
ប្រទេសកម្ពុជា គ្រោងនឹងបញ្ជូនពលករបម្រើការងារតាមផ្ទះចំនួន ១ពាន់នាក់ទៅធ្វើការនៅទីក្រុងហុងកុង ត្រឹមដំណាច់ឆ្នាំ២០១៧ នេះ។ ផែនការបញ្ជូនពលករនេះ នឹងចែកចេញជាដំណាក់កាល ដោយលើកទីមួយ នឹងចាប់ផ្ដើមនៅខែកញ្ញា ខាងមុខនេះ។
ថ្លែងក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងនីតិវិធីនៃការជ្រើសរើស បណ្តុះបណ្តាល គ្រប់គ្រង និងបញ្ជូនពលករទៅធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង កាលពីព្រឹកថ្ងៃទី៩ សីហា រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ថានេះជាឱកាសមួយសម្រាប់ពលករកម្ពុជា ក្នុងការទទួលបានចំណូលលើកស្ទួយជីវភាពគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រ និងអត្រាគ្មានការងារធ្វើក្នុងសង្គម។ លោករីករាយដែលកម្ពុជា មានការរៀបចំជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូនពលករទៅបម្រើការនៅទីក្រុងហុងកុង ហើយថាលក្ខខណ្ឌការងារនៅទីនោះពិតជាល្អសម្រាប់ពលករកម្ពុជា។
លោក អ៊ិត សំហេង ឲ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជា បានចេញអាជ្ញាប័ណ្ណដល់ភ្នាក់ងារបញ្ជូនពលករចំនួន៦ ដើម្បីធ្វើការជ្រើសរើសពលករបម្រើការងារតាមផ្ទះទៅធ្វើការនៅទីក្រុងហុងកុង។ ពលករទាំងនោះនឹងទទួលបាននូវការបណ្តុះបណ្តាលជំនាញភាសាចិន ឬអង់គ្លេស ធ្វើម្ហូប និងសេវាថែទាំសុខភាពសម្រាប់មនុស្សចាស់ និងកុមារ មុនពេលដែលពួកគេចេញទៅធ្វើការនៅហុងកុង។
យោងតាមលោក អ៊ិត សំហេង ការបន្ធូរបន្ថយផ្តល់ទិដ្ឋាការដល់ពលករ វិនិយោគិន និងនិស្សិតកម្ពុជា បានអនុវត្តចាប់តាំងពីដើមខែមីនា មកម្ល៉េះ ដែលកត្តានេះធ្វើឲ្យពលករកម្ពុជា អាចដាក់ពាក្យសុំទិដ្ឋាការទៅធ្វើការនៅហុងកុង បានដោយជោគជ័យ។
បច្ចុប្បន្ន ទីក្រុងហុងកុង មានពលករបម្រើការនៅតាមផ្ទះប្រមាណជាង ៣សែន ៥ម៉ឺននាក់ ហើយភាគច្រើននៃពលករទាំងនោះជាជនជាតិហ្វីលីពីន និងឥណ្ឌូនេស៊ី។ ពលករទាំងនោះអាចទទួលបានចំណូលទាបបំផុត ៥៥០ដុល្លារអាមេរិកក្នុងមួយខែ។
កម្ពុជា មានពលករចំណាកស្រុកជាង ១លាន ១៥សែននាក់ (១,១៥លាននាក់) កំពុងធ្វើការទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសចំនួន៥ ក្នុងនោះមាន ថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរី ហើយពួកគេបានផ្ញើថវិកាមកជូនក្រុមគ្រួសារវិញប្រមាណជិត ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕