Quantcast
Viewing all articles
Browse latest Browse all 11174

អ្នក​វិភាគ៖ រដ្ឋាភិបាល​បដិសេធ​មិន​ឆ្លើយ​សំណួរ​តំណាងរាស្ត្រ​ធ្វើ​ឲ្យ​បាត់បង់​ប្រយោជន៍​ជាតិ

Image may be NSFW.
Clik here to view.

ក្នុង​សង្គម​ប្រជាធិបតេយ្យ​អំណាច​នីតិប្បញ្ញត្តិ ឬ​រដ្ឋសភា ត្រូវ​ចាត់​ទុក​ថា ជា​អ្នក​តាម​ដាន​ការអនុវត្ត​ច្បាប់ និង​សកម្មភាព​នានា​របស់​អំណាច​នីតិប្រតិបត្តិ ឬ​រដ្ឋាភិបាល។ ការ​តាមដាន​នេះ​គឺ​ដើម្បី​ធានា​ថា រដ្ឋាភិបាល​បាន​បំពេញ​ការងារ​ត្រឹមត្រូវ បម្រើ​ប្រយោជន៍​ពលរដ្ឋ និង​ប្រទេស​ជាតិ។ មធ្យោបាយ​ចម្បង​មួយ​ដែល​រដ្ឋសភា និង​សមាជិក​អាច​ធ្វើ​បាន គឺ​តាមដាន​ការ​បំពេញ​ការងារ​របស់​មន្ត្រី ដាក់​លិខិត​សាកសួរ និង​កោះហៅ​មន្ត្រី​រដ្ឋាភិបាល​អោយ​​បំភ្លឺ។

តើ​មាន​បញ្ហា​អ្វី​ខ្លះ​ចោទ​ឡើង ប្រសិន​បើ​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​រារាំង ឬ​មិន​បាន​ឆ្លើយ​សំណួរ​ដែល​សមាជិក​សភា​បញ្ជូន​ទៅ?

ការ​រារាំង​មិន​អោយ​មន្ត្រី​ទៅ​បំភ្លឺ ឬ​ឆ្លើយ​តប​នឹង​សំណួរ​របស់​សមាជិក​សភា មិន​ត្រឹម​តែ​ជា​ទង្វើ​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ទេ គឺ​ថែម​ទាំង​ជា​ការ​បំផ្លាញ​ដំណើរការ​ប្រជាធិបតេយ្យ និង​ជា​ការ​មិន​អើពើ​ចំពោះ​ការ​បាត់បង់​ប្រយោជន៍​ពលរដ្ឋ និង​ប្រយោជន៍​ជាតិ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រជាធិបតេយ្យ លោក​បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា សភា​គឺ​ជា​តំណាង ជា​​ទីប្រឹក្សា​របស់​ពលរដ្ឋ និង​ជា​អ្នក​ដែល​មើល​ទៅ​លើ​ការ​គ្រប់គ្រង​រដ្ឋ៖ «»។

កាល​ពី​ដើម​ឆ្នាំ​២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​មិន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី ៣​រូប គឺ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​គណបក្ស​ប្រឆាំង​ឡើយ ដោយ​លោក​លើក​ហេតុផល​ថា គណបក្ស​ប្រឆាំង​មិន​បាន​ចូល​ប្រជុំ​សភា​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា។ ពេល​នោះ​បាន​ធ្វើ​អោយ​សមាជិក​សភា​គណបក្ស​ប្រឆាំង​បរាជ័យ​ក្នុង​ការ​សាកសួរ​រដ្ឋមន្ត្រី​ពី​បញ្ហា​កសិកម្ម ដែល​កសិករ​កំពុង​ជួប​ប្រទះ និង​ការ​កែ​ទម្រង់​របស់​ក្រសួង​កសិកម្ម។ ការ​សួរ​នាំ​អំពី​ការ​ការពារ​កម្មករ និង​ការ​ផ្ដល់​ទិដ្ឋាការ​ដល់​កម្មករ​ជាដើម។ ចំពោះ​ក្រសួង​ការពារ​ជាតិ​វិញ នឹង​សួរ​នាំ​អំពី​នីតិវិធី​ដំឡើង​ឋានន្តរសក្ដិ​ធ្វើ​ដូច​ម្ដេច​ខ្លះ?

Image may be NSFW.
Clik here to view.

នៅ​ក្រោយ​ការ​ប្រកាស​នោះ​សមាជិក​សភា​គណបក្ស​ប្រឆាំង​បាន​ដាក់​លិខិត​មួយ​ចំនួន​ទៅ​រដ្ឋមន្ត្រី​មួយ​ចំនួន​ទៀត​អោយ​ឆ្លើយ​តប និង​ចូល​ទៅ​បំភ្លឺ​នៅ​រដ្ឋ​សភា​ដែរ ប៉ុន្តែ​មាន​ការ​ឆ្លើយ​តប​តិច​តួច។ ថ្មីៗ​នេះ​លិខិត​ដែល​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ដាក់​ទៅ​រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង​ថាមពល អោយ​បំភ្លឺ​ពី​បញ្ហា​នានា ទាក់ទង​នឹង​អាជីវកម្ម​ខ្សាច់ និង​នាំ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស ប៉ុន្តែ​រដ្ឋមន្ត្រី​មិន​បាន​ឆ្លើយ​តប​ឡើយ។ នៅ​ពេល​ដែល​អ្នក​តំណាងរាស្ត្រ​ដាក់​លិខិត​មួយ​ទៀត កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ទៅ​តាម​ប្រធាន​សភា ប៉ុន្តែ​លិខិត​នោះ​ត្រូវ​ប្រធាន​រដ្ឋសភា​បដិសេធ​បញ្ជូន​លិខិត​នោះ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១ សីហា ថា មូលហេតុ​ដែល​រដ្ឋ​សភា​មិន​បញ្ជូន​លិខិត​របស់​លោក សុន ឆ័យ ទៅ​ក្រសួង​រ៉ែ និង​ថាមពល នោះ គឺ​ដោយសារ​តែ​សំណើ​មួយ​ចំនួន​ដែល​លោក សុន ឆ័យ បាន​សរសេរ​ក្នុង​លិខិត​នោះ មិន​មាន​ចែង​នៅ​ក្នុង​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ក្នុង​ប្រព័ន្ធ​ស្ទឹង​នៃ​ខេត្ត​កោះកុង របស់​ក្រសួង​រ៉ែ និង​ថាមពល។

លើស​ពី​នេះ រដ្ឋ​សភា​គិត​ថា លិខិត​នោះ​មាន​លក្ខណៈ​ជា​ការ​ជ្រៀតជ្រែក​កិច្ច​ការងារ​របស់​រដ្ឋាភិបាល ដូច្នេះ​ទើប​ស្ថាប័ន​នីតិប្បញ្ញត្តិ​មួយ​នេះ​មិន​បញ្ជូន​ទៅ៖ «អត់​បញ្ជូន​ទៅ​ទេ បើ​បញ្ជូន​ទៅ វា​ដូចជា​អនុញ្ញាត​ឲ្យ​រដ្ឋ​សភា​ចូល​ជ្រៀតជ្រែក​កិច្ច​ការងារ​របស់​រដ្ឋាភិបាល។ វា​ខុស​ទៅ​នឹង​រដ្ឋាភិបាល ខុស​នឹង​គោលការណ៍​បែង​ចែក​អំណាច​របស់​រដ្ឋធម្មនុញ្ញ»

ទង្វើ​នេះ​ត្រូវ​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ។ លើស​ពី​នេះ ចំពោះ​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រជាធិបតេយ្យ បណ្ឌិត ចាន់ វិបុល យល់​ថា សភា​ខ្លួន​ឯង​ហាក់​កំពុង​បង្ហាញ​នូវ​ភាព​ទន់ខ្សោយ និង​ជា​ការ​បំពេញ​ការងារ​ដោយ​លំអៀង​ដោយ​នយោបាយ៖ «»។

លិខិត​របស់​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​ផ្ញើ​ទៅ​លោក ស៊ុយ សែម កាល​ពី​ខែ​មុន​នោះ​គឺ​ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​រូប​នេះ​បង្ហាញ​ព័ត៌មាន និង​ឯកសារ​ផ្លូវការ​នានា ទាក់ទង​នឹង​ការ​នាំ​ខ្សាច់​ស៊ីលីកា ឬ​ខ្សាច់​ស ចេញ​ទៅ​ក្រៅ​ប្រទេស ដែល​សកម្មជន​បរិស្ថាន​គិត​ថា កម្ពុជា អាច​នឹង​ខាតបង់​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​បន្ថែម​ទៀត​ពី​វិស័យ​មួយ​នេះ ក្រៅ​ពី​រឿង​អាស្រូវ​បាត់​ទឹកប្រាក់​ជាង ៧០០​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី រយៈពេល ៨​ឆ្នាំ។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ខាតបង់​សម្រាប់​ពលរដ្ឋ និង​ប្រទេស​ជាតិ ដោយ​ការ​គ្រប់គ្រង​ប្រទេស​មិន​បាន​ត្រឹមត្រូវ៖ «»។

លោក សុន ឆ័យ ថា​លោក​នឹង​បន្ត​បំពេញ​តួនាទី​ជា​អ្នក​តំណាងរាស្ត្រ​ក្នុង​ការ​ចោទ​សួរ​រដ្ឋមន្ត្រី​ពី​បញ្ហា​ទាំង​ឡាយ​ដែល​ជា​ចម្ងល់​របស់​ពលរដ្ឋ។

មាត្រា ៨៩ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា តាម​ការ​ស្នើ​សុំ​ពី​សមាជិក​ចំនួន ១ ភាគ ១០ យ៉ាង​តិច រដ្ឋសភា​អាច​អញ្ជើញ​ឥស្សរជន​ដ៏​ឧត្ដម​ណា​មួយ​មក​បំភ្លឺ​រដ្ឋ​សភា​ពី​បញ្ហា​ដែល​មាន​សារសំខាន់​ពិសេស។ មាត្រា ៩៦ ចែង​ថា តំណាង​រាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល។ សំណួរ​នេះ​ត្រូវ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ប្រគល់​ជូន​តាម​រយៈ​ប្រធាន​រដ្ឋសភា។ ចម្លើយ​អាច​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយ​រូប ឬ​ច្រើន​រូប អាស្រ័យ​ដោយ​បញ្ហា ដែល​បាន​ចោទ​ឡើង​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋមន្ត្រី​មួយ​រូប ឬ​ច្រើន​រូប។ បើ​បញ្ហា​ពាក់ព័ន្ធ​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី​ត្រូវ​ឆ្លើយ​ផ្ទាល់​ខ្លួន។ ចម្លើយ​របស់​រដ្ឋមន្ត្រី ឬ​របស់​នាយក​រដ្ឋមន្ត្រី អាច​ធ្វើ​ដោយ​ផ្ទាល់​មាត់ ឬ​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ។ ចម្លើយ​ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប្រាំ​ថ្ងៃ​បន្ទាប់​ពី​បាន​ទទួល​សំណួរ។ ចំពោះ​ចម្លើយ​ផ្ទាល់​មាត់ ប្រធាន​រដ្ឋសភា​អាច​សម្រេច​បើក​អោយ​មាន ឬ​មិន​អោយ​មាន​ការ​ជជែក​ដេញ​ដោល។

ចំណែក​មាត្រា ៩៧ គណៈកម្មការ​ទាំង​ឡាយ​របស់​រដ្ឋសភា​អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​បំភ្លឺ​បញ្ហា​អ្វី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួល​ខុសត្រូវ​របស់​ខ្លួន។

ចំពោះ​អ្នក​ជំនាញ​ផ្នែក​ប្រជាធិបតេយ្យ​បញ្ជាក់​ថា ការ​បញ្ជូន​រដ្ឋមន្ត្រី​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា គឺ​ជា​ឱកាស​មួយ​សម្រាប់​រដ្ឋាភិបាល​អាច​មើល​ឃើញ​ពី​បញ្ហា និង​អាច​រក​ដំណោះស្រាយ​ទាន់​ពេល​វេលា ដោយ​មិន​ទុក​អោយ​បញ្ហា​ទុំជោរ។

លោក​បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​រដ្ឋាភិបាល​មិន​ត្រូវ​ចាត់​ទុក​ការ​សាកសួរ​អោយ​មន្ត្រី ឬ​រដ្ឋមន្ត្រី​អោយ​ឆ្លើយ ឬ​បំភ្លឺ​ពី​បញ្ហា​នានា គឺ​ជា​ការ​ធ្វើ​អោយ​ខូច​មុខ​មាត់​រដ្ឋាភិបាល​ឡើយ ប៉ុន្តែ​គឺ​ជា​ការ​បង្ហាញ​តម្លាភាព​ដើម្បី​ផល​ប្រយោជន៍​ជាតិ៖ «»។

លោក ចាន់ វិបុល អំពាវ​នាវ​អោយ​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​ចាស់​ទុំ​ក្នុង​នយោបាយ​បែប​ប្រជាធិបតេយ្យ​ដែល​មិន​ត្រូវ​កេង​ចំណេញ​ពី​ការ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ឡើយ​ត្រូវ​តែ​ឈរ​លើ​មូលដ្ឋាន​ផល​ប្រយោជន៍​ជាតិ​ដែរ៖ «»។

ប្រសិន​បើ​នៅ​តែ​មាន​បញ្ហា ដែល​នាំ​អោយ​សមាជិក​រដ្ឋ​សភា មិន​អាច​សាកសួរ​រដ្ឋមន្ត្រី​ពី​បញ្ហា​នានា ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​បាន​ទេ​នោះ លោក ចាន់ វិបុល មើល​ឃើញ​ថា នឹង​ជំរុញ​អោយ​ពលរដ្ឋ​ប្រើ​ប្រាស់​សន្លឹក​ឆ្នោត ដើម្បី​អោយ​មាន​ការ​ផ្លាស់ប្ដូរ ពោល​គឺ​ម្ចាស់​ឆ្នោត​នឹង​ជ្រើសរើស​យក​អ្នក​តំណាងរាស្ត្រ និង​រដ្ឋាភិបាល ដែល​គិត​ពី​ប្រយោជន៍​ពួកគេ និង​ប្រយោជន៍​ជាតិ​ពិត​ប្រាកដ៖ «»។

នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដដែល​ក៏​បាន​ចែង​ពី​អំណាច​របស់​រដ្ឋ​សភា​ទៅ​លើ​រដ្ឋាភិបាល​ថែម​ទៀត ប៉ុន្តែ​រដ្ឋសភា​ពុំ​ធ្លាប់​ប្រើប្រាស់​អំណាច​នេះ​ឡើយ។ នោះ​គឺ​​មាត្រា ៩៨ថ្មី ចែង​ថា រដ្ឋ​សភា​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ពី​តំណែង ដោយ​អនុម័ត​ញត្តិ​បន្ទោស​តាម​សំឡេង​ឆ្នោត​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំង​មូល។ ញត្តិ​បន្ទោស​រដ្ឋាភិបាល​ត្រូវ​បាន​លើក​ឡើង​ជូន​រដ្ឋ​សភា​ដោយ​តំណាងរាស្ត្រ​ចំនួន ៣០​នាក់ ទើប​រដ្ឋ​សភា​អាច​លើក​យក​មក​ពិភាក្សា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles