Quantcast
Viewing all articles
Browse latest Browse all 11174

មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថា​ទឹក​ជំនន់​ទូទាំង​ប្រទេស​ចាប់​ផ្តើម​ស្រក​ចុះ​វិញ​បណ្ដើរៗ

Image may be NSFW.
Clik here to view.

អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​អះអាង​ថា ជំនន់​ទឹក​ភ្លៀង និង​ជំនន់​ទន្លេ​មេគង្គ​ដែល​បាន​ជន់​លិច​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា នោះ មក​ដល់​ថ្ងៃ​ទី​៣១ កក្កដា ចាប់​ផ្ដើម​ស្រក​ទៅ​វិញ​ជា​បណ្ដើរៗ​ហើយ ដោយ​មិន​សូវ​ផល​ប៉ះពាល់ និង​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ។ ទោះ​យ៉ាង​ណា អាជ្ញាធរ​នៅ​តែ​បន្ត​ត្រៀម​ខ្លួន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ។

បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជា​គំហុក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខេត្ត​យ៉ាង​តិច​ចំនួន​៧ នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ជន់​លិច​ដោយ​ទឹក​ភ្លៀង និង​ដោយ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​ហូរ​ចេញ​ពី​ប្រទេស​ឡាវ ក្រោយ​ព្យុះ​ទី​៨ ឈ្មោះ​សុនកា និង​ព្យុះ​ទី​៩ ឈ្មោះ​នេសាទ បាន​វាយ​លុក​ជា​បន្តបន្ទាប់​ទាំង​នៅ​តំបន់​អាស៊ាន និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះ​យ៉ាង​ណា អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា អះអាង​ថា បើ​មើល​ទៅ​លើ​ស្ថានភាព​ព្យុះ​ទី​៨ និង​ព្យុះ​ទី​៩ គឺ​នឹង​មិន​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​កម្ពស់​ទឹក​ហក់​ឡើង​ទៀត​នោះ​ទេ៖ «»

លោក ញឹម វណ្ណដា ឲ្យ​ដឹង​ថា ទឹក​ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ មក​ដល់​ថ្ងៃ​ទី​៣១ កក្កដា គឺ​ទឹក​បាន​ស្រក​ទៅ​វិញ​ខ្លះ​ហើយ ដោយ​ហូរ​ចូល​ទៅ​ស្ទឹងសែន ឆ្លង​កាត់​ខេត្ត​កំពង់ធំ និង​បន្ត​ហូរ​ចូល​ទន្លេសាប។ លោក​ថា ទឹក​ជំនន់​នៅ​ខេត្ត​ឧត្តរមានជ័យ បាន​បណ្ដាល​ឲ្យ​ខូចខាត​ស្ពាន និង​ផ្លូវ​មួយ​ចំនួន​នៅ​ស្រុក​អន្លង់វែង។ ចំណែក​នៅ​ខេត្ត​ព្រះវិហារ វិញ បាន​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​ខូចខាត​ផ្លូវ ប្រឡាយ​ទឹក ព្រម​ទាំង​ស្រូវ​ជង្រុក​ប្រជាជន​ប្រហែល​ជា ១០​តោន​ហូរ​ធ្លាក់​ចូល​ក្នុង​ទឹក ខូចខាត​ទាំងស្រុង។

ដោយឡែក​សម្រាប់​ទឹក​ជំនន់​នៅ​ខេត្ត​ជាប់​ទន្លេ​មេគង្គ​រួម​មាន ខេត្ត​ក្រចេះ ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង ជាដើម​នោះ គឺ​ទឹក​ក៏​ចាប់​ផ្តើម​ស្រក​ចុះ​ជា​បណ្ដើរ​ដែរ។ ខេត្ត​ទាំងនេះ​គឺ​មិន​បាន​បង្ក​ផល​ប៉ះពាល់ និង​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ ផ្ទុយ​ទៅ​វិញ លោក ញឹម វណ្ណដា អះអាង​ថា ទឹក​លិច​នេះ​បាន​នាំ​ដី​ល្បាប់​ចូល​ដី​ទំនាប ដូច្នេះ​ងាយស្រួល​សម្រាប់​ប្រជាជន​ធ្វើ​កសិកម្ម​ដាំ​ដុះ​ផ្សេងៗ៖ «»

ដោយឡែក​អ្នក​នាំ​ពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី អះអាង​ថា គ្រោះ​ទឹក​ជំនន់​នេះ​បណ្ដាល​ឲ្យ​មនុស្ស​បី​នាក់​ស្លាប់ គឺ​ពីរ​នាក់​នៅ​ខេត្ត​ព្រះវិហារ និង​ម្នាក់​ទៀត​នៅ​ខេត្ត​ក្រចេះ។ លោក កែវ វី បន្ថែម​ទៀត​ថា ទឹក​ជំនន់​នេះ​បាន​ជម្លៀស​គោ​ក្របី​ជាង ៥​ពាន់​ក្បាល​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ។

ទាក់ទិន​បញ្ហា​ស្ថានភាព​ទឹក​ជំនន់​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក អ៊ុំ ណារី មាន​ប្រសាសន៍​ថា ព្យុះ​ទី​៩ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​តិច​តាម​កន្លែង ដូច្នេះ​មិន​ត្រឹម​តែ​មិន​ធ្វើ​ឲ្យ​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​នោះ​ទេ តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​យូរ​ថ្ងៃ ដែល​មិន​ឆ្លើយតប​នឹង​ការងារ​ដាំ​ដុះ​ទៀត​ផង។

ទន្ទឹម​គ្នា​នេះ លោក​ថា​ក្រសួង​ក៏​អំពាវនាវ​ឲ្យ​ប្រជា​កសិករ​នៅ​ខេត្ត-រាជធានី​ចំនួន​៦ រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល តាកែវ កំពង់ស្ពឺ កែប កំពត និង​ខេត្ត​កណ្ដាល យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ ដើម្បី​បង្កបង្កើនផល ខណៈ​កូន​រដូវ​ប្រាំង​កំពុង​អូស​បន្លាយ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧៖ «»

ទោះ​យ៉ាង​ណា​ក្តី អាជ្ញាធរ​នៅ​តែ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ពី​ជំនន់​ទឹក​ភ្លៀង​នេះ ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន ពិសេស​យក​ចិត្ត​ទុក​ដាក់​មើល​កូន​ចៅ​តូចៗ បង្ការ​គ្រោះថ្នាក់​ផ្សេងៗ​ដោយ​យថាហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles