Clik here to view.

មន្ត្រីសាធារណការ និងដឹកជញ្ជូននៃក្រសួងសាធារណការ និងមន្ទីររាជធានីភ្នំពេញ បានព្រមផ្អាកការសង់ផ្លូវរថភ្លើងទៅវាលយន្តហោះអន្តរជាតិភ្នំពេញ។ ការផ្អាកនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយពលរដ្ឋប្រមាណ ១០០នាក់ មកពី ៤ភូមិ ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១១ ខែសីហា។
អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក លី បូរិន ប្រកាសប្រាប់ពលរដ្ឋក្រោយការពិគ្រោះយោបល់នោះថា ការសាងសង់ផ្លូវរថភ្លើងពីវត្តតាំងកសាង កាត់ទៅវាលយន្តហោះអន្តរជាតិភ្នំពេញ នឹងមិនបន្តទៀតទេ ប្រសិនបើមិនទាន់មានការយល់ព្រមពីពលរដ្ឋនៅក្នុងសង្កាត់កាកាប នោះ។
លោក លី បូរិន ថ្លែងបញ្ជាក់ថា ការសាងសង់ផ្លូវរថភ្លើងនេះ នឹងមិនអាចធ្វើទៅបានល្អទេ បើភាគីពាក់ព័ន្ធ និងពលរដ្ឋមិនមានឯកភាពគ្នា៖ «»។
កាលពីពាក់កណ្ដាលខែកក្កដា ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កាកាប២ ជិត ១០០នាក់ បាននាំគ្នាដុតកង់ឡានតវ៉ាជំទាស់នឹងការសាងសង់ផ្លូវរថភ្លើងមួយខ្សែនេះម្ដងហើយ ដោយសារតែពួកគាត់យល់ថា ផ្លូវរថភ្លើងនេះនឹងធ្វើឱ្យប៉ះពាល់ពួកគាត់ ហើយថា ការសាងសង់ផ្លូវនេះ ធ្វើឡើងមិនបានពិភាក្សាជាមួយពលរដ្ឋជាមុន។
ទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋទាំងនេះ យល់ព្រមចំពោះគម្រោងរបស់ប្រធានមន្ទីរសាធារណការសាលារាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ដែលចង់ពង្រីកផ្លូវលេខ ១០៥ខេ (105K) និងដាក់លូប្រអប់ទំហំ ២ម៉ែត្រ ដើម្បីរំដោះទឹកពីវាលយន្តហោះ និងតំបន់នោះ។
អ្នកភូមិចម្ការឪឡឹក១ ក្នុងសង្កាត់កាកាប លោកស្រី សុខ ស៊ីណា មានគាំទ្រថា គម្រោងនេះល្អសម្រាប់អ្នកភូមិ៖ «»។
គម្រោងផ្លូវរថភ្លើងដែលពលរដ្ឋជំទាស់នេះ គឺសង់នៅលើផ្លូវចាក់បេតុង លេខ ១០៥ខេ ស្ថិតក្នុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាត់ពីផ្លូវរថភ្លើងចាស់ត្រង់វត្តតាំងកសាង ឆ្ពោះទៅ វាលយន្តហោះអន្តរជាតិភ្នំពេញ ដែលមានប្រវែង ១.៥០០ម៉ែត្រ។
ដោយសារតែការបារម្ភអំពីផលប៉ះពាល់ និងជំទាស់អំពីការសាងសង់ផ្លូវរថភ្លើងនេះ អ្នកភូមិចង់ឲ្យអាជ្ញាធររកជម្រើសផ្សេង។ អ្នកភូមិម្នាក់ទៀត ឈ្មោះ បូ អងហ៊ង ចង់ឲ្យបង្កើតស្ថានីយនៅទីនោះ ហើយប្រើឡានសម្រាប់ដឹកភ្ញៀវវិញ៖ «»។
គម្រោងសង់ផ្លូវរថភ្លើងនេះ ជាគម្រោងរបស់ក្រុមហ៊ុនផ្លូវរថភ្លើង ឈ្មោះ រ៉ូយ៉ាល់ រៀលវ៉េស៍ (Royal Railways) របស់ឧកញ៉ា គិត ម៉េង។ គោលបំណងនៃការសង់ផ្លូវនេះ គឺដើម្បីផ្ដល់សេវាដឹកអ្នកដំណើរចូលវាលយន្តហោះអន្តរជាតិភ្នំពេញ រហ័សជាងបច្ចុប្បន្ន ដែលចំណាយពេលពី ៤៥នាទីទៅ ២ម៉ោង។ ក្រុមហ៊ុនអះអាងថា ពេលផ្លូវរថភ្លើងនេះសង់ហើយ នឹងមិនប៉ះពាល់ដល់អ្នកប្រកបរបរតាមផ្លូវនេះទេ ហើយអ្នកប្រើប្រាស់ម៉ូតូ និងឡាន នៅតែអាចធ្វើដំណើរតាមផ្លូវនេះបានដដែល។ ប៉ុន្តែពលរដ្ឋនៅតែបារម្ភ និងជំទាស់ដដែល។
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន លោក សាំ ពិសិដ្ឋ ថ្លែងថា ជម្រើសផ្សេងទៀត ដែលនឹងត្រូវពិចារណា ហើយដូចសំណូមរបស់ពលរដ្ឋដែរ គឺការសង់ផ្លូវរថភ្លើងលើអាកាស។ ទាំងជាយ៉ាងនេះក្ដី លោក លី បូរិន បញ្ជាក់ថា លោកយកបញ្ហារបស់ពលរដ្ឋទាំងនេះទៅប្រជុំនៅក្រសួង និងសាលារាជធានីភ្នំពេញ ហើយនឹងធ្វើវេទិកាសាធារណជាមួយពលរដ្ឋទៀត នៅពេលឆាប់ៗខាងមុខនេះ៕