Quantcast
Viewing all articles
Browse latest Browse all 11174

ជនជាតិ​កួយ​នៅ​ព្រះវិហារ​រិះគន់​អាជ្ញាធរ​រឿង​រុះរើ​ពាក្យ​ស្លោក​ខ្លះ​​ក្នុង​ទិវា​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច

Image may be NSFW.
Clik here to view.

នៅ​ឯ​ខេត្ត​ព្រះវិហារ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​អំបូរ​កួយ ប្រមាណ​ជិត ៥០០​នាក់ មក​ពី​តាម​បណ្ដា​ស្រុក​បាន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដូច​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​ដែរ។ ប៉ុន្តែ​ពួកគេ​បាន​អាប់អន់​ចិត្ត​នៅ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​ឱ្យ​ពួកគេ​រុះរើ​ចេញ​នូវ​ពាក្យ​ស្លោក​ខ្លះ ដែល​បាន​ចង​នៅ​តាម​រោង​វេទិកា​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នោះ​មក។

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ​ខ្លះ នៅ​សហគមន៍​ឃុំ​ប្រមេរ នៃ​ស្រុក​ត្បែងមានជ័យ បាន​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ថា​បាន​បង្ខំ​ឱ្យ​ពួកគេ​រុះរើ​ចេញ​នូវ​បដា​ពាក្យ​ស្លោក​ចំនួន ៣​ផ្ទាំង ដែល​ដាក់​តាំង​នៅ​នឹង​រោង​វេទិកា​ប្រារព្ធ​ទិវា​សិទ្ធិ​របស់​ពួកគេ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​៩ ខែ​សីហា។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​កួយ​ម្នាក់ នៅ​ឃុំ​ប្រមេរ នៃ​ស្រុក​ត្បែងមានជ័យ គឺ​អ្នកស្រី ទេព ទឹម។ អ្នកស្រី​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៩ ខែ​សីហា ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ នៅ​មិន​ទាន់​គោរព​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច​ឱ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ។

ស្ត្រី​ដដែល​បញ្ជាក់​ថា មូលហេតុ​ដែល​គាត់​យល់​ឃើញ​ដូច្នេះ ដោយសារ​តែ​កាល​ពី​ព្រឹក​ថ្ងៃ​ដដែល​នេះ ក្នុង​ពេល​ដែល​ពួកគាត់​រួម​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​លើក​ទី​២៣ គឺ​គណៈ​អធិបតី​ដែល​មក​ពី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ បាន​ឱ្យ​ពួកគាត់​រុះរើ​បដា​ពាក្យ​ស្លោក​ចំនួន ៣​ផ្ទាំង ចេញ​ពី​វេទិកា​នោះ​វិញ បើ​មិន​ដូច្នេះ​ទេ គឺ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ពិធី​ប្រព្រឹត្ត​ទៅ​បាន​ឡើយ។ បដា​ពាក្យ​ស្លោក​ទាំង ៣​ផ្ទាំង​នោះ មាន​ខ្លឹមសារ​ដូចជា "យើង​ជា​ម្ចាស់​ទឹក​ដី" "គោរព​សិទ្ធិ​ដីធ្លី​ជា​បន្ទាន់" និង "ការ​អភិវឌ្ឍ​ត្រូវ​មាន​ការ​ព្រមព្រៀង​ពី​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ជា​មុន"។

អ្នកស្រី ទេព ទឹម៖ «មន្ទីរ​អភិវឌ្ឍន៍​ដែល​មក​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នោះ បាន​សុំ​សម្រួល​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ ឱ្យ​ដក​ចេញ​បដា​ទាំង​៣​ចំណុច​ហ្នឹង ពីព្រោះ​មិន​មែន​ម្ចាស់​ទឹកដី​តែ​ជន​ជាតិ​ដើម​ភាគ​តិច​ទេ»

ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​បាន​បដិសេធ​ថា គេ​ពុំ​មាន​សិទ្ធិ​បញ្ជា​ឱ្យ​សហគមន៍​ដក​បដា​ពាក្យ​ស្លោក​ទាំង​នោះ​ចេញ​ឡើយ។

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ព្រះវិហារ ដែល​ចូលរួម​ជា​គណៈអធិបតី​នៃ​ពិធី​នោះ លោក សេង សារី មាន​ប្រសាសន៍​ថា លោក​មិន​បាន​បញ្ជា​ឱ្យ​សហគមន៍​ដក​បដា​ពាក្យ​ស្លោក​មួយ​ចំនួន​ចេញ​ពី​រោង​វេទិកា​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នោះ​ទេ គឺ​សាលា​ខេត្ត​ព្រះវិហារ បាន​ចាត់​ឱ្យ​មន្ត្រី​ផ្នែក​រដ្ឋបាល​ខ្លះ មក​បញ្ជា​ឱ្យ​ដោះ​ចោល​នូវ​បដា​ពាក្យ​ស្លោក​មួយ​ចំនួន​ដែល​គេ​យល់​ថា ខុស​ប្រក្រតី​ប៉ុណ្ណោះ៖ «ខ្ញុំ​គ្រាន់តែ​សម្របសម្រួល ពីព្រោះ​ខ្ញុំ​ជា​គណៈអធិបតី។ លោក​អាច​សួរ​ទៅ​សាលាខេត្ត​ព្រះវិហារ​វិញ ពីព្រោះ​ខ្ញុំ​ជា​អ្នក​ជំនាញ ខ្ញុំ​មិន​ដែល​គិត​រឿង​ហ្នឹង​ទេ»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត និង​មន្ត្រី​រដ្ឋបាល​សាលា​ខេត្ត​ព្រះវិហារ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​ដែល​ជនជាតិ​ដើម​ភាគ​តិច​រិះគន់​នោះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា។

ចំណែក​មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ ដែល​ជ្រោមជ្រែង​សហគមន៍ ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​នោះ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច​នៅ​​ខេត្ត​ព្រះវិហារ ឆ្នាំ​នេះ លោក​សង្កេត​ឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​ហាក់​ដូចជា​ចូលរួម​មិន​ទូលំទូលាយ ធ្វើ​ឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​ដែល​មក​ចូលរួម មាន​ការ​ភ័យខ្លាច​ដោយសារ​តែ​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​កងរាជអាវុធហត្ថ​ជា​ច្រើន​នៅ​ជិត​កន្លែង​ប្រារព្ធ​ពិធី​នោះ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles