
ចៅសង្កាត់អូរចារ ក្រុងបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ ដែលទើបជាប់ឆ្នោតថ្មី ប្ដេជ្ញាបំពេញការងាររបស់ខ្លួនឲ្យបានល្អតាមការណែនាំរបស់អាជ្ញាធរខេត្ត។ ចៅសង្កាត់រូបនេះ ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង ចេញលិខិតព្រមានមិនឲ្យបំពេញការងារខុសពីការណែនាំរបស់ក្រសួងមហាផ្ទៃ ដោយសារតែមិនយកតម្លៃសេវាសាធារណៈពីប្រជាពលរដ្ឋ។
ចៅសង្កាត់អូរចារ គណបក្សសង្គ្រោះជាតិ លើកឡើងថា មូលហេតុដែលមិនយកតម្លៃសេវាសាធារណៈពីប្រជាពលរដ្ឋ ព្រោះចង់ជួយពួកគាត់មិនឲ្យអស់ថវិកាទៅលើការចំណាយនេះ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់សម្ភាសឲ្យអាស៊ីសេរី ខណៈបំពេញការងារនៅសាលាសង្កាត់នៅព្រឹកថ្ងៃទី៨ សីហា ថា កញ្ញាយល់ព្រមតាមការណែនាំរបស់អភិបាលខេត្តបាត់ដំបង ឲ្យបញ្ឈប់ផ្ដល់សេវាដោយមិនយកលុយពីប្រជាពលរដ្ឋ។ កញ្ញាអះអាងថា ខ្លួននឹងបើកការប្រជុំក្រុមប្រឹក្សាសង្កាត់ ដើម្បីសម្រេចទៅលើការយកតម្លៃសេវានេះក្នុងពេលឆាប់ៗ៖ «ខ្ញុំសោកស្ដាយណាស់អ្វីដែលខ្ញុំបានធ្វើ គឺចំណេញដល់ពលរដ្ឋដែលមកទទួលសេវា ហើយនេះក៏ជាការបំបាក់ទឹកចិត្តនាងខ្ញុំផង និងប្រជាពលរដ្ឋដែលរស់នៅសង្កាត់អូរចារ។ ជាក់ស្ដែងនៅមុននេះបន្តិច ពលរដ្ឋគាត់មើលតាមហ្វេសប៊ុក (Facebook) ឃើញគេព្រមានទាក់ទងការមិនយកលុយតម្លៃសេវាបញ្ជាក់លិខិតស្នាមពីពលរដ្ឋ គាត់ហួសចិត្តនឹងការព្រមាននេះ»។
កាលពីថ្ងៃទី៣ សីហា អភិបាលខេត្តបាត់ដំបង បានចេញលិខិតណែនាំឲ្យចៅសង្កាត់អូរចារ ធ្វើការទៅតាមគោលការណ៍ច្បាប់ មានដូចជា ត្រូវរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ ដើម្បីអនុម័តយកតម្លៃសេវាលើការបំពេញលិខិតរដ្ឋបាលផ្សេងៗ ត្រូវបង់ថ្លៃសេវាដែលចៅសង្កាត់ប្រើអំណាចឆន្ទានុសិទ្ធិផ្ទាល់ខ្លួនមិនយកតម្លៃសេវាលើលិខិតរដ្ឋបាល ឲ្យទូទាត់សងថវិការដ្ឋឡើងវិញ។ ករណីចៅសង្កាត់រូបនេះរឹងទទឹងមិនអនុវត្តតាមការណែនាំ រដ្ឋបាលសាលាខេត្តនឹងមានវិធានការជាបន្ទាន់។
ទាក់ទងនឹងបញ្ហានេះ ចៅសង្កាត់អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត យល់ព្រមចេញថវិកាផ្ទាល់ខ្លួនសងជំនួសប្រជាពលរដ្ឋ ព្រមទាំងបានប្ដេជ្ញាបំពេញការងារតាមការណែនាំរបស់អភិបាលខេត្ត។ ចៅសង្កាត់រូបនេះ ចាប់ផ្ដើមមិនយកតម្លៃសេវាពីប្រជាពលរដ្ឋគិតចាប់ពីថ្ងៃចូលកាន់តំណែងជាចៅសង្កាត់ កាលពីដើមខែកក្កដា។
អាស៊ីសេរី ពុំអាចទាក់ទងអភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៨ សីហា។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា ការមិនយកតម្លៃសេវាសាធារណៈគឺខុសពីការណែនាំរបស់ក្រសួងមហាផ្ទៃ ហើយធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់រដ្ឋ។ ប៉ុន្តែលោកអះអាងថា លិខិតរដ្ឋបាលរបស់អាជ្ញាធរខេត្តនៅពេលនេះ គឺជាចេតនានយោបាយ ច្រើនជាងការអនុវត្តច្បាប់ ព្រោះចៅសង្កាត់អូរចារ មកពីគណបក្សប្រឆាំង៖ «តើមានឃុំ-សង្កាត់ណាដែលជារបស់គណបក្សកាន់អំណាចទាំងអស់មានការណែនាំរបៀបនេះទេ? យើងឃើញថាអត់មានទេ គឺវារលូនទាំងប៉ីទាំងស្គរទៅជាមួយគ្នាតែម្ដង ដោយសារមេឃុំ-ចៅសង្កាត់ជាគណបក្សកាន់អំណាច ហើយអភិបាលស្រុក អភិបាលខេត្តជាគណបក្សកាន់អំណាច។ យើងសួរថា តើក្រុមប្រឹក្សាសង្កាត់នៃគណបក្សកាន់អំណាចធ្វើល្អមិនដែលខុសទេ ឬយ៉ាងណា? តាមពិត គ្មានទេនៅលើលោកនេះ ដែលធ្វើការមិនមានកំហុសនោះ»។
ចៅសង្កាត់រូបនេះចាប់ពីចូលកាន់តំណែងមក តែងចុះជួបពលរដ្ឋញឹកញាប់ និងបានបង្ហោះសកម្មភាពដូចជាការធ្វើផ្លូវក្រាលក្រួសក្រហម ជាដើម នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនរៀងរាល់ថ្ងៃ។ ចំណែកពលរដ្ឋនៅក្នុងសង្កាត់មួយនេះ ភាគច្រើនក៏បានគាំទ្រសកម្មភាពការងារនេះដែរ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃទី៤ មិថុនា នៅខេត្តបាត់ដំបង គណបក្សប្រជាជនកម្ពុជា ឈ្នះបាន ៥៣ឃុំ-សង្កាត់ ចំណែកគណបក្សសង្គ្រោះជាតិ ឈ្នះ ៤៩ឃុំ-សង្កាត់ក្នុងចំណោម ១០២ឃុំ-សង្កាត់នៅក្នុងខេត្តមួយនេះ៕