបក្សណា ដែលនាំឲ្យអ្នកភូមិមានមន្ទិល និងបារម្ភពីសុវត្ថិភាព និងរឿងផ្ទាល់ខ្លួន ប្រសិនបើពួកគាត់ឆ្លើយមិនត្រូវគណបក្សណាមួយដែលគេចង់បាន។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋច្រើនទៀតរស់នៅភូមិត្រពាំងឈូក ឃុំឃ្សឹម លោក ឈិត ឈឿន ឲ្យដឹងនៅថ្ងៃទី១៤ សីហា ថា សមាជិកភូមិ លោក ឈុំ សាមុត បានចុះស្រង់ឈ្មោះ និងសួរនាំពលរដ្ឋបោះឆ្នោតឲ្យគណបក្សណា។ លោកថា ពលរដ្ឋខ្លះឆ្លើយថាបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា និងមានពលរដ្ឋមួយចំនួនប្រាប់ថា គេបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។ លោកថា អ្នកភូមិរស់នៅភូមិត្រពាំងឈូក ជាង ៧០០គ្រួសារដែលកំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ប៊ិញ ភឿក ២ (Binh Phouc) កំពុងភ័យព្រួយ បន្ទាប់ពីឮព័ត៌មានថា អាជ្ញាធររដ្ឋាភិបាលនឹងមិនដោះស្រាយដីធ្លីឲ្យដាច់ខាត ចំពោះពលរដ្ឋណាដែលបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ហើយគេនឹងដោះស្រាយ ឬប្រគល់ដីធ្លីជាកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋដែលបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា៖ «សួរថាបោះឆ្នោតឲ្យខាងណាៗ ខ្ញុំពិបាកឆ្លើយជាមួយគេដែរ។ បោះសួរចឹង ចាំបាច់លាក់ការសម្ងាត់ធ្វើអី? គេថាបោះគណបក្សនោះ បានឲ្យដី និងគណបក្សនេះបានឲ្យដីចឹង»។
ឆ្លើយតបរឿងនេះ សមាជិកភូមិមួយរូបដែលបានដើរសួរនាំពលរដ្ឋ លោក ឈុំ សាមុត ទទួលស្គាល់ថា លោកពិតជាបានសួរពលរដ្ឋថាឲ្យបោះឆ្នោតឲ្យគណបក្សណា ដើម្បីឲ្យអាជ្ញាធរធ្វើជំរឿនងាយស្រួលគ្រប់គ្រង។ លោកបញ្ជាក់ថា កិច្ចការងារនេះគឺជាបទបញ្ជាពីថ្នាក់លើដែលតម្រូវឲ្យសមាជិកភូមិដើរស្រង់ឈ្មោះពលរដ្ឋណាដែលបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា រីឯពលរដ្ឋបោះឆ្នោតឲ្យគណបក្សផ្សេង និងពលរដ្ឋគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក៏គេមិនតម្រូវឲ្យស្រង់ឈ្មោះដែរ៖ «គេឲ្យស្រង់តែគណបក្សប្រជាជនទេ ហើយប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងឈូក គាត់មានក្តីបារម្ភច្រើនណាស់។ គោលបំណងចឹង បើបោះឆ្នោតឲ្យគណបក្សប្រជាជន គេនឹងវាស់វែងដីឲ្យឆាប់ៗ តែបើបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ គេមិនគិតគូរឲ្យទេ»។
អនុប្រធានភូមិត្រពាំងឈូក លោក ឃី ឆាយ ទទួលស្គាល់ដែរថា លោកពិតជាបង្គាប់ឲ្យសមាជិកភូមិស្រង់ឈ្មោះពលរដ្ឋមែន តែការស្រង់នោះដើម្បីធ្វើជំរឿនសមាជិកគណបក្សប្រជាជនកម្ពុជា ពុំប៉ះពាល់ដល់សិទ្ធិពលរដ្ឋទេ ហើយទង្វើនេះត្រូវអនុវត្តគ្រប់ឃុំទាំងអស់នៅស្រុកស្នួល។ លោកបដិសេធថា អាជ្ញាធរពុំមានគោលនយោបាយដកហូតដីធ្លីពីក្រុមហ៊ុន ជូនពលរដ្ឋណាដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ឡើយ៖ «ការងារបក្សគេស្រង់តាមសមាជិកបក្សរបស់គេទេ មិនប៉ះពាល់ប្រជាពលរដ្ឋទេ»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការបំភ្លឺពីក្តីបារម្ភរបស់ពលរដ្ឋបានថាយ៉ាងណានៅឡើយទេ នៅថ្ងៃទី១៤ សីហា ព្រោះទូរស័ព្ទចូលច្រើនដង ពុំមានអ្នកទទួល។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក ខែត្រក្រចេះ លោក ប៊ី វ៉ាន់នី ឲ្យដឹងថា សមាគមអាដហុកបានទទួលពាក្យបណ្ដឹងរឿងនេះហើយ ហើយនឹងគ្រោងចុះអង្កេតនៅពេលឆាប់ៗនេះ។ លោកថា ប្រសិនបើអាជ្ញាធរសួរនាំពលរដ្ឋបោះឆ្នោតឲ្យបក្សណា គឺជាទង្វើរំលោភសិទ្ធិពលរដ្ឋ និងសិទ្ធិរក្សាការសម្ងាត់ បង្កការភ័យខ្លាចដល់ពលរដ្ឋ។ លោកចាត់ទុកបញ្ហានេះ ថាជាទម្រង់គំរាមកំហែងសិទ្ធិពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ ដែលនាំឲ្យការអនុវត្តលទ្ធិប្រជាធិបតេយ្យរឹតតែអាក្រក់ទៅ។ លោកបារម្ភថា ទង្វើនេះពលរដ្ឋរងគ្រោះនឹងប្រឈមបញ្ហាផ្សេងៗនៅគ្រាដែលគាត់ឆ្លើយមិនត្រូវគណបក្សណាមួយដែលគេចង់បាន៖ «កាលណាអាជ្ញាធរស្រង់ឈ្មោះប្រជាពលរដ្ឋ ដើម្បីរកអ្នកណាដែលចូលគណបក្សកាន់អំណាច ឬគណបក្សណាមួយ វាធ្វើឲ្យប៉ះពាល់សិទ្ធិសេរីភាពប្រជាពលរដ្ឋ និងបង្កឲ្យមានការភ័យខ្លាចទាក់ទងសិទ្ធិនយោបាយពួកគាត់ក្នុងការបញ្ចេញមតិជ្រើសរើសមេដឹកនាំ តាមរយៈសន្លឹកឆ្នោត និងការបោះឆ្នោត»។
រដ្ឋធម្មនុញ្ញមាត្រា៣៤ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឲ្យគេបោះឆ្នោត។ ចំណែកមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
កាលពីពេលថ្មីៗនេះ ពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ក៏ត្រូវបានអាជ្ញាធរចុះសួរនាំពីព័ត៌មានជុំវិញការបោះឆ្នោតនេះដែរ។ ការសួរនាំនេះ បានធ្វើឲ្យពលរដ្ឋសម្ដែងការបារម្ភ។
មន្ត្រីអង្កេតជាន់ខ្ពស់របស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានមន្ទិលថា ករណីនេះគឺជាបទបញ្ជាផ្ដើមចេញពីថ្នាក់លើទៅ ឬក៏យ៉ាងណា ហើយប្រសិនបើរឿងនេះជាការពិត គឺជាសកម្មភាពមិនត្រឹមត្រូវ និងហួសពីតួនាទីដែលច្បាប់បោះឆ្នោតបានធានាដល់សិទ្ធិរក្សាការសម្ងាត់របស់ពលរដ្ឋ។ លោកថា បាតុភាពនេះគឺពលរដ្ឋនឹងប្រឈមបញ្ហាច្រើន ដូចជាសុវត្ថិភាព ការភ័យខ្លាច រើសអើង និងរឿងផ្សេងទៀតពាក់ព័ន្ធសន្តិសុខផ្ទាល់ខ្លួនរបស់ពលរដ្ឋ។ បញ្ហានេះ លោកអំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាលពិចារណាឡើងវិញ៖ «ការដោះស្រាយរបស់អាជ្ញាធរមិនអាចដោះស្រាយទៅតាមអ្នកណាដែលជាបក្សពួកខ្លួន ឬសាច់ញាតិខ្លួន គឺអត់បានទេ គឺការដោះស្រាយដោយស្មើភាពគ្នា។ មិនអាចអ្នកឯងបោះឆ្នោតឲ្យគណបក្ស "ក" បានខ្ញុំដោះស្រាយឲ្យ អាហ្នឹងជាការរើសអើងគណបក្សនយោបាយហើយ»។
ឃុំឃ្សឹម មាន ៨ភូមិ និងមានពលរដ្ឋរស់នៅជាង ១ម៉ឺន ២ពាន់នាក់ (១២.២១៥នាក់) ក្នុងឆ្នាំ២០១៧។ ឃុំនេះមាន ៧អាសនៈ និងមានគណបក្សនយោបាយ ៥ ចូលរួមប្រកួតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ គឺគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ លទ្ធផលផ្លូវការ គណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតជាមេឃុំ ដោយទទួលបាន ៤អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន ៣អាសនៈ៕