
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថា ភាពយន្តឯកសាររបស់ទូរទស្សន៍អាមេរិក ស៊ី.អិន.អិន (CNN) អំពីកុមារីដែលម្ដាយបង្ខំឲ្យលក់ព្រហ្មចារីដើម្បីដោះបំណុលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនារីខ្មែរ និងព្រមានបណ្ដេញអង្គការអាមេរិក ឈ្មោះមេត្រីអន្តរជាតិ (AIM) នៅកម្ពុជា។
មន្ត្រីរដ្ឋាភិបាលចោទទូរទស្សន៍ ស៊ី.អិន.អិន ថា ផ្សព្វផ្សាយព័ត៌មានមិនពិត។ ប៉ុន្តែខាងទូរទស្សន៍ ស៊ី.អិន.អិន បញ្ជាក់ជំហរឥតកែប្រែនៅតែរក្សាខ្លឹមសារពិតនៃសេចក្ដីរាយការណ៍របស់ខ្លួនស្របពេលដែលមន្ត្រីអង្គការសង្គមស៊ីវិលថា រដ្ឋាភិបាលកម្ពុជា ហាក់ដូចជាបញ្ចេញប្រតិកម្មប្រញាប់ប្រញាល់ខ្លាំង និងធ្វើតែតាមអារម្មណ៍។
អនុប្រធានផ្នែកទំនាក់ទំនងរបស់សារព័ត៌មាន ស៊ី.អិន.អិន លោក ចូណេសិន ហ័កឃិនស៍ (Jonathan Hawkins) ប្រាប់អាស៊ីសេរី កាលពីថ្ងៃ២ ខែសីហា ឲ្យដឹងថា ភាពយន្តឯកសារស្ដីពីខ្សែជីវិតក្រោយពេលត្រូវបានគេជួញដូរផ្លូវភេទពាក់ព័ន្ធកុមារីបីនាក់នៅកម្ពុជា ដែលត្រូវម្ដាយបង្ខំឲ្យលក់ព្រហ្មចារីដើម្បីដោះបំណុលនៅតំបន់ស្វាយប៉ាកនោះ គឺឆ្លុះបញ្ចាំងពីតថភាពពិតនៃស្ថានភាពកុមារីរងគ្រោះដែលធំដឹងក្ដីនៅតំបន់ស្វាយប៉ាក ដែលទូរទស្សន៍ ស៊ី.អិន.អិន ស៊ើបអង្កេតនៅឆ្នាំ២០១៣ និងបន្តតាមដានការវិវត្តន៍របស់ពួកគាត់រហូតដល់ពេលបច្ចុប្បន្ននេះ។ លោក ចូណេសិន បន្ថែមទៀតថា ភាពយន្តឯកសារនោះ ក៏បានគូសបញ្ជាក់អំពីភាពប្រសើរគ្រាន់បើជាងមុននៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ក្នុងការទប់ស្កាត់ការជួញដូរមនុស្សនេះ។
ការឆ្លើយតបនេះ ធ្វើឡើងក្រោយពីប្រមុខរដ្ឋាភិបាលកម្ពុជា ចោទប្រកាន់ទូរទស្សន៍ ស៊ី.អិន.អិន ថា បន្ទាបបន្ថោកតម្លៃស្ត្រីខ្មែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកការផ្សាយរបស់ទូរទស្សន៍ ស៊ី.អិន.អិន បែបនេះ ថាពិបាកទទួលយក៖ «ខ្ញុំមិនអាចទទួលយកបានទេនូវការប្រមាថដែលធ្វើការចុះផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ ស៊ី.អិន.អិន ដោយនិយាយថា កម្ពុជាម្ដាយយកកូនទៅលក់ដើម្បីធ្វើស្រីពេស្យានោះ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយមិនអាចឲ្យអ្នកឯងប្រមាថជនជាតិរបស់ខ្ញុំបានទេ»។
តំណាងសារព័ត៌មាន ស៊ី.អិន.អិន លោក ចូណេសិន ហ័កឃិនស៍ មិនយល់ស្របនោះទេ ព្រោះលោកបញ្ជាក់ថា សេចក្ដីរាយការណ៍នោះមិនបានផ្សាយថា នារីរងគ្រោះទាំងនោះជាជនជាតិអ្វីនោះទេ គ្រាន់តែបានផ្សាយថា ពួកគាត់ធំដឹងក្តីនៅតំបន់ស្វាយប៉ាកប៉ុណ្ណោះ។
លោក ចូណេសិន បន្ថែមទៀតថា អត្ថបទពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នោះ រៀបរាប់យ៉ាងច្បាស់អំពីអង្គហេតុពិតដែលបញ្ជាក់ថា អ្នករស់នៅតំបន់ស្វាយប៉ាក ភាគច្រើនជាជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅដោយខុសច្បាប់នៅកម្ពុជា។ តំណាងទូរទស្សន៍ ស៊ី.អិន.អិន រូបនេះ លើកឡើងថា ការយករឿងជាតិសាសន៍របស់ជនរងគ្រោះទាំងនោះ មកធ្វើជាលេសក្នុងការចោទប្រកាន់ទូរទស្សន៍ ស៊ី.អិន.អិន គឺជាការយល់ខុស និងផ្ទុយពីបំណងពិតនៃខ្លឹមសារក្នុងសេចក្ដីរាយការណ៍នោះដែលផ្ដោតលើជនរងគ្រោះជាកុមារីនៅកម្ពុជា មិនចំពោះថាពួកគាត់ជាជនជាតិអ្វីនោះទេ តែពួកគាត់រស់នៅលើដីខ្មែរ។
ប៉ុន្តែក្រសួងកិច្ចការនារី ចាត់ទុកភាពយន្តឯកសាររបស់ ស៊ី.អិន.អិន ថា ធ្វើឲ្យប៉ះពាល់ទៅលើសេចក្ដីថ្លៃថ្នូរ កិត្តិយសរបស់ស្ត្រីខ្មែរ និងកិត្តិនាមរបស់ប្រទេសកម្ពុជា។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ក្រសួងកិច្ចការនារី អះអាងថា តាមវប្បធម៌ប្រពៃណីខ្មែរមិនមានទម្លាប់លក់កូនទេ ទោះបីជួបប្រទះភាពក្រីក្រយ៉ាងណាក៏ដោយ។ សេចក្ដីថ្លែងការណ៍បន្តថា ជនរងគ្រោះ និងម្ដាយនៅក្នុងភាពយន្តឯកសារនោះ ជាជនបរទេសនៅក្នុងប្រទេសកម្ពុជា ដែលមានវប្បធម៌ ប្រពៃណីរបស់គេខុសពីវប្បធម៌ប្រពៃណីខ្មែរ។
នាយិកាប្រតិបត្តិអង្គការសីលការ អ្នកស្រី ធីតា ឃិះ យល់ស្របឲ្យមានការយកចិត្តទុកដាក់កុំឲ្យមានការប៉ះពាល់ដល់កិត្យានុភាព និងកេរ្តិ៍ឈ្មោះរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការផ្សាយព័ត៌មាន។ ប៉ុន្តែអ្នកស្រីយល់ថា ទោះជនរងគ្រោះជាអ្នកណាក៏ដោយ ជនជាតិខ្មែរ ឬជនជាតិវៀតណាម ក៏ដោយ ឲ្យតែកើត និងរស់នៅលើទឹកដីខ្មែរ រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវក្នុងនាមជាម្ចាស់ផ្ទះក្នុងការស្រាវជ្រាវបន្ថែម ដោយមិនត្រូវប្រញាប់ប្រតិកម្មយ៉ាងតក់ក្រហល់ពេកនោះទេ៖ «ប្រតិកម្មតាមមនោសញ្ចេតនា ឬក៏តាមកំហឹងទល់កំហល់អ៊ីចឹងវាមិនបានបង្ហាញឲ្យឃើញថា យើងជានីតិរដ្ឋដោះស្រាយបញ្ហាបានដោយសន្តិវិធីទេ ពីព្រោះរឿងហ្នឹង បើសិនណាកើតនៅក្នុងស្រុកខ្មែរ ក៏នៅតែជាបន្ទុកទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។ ដូច្នេះបើយើងធ្វើឆុងឆាំង វាធ្វើឲ្យយើងកាន់តែបាត់កិត្តិយសទៅទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែប្រតិកម្មខ្លាំងសំដៅលើទូរទស្សន៍ ស៊ី.អិន.អិន ប៉ុណ្ណោះនោះទេ លោកបានបញ្ជាឲ្យក្រសួងមហាផ្ទៃ ចាត់ការស៊ើបអង្កេត និងបណ្ដេញអង្គការអាមេរិកមួយឈ្មោះ អង្គការមេត្រីអន្តរជាតិ ដែលបើកដំណើរការអស់រយៈពេលជាង ២៥ឆ្នាំមកហើយ ដើម្បីជួយកុមាររងគ្រោះដែលត្រូវម្តាយលក់ឲ្យបម្រើសេវាផ្លូវភេទ ដោយសារតែនាយកអង្គការនេះផ្ដល់បទសម្ភាសន៍ឲ្យ ស៊ី.អិន.អិន អំពីស្ថានភាពកុមារីដែលត្រូវបានម្ដាយបង្ខំឲ្យលក់ព្រហ្មចារីដើម្បីដោះបំណុល។
លោក ហ៊ុន សែន ចោទអង្គការនេះមួលបង្កាច់ការពិត និងបង្អាប់ជាតិសាសន៍ខ្មែរដើម្បីរកលុយចូលអង្គការ៖ «ខ្ញុំក៏បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតក្នុងរឿងនេះ ហើយគប្បីត្រូវបិទចោលនូវអង្គការក្រៅរដ្ឋាភិបាលមួយនេះ ដែលយកកម្ពុជា ធ្វើជាដើមទុនដើម្បីរៃអង្គាស ហើយបន្តុះបង្អាប់មើលងាយមើលថោកចំពោះជាតិសាសន៍មួយនេះ មិនត្រឹមតែមិនអាចទទួលយកបានទេ គឺមិនអាចអត់ឱនឲ្យបានតែម្ដង»។
តំណាងអង្គការ AIM ដែលរងការគំរាមបិទទ្វារ និងបណ្ដេញចេញនេះ បានបញ្ជាក់ប្រាប់អាស៊ីសេរី នៅថ្ងៃទី២ សីហា ថា អង្គការនេះបានបើកបម្រើការនៅកម្ពុជា អស់រយៈពេលជាង ២៥ឆ្នាំមកហើយ និងនៅតែរក្សាសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំប្រទេសកម្ពុជា។
អ្នកស្រី ស្តេហ្វានី វ៉ាន់ថាសែល (Stephanie C. VanTassell) បន្ថែមថា អង្គការនេះសង្ឃឹមថា នឹងមានដំណោះស្រាយសមស្របមួយនៅពេលខាងមុខ។
តំណាងទូរទស្សន៍ ស៊ី.អិន.អិន វិញ បានបញ្ជាក់ជាចុងក្រោយថា សេចក្ដីរាយការណ៍របស់ខ្លួនគឺជាសេចក្ដីរាយការណ៍ពិតឥតលម្អៀង ដែលមានរៀបរាប់អំពីស្ថានភាពកុមារីដែលធ្លាប់រងគ្រោះយ៉ាងឈឺចាប់ខ្លោចផ្សានៅក្នុងអំពើជួញដូរមនុស្ស និងក៏បានរៀបរាប់អំពីស្នាដៃប្រយុទ្ធប្រឆាំងការជួញដូរមនុស្សរបស់អាជ្ញាធរកម្ពុជា និងកិច្ចសហការពីមជ្ឈដ្ឋានផ្សេងៗក្នុងកិច្ចខំប្រឹងប្រែងលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា៕