Clik here to view.

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែសីហា បានសម្រេចកាត់ទោសមនុស្ស ៣នាក់ ដែលពាក់ព័ន្ធក្នុងរឿងពពោះជំនួសជនបរទេស។ ក្នុងចំណោមមនុស្ស ៣នាក់នោះ គឺមានខ្មែរ ២នាក់ និងស្ត្រីជនជាតិអូស្ត្រាលីម្នាក់។
អ្នកពាក់ព័ន្ធក្នុងរឿងពពោះជំនួសទាំងបីនាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ មួយឆ្នាំកន្លះ និងបង់ប្រាក់ពិន័យមួយចំនួនទៀត។
មន្ត្រីនាំពាក្យ និងជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បញ្ជាក់ថា អ្នកទាំង ៣រូប ត្រូវបានចៅក្រមសាលាដំបូងផ្ដន្ទាទោសពីបទអន្តរការីរវាងអ្នកសុំកូន និងស្ត្រីពពោះជំនួស និងបទសុំឲ្យផ្ដល់ឯកសារដោយទុច្ចរិតតាមសាលក្រមលេខ ១៩៩១ ចុះថ្ងៃទី៣ សីហា។
ការផ្ដន្ទាទោសដែលចៅក្រមសម្រេច គឺ១ ជនជាប់ចោទឈ្មោះ ឆាលស៍ ថាំមី អាឡេន (Charles Tammy Alayne) ជាស្ត្រីសញ្ជាតិអូស្ត្រាលី ដោយដាក់ពន្ធនាគារ ១៨ខែ ពិន័យជាប្រាក់ ៤លានរៀល។ ជនជាប់ចោទទី២ ជាបុរសខ្មែរ ឈ្មោះ ពេញ រិទ្ធី ដោយដាក់ពន្ធនាគារ ១៨ខែដែរ ហើយពិន័យជាប្រាក់ ២លានរៀល និងទី៣ ជនជាប់ចោទជាស្ត្រីជនជាតិខ្មែរ ឈ្មោះ សំរិទ្ធ ច័ន្ទចរិយា ត្រូវបានចៅក្រមផ្ដន្ទាទោសដាក់ពន្ធនាគារ ១៨ខែ ហើយពិន័យជាប្រាក់ ២លានរៀលដូចគ្នា។
អ្នកស្រី ថាំមី ដេវិសឆាល (Tammy Davis-Charles) ជាគិលានុបដ្ឋាយិកាអូស្ត្រាលី ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដោយសារតែបើកគ្លីនិកផ្ដល់សេវាជាអន្តរការីរវាងអ្នកសុំកូន និងស្ត្រីអ្នកស៊ីឈ្នួលពពោះជំនួសដោយខុសច្បាប់។
នាយិកាអង្គការយេនឌ័រកម្ពុជា អ្នកស្រី រស់ សុភាព នៅមិនទាន់ប្រាកដក្នុងចិត្តទេថា ការផ្ដន្ទាទោសនេះ បានផ្ដល់យុត្តិធម៌ប៉ុណ្ណាទេ ទាំងចំពោះជនជាប់ចោទ និងស្ត្រីដែលស៊ីឈ្នួលពពោះ ស្របពេលដែលកម្ពុជា មិនទាន់មានច្បាប់ជាក់លាក់ហាមមិនឲ្យស្ត្រីពពោះជំនួសនៅឡើយ៖ «ដោយសារយើងអត់ទាន់មានច្បាប់អ៊ីចឹង ហើយកាត់ហ្នឹងផ្អែកទៅលើច្បាប់ណា អាចតុលាការគេផ្អែកលើច្បាប់ដែលមានស្រាប់ តែច្បាប់ហ្នឹងវាផ្ដល់យុត្តិធម៌ដល់ជនប្រព្រឹត្តហ្នឹងដែរ ឬអត់? ឬក៏វាយុត្តិធម៌ដល់អ្នកដែលត្រូវបានគេជួលឲ្យពពោះ ពីព្រោះរឿងពពោះហ្នឹងជារឿងថ្មីសម្រាប់កម្ពុជា ថ្វីត្បិតមិនមែនជារឿងថ្មីសម្រាប់ប្រទេសផ្សេង។ ដោយសារថា ប្រទេសផ្សេងហ្នឹង វាមានបទពិសោធន៍មិនល្អ ឬមិនផ្ដល់ផលប្រយោជន៍ឲ្យស្ត្រីហ្នឹង អ៊ីចឹងបានជាគេឈប់ធ្វើរឿងហ្នឹង»។
អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ លោក ជីវ ផល្លី មានប្រសាសន៍ថា ទោះជាកម្ពុជា មិនទាន់មានច្បាប់ជាក់លាក់ហាមមិនឲ្យស្ត្រីពពោះក្ដី ក៏បញ្ហានេះមានក្នុងក្រមព្រហ្មទណ្ឌ៖ «អន្តរការីនៃការពពោះហ្នឹង អាហ្នឹងទាក់ទងទៅនឹងក្រមព្រហ្មទណ្ឌ»។
កាលពីចុងខែកក្កដា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អ្នកស្រី ជូ ប៊ុនអេង ឲ្យដឹងថា រដ្ឋាភិបាលកំពុងតាក់តែងច្បាប់ស្ដីពីការការពារការពពោះដើម្បីធានាកុំឲ្យមានការកេងប្រវ័ញ្ចលើទារក។
នាយិកាអង្គការយេនឌ័រកម្ពុជា អ្នកស្រី រស់ សុភាព មានមតិថា អ្នកស្រីមិនចង់ឲ្យមានការពពោះនៅកម្ពុជាទេ ព្រោះតាមឧទាហរណ៍ករណីនៅប្រទេសថៃ ស្ត្រីដែលស៊ីឈ្នួលពពោះជួបផលលំបាកច្រើនទាំងផ្នែកផ្លូវចិត្ត ការរើសអើងពីសង្គម និងជីវភាព៖ «នៅថៃ មិនទាន់ដោះស្រាយរួចផងរឿងពពោះហ្នឹង កូនវាកើតមកពីរ។ កូនមួយវាមានសម្បទាល្អ ហើយមួយទៀតមានរូបរាងមិនគ្រប់លក្ខណៈ។ អ៊ីចឹងម្ដាយដែលគេបានជួលហ្នឹង គឺគេយកតែមួយ ហើយគេទុកកូនដែលមិនល្អហ្នឹងឲ្យ។ អ៊ីចឹងវាធ្វើឲ្យមានការលំបាកដល់ស្ត្រីហ្នឹងដែលជាអ្នកពពោះនោះ»។
ករណីផ្ដន្ទាទោសជនជាប់ចោទពាក់ព័ន្ធនឹងអន្តរការីពពោះនៅកម្ពុជា ទាំង ៣រូបនេះ គឺបន្ទាប់ពីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។ ទោះជាមិនទាន់មានច្បាប់ជាក់លាក់ក្ដី ក៏កាលពីខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមលើគោលការណ៍បណ្ដោះអាសន្នមួយ ដោយអនុញ្ញាតឲ្យឪពុកម្ដាយសុំកូនអាចយកកូនដែលកើតចេញពីម្ដាយពពោះជំនួសចេញពីកម្ពុជាបាន៕