
ទឹកទន្លេសេសាននៅភូមិស្រែគរចាស់ ឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ស្រកជិត ៣តឹក បើធៀបកម្ពស់ទឹកទន្លេកាលពីថ្ងៃទី២៩ កក្កដា។ អ្នកភូមិដែលបដិសេធមិនទទួលសំណង ហាក់មិនខ្លាចរអាចំពោះទឹកជំនន់ដែលកំពុងគំរាមកំហែងលំនៅឋានពួកគាត់ទេ តែពួកគាត់បានចោទអាជ្ញាធរថា នៅតែបញ្ជូនកម្លាំងចម្រុះប្រដាប់អាវុធឈរជើងច្រើនកន្លែងនៅច្រកផ្លូវចូលឃុំស្រែគរ និងបានរារាំងអ្នកខាងក្រៅមិនឲ្យចូលសួរសុខទុក្ខពួកគាត់។
ក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ បានបិទទ្វារទឹកសាកល្បងអស់រយៈពេល ១៦ថ្ងៃ ខណៈទឹកទន្លេបានឡើងលិចភូមិ និងលំនៅឋានអ្នកភូមិស្រែគរចាស់ ៣ថ្ងៃហើយដែរ គិតត្រឹមថ្ងៃទី៣០ កក្កដា។ អ្នកភូមិមួយចំនួនបាននាំគ្នាជញ្ជូនសម្ភារៈទៅកាន់ទីទួលខ្ពស់ និងលើផ្ទះ រីឯសត្វចិញ្ចឹម ពួកគាត់បានយកទៅទុកលើទីទួលសុវត្ថិភាព។
ពលរដ្ឋដែលបដិសេធមិនទទួលសំណងនៅឃុំស្រែគរ លោក សា វ៉ន វ័យ ៦០ឆ្នាំ ថ្លែងថា ថ្វីបើទឹកជំនន់លិចភូមិ និងលំនៅឋានពួកគាត់ក្តី តែពួកគាត់នៅតែក្រាញននៀលមិនទទួលសំណងពីក្រុមហ៊ុន និងត្រៀមដឹកជញ្ជូនសម្ភារៈតាមទូកដោយខ្លួនឯង ទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើទឹកនៅតែបន្តកើនឡើង។ លោកចោទអាជ្ញាធរថា ដាក់កម្លាំងប្រដាប់អាវុធយាមតឹងរ៉ឹងជាង ២សប្ដាហ៍មកហើយ និងបានហាមអ្នកខាងក្រៅមិនឲ្យចូលភូមិស្រែគរ បង្កប៉ះពាល់ដល់សតិអារម្មណ៍ និងសេដ្ឋកិច្ចពួកគាត់។
លោកយល់ថា អាជ្ញាធរហាក់ចាត់ទុកពួកគាត់ជាសត្រូវនៃការអភិវឌ្ឍ ត្បិតមានជនបរទេស និងអង្គការមួយចំនួន ត្រូវបានសមត្ថកិច្ចរារាំងមិនឲ្យចូលឃុំស្រែគរ ក្រោមហេតុផលការពារសុវត្ថិភាព៖ «នៅភូមិស្រែគរ ក្បាលរមាស នេះ ខ្ញុំបានឃើញថ្ងៃមុនហើយ បានថាធ្វើបាបប្រជារាស្ត្រនេះ សុទ្ធតែយកកាំភ្លើងគំរាមកំហែង។ ទីមួយ គឺផ្លូវក្របីជ្រុំ ខ្ញុំទៅដល់ ស្រាប់តែស្គាល់គ្នាយកកាំភ្លើងជ្រែងដាក់បារាំងបរទេសគេ។ មិនត្រឹមត្រូវទេ ធ្វើចឹង! ខ្មែរមិនចេះជួយខ្មែរទេសព្វថ្ងៃ»។
ពលរដ្ឋរស់នៅឃុំស្រែគរ លោកស្រី សារុំ សារុម សន្និដ្ឋានថា ទឹកជំនន់នេះពុំមែនដោយសារមកពីទំនប់វារីអគ្គិសនីទាំងស្រុងទេ អាចបណ្ដាលមកពីកត្តាអាកាសធាតុរួមផ្សំទឹកភ្លៀងផង។ លោកស្រីបន្ថែមថា រហូតមកដល់ល្ងាចថ្ងៃទី៣០ កក្កដា ពុំទាន់មានពលរដ្ឋ និងកុមារជួបគ្រោះថ្នាក់ដោយសារទឹកជំនន់ និងសត្វអាសិរពិសនៅឡើយទេ រីឯសមត្ថកិច្ចបានចុះទៅថតពីទិដ្ឋភាពអ្នកភូមិម្តងម្កាលដែរ៖ «រារាំងរហូតសូម្បីតែកាសែត និងអ្នកភូមិចេញចូល គឺគាត់សួររហូត ដល់ថ្ងៃនោះ ខ្ញុំសួរថា លោកឯងឆែកឆេរធ្វើអី? ឡានអ្នកភូមិចេញចូលក៏ឆែក គាត់ឆែកក្រែងមានអ្នកកាសែត។ ចុះបើមានអ្នកកាសែតចូលមក លោកមានសិទ្ធិអីមករារាំងបិទសិទ្ធិប្រជាពលរដ្ឋពួកខ្ញុំមិនឲ្យនិយាយ មិនឲ្យសម្ភាស។ លោកឯងមករារាំងចឹង លោកឯងមកសម្លាប់ពួកខ្ញុំហើយ លោកឯងមិនមែនមកជួយពួកខ្ញុំទេ»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ដើម្បីសុំឆ្លើយតបការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៣០ កក្កដា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន តែលោកធ្លាប់មានប្រសាសន៍ថា កម្លាំងដែលដាក់ពង្រាយនោះ ក្នុងបំណងត្រៀមជួយសង្គ្រោះពលរដ្ឋទៅវិញទេ។
តំណាងក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៩ កក្កដា ថា កម្ពស់ទឹកនៅការដ្ឋានសាងសង់កើនឡើង ៧០ម៉ែត្រកន្លះ និងកើនឡើង ៧១ម៉ែត្រនៅឃុំស្រែគរ ធៀបកម្ពស់នីវ៉ូទឹកសមុទ្រ នៅគ្រាដែលក្រុមហ៊ុនបានបិទទ្វារទឹកសាកល្បងបានចំនួន ៨ទ្វារទឹក។ លោកបញ្ជាក់ថា ទឹកជំនន់កើនឡើងពីខ្សែទឹកខាងលើ បូកផ្សំទឹកភ្លៀងផង ក៏ជាកត្តារួមផ្សំដែលនាំឲ្យទឹកទន្លេកើនឡើងដែរ ហើយមន្ត្រីបច្ចេកទេសនៅពុំទាន់កំណត់ពេលជាក់លាក់បិទទ្វារទឹកទាំងស្រុងនោះទេ។
មន្ត្រីសង្គមស៊ីវិលចាត់ទុកថា សមត្ថកិច្ចចម្រុះខែត្រស្ទឹងត្រែង ដែលឈរជើងនៅតាមដងផ្លូវ ហាក់ដាក់សម្ពាធពលរដ្ឋច្រើនជាងការត្រៀមចាំសង្គ្រោះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល យល់ឃើញថា បើអាជ្ញាធររារាំងមិនឲ្យអ្នកខាងក្រៅចូលទៅភូមិស្រែគរចាស់ មានន័យថា ជាការដាក់គំនាបសិទ្ធិសេរីភាពពលរដ្ឋ និងប៉ះពាល់សតិអារម្មណ៍អ្នកភូមិកាន់តែខ្លាំងឡើង។ យ៉ាងណា លោកមើលឃើញថា នៅគ្រាដែលទឹកជំនន់កំពុងលិចភូមិពលរដ្ឋ អាជ្ញាធរបានបញ្ជូនក្រុមគ្រូពេទ្យចុះទៅតំបន់នោះ និងបង្កើតមណ្ឌលសុខភាពចល័តមួយនៅក្បែរលំនៅឋានពលរដ្ឋដែរ៖ «យើងគិតពីច្បាប់ គាត់ដាក់ចឹង គឺគាត់ខុសច្បាប់ហើយ រារាំងពួកគាត់ចឹង គឺរំលោភសិទ្ធិពួកគាត់ហើយ។ វាអាចហេតុផលបំបាក់ស្មារតីពួកគាត់មិនចង់ឲ្យពួកគាត់រស់នៅទីហ្នឹងបន្តទៀត»។
អំឡុងពេលក្រុមហ៊ុនបិទទ្វារទឹកចំនួនពីរ ជាលើកដំបូង មានអ្នកភូមិស្រែគរ ចំនួន ៤គ្រួសារថ្មីទៀត បានសម្រេចចិត្តទទួលយកសំណង ហើយចាកចេញពីភូមិចាស់។ ចំណែកមន្ត្រីអង្គការសង្គមស៊ីវិល បារម្ភពីផលប៉ះពាល់សុវត្ថិភាព វិបត្តិស្បៀងអាហារ កង្វះទឹកស្អាត និងសុខភាពពលរដ្ឋដែលបន្តរស់នៅអំឡុងពេលទឹកលិចផ្ទះសម្បែងពួកគាត់។
រហូតមកទល់ពេលនេះ ពលរដ្ឋរស់នៅឃុំស្រែគរ ចំនួន ១២០គ្រួសារ និងឃុំក្បាលរមាស ចំនួន ៥៨គ្រួសារ មិនទាន់យល់ព្រមទទួលសំណង និងមិនទាន់ចាកចេញពីភូមិចាស់ទៅតាំងទីលំនៅថ្មីនៅឡើយទេ៕