Quantcast
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​អប្សរា​រក​ឃើញ​ចម្លាក់​ទ្វារបាល​សម័យ​អង្គរ​ទម្ងន់​ប្រហែល​៣០០​គីឡូក្រាម

Image may be NSFW.
Clik here to view.

មន្ត្រី​ផ្នែក​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​ថា គេ​នឹង​ធ្វើ​កំណាយ​នៅ​ប្រាសាទ​ទន្លេស្ងួត ដែល​អ្នក​ភូមិ​ខ្លះ​ហៅ​ថា​ប្រាសាទ​តុប ជា​បន្ត​ទៅ​ទៀត ដើម្បី​តាម​រក​បដិមា​បុរាណ​ខ្លះ​ទៀត​ដែល​អាច​នឹង​សេសសល់ ហើយ​កប់​ក្រោម​ដី​នៅ​ឡើយ។ ការ​បន្ត​ជីក​ដី​តាម​រក​វត្ថុ​បុរាណ​នៅ​ប្រាសាទ​ទន្លេស្ងួត នៃ​អតីត​មន្ទីរពេទ្យ​ភាគ​ខាង​ជើង​នា​សម័យ​អង្គរ​នេះ បន្ទាប់​ពី​គេ​បាន​ធ្វើ​កំណាយ​រយៈពេល ២​ថ្ងៃ ហើយ​ប្រទះ​ឃើញ​រូប​ចម្លាក់​ទ្វារបាល​ដ៏​ធំ​មួយ​មក។

ក្រុម​អ្នក​ស្រាវជ្រាវ​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរា បាន​រក​ឃើញ​រូប​ចម្លាក់​ថ្មភក់​បុរាណ​ដ៏​ធំ​មួយ​មាន​ទម្ងន់​ប្រហែល ៣០០​គីឡូក្រាម នៅ​ក្នុង​អតីត​មន្ទីរពេទ្យ​សម័យ​អង្គរ​ភាគ​ខាង​ជើង​នៃ​ប្រាសាទ​អង្គរធំ។

រូប​បដិមា​ដែល​ពាក់​មកុដ ហើយ​មាន​ក្បាច់​រចនា​នៅ​ល្អ​ស្អាត​នេះ គេ​សន្និដ្ឋាន​ថា​ជា​រូប​ទ្វារបាល ដោយ​រក​ឃើញ​នៅ​ក្នុង​ពេល​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​ជីក​ដី​ធ្វើ​កំណាយ​នៅ​ប្រាសាទ​ទន្លេស្ងួត ឬ​អ្នក​ខ្លះ​ហៅ​ថា​ប្រាសាទ​តុប។Image may be NSFW.
Clik here to view.

មន្ត្រី​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​ឯកសារ​អង្គរ និង​ជា​អ្នក​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរា គឺ​លោក ខៀវ ចាន់។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​កក្កដា ថា ក្រុម​របស់​លោក​បាន​ចាប់​ផ្ដើម​ទៅ​ធ្វើ​កំណាយ​នៅ​ប្រាសាទ​ទន្លេស្ងួត កាល​ពី​ថ្ងៃ​ទី​២៩ ដោយ​ជីក​ដី​បាន​ជម្រៅ​ប្រហែល​ជា ៣០​សង់ទីម៉ែត្រ​ទៅ​ក្រោម ក៏​ប៉ះ​រូប​បដិមា​នោះ​តែ​ម្ដង។ លោក​បញ្ជាក់​ថា បន្ទាប់​ពី​ប៉ះ​រូប​បដិមា​មក រូប​លោក​មិន​ទាន់​ហ៊ាន​ផ្ដល់​ព័ត៌មាន​ឲ្យ​ខ្ចរខ្ចាយ​ឡើយ លុះ​ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ទើប​ហៅ​មន្ត្រី​ជំនាញ ព្រម​ទាំង​កម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​ជាច្រើន មក​ដឹក​យក​ទៅ​រក្សា​ទុក​តែ​ម្ដង៖ «ទំហំ​ដែល​នៅ​សល់​ជាក់ស្ដែង យើង​វាស់​ចាប់​ពី​ផ្នួង​សក់​នៅ​ខាង​លើ​រហូត​ដល់​ជើង​ស្ដាំ​ដែល​បាក់ គឺ ១,៩០​ម៉ែត្រ ហើយ​បើ​គិត​ទាំង​ប្រអប់​ជើង​អី​ទៀត រូប​នោះ​ប្រហែល​ជា​មាន​កម្ពស់​ជាង ២​ម៉ែត្រ»

អ្នក​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរា សន្និដ្ឋាន​ថា រូប​បដិមា​ទ្វារបាល​ដែល​គេ​រក​ឃើញ​នេះ អាច​ធ្វើ​ឡើង​នៅ​ក្នុង​សម័យ​ប្រាសាទ​បាយ័ន ក្នុង​ចន្លោះ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ នៃ​គ្រិស្ដសករាជ។

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​រូប​បដិមា​បុរាណ​ដែល​នៅ​មាន​ក្បាច់​រចនា និង​ទ្រង់ទ្រាយ​ល្អ​បំផុត​ក្នុង​ចំណោម​រូប​បដិមា​ជាច្រើន ដែល​អ្នក​ស្រាវជ្រាវ​ធ្លាប់​រក​ឃើញ​កាល​ពី​មុនៗ៖ «នេះ​ជា​បដិមា​មួយ​ដែល​យើង​រក​ឃើញ​មាន​លក្ខណៈ​នៅ​ល្អ​ច្រើន។ កន្លង​មក​ក៏​យើង​ធ្លាប់​រក​ឃើញ​ខ្លះៗ​ដែរ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ប៉ុន្តែ​មិន​នៅ​ល្អ​ដូច​រូប​នេះ​ឡើយ»

រូប​បដិមា​ដ៏​ធំ​ធ្វើ​អំពី​ថ្ម​ភក់ ដែល​គេ​សន្និដ្ឋាន​ថា​ជា​រូប​ទ្វារបាល​នេះ បាន​បាក់​ជើង និង​បាក់​ដៃ ប៉ុន្តែ​ដង​ខ្លួន និង​ព្រះ​កេស​នៅ​ល្អ​ស្អាត ហើយ​មន្ត្រី​អាជ្ញាធរ​អប្សរា​បាន​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ ដើម្បី​ធ្វើ​ការ​សម្អាត ព្រម​ទាំង​ជួសជុល​ឲ្យ​ល្អ​ឡើង​វិញ​ទៅ​តាម​បច្ចេកទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles