Quantcast
Viewing all articles
Browse latest Browse all 11174

ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី​សំណូមពរ​ដក​ហូត​ដី​ពី​ក្រុមហ៊ុន​មេហ្គាហ្វើស

Image may be NSFW.
Clik here to view.

ជម្លោះ​ដីធ្លី​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ចំនួន​៥ ក្នុង​ឃុំ​ដាក់ដាំ និង​ឃុំ​ប៊ូស្រា ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច មេហ្គា ហ្វើស (Mega First Corporation Berhad) ដែល​បាន​ឈូស​ឆាយ​ដី​ប៉ះពាល់​តំបន់​កប់​សព​ដី​ព្រៃ​អារក្ស និង​តំបន់​ប្រភព​ទឹក​អូរ​ធម្មជាតិ​សហគមន៍​តាំង​ពី​ឆ្នាំ​២០១៥ រហូត​បច្ចុប្បន្ន មិន​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ។

តំណាង​សហគមន៍​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន ដក​ហូត​ដី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​សម្រាប់​ដាំ​កូន​ឈើ​ឡើង​វិញ។

សហគមន៍​នៅ​ឃុំ​ចំនួន​ពីរ​ក្នុង​ខេត្ត​មណ្ឌលគិរី គ្រោង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​បរិស្ថាន ដាំ​កូន​ឈើ​ឡើង​វិញ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ ប្រសិន​ក្រសួង​បរិស្ថាន ដក​ហូត​​យក​ដី​ពី​ក្រុមហ៊ុន​មេហ្គា ហ្វើស ដែល​ឈូស​ឆាយ​ដី​សម្បទាន​រំលោភ​ទៅ​លើ​ព្រៃ​អារក្ស​ព្រៃ​កប់​សព និង​​ប្រភព​ទឹក​អូរ​ដែល​សហគមន៍​អភិរក្ស​ក្នុង​ដែន​ជម្រក​សត្វ​នោះ។

គម្រោង​ដាំ​កូន​ឈើ​នេះ គឺ​ជា​គំនិត​ផ្ដើម​របស់​សហគមន៍​ដើម្បី​ដាក់​ជូន​ក្រុម​ការងារ​មួយ​ដែល​សហគមន៍​អះអាង​ថា មក​ពី​ក្រសួង​បរិស្ថាន ដែល​នឹង​ជួប​ពិភាក្សា​ជាមួយ​តំណាង​សហគមន៍​មក​ពី​ឃុំ​​ដាក់ដាំ រួម​មាន ភូមិ​ពូឆប ពូឡេះ និង​ពូត្រែង និង​ឃុំ​ប៊ូស្រា រួម​មាន ភូមិ​ឡាំមេះ និង​ភូមិ​ពូលុ មាន​គ្នា​សរុប ២៥​នាក់ នៅ​ថ្ងៃ​ទី​៣ ខែ​សីហា នា​សាលា​ប្រជុំ​ភូមិ​ពូឆប ឃុំ​ដាក់ដាំ។

តំណាង​ចាស់​ទុំ​ឃុំ​ដាក់ដាំ លោក ទើយ ធិ បញ្ជាក់​ថា អ្នក​ភូមិ​បាន​តវ៉ា​តាំង​ពី​ឆ្នាំ​២០១៥ បន្ទាប់​ពី​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​បំពាន​ទៅ​លើ​តំបន់​ព្រៃ​សក្ការៈ ដី​ព្រៃ​ជម្រក​សត្វ និង​ធនធាន​ធម្មជាតិ រួម​ទាំង​ប្រភព​ទឹក​អូរ​ដែល​អ្នក​ភូមិ​នៅ​តំបន់​នោះ​អភិរក្ស និង​អាស្រ័យ​ផល។

លោក​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​​បាន​រំលោភ​ឈូស​ឆាយ​បន្ថែម​ទៀត​ដើម្បី​យក​ដី​ដាំ​ដើម​ដូង៖ «យើង​ត្រូវ​ដាក់​តំបន់​ហ្នឹង​តំបន់​សហ​គ្រប់គ្រង មិន​ថា​សហគមន៍ មិន​ថា​ក្រសួង​បរិស្ថាន មិន​ថា​មេព្រៃ គ្រប់គ្រង​ថែរក្សា​រួម​គ្នា»។

ក្រុមហ៊ុន​មេហ្គា ហ្វើស របស់​ប្រទេស​ម៉ាឡេស៊ី ទទួល​បាន​ដី​សម្បទាន​ជាង ៩​ពាន់​ហិកតារ​នៅ​ស្រុក​អូររាំង ជាប់​ស្រុក​ពេជ្រាដា តាម​រយៈ​អនុក្រឹត្យ​រាជរដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​២០១២ ក៏​ប៉ុន្តែ​របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​ឲ្យ​ដឹង​ថា ក្រសួង​បរិស្ថាន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​នេះ​ឈូស​ឆាយ​ដី ៥០​ហិកតារ ធ្វើ​ថ្នាល​បណ្ដុះ​កូន​កៅស៊ូ​កាល​ពី​ឆ្នាំ​២០១៦។

តំណាង​ចាស់​ទុំ​ឃុំ​ប៊ូស្រា លោក ចាស់ ក្លើត កត់សំគាល់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​រហូត​ជាង ៦០​ហិកតារ នឹង​បាន​ដាំ​ដូង​ភ្លាមៗ​បន្ទាប់​ពី​ឈូស​ឆាយ​ដី​រួច។ លោក​ថា នេះ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច​ដែល​អ្នក​ភូមិ​បាន​តវ៉ា​ចំនួន ៤​លើក​កន្លង​ទៅ​នេះ៖ «តវ៉ា​​ចង់​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​មក​សហគមន៍​វិញ។ គេ​ឈូស​ឆ្នាំ​២០១៥ ឆ្នាំ​២០១៧ មួយ​លើក​ទៀត»

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន និង​អភិបាល​ស្រុក​អូររាំង សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២ ខែ​សីហា។ ចំណែក​អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​ពេជ្រាដា មិន​បាន​​អញ្ជើញ​ឲ្យ​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ទេ ពីព្រោះ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​មេហ្គា ហ្វើស ឋិត​​ក្រោម​សមត្ថកិច្ច​របស់​អាជ្ញាធរ​ស្រុក​អូររាំង។

យ៉ាង​ណា​ក៏ដោយ អភិបាល​ស្រុក​អូររាំង លោក នង ទុណ្ណារី កន្លង​ទៅ បាន​ទទួល​ស្គាល់​ថា ​មន្ត្រី​ជំនាញ​បាន​កំណត់​ទីតាំង​ជាក់លាក់​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ ដូច្នេះ​ប្រសិន​ក្រុមហ៊ុន​ឈូស​ឆាយ​លើស​ទីតាំង​កំណត់ ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ ពីព្រោះ​ក្រុមហ៊ុន​មិន​ទាន់​មាន​លិខិត​អនុញ្ញាត​ឈូស​ឆាយ​ដី​ថ្មី​នៅ​ឡើយ៖ «និយាម​ការ​ដែល​បាន​ព្រមព្រៀង​គ្នា​ហើយ តែ​កាល​ណា​ប៉ះពាល់​យើង​ឲ្យ​ដក​ចេញ ហើយ​ជា​រឿង​គិត​​គូរ​របស់​អាជ្ញាធរ​មិន​បណ្ដែតបណ្ដោយ​ឲ្យ​ធ្វើ​ប៉ាតណាប៉ាត​ណី​ទេ»

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី  ឲ្យ​ដឹង​ថា ដី​ដែល​ក្រសួង​បរិស្ថាន ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​មេហ្គា ហ្វើស គឺ​ជា​តំបន់​ព្រៃស្រោង​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​មាន​តម្លៃ​ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ គឺ​ជា​ដី​សហគមន៍​រក្សា​ទុក​សុំ​ចុះ​បញ្ជី​ជា​ដី​ត្រៀម​បម្រុង​សហគមន៍ រី​ឯ​មន្ទីរ​ជំនាញ​ក៏​គ្រោង​ចុះ​វាស់វែង​បោះ​បង្គោល​កំណត់​ទីតាំង​ដី​ជូន​សហគមន៍​នៅ​ពេល​ឆាប់ៗ​នេះ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​នៅ​ថ្ងៃ​ទី​២ ខែ​សីហា ថា លោក​ស្វាគមន៍​គំនិត​ផ្ដួចផ្ដើម​ដាំ​កូន​ឈើ​នៅ​តំបន់​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន។ លោក​ថា សហគមន៍​ក៏​បាន​អញ្ជើញ​អង្គការ​លោក​ចូល​រួម​សង្កេតការណ៍​កិច្ច​ជួប​ជុំ​ថ្ងៃ​ទី​៣ ខែ​សីហា ក៏​ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា ការ​ជួបជុំ​នោះ​ជា​ជំនួប​ផ្លូវ​ការ​របស់​ក្រុម​ការងារ​ក្រសួង​បរិស្ថាន ឬ​ជំនួប​ជា​លក្ខណៈ​បុគ្គល​នោះ​ទេ៖ «ឲ្យ​យើង​ជួយ​ឃ្លាំមើល​ជួយ​តាមដាន​កិច្ច​ប្រជុំ​ហ្នឹង​ផង ពួកគាត់​ក៏​មិន​ដឹង​ថា កិច្ច​ប្រជុំ​ហ្នឹង​គេ​មាន​គោល​បំណង​អ្វី​ច្បាស់​ដែរ​អ្វី​ដែល​គេ​ប្រាប់​កិច្ច​ប្រជុំ​ហ្នឹង ពាក់ព័ន្ធ​វិវាទ​ជាមួយ​ក្រុមហ៊ុន​មេហ្គា ហ្វើស»

​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សហគមន៍​នៅ​ភូមិ​ទាំង​៥ ឯកភាព​គ្នា​រួច​ហើយ​ថា នឹង​មិន​ទទួល​យក​ដំណោះស្រាយ​ណា​ដែល​ផ្ទុយ​ពី​ឆន្ទៈ​ការពារ​ធនធាន​ធម្មជាតិ​ដែល​ផ្សារភ្ជាប់​ជាមួយ​ប្រពៃណី និង​ជីវភាព​រស់​នៅ​របស់​សហគមន៍​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles