Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​ពុំ​មាន​សំណាង​ដូច​សមាជិក​អាស៊ាន​ដទៃ​ទៀត​នៅ​ក្នុង​តំបន់

$
0
0

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ចាត់​ទុក​ថា កម្ពុជា​នៅ​ពុំ​មាន​សំណាង​ដូច​សមាជិក​អាស៊ាន​ដទៃ​ទៀត​នៅ​ឡើយ​ទេ ជា​ពិសេស​ពី​ការ​អនុគ្រោះ​ពន្ធ និង​លំហូរ​ពាណិជ្ជកម្ម។ ការ​រិះគន់​នេះ ស្រប​ពេល​កម្ពុជា រំលឹក​ខួប​ទី​៥០ គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​សីហា នៃ​ការ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា អាស៊ាន (ASEAN)។

ថ្វី​បើ​កម្ពុជា ត្រូវ​រង​ការ​រិះគន់​ថា ហាក់​ទទួល​បាន​ផល​ដ៏​តិចតួច​ពី​ការ​ចូល​ជា​សមាជិក​អាស៊ាន ដែល​មាន​រយៈពេល​ជិត ២០​ឆ្នាំ មក​ហើយ​យ៉ាង​ណា​ក៏ដោយ​ចុះ​បញ្ហា​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​បង្ហាញ​ពី​សុទិដ្ឋិនិយម​ថា ជា​រួម​គិត​ត្រឹម​ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​អាស៊ាន​គឺ​ឈរ​នៅ​លំដាប់​ទី​៤ ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​យក្ខ​ផ្នែក​សេដ្ឋកិច្ច ដូច​ជា​ចិន អាមេរិក និង​អាល្លឺម៉ង់ ជាដើម។

សំណេរ​យ៉ាង​ពិស្ដារ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​ថ្ងៃ​​ទី​៨ ខែ​សីហា បាន​សរសេរ​ថា នៅ​ឆ្នាំ​២០១៥ អាស៊ាន​បាន​ទទួល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សរុប ១២១​ប៊ីលាន​ដុល្លារ ស្មើ​នឹង ៧% នៃ​ចំនួន​សរុប​ក្នុង​សកល​លោក។ ដោយ​ឡែក​ចំពោះ​ប្រទេស​កម្ពុជា​វិញ បាន​ទទួល​ផល​ប្រយោជន៍​ជា​ច្រើន​ផ្នែក ក្រោយ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អេ.អ៊ី.ស៊ី (AEC) កាល​ពី​ចុង​ឆ្នាំ​២០១៥ គឺ​កម្ពុជា កាន់​តែ​មាន​កម្រិត​សមាហរណកម្ម​ខ្ពស់ ដែល​ធ្វើ​ឲ្យ​លំហូរ​នៃ​ទំនិញ មូលធន និង​ប្រជាជន​កាន់​តែ​មាន​ភាព​ងាយស្រួល​ជាង​មុន។

បើ​ទោះ​ជា​បែប​ណា គោល​ដៅ​រួម​ដែល​ដាក់​ចេញ​កាល​ពី​ចុង​ឆ្នាំ​២០១៥ ដែល​ថា​នឹង​ប្រែក្លាយ​តំបន់​អាស៊ាន ទាំង​មូល​ឲ្យ​ទៅ​ជា​តំបន់​មួយ​ដែល​មាន​ចរាចរណ៍​ដោយ​សេរី​នូវ​ទំនិញ សេវាកម្ម ការ​វិយោគ ធុរកិច្ច ពលកម្ម​ជំនាញ ជា​ពិសេស​លំហូរ​ដោយ​សេរី​នូវ​មូលធន។ បញ្ហា​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​មើល​ឃើញ​ថា ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នេះ វា​នៅ​តែ​ជា​រឿង​ស្មុគស្មាញ​ដដែល​សម្រាប់​សមាជិក​របស់​អាស៊ាន ជា​ពិសេស​គឺ​កម្ពុជា។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម យល់​ឃើញ​ថា លោក​នៅ​តែ​មើល​ពុំ​ទាន់​ឃើញ​ថា កម្ពុជា​នឹង​សំណាង​តាម​រយៈ​ការ​បង្កើត​ឲ្យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​ទេ។ លោក​បន្ត​ថា ការ​អនុគ្រោះ​ពន្ធ​តាម​រយៈ​យន្តការ​សមាហរណកម្ម​សេដ្ឋកិច្ច ដែល​បាន​ព្រមព្រៀង​គ្នា​ហើយ​នេះ នៅ​តែ​​មាន​កំហុស​នៅ​ឡើយ ជាពិសេស​ពន្ធ​ដែល​នាំ​ចេញ កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​អត្រា​ដែល​ខ្ពស់​នៅ​ឡើយ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន៖ «ជា​បញ្ហា​សម្រាប់​ជីវភាព​រស់​នៅ​ដដែល​ទេ នៅ​ពេល​ប្រព័ន្ធ​ពន្ធដារ​របស់​រដ្ឋ​មាន​តែ​កន្លែង​ខ្លះ ហើយ​កន្លែង​ខ្លះ​ទៀត​មិន​យក​ដោយសារ​កត្តា​នយោបាយ ខ្លាច​ខូច​ប្រជាប្រិយភាព​អ៊ីចឹង​ទៅ ដល់​អ៊ីចឹង​កន្លែង​ណា​ដែល​យក​បាន​តែ​យក​ឲ្យ​ខ្ពស់។ដូច្នេះ​នៅ​ក្នុង​ប្រទេស​យើង​អត់​បាន​មាន​សំណាង​ដូច​ប្រទេស​ជិត​ខាង​ដែល​បាន​ចូល​អាស៊ាន។ កាល​ណា​របស់​នាំ​ចូល​អត់​គិត​ពន្ធ គេ​បាន​ទទួល​បាន​តម្លៃ​ថោក​រី​ឯ​យើង​មាន​កន្លែង​ខ្លះ​តម្លៃ​មាន​តែ​ថ្លៃ​ជាង​មុន​ទៀត»

អាស៊ាន​ក្រៅ​ពី​ត្រូវ​រង​ការ​រិះគន់​ថា សហគមន៍​សេដ្ឋកិច្ច ឬ​ការ​អនុគ្រោះ​ពន្ធ​នៅ​តែ​តួច​ចង្អៀត ឬ​ហាក់​ធ្វើ​បាន​តិចតួច​នៅ​ឡើយ មិន​ដូច​ការ​រំពឹង​ទុក​ដូច​គោលការណ៍​រួម​នោះ។ ទន្ទឹម​នឹង​នេះ បញ្ហា​សិទ្ធិមនុស្ស និង​គោល​នយោបាយ​តំបន់​ជា​ដើម​នៅ​មាន​ការ​ឆ្លើយ​តប​ដ៏​តិចតួច​នៅ​ឡើយ។

ជាង​នេះ​ទៀត អាស៊ាន​ត្រូវ​គេ​មើល​ឃើញ​ថា បាន​បរាជ័យ​លើ​កិច្ចការ​របស់​ខ្លួន​ដែរ ក្នុង​ពេល​ដែល​កម្ពុជា ស្នើ​ឲ្យ​ជួយ​អន្តរាគមន៍​រឿង​ជម្លោះ​យោធា​រវាង​កម្ពុជា-​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ក្រោយ​ឆ្នាំ​២០០៨។ យ៉ាង​នេះ​ក៏​ដោយ​ចុះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​សរសេរ​នៅ​ក្នុង​សំណេរ​របស់​លោក ស្រប​ពេល​ខួប ៥០​ឆ្នាំ​នៃ​ការ​បង្កើត​សមាគម​អាស៊ាន​ថា សមាជិក​អាស៊ាន​មាន​ធម្មនុញ្ញ​របស់​ខ្លួន គឺ​មិន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ផ្សេង​ឡើយ។ មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ស្មើ​ភាព និង​ដោយ​គ្មាន​ការ​ដាក់​កម្រិត​ថែម​ទៀត​ផង។

បើ​ទោះ​ជា​បែប​ណា នៅ​ចំ​ថ្ងៃ​នៃ​ខួប​លើក​ទី​៥០ នៃ​ការ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន នេះ សមាជិក​សភា​អាស៊ាន​ផ្នែក​សិទ្ធិមនុស្ស ទទូច​អោយ​សមាគម​អាស៊ាន​ត្រូវ​ពង្រឹង​យន្តការ​តំបន់ ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស ព្រម​ទាំង​ធានា​ថា សហគមន៍​ទាំង​អស់​ក្នុង​ប្រជាជាតិ​អាស៊ាន ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាព​រីកចម្រើន​រុងរឿង​នៅ​ក្នុង​តំបន់។ សេចក្ដី​ថ្លែងការណ៍​ដែល​ចុះ​ថ្ងៃ​ទី​៨ ខែ​សីហា បញ្ជាក់​ថា បើ​មិន​ដូច្នេះ​ទេ សមាគម​អាស៊ាន​ដែល​បង្កើត​ឡើង​តាំង​ពី ៥០​ឆ្នាំ​មុន​នោះ នឹង​បរាជ័យ​ដោយ​មិន​សម្រេច​បាន​នូវ​សុបិន​របស់​ខ្លួន​នោះ​ទេ។

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​៨ សីហា ក្រោយ​ជំនួប​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក កែម រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់​ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិន​អាក្រក់​ដូច​ការ​រិះគន់​របស់​មជ្ឈដ្ឋាន​នានា​នោះ​ទេ។ ជាង​នេះ​ទៀត ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល តាមរយៈ​កាត់​បន្ថយ​ភាព​ក្រីក្រ នោះ​មាន​ន័យ​ថា ជា​ការ​ព្យាយាម​លើក​កម្ពស់​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា យ៉ាង​ពិត​ប្រាកដ៖ «ខ្ញុំ​ចង់​និយាយ​ថា កាល​សេដ្ឋកិច្ច​នៅ​កម្ពុជា បន្ត​ការ​រីកចម្រើន​អ៊ីចឹង​មាន​ន័យ​ថា យើង​កាត់​បន្ថយ​ភាព​ក្រីក្រ ហើយ​លើក​តម្កើង​ជីវភាព​រស់​នៅ​របស់​ប្រជាជន គឺ​មាន​ន័យ​ថា លើក​ស្ទុយ​សិទ្ធិមនុស្ស​នេះ​ឯង»

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ទទួល​ស្គាល់​ការវិវត្តន៍​របស់​សង្គម​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ជឿនលឿន និង​ស៊ីវិល័យ​នេះ កម្ពុជា​ភាគ​ច្រើន​គ្រាន់​តែ​ជា​ប្រទេស​សម្រាប់​ទទួល​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត ការ​ផលិត និង​ការ​នាំ​ចេញ​របស់​កម្ពុជា បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង គឺ​នៅ​ដើរ​មិន​ទាន់​គេ​នៅ​ឡើយ​ទេ៖ «ទាក់ទង​នឹង​លំហូរ​ទំនិញ​យើង​ក៏​ថា​បាន​ដែរ ប្រទេស​ណា​ក៏​មាន​ហូរ​ចេញ​ហូរ​ចូល​ដែរ។ ប៉ុន្តែ​បើ​​នៅ​ស្រុក​យើង បើ​យើង​មើល​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម គេ​នាំចូល​មក​យើង​ក្នុង ១​ឆ្នាំ​ប្រទេស​នីមួយៗ​អាច​មាន​ដល់​ទៅ ៤-៥​លាន​ដុល្លារ។ រី​ឯ​យើង​ដូច​ជា​មិន​លើស​ពី ៥០០ ទៅ ៧០០​លាន​ដុល្លារ​ទេ ឬ​ក៏​តិច​ជាង​នេះ​ក្នុង​១​ឆ្នាំៗ»

ជុំវិញ​នឹង​ធុរកិច្ច​នៃ​ការ​វិនិយោគ​នេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ឲ្យ​ដឹង​តាម​រយៈ​សំណេរ​ដ៏​ពិស្ដារ​របស់​លោក​ថា នៅ​ឆ្នាំ​២០១៦ ពាណិជ្ជកម្ម​រវាង​ប្រទេស​សមាជិក​អាស៊ាន​ប្រមាណ ២៣,៤៨% នៃ​ពាណិជ្ជកម្ម​សរុប ហើយ​ផ្ទៃ​ក្នុង​អាស៊ាន នៅ​តែ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​អាស៊ាន។ទន្ទឹម​នឹង​នេះ លំហូរ​វិនិយោគ​រវាង​ប្រទេស​អាស៊ាន គឺ​ស្មើ​នឹង ២៤,៧៦% ដែល​ជា​ប្រភព​វិនិយោគ​ធំ​បំផុត​ទី​២​របស់​តំបន់។ សម្រាប់​ប្រជាជន​ជាង ៦០០​លាន​នាក់ ក្រៅ​ពី​តំបន់​អាស៊ាន អាស៊ាន​គឺ​ជា​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​ដ៏​ខ្លាំង​ជំរុញ​ឲ្យ​មាន​ភាព​ទាក់ទាញ និង​ប្រកួត​ប្រជែង​ជាង​មុន។

បើ​តាម​លោក ប្រាក់ សុខុន អះអាង​ថា ភាព​លេច​ធ្លោ​ទាំង​នេះ​ហើយ ដែល​នាំ​ឲ្យ​កម្ពុជា បាន​ទទួល​ផលប្រយោជន៍​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ពី​ចំណុច​ខ្លាំង​ទាំង​នេះ​ពី​អាស៊ាន។

ផ្ដល់​បទសម្ភាសន៍​ផ្ដាច់​មុខ​ឲ្យ​អាស៊ីសេរី នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី អតីត​អគ្គលេខាធិការ​អាស៊ាន លោក សុរិន ពិតសុវ៉ាន់ (Surin Pitsuwan) ទទួល​ស្គាល់​ថា ពិត​ណាស់ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នឹង​មិន​អាច​បែងចែក​ផល​ចំណេញ​ស្មើ​គ្នា​ចំពោះ​ប្រទេស​ជា​សមាជិក​ទាំង​១០ បាន​មែន ប៉ុន្តែ​ការ​រួម​បញ្ចូល​គ្នា​ប្រទេស​ទាំង​១០​នេះ គឺ​ជា​ភាព​ខ្លាំង​មួយ​ដើម្បី​ឲ្យ​មាន​ប្រៀប​ទៅ​នឹង​ឥទ្ធិពល​របស់​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​មួយ​ចំនួន ក្នុង​នោះ​មាន ចិន និង​ឥណ្ឌា ជាដើម។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន​នេះ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦៧។ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទាំង ១០ កម្ពុជា​គឺ​ជា​សមាជិក​ដែល​ចូល​ក្រោយ​គេ​បង្អស់ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៩៩។

របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បង្ហាញ​ថា ដោយសារ​កម្ពុជា មាន​ស្ថិរភាព​នយោបាយ​ល្អ និង​ការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ​មិន​ឈប់ឈរ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៅ​អាច​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧,៧% ក្នុង​រយៈពេល ២​ទសវត្ស​​ជាប់​គ្នា​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​មើល​ឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា ដែល​ស្ទុះ​ឡើង​នេះ ពឹង​ផ្អែក​ទៅ​លើ​ការ​នាំ​ចេញ ហើយ​ការ​នាំ​ចេញ​ដែល​ធំ​ជាង​គេ​នោះ គឺ​ភាគ​ច្រើន​ទៅ​លើ​វិស័យ​វាយនភណ្ឌ។ ក្រៅ​ពី​នេះ មាន​អង្ករ ផលិតផល​ដំណាំ​កៅស៊ូ និង​ដំឡូងមី ជាដើម ប៉ុន្តែ​ការ​នាំ​ចេញ​ទាំង​នេះ ស្ថិត​ក្នុង​បរិមាណ​តិចតួច​នៅ​ឡើយ។

អ្នក​ឃ្លាំមើល​ពី​សង្គម និង​នយោបាយ ព្រមាន​ថា ប្រសិន​បើ​កម្ពុជា ប្រឹង​នាំ​ចូល​ជាង​ការ​ផលិត​នាំ​ចេញ ហើយ​គួប​ផ្សំ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​ផង​នោះ កម្ពុជា​អាច​នឹង​ក្លាយ​ជា​ធុង​សំរាម​របស់​អាស៊ាន តាម​រយៈ​នាំ​ចូល​ផលិត​ផល​មួយ​ទឹក ឬ​ផលិតផល​ជជុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles