Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង​យ៉ាង​ហោច​៣​នាក់​ប្រឈម​ដក​ស័ក្តិ​ពាក់ព័ន្ធ​ទណ្ឌិត​គំរាម​ទារ​ប្រាក់

$
0
0

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ឲ្យ​ដឹង​ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង យ៉ាង​ហោច ៣​នាក់ នឹង​ប្រឈម​ការ​ដក​ស័ក្តិ លុប​ឈ្មោះ​ចេញ​ពី​តារាង​ដំឡើង​តួនាទី ព្រម​ទាំង​ដក​បញ្ឈរ​ជើង ជាដើម។ ការ​ដាក់​ពិន័យ​រដ្ឋបាល​នេះ បន្ទាប់​ពី​ពួក​គេ​ធ្វេសប្រហែស​បណ្ដាល​ឲ្យ​អ្នក​ទោស​ជា​ចោរ​ប្លន់​ម្នាក់ ប្រើ​ទូរស័ព្ទ​គំរាម​បង្ហោះ​រូបភាព​អាក្រាត​កាយ​របស់​ស្ត្រី​រងគ្រោះ ដើម្បី​ទារ​ប្រាក់ ៥​ពាន់​ដុល្លារ។

ថ្វី​បើ​របាយការណ៍​សំយោគ​ទាក់ទង​នឹង​លទ្ធផល​ស្រាវជ្រាវ​អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​ទណ្ឌិត​ជា​ចោរ​ប្លន់​ម្នាក់ ប្រើប្រាស់​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​ធ្វើ​សកម្មភាព​ចេញ​មក​ក្រៅ​ប្រព្រឹត្ត​បទល្មើស​នោះ បាន​បិទ​បញ្ចប់​រួច​ទៅ​ហើយ​ក្តី ប៉ុន្តែ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ នៅ​តែ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក សន កែវ មាន​ប្រសាសន៍​ថា តាម​របាយការណ៍​ដែល​លោក​បាន​ដឹង​នោះ គឺ​មាន​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង យ៉ាង​ហោច ៣​នាក់ នឹង​រង​ការ​ដាក់​ពិន័យ​រដ្ឋបាល ប៉ុន្តែ​លោក​នៅ​មិន​ទាន់​អាច​បង្ហាញ​អំពី​ឈ្មោះ និង​តួនាទី​របស់​មន្ត្រី​ពន្ធនាគារ​ទាំងនោះ​ឡើយ៖ «របាយការណ៍​ក៏​បាន​កំណត់​ហើយ​ថា ត្រូវ​មាន​ទណ្ឌកម្ម​ចំពោះ​មន្ត្រី។ ចឹង​មាន​អ្នក​ដែល​ត្រូវ​ដក​ស័ក្តិ មាន​អ្នក​ដែល​ត្រូវ​ដក​ចេញ​ពី​តារាង​ដំឡើង​តួនាទី និង​មាន​អ្នក​ដែល​ត្រូវ​បញ្ឈរ​ជើង តែ​ខ្ញុំ​អត់​ដឹង​ថា ឈ្មោះ​ណា​ត្រូវ​ធ្វើ​អី​នោះ​ទេ គ្រាន់​តែ​ដឹង​ថា ក្នុង​ចំណោម​ហ្នឹង​មាន​រូបភាព​ជា​ទណ្ឌកម្ម​វិន័យ»

លោក សន កែវ បញ្ជាក់​ថា ការ​ដាក់​ត្រឹម​ពិន័យ​រដ្ឋបាល​នេះ គឺ​ក្រោយ​ពី​លទ្ធផល​ស្រាវជ្រាវ​រក​មិន​ឃើញ​ថា មន្ត្រី​ពន្ធនាគារ​ទាំងនោះ​បាន​ឃុបឃិត​ដោយ​ចេតនា ពោល​គឺ​គ្រាន់​តែ​ពួក​គាត់​ទទួល​បាន​លាភសក្ការៈ​តិចតួច​ពី​ជន​ជាប់​ឃុំ ហើយ​ភ្លេច​ខ្លួន បណ្ដាល​ឲ្យ​ធ្វេសប្រហែស​ក្នុង​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ ដូច្នេះ​ធ្វើ​ឲ្យ​ជន​ជាប់​ឃុំ​មាន​ឱកាស​ប្រើប្រាស់​កុំព្យូទ័រ និង​ទូរស័ព្ទ​ដើម្បី​ប្រព្រឹត្ត​បទល្មើស។

លោក​បន្ត​ថា បើ​យោង​តាម​ការ​ស្រាវជ្រាវ​នោះ គឺ​មាន​ចំណុច​ខ្លះ​មិន​ដូច​នឹង​ការ​ចោទ​ប្រកាន់​កន្លង​ទៅ​ឡើយ៖ «ការ​ឃុបឃិត​លុះត្រា​តែ​គាត់​ដឹង​ថា រឿង​ហ្នឹង​គាត់​ត្រូវ​យក​ទៅ​ធ្វើ​សកម្មភាព​អ៊ីចឹង រួច​ហើយ​គាត់​ឃុបឃិត​ថា ឥឡូវ​ឲ្យ​គាត់​អ៊ីចេះៗ​មក គាត់​អនុញ្ញាត​ឲ្យ​ធ្វើ​អា​ហ្នឹង។ នេះ​ជា​ការ​ឃុបឃិត​ដើម្បី​ធ្វើ ប៉ុន្តែ​គាត់​អត់​ដឹង គាត់​គ្រាន់​តែ​ដឹង​ថា គាត់​រយាល​ក្នុង​ការ​គ្រប់គ្រង​សកម្មភាព​ជន​ជាប់​ឃុំ​ហ្នឹង ដូច្នេះ​ជាប់​ឃុំ​មាន​ឱកាស​ប្រព្រឹត្ត​បទល្មើស​ហ្នឹង»

វិធានការ​របស់​ក្រសួង​មហាផ្ទៃ នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន បាន​បង្ហោះ​តាម​ហ្វេសប៊ុក (facebook) ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ទាក់ទង​ទៅ​នឹង​អ្នក​ទោស​មួយ​រូប​ឈ្មោះ យ៉ែម ប្រុស នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដែល​បាន​ប្រើប្រាស់​កុំព្យូទ័រ​យួរ​ដៃ និង​ទូរស័ព្ទ​ដៃ​ទាក់ទង​ស្នេហា​ជាមួយ​ស្ត្រី​តាម​រយៈ​គណនី​ហ្វេសប៊ុក​ចំនួន​៥។ លោក អ៊ាវ ចំរើន សរសេរ​បន្ត​ថា ទណ្ឌិត យ៉ែម ប្រុស បាន​បោក​បញ្ឆោត​លួងលោម​ស្ត្រី​តាម​ហ្វេសប៊ុក​ឲ្យ​លង់​ស្នេហ៍ រហូត​បង្ហាញ​រូបភាព​អាក្រាត​ទៅ​វិញ​ទៅ​មក ហើយ​ជន​ល្មើស​រូប​នោះ​បាន​ថត​រូប​ទុក និង​បាន​គំរាម​ទារ​ប្រាក់​ចំនួន ៥​ពាន់​ដុល្លារ ជា​ថ្នូរ​មិន​បង្ហោះ​រូប​អាក្រាត​ជា​សាធារណៈ។

ទណ្ឌិត យ៉ែម ប្រុស បាន​សារភាព​ថា រូប​គេ​អាច​លេង​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​បាន​នៅ​ក្រៅ​បន្ទប់​ឃុំឃាំង ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក អ៊ុំ រ៉ាយឿង អនុប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដែល​កន្លង​ទៅ អ្នក​ទោស​រូប​នេះ​ធ្លាប់​ទិញ​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ឲ្យ​គាត់។ អ្នក​ទោស​រូប​នេះ​បាន​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​២០១០ នៅ​ខេត្ត​កំពត បន្ទាប់​មក​ត្រូវ​បាន​ផ្ទេរ​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រៃវែង វិញ ដោយ​អ្នក​ទោស​រូប​នេះ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១០​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន ៨​ករណី ពោល​គឺ​ប្លន់ ៧​លើក​នៅ​ខេត្ត​កំពត និង​ប្លន់ ១​លើក​នៅ​ខេត្ត​តាកែវ។ ក្រោយ​កើត​ហេតុ អ្នក​ទោស​រូប​នេះ​ត្រូវ​ផ្ទេរ​មក​ពន្ធនាគារ​ព្រៃ​ស​វិញ ដែល​មន្ត្រី​ក្រសួង​មហាផ្ទៃ ថា​ដើម្បី​ងាយស្រួល​ស៊ើប​អង្កេត​លើ​ករណី​នេះ ព្រោះ​ថា​បើ​ទុក​ឲ្យ​នៅ​កន្លែង​ដដែល ខ្លាច​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង បញ្ចុះ​បញ្ចូល​ឲ្យ​ផ្តល់​ចម្លើយ​ខុស​ពី​ការពិត។

រីឯ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង លោក ជួប សារីម បាន​ថ្លែង​ថា លោក​មិន​អាច​រៀបរាប់​លម្អិត​បាន​ទេ ព្រោះ​រង់ចាំ​ការ​សម្រេច​ពី​ខាង​ថ្នាក់​លើ។

ជុំវិញ​ករណី​នេះ​ដែរ អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់ការ​តាម​ច្បាប់​លើ​មន្ត្រី​ខិលខូច​ឲ្យ​ម៉ឺងម៉ាត់ ដើម្បី​ជា​គំរូ​ដល់​មន្ត្រី​ផ្សេង​ទៀត៖ «ខ្ញុំ​គ្រាន់​តែ​សំណូមពរ​ថា ប្រសិន​បើ​មន្ត្រី​ជំនាញ​ធ្វើ​ការ​ស៊ើប​អង្កេត​ឃើញ​ថា​មាន​មន្ត្រី​ពន្ធនាគារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​នេះ គិត​ថា​គួរ​តែ​ចាត់​វិធានការ​ករណី​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់ ព្រោះ​ជា​គំរូ​កុំ​ឲ្យ​មាន​មន្ត្រី​ពន្ធនាគារ​ផ្សេង​ទៀត​យក​សំណូក​ពី​ទណ្ឌិត ឬ​ពី​អ្នក​ជាប់​ឃុំ ដើម្បី​ល្មើស​បទ​វិន័យ​នៅ​ក្នុង​ពន្ធនាគារ»

ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង អះអាង​ថា ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ទណ្ឌិត​អាច​លេង​ហ្វេសប៊ុក​តាម​ទូរស័ព្ទ ក៏ដូចជា​មាន​កុំព្យូទ័រ​បាន​ទេ ប៉ុន្តែ​ប្រហែល​ជា​មាន​ការ​លួច​លាក់​យក​ចូល និង​ដោយសារ​តែ​មាន​ការ​ចន្លោះ​ប្រហោង​របស់​ពន្ធនាគារ។ លោក​ថា ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​នេះ ពន្ធនាគារ​បាន​រឹត​បន្តឹង​ឡើង​វិញ៖ «បាទ! ក្រោយ​ពី​ហេតុការណ៍​ហ្នឹង​កើត​ឡើង​មក យើង​បាន​រឹត​បន្តឹង​គ្រប់​គោលដៅ គ្រប់​ច្រក​ដែល​មាន​បញ្ហា​ហ្នឹង។ យើង​បន្តឹង​ទាំងអស់ ទាំង​មន្ត្រី ទាំង​ជន​ជាប់​ឃុំ»

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ពិនិត្យ​លើ​ករណី​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង ថ្នាក់​ក្រោម​រួច​ហើយ​នោះ ចំពោះ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង វិញ ក៏​អាច​នឹង​ប្រឈម​ការ​ពិនិត្យ​លើ​របៀប​នៃ​ការ​គ្រប់គ្រង​របស់​គាត់​ជា​លក្ខណៈ​ពិសេស​ណា​មួយ​ផ្សេង​ទៀត​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles