
សង្គមស៊ីវិលផ្នែកឃ្លាំមើលដំណើរការរៀបចំការបោះឆ្នោត បានដាក់អនុសាសន៍ចំនួនបីចំណុចធំៗជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីកែលំអ និងពង្រឹងលទ្ធផលការងាររបស់ គ.ជ.ប សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ឲ្យដឹងថា ចំណុចដែល គ.ជ.ប គួរកែលំអនោះរួមមាន ផ្នែកបទបញ្ជា និងនីតិវិធី ការពង្រឹងសមត្ថភាពរបស់មន្ត្រី គ.ជ.ប និងធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់ស្ដីពីការបោះឆ្នោត។
លោកបានរៀបរាប់ថា សង្គមស៊ីវិលបានស្នើ គ.ជ.ប ឲ្យសម្រួលដល់ពលករចំណាកស្រុកនៅក្រៅប្រទេស បានចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតទៅដល់ទីតាំងភូមិ ឬទីវត្តអារាម ការជួយសម្រួលឲ្យជនពិការងាយស្រួលចុះឈ្មោះ ការកំណត់ភូមិដែលមានប្រជាពលរដ្ឋ ១០០នាក់ឡើងទៅដើម្បីបង្កើតការិយាល័យ ការទុកឲ្យសង្គមស៊ីវិលជាអ្នកកំណត់អ្នកសង្កេតការណ៍ចល័ត ការទុកឲ្យតុលាការជាអ្នកដកសិទ្ធិបោះឆ្នោត ការដោះស្រាយពាក្យបណ្ដឹង ការបង្កើតការិយាល័យបោះឆ្នោត និងការដាក់បង្ហាញទិន្នន័យចំនួនអ្នកចុះឈ្មោះ ដើម្បីអ្នកវិភាគយកទៅវិភាគបាន។
មួយទៀតនោះ លោក កន សាវាង្ស បានបញ្ជាក់ថា គ.ជ.ប គួរពង្រឹងសមត្ថភាពរបស់បុគ្គលិកខ្លួន ពិសេសពីកិច្ចការបញ្ជូនទិន្នន័យឲ្យមានប្រសិទ្ធភាព និងកម្រិតការយកចិត្តទុកដាក់ធ្វើកិច្ចការងារឲ្យប្រសើរ។
ចំណែកការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺសង្គមស៊ីវិលស្នើឲ្យ គ.ជ.ប ធ្វើរបាយការណ៍បញ្ជាក់ពីស្ថានភាពនៃការចូលរួមរបស់ពលករចំណាកស្រុក ក្នុងដំណើរការចុះឈ្មោះ និងការបោះឆ្នោត ដែលបានជួបប្រទះនាពេលកន្លងទៅ៖ «នៅក្នុងវិសោធនកម្មច្បាប់ហ្នឹង ចំណុចដែលប្រជាពលរដ្ឋចំណាកស្រុកទៅខាងក្រៅ ដែលអាចប្រឈមនឹងការបាត់បង់សិទ្ធិក្នុងការចុះបោះឆ្នោត និងបោះឆ្នោត។ បញ្ហានេះ យើងមើលឃើញថាមានការរុញដាក់គ្នារវាងតំណាងរាស្ត្រ និង គ.ជ.ប»។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា គ.ជ.ប នឹងពិនិត្យសិក្សាលើអនុសាសន៍ដែលសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធបានដាក់ជូន៖ «អនុសាសន៍ដែល គ.ជ.ប បានកំណត់ (ដាក់ជូន គ.ជ.ប) ត្រឹមថ្ងៃទី២៥ យើងបានប្រមូលអស់ហើយ ហើយទាល់តែថ្ងៃស្អែកទើប គ.ជ.ប ធ្វើការប្រជុំពិនិត្យលើអនុសាសន៍ទាំងឡាយទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតនេះ»។
លោកបន្ថែមថា បច្ចុប្បន្ន គ.ជ.ប កំពុងជ្រើសរើសគ្រូបណ្តុះបណ្តាលមន្ត្រីរៀបចំការបោះឆ្នោត ពីបទបញ្ជា និងនីតិវិធី និងជ្រើសរើសមន្ត្រីចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ទាំង ១.៦៤៦ សម្រាប់ត្រៀមចុះឈ្មោះបោះឆ្នោត ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ គ.ជ.ប បង្ហាញថា អ្នកគ្រប់អាយុចុះឈ្មោះបោះឆ្នោតមានចំនួនជាង ៩លាន ៦សែននាក់ តែអ្នកចុះឈ្មោះពិតប្រាកដមានជាង ៧លាន ៨សែននាក់ប៉ុណ្ណោះ។ នេះគេនៅមិនទាន់រាប់បញ្ចូលទាំងពលរដ្ឋខ្មែរជាង ១លាននាក់ផ្សេងទៀត ដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសផង។
អ្នកតាមដានការបោះឆ្នោតយល់ឃើញថា អ្នកចំណាកស្រុកទាំងអស់នេះមិនគួរបាត់បង់សិទ្ធិបោះឆ្នោតនោះទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលគួរជួយសម្រួលធ្វើយ៉ាងណាឲ្យពួកគេចូលរួមចុះឈ្មោះ និងបោះឆ្នោតដូចពលរដ្ឋខ្មែរនៅក្នុងប្រទេសដែរ៕