
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែសីហា សម្រេចផ្ដន្ទាទោសអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យជាប្រាក់ចូលរដ្ឋ ៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន ៨០០លានរៀល។ មេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ត្រីពេញចិត្តនឹងការសម្រេចនេះ។
ការប្រកាសសាលក្រមនេះ ធ្វើឡើងនៅចំពោះមុខលោក គឹម សុខ ដោយគ្មានវត្តមានមេធាវីការពារក្ដី គឺលោក ជូង ជូងី។ មុនពេលប្រកាសសេចក្ដីសម្រេចនេះ ចៅក្រមជំនុំជម្រះ លោក គី ប្ញទ្ធី បញ្ជាឲ្យជនត្រូវចោទ ឈ្មោះ គឹម សុខ ក្រោកឈរស្ដាប់ការប្រកាសរបស់តុលាការ ប៉ុន្តែលោក គឹម សុខ បដិសេធមិនធ្វើតាម។
ខណៈចៅក្រមកំពុងអានសាលក្រមក្នុងបន្ទប់សវនាការ លោក គឹម សុខ ថា សវនាការមួយនេះ ជាសវនាការទីងមោង ហើយក៏គ្មានភាពចាំបាច់ណាមួយដែលលោកត្រូវឈរពីមុខចៅក្រមនោះទេ។ លោក គឹម សុខ លើកឡើងថា សវនាការទីងមោង គឺសម្រេចទៅតាមការកំណត់របស់បុគ្គល ហ៊ុន សែន តែប៉ុណ្ណោះ។
ដោយមិនព្រមងើបឈរស្ដាប់សាលក្រម ឆ្មាំពន្ធនាគារ ៤នាក់ ចូលមកគ្រៀកស្មាលោក គឹម សុខ ឲ្យក្រោកឈរ តែលោកនៅននៀលមិនព្រមឈរតាម។ ទិដ្ឋភាពបែបនេះក្នុងបន្ទប់សវនាការ កើតឡើងនៅចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើននាក់ ហើយព្រះរាជអាជ្ញារងលោក សៀង សុខ ក៏បញ្ជាឲ្យឆ្មាំពីរនាក់ដកខ្លួនចេញ ទុក ២នាក់នៅគ្រៀកស្មាលោក គឹម សុខ ដដែល។
ចៅក្រម លោក គី ប្ញទ្ធី កាត់ទោសអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ដាក់គុក ១៨ខែ ពិន័យជាប្រាក់ ៨លានរៀល ឬស្មើប្រមាណ ២ពាន់ដុល្លារសហរដ្ឋអាមេរិក បង់ចូលរដ្ឋ ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍នៃក្រមព្រហ្មទណ្ឌ និង ៨០០លានរៀល ឬស្មើប្រមាណ ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ជាសាធារណៈដែលថា គណបក្សប្រជាជនកម្ពុជា នៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី។
ថ្វីបើតុលាការសម្រេចយ៉ាងនេះក្ដី លោក គឹម សុខ នៅតែប្រកាន់ជំហរថា បើការនិយាយរបស់លោកជាការពិតនោះ លោក ហ៊ុន សែន ក៏ត្រូវជាប់គុកព្រៃសដែរ ចំពោះសម្ដីដែលគំរាមសម្លាប់មនុស្ស ១.២០០នាក់ ដើម្បីរក្សាសន្តិភាពនោះ។
ការសម្រេចផ្ដន្ទាទោសអ្នកឃ្លាំមើលបញ្ហាសង្គមហ៊ានរិះគន់ឥតសំចៃមាត់រូបនេះ ធ្វើឡើងតាមបណ្ដឹងរបស់លោក ហ៊ុន សែន ដែលប្ដឹងកាលពីខែកុម្ភៈ ឆ្នាំ២០១៧។ លោក ហ៊ុន សែន បានប្ដឹងទារសំណងជំងឺចិត្តពីលោក គឹម សុខ ជាងកន្លះលានដុល្លារអាមេរិក ទាក់ទងនឹងការនិយាយជាប្រយោលថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។
ក្រោយពីតុលាការបិទបញ្ចប់ការប្រកាសសាលក្រម លោក គី តិច ជាមេធាវីដើមបណ្ដឹងតំណាងដោយអាណត្តិលោកនាយករដ្ឋមន្ត្រី ពេញចិត្តនឹងការសម្រេចនេះ៖ «»។
ចំណែក ក ជូង ជូងី ជាមេធាវីការពារក្ដីឲ្យលោក គឹម សុខ អាស៊ីសេរី មិនអាចសុំការបំភ្លឺរឿងនេះបានទេ ព្រោះទូរស័ព្ទហៅចូលតែគ្មានអ្នកទទួល។
ទោះបីជាលោក គឹម សុខ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ក្ដីរឿងនេះហើយក៏ដោយ តែលោកនៅជាប់បណ្ដឹងមួយទៀត ប្ដឹងដោយលោកមេធាវី គី តិច ដដែលរឿងលោក គឹម សុខ ថា រដ្ឋាភិបាលបានរៀបចំជាប្រព័ន្ធមួយក្នុងការសម្លាប់មនុស្ស ក្នុងនោះមានលោកបណ្ឌិត កែម ឡី ផង។ រឿងនេះលោក គី តិច បានដាក់ពាក្យប្ដឹងលោក គឹម សុខ នៅតុលាការក្រុងភ្នំពេញ ដោយទាមទារសំណង ១០លានរៀល។
ជុំវិញការស្លាប់លោកបណ្ឌិត កែម ឡី នេះ មិនមែនមានតែលោក គឹម សុខ ម្នាក់ទេ ដែលត្រូវមានទុក្ខទោសព្រោះតែនិយាយថា លោក ហ៊ុន សែន ជាអ្នកស្ថិតនៅពីក្រោយនៃអំពើឃាតកម្មនេះ ក្នុងនោះលោក សម រង្ស៊ី អតីតមេគណបក្សសង្គ្រោះជាតិ និងអ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភារបស់បក្សប្រឆាំង ត្រូវរស់នៅដោយនិរទេសខ្លួន ដើម្បីគេចចេញពីការចាប់ខ្លួនព្រោះតែនិយាយចំចំណុចរសើបនេះ៕