Quantcast
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ចុះ​ផ្សព្វផ្សាយ​ឱសានវាទ​បិទ​ទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ជា​ផ្លូវការ

Image may be NSFW.
Clik here to view.

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​ចាត់​ក្រុម​ការងារ​ចុះ​ផ្សព្វផ្សាយ​ឱសានវាទ​បិទ​ទ្វារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ជា​ផ្លូវការ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ​ចាស់ ប្រុង​ប្រយ័ត្ន និង​សម្រេច​ចិត្ត​ជា​ថ្មី​ទាក់ទិន​គម្រោង​ទទួល​យក​សំណង ហើយ​ចាកចេញ​ទៅ​រស់នៅ​ភូមិ​ថ្មី។ ចំណែក​ពលរដ្ឋ​ជិត ១០០​គ្រួសារ​នៅ​ក្នុង​ភូមិ​នេះ នៅ​តែ​បដិសេធ​មិន​ព្រម​ចាកចេញ ហើយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​នេះ​បោះ​ទីតាំង​នៅ​ក្នុង​ភូមិ​ពួក​គេ។

ពលរដ្ឋ​ភូមិ​ស្រែគរ ដែល​តវ៉ា​ប្រឆាំង​គម្រោង​ជម្លៀស​អ្នក​ភូមិ​ទៅ​រស់នៅ​ភូមិ​ថ្មី នៅ​តែ​បដិសេធ​មិន​ទទួល​យក​សំណង និង​មិន​អនុញ្ញាត​ឲ្យ​ដាក់​ក្រុម​ការងារ​ប្រចាំ​ការ​នៅ​ក្នុង​ភូមិ ដើម្បី​ទំនាក់ទំនង​ផ្លាស់ប្ដូរ​យោបល់​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នក​ភូមិ​នោះ​ទេ។

ការ​បដិសេធ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ខណៈ​ក្រុម​ការងារ​អាជ្ញាធរ​ខេត្ត រួម​មាន​មន្ត្រី​មក​ពី​ឃុំ ស្រុក ខេត្ត និង​តំណាង​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ បាន​ជួប​ប្រជុំ​ជាមួយ​អ្នក​ភូមិ​ជិត ៥០​នាក់​នៅ​វត្ត​ស្រែគរ​ចាស់។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ បញ្ជាក់​ថា អាជ្ញាធរ​នៅ​តែ​យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក្ខ​អ្នក​ភូមិ បើ​ទោះ​បី​ពួក​គាត់​សម្រេច​ចិត្ត​មិន​ចាកចេញ​ក្តី។ លោក​ថា អាជ្ញាធរ​គ្មាន​គោលការណ៍​បណ្ដេញ​អ្នក​ភូមិ​ដោយ​បង្ខំ​នោះ​ទេ ក៏ប៉ុន្តែ​អាជ្ញាធរ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ភូមិ​ចូលរួម​ពិគ្រោះ​យោបល់​បន្ត​ជាមួយ​អាជ្ញាធរ ដើម្បី​រួម​គ្នា​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ៖ «តែ​កាលណា​លិច​ផុត​ហើយ យើង​ទៅ​រាប់​ឯណា​បាន? សួរ​ថា​បាត់បង់​អ្នក​ណា? បាត់បង់​បង​ប្អូន​ពុក​ម៉ែ​ទាំងអស់។ ទាក់ទង​សន្តិសុខ​សុវត្ថិភាព​របស់​ខ្លួន ដល់​ពេល​ទឹក​លិច​ថ្នាំ​សង្កូវ សុខភាព បញ្ហា​សិស្ស ជា​អាជ្ញាធរ ខ្ញុំ​បារម្ភ​មែនទែន បារម្ភ​រឿង​សិស្ស»

ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ គ្រោង​បិទ​ទ្វារ​ទឹក​ជា​ផ្លូវការ​ទាំងអស់​ចំនួន ១០​ទ្វារ ដើម្បី​ទប់​ទឹក​បញ្ចូល​អាង​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​សម្ពោធ​បើក​ដំណើរការ​ទំនប់​វារីអគ្គិសនី​នេះ។

ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ​ចាស់ លោក ហ្វុត ឃឿន បញ្ជាក់​ថា បើ​ទោះ​បី​ទឹក​លិច​ភូមិ​យ៉ាង​ណា លោក និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត សម្រេច​ចិត្ត​យក​ទីទួល​សុវត្ថិភាព​នៅ​ក្បែរ​ភូមិ​ដើម្បី​សង់​ជម្រក​រស់នៅ ហើយ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​នៅ​តំបន់​នោះ​បន្ត ដោយ​មិន​ព្រម​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​នោះ​ទេ។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ​មាន​កង​ប៉ូលិស​ខ្លះ​ដែល​ដាក់​ប្រចាំ​ការ​ច្រក​ចេញ​ចូល​ភូមិ បាន​ហៅ​អ្នក​ភូមិ​ជា​ជន​ក្បត់​ជាតិ ហើយ​រារាំង​មិន​ឲ្យ​ដឹក​ទំនិញ និង​សម្ភារៈ​ផ្គត់ផ្គង់​ជីវភាព​ចូល​ភូមិ​នោះ​ទេ។ លោក​ចាត់​ទុក​ថា នេះ​ជា​ការ​ប្រមាថ និង​គាប​សង្កត់​ផ្លូវ​ចិត្ត​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​ជីវភាព​រស់នៅ៖ «ថា​ឲ្យ​ចេញ​អស់​ហើយ​ដើម្បី​យក​ប៉ូលិស​មក​ដាក់​តាម​ដង​ផ្លូវ មក​តាម​ផ្លូវ​ធ្វើ​អ្វី គឺ​ដើម្បី​គាប​មិន​ឲ្យ​ការ​ចេញ​ចូល​របស់​ប្រជាពលរដ្ឋ​នាំ​រឿង​នាំ​សារ​ដែល​ពលរដ្ឋ​រងគ្រោះ​ហ្នឹង»Image may be NSFW.
Clik here to view.


ពលរដ្ឋ​ដែល​ចូលរួម​ប្រជុំ ភាគច្រើន​បាន​ឯកភាព​មិន​ឲ្យ​អាជ្ញាធរ​ដាក់​ក្រុម​ការងារ​ប្រចាំ​ការ​នៅ​ក្នុង​ភូមិ​ទេ បើ​ទោះ​បី​តំណាង​អាជ្ញាធរ​ខេត្ត​បាន​សុំ​យក​បរិវេណ​វត្ត​ស្រែគរ​ចាស់ ដាក់​មន្ត្រី​ប្រចាំ​ការ​ដើម្បី​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អ្នក​ភូមិ៖ «ទៅ​ជួប​គាត់ ខ្ញុំ​សុំ​គាត់​មិន​ចង់​ចាកចេញ​ពី​ភូមិ​កំណើត​ទេ ចង់​នៅ​នេះ តែ​គាត់​មិន​ឲ្យ​ជួប មូលហេតុ​អ្វី? ខ្ញុំ​អន់​ចិត្ត​ដែរ ជា​ម៉ែ​ឪ​អី​ក៏​គ្រវែង​កូន​ចោល​ដល់​ថ្នាក់​ហ្នឹង»

ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​បាន​បិទ​ទ្វារ​ទឹក​សាកល្បង​កាល​ពី​ដើម​ខែ​សីហា ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ភូមិ​ស្រែគរ នៅ​តំបន់​ទំនាប កម្ពស់​ពី​កន្លះ​ម៉ែត្រ​ទៅ​មួយ​ម៉ែត្រ ខណៈ​ទឹក​ក្នុង​អាង​កើន​ឡើង​កម្រិត ៧១​ម៉ែត្រ​ធៀប​នឹង​នីវ៉ូ​ទឹក​សមុទ្រ។

តំណាង​អាជ្ញាធរ​ស្រុក​សេសាន លោក សុខ រេន បញ្ជាក់​ថា អាជ្ញាធរ​នៅ​តែ​បន្ត​ជួយ​ដោះស្រាយ​បញ្ហា​កើត​មាន​ចំពោះ​អ្នក​ភូមិ ប្រសិន​បើ​អ្នក​ភូមិ​មិន​ចាកចេញ។ លោក​ថា ក្រុម​ការងារ​ចម្រុះ​ថ្នាក់​ខេត្ត​នេះ​នឹង​នៅ​តែ​ទទួល​ចុះ​ឈ្មោះ និង​ស្រង់​ទិន្នន័យ​ទ្រព្យ​សម្បត្តិ ដីធ្លី ផល​ដំណាំ​ជូន​អ្នក​ភូមិ ប្រសិន​បើ​ពួក​គាត់​សម្រេច​ចិត្ត​ទទួល​សំណង​មុន​ពេល​ទឹក​លិច​ភូមិ៖ «អាស្រ័យ​លើ​ការ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​របស់​ពុក​ម៉ែ​បង​ប្អូន គិត​ពី​ផល​លំបាក​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​មុខ​សម្រាប់​កូន​ចៅ ទោះ​ពុក​ម៉ែ​បង​ប្អូន​ថា​មក​បង្ខំ​ក៏​អត់​ដែរ អ៊ីចឹង​ធ្វើ​ម៉េច​ជួយ​សម្រួល​ឲ្យ​ក្រុម​យើង​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ទីនេះ»

តួលេខ​របស់​អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ១ និង​ស្រែគរ២ មិន​ទាន់​យល់ព្រម​ទទួល​សំណង​មាន​ចំនួន ៩១​គ្រួសារ គិត​ជា​ខ្នង​ផ្ទះ​មាន​ចំនួន ៨៧​ខ្នង​ផ្ទះ ក៏ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១២ ខែ​សីហា មាន​ពលរដ្ឋ ១០​ខ្នង​ផ្ទះ និង​អ្នក​បំបែក​ផ្ទះ​ពីរ​គ្រួសារ បាន​យល់ព្រម​ទទួល​សំណង ហើយ​ចាកចេញ​ពី​ភូមិ​ចាស់ ធ្វើ​ឲ្យ​តួលេខ​ប្រជាពលរដ្ឋ​នៅ​សល់​មាន​ចំនួន ៧៧​ខ្នង​ផ្ទះ ស្មើ​នឹង ៧៨​គ្រួសារ។

ទាក់ទិន​បញ្ហា​នេះ​ដែរ តំណាង​អាជ្ញាធរ​ខេត្ត អ្នកស្រី អេង សោភា នៅ​តែ​ទទូច​ឲ្យ​អ្នក​ភូមិ​ផ្តល់​ទីតាំង​ក្នុង​ភូមិ ដើម្បី​ក្រុម​ការងារ​មាន​លទ្ធភាព​បំពេញ​ការងារ​ផ្សព្វផ្សាយ​ទាក់ទិន​ឱសានវាទ​នៃ​ការ​បិទ​ទ្វារ​ទឹក ដើម្បី​ឲ្យ​អ្នក​ភូមិ​មាន​ការ​ប្រុងប្រយ័ត្ន និង​សម្រេច​ចិត្ត​ជា​ថ្មី។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​ខេត្ត​នៅ​តែ​ប្រកាន់​ជំហរ​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ៖ «ក្នុង​ខែ​៩ ហ្នឹង យើង​នឹង​មាន​បិទ​ទឹក​ហើយ។ ពួក​ខ្ញុំ​មក​នេះ គឺ​ជម្រាប​ពី​គោល​បំណង​រឿង​ទាំងអស់​ហ្នឹង។ បើ​បង​ប្អូន​ចង់​ចាកចេញ ពួក​ខ្ញុំ​មក​ស្នាក់នៅ​ទីនេះ គឺ​ដើម្បី​ងាយស្រួល​ស្រង់​ស្ថិតិ​ជូន​បង​ប្អូន​ទេ»

តំណាង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក ផុន សុភាព ឲ្យ​ដឹង​ថា ការ​បិទ​ទ្វារ​ទឹក​ជា​ផ្លូវការ នឹង​អាច​បង្កើន​កម្ពស់​ទឹក​ឡើង​កម្រិត ៧២​ម៉ែត្រ​ធៀប​នីវ៉ូ​ទឹក​សមុទ្រ ដែល​អាច​ធ្វើ​ឲ្យ​ភូមិ​ស្រែគរ ត្រូវ​លិច​ទាំងស្រុង។ យ៉ាង​ណា​ក៏ដោយ លោក​អះអាង​ថា ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​ក្រុម​ការងារ​ថ្នាក់​ខេត្ត ផ្សព្វផ្សាយ​គោល​នយោបាយ​ផ្ទាល់​សំណង និង​ឱសានវាទ​នៃ​ការ​បិទ​ទ្វារ​ទឹក​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles