Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ជនជាតិ​ដើម​ភាគ​តិច​១១​អម្បូរ​ប្ដេជ្ញា​ជួយ​សហគមន៍​រង​ផល​ប៉ះពាល់​ដោយ​ទំនប់​វារីអគ្គិសនី

$
0
0

ជនជាតិ​ដើម​ភាគ​តិច ១១​អម្បូរ មក​ពី​ខែត្រ​ចំនួន ៧ បាន​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​ជួយ​សហគមន៍​រង​គ្រោះ​ដោយសារ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​គ្រា​ដែល​ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​បិទ​ទ្វារ​ទឹក​សាកល្បង។ ពួកគាត់​សន្យា​ថា នឹង​សាមគ្គី​គ្នា​ក្នុង​នាម​ជនជាតិ​ដើម​ភាគ​តិច​ដូច​គ្នា ប្រឆាំង​ការ​បណ្ដេញ​ចេញ​ពី​ភូមិ​កំណើត​ដែល​ពួកគាត់​ចាត់​ទុក​ថា នាំ​ឲ្យ​បាត់បង់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច។

ជន​ជាតិ​ដើម​ភាគ​តិច ១១​អម្បូរ​មក​ពី​ខែត្រ​ចំនួន ៧ រួម​មាន​ខែត្រ​រតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ និង​ខែត្រ​ស្ទឹងត្រែង ប្រមាណ​ជាង ២០០​នាក់ ប្រកាន់​ជំហរ​គាំទ្រ​ជនជាតិ​ដើម​ភាគ​តិច​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន។ ពួកគាត់​ចាត់​ទុក​ថា ការ​ចាក​ចេញ​ពី​លំនៅឋាន​នាំ​ឲ្យ​បាត់បង់​ប្រពៃណី​វប្បធម៌ ដីធ្លី ផ្ទះសម្បែង ព្រៃឈើ និង​ទន្លេ​ដែល​ជា​ប្រភព​អាហារ និង​ប្រាក់​ចំណូល​មិន​ចេះ​រីង​ស្ងួត។ ការ​ប្រកាស​ជំហរ​នេះ​ធ្វើ​ឡើង ក្នុង​ពិធី​សែន​ព្រេន​ដែល​ប្រារព្ធ​នៅ​ឃុំ​ក្បាលរមាស​ចាស់ នៅ​រសៀល​ថ្ងៃ​ទី​២៥ កក្កដា ដែល​មាន​មនុស្ស​ចូល​រួម​ជាង ២០០​នាក់ បើ​ទោះ​បី​ជា​កងកម្លាំង​ប្រដាប់អាវុធ​ចម្រុះ​ខែត្រ​ស្ទឹងត្រែង បាន​ឈរ​ជើង​ឈាម​តឹងរ៉ឹង​នៅ​តំបន់​នោះ និង​បាន​រារាំង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ពីរ​រូប​មិន​ឲ្យ​ចូល​រួម​ពិធី​នោះ ក្រោម​ហេតុផល​ការពារ​សុវត្ថិភាព​ក្ដី។

តំណាង​ជនជាតិ​ដើម​ភាគតិច​កួយ មក​ពី​ខែត្រ​ព្រះវិហារ លោកស្រី ទេព ទឹម ថ្លែង​ថា ទុក្ខ​ព្រួយ​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ក៏​ជា​ក្ដី​កង្វល់​របស់​ពួកគាត់​ហេតុ​នេះ​ពួកគាត់​តស៊ូ​រួម​គ្នា ក្រាញននៀល​ចូល​តំបន់​នោះ បើ​ទោះ​បី​ជា​សមត្ថកិច្ច​ចម្រុះ​បាន​យាម​មិន​ឲ្យ​ពួកគាត់​ចូល​ក្តី។ លោកស្រី​បញ្ជាក់​ថា ហេតុផល​ដែល​ពួកគាត់​មក​តំបន់​នោះ ដើម្បី​ជួយ​កាប់​ឫស្សី​បណ្ដែត​ក្បូន និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដោយ​យុត្តិធម៌ មិន​ត្រូវ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គំរាមកំហែង​ប៉ះពាល់​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ទេ៖ «សុំ​ឲ្យ​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ទៅ​លើ​ការ​រស់​នៅ​របស់​ពួក​យើង ដោយ​មិន​ត្រូវ​មាន​ការ​គំរាមកំហែង បណ្ដេញ​ចេញ​ពី​ភូមិ​កំណើត​របស់​ពួក​យើង​ទេ»

តំណាង​ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ខែត្រ​មណ្ឌលគិរី លោក ក្រើង តុលា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ថា ពួកគាត់​មក​ទីនេះ​ដើម្បី​ជួយ​លើកទឹកចិត្ត​ជនជាតិ​ដើម​ភាគតិច កំពុង​រង​ទុក្ខ​វេទនា ត្បិត​ភូមិ​កំណើត ផ្ទះសម្បែង​របស់​ពួកគាត់​ឋិត​ក្នុង​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ លោក​ព្រួយ​បារម្ភ​ពី​ស្ថានភាព​លំបាក​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​បដិសេធ​មិន​ទទួល​សំណង ដែល​ត្រូវ​បាន​អាជ្ញាធរ​មើល​រំលង​មិន​ផ្ដល់​សេវា​សាធារណៈ រួម​មាន​សាលា​គ្មាន​គ្រូបង្រៀន កុមារ​ប្រមាណ ៨០​នាក់​បោះបង់​ការ​សិក្សា គ្មាន​សេវា​សុខាភិបាល និង​គ្មាន​សេវា​ទូរស័ព្ទ៖ «ខ្ញុំ​សុំ​ប្ដេជ្ញា​ចិត្ត​ថា យើង​ខ្ញុំ​នឹង​ចាប់​ផ្ដើម​ចង​ជា​បាច់ ដើម្បី​ទាមទារ​អ្វី​ដែល​ម្ចាស់​ភូមិ​គាត់​ចង់​បាន គឺ​គាត់​មិន​ចាកចេញ។ បច្ចុប្បន្ន​យើង​មាន​បណ្ដាញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ យើង​ចាប់​ផ្ដើម​និយាយ​ពី​បញ្ហា។ បញ្ហា​មាន​ន័យ​ថា ភូមិ​នេះ​មាន​បញ្ហា​យើង​ចាប់​ផ្ដើម​និយាយ​ភាសា​ម៉េច​ដើម្បី​ជួយ​ទប់​ស្កាត់»

រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្កដា ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ក្បាលរមាស ឲ្យ​ដឹង​ថា ស្ថានភាព​ទឹកទន្លេ​ឡើង​ប្រមាណ ៣​តឹក ប្រៀបធៀប​កម្ពស់​ទឹក​ទន្លេ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។ ចំណែក​នៅ​ឃុំ​ស្រែគរ ឡើង​ជាង ៣​តឹក បើ​ធៀប​កម្ពស់​ទឹក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។

តំណាង​ពលរដ្ឋ​រស់​នៅ​ឃុំ​ក្បាលរមាស ដែល​បដិសេធ​មិន​ចាក​ចេញ​ពី​ភូមិ​កំណើត កញ្ញា ជឿន ស្រីមុំ ឲ្យ​ដឹង​ថា ការ​សែនព្រេន​ជា​ជំនឿ​របស់​ជនជាតិ​ដើម​ភាគតិច​ដើម្បី​សុំ​សេចក្ដី​សុខ និង​ដើម្បី​បួងសួង​សុំ​ឲ្យ​អ្នក​តា​ម្ចាស់​ទឹកដី​ជួយ​អភិរក្ស​ភូមិ​កំណើត ផ្ទះសម្បែង និង​ដី​ព្រៃ​ជំនឿ​ជាដើម​ដែល​កំពុង​ប្រឈម​នឹង​ការ​លិច​ទឹក។

កញ្ញា​ប្រកាស​ជំហរ​ថា នឹង​មិន​ចាកចេញ​ពី​ភូមិ​កំណើត និង​មិន​ចរចា​រឿង​សំណង​ជាមួយ​ក្រុមហ៊ុន​ដរាប​ណា​ទឹក​មិន​ទាន់​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ពួកគាត់​ទេ។ កញ្ញា​បញ្ជាក់​ថា ប្រសិនបើ​ទឹក​ពន្លិច​ភូមិ​ឋាន​នាំ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ ដី​ស្រែ និង​ធនធាន​ធម្មជាតិ​របស់​ពួកគាត់ ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ៖ «ខ្ញុំ​សុំ​ប្ដេជ្ញា​ចិត្ត​ថា យើង​ខ្ញុំ​នឹង​ចាប់​ផ្ដើម​ចង​ជា​បាច់ ដើម្បី​ទាមទារ​អ្វី​ដែល​ម្ចាស់​ភូមិ​គាត់​ចង់​បាន គឺ​គាត់​មិន​ចាកចេញ។ បច្ចុប្បន្ន​យើង​មាន​បណ្ដាញ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ យើង​ចាប់​ផ្ដើម​និយាយ​ពី​បញ្ហា។ បញ្ហា​មាន​ន័យ​ថា ភូមិ​នេះ​មាន​បញ្ហា​យើង​ចាប់​ផ្ដើម​និយាយ​ភាសា​ម៉េច​ដើម្បី​ជួយ​ទប់​ស្កាត់»

​អំឡុង​ពេល​ដែល​ក្រុមហ៊ុន​បិទ​ទ្វារ​ទំនប់​ទឹក​ចំនួន​ពីរ​ជា​ដំបូង​នេះ មាន​អ្នក​ភូមិ​ស្រែគរ ចំនួន ៤​គ្រួសារ​ថ្មី​ទៀត បាន​សម្រេច​ចិត្ត​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន។ ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ពី​ផល​ប៉ះពាល់​សុវត្ថិភាព និង​សុខភាព​ពលរដ្ឋ​ដែល​បន្ត​រស់​នៅ ប្រសិន​ទឹក​លិច​ផ្ទះសម្បែង ឬ​ភូមិ​នៅ​ពេល​ខាង​មុខ។

អគ្គលេខាធិការដ្ឋាន​សម្ពន្ធ​ជនជាតិ​ដើម​ភាគ​តិច លោក ឡូ រ៉ង់ ឲ្យ​ដឹង​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទាំង ៧​ខែត្រ​ក្រុង​កំពុង​ជជែក​ពិភាក្សា​រក​មធ្យោបាយ​ជួយ​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​នេះ តាម​រយៈ​ការ​រៃ​អង្គាស​ថវិកា​បញ្ជូន​មនុស្ស​ជួយ​កាប់​ឫស្សី​បណ្ដែត​ក្បូន និង​រៀបចំ​ពាក្យ​បណ្ដឹង​ផ្សេងៗ ប្រសិនបើ​លំនៅឋាន​ពួកគាត់​ត្រូវ​លិច។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ​ត្រៀមលក្ខណៈ​ជួយ​សង្គ្រោះ​ជនជាតិ​ដើម​ភាគតិច ជៀសវាង​ការ​បញ្ជូន​កម្លាំង​រារាំង​មិន​ឲ្យ​អង្គការ និង​ស្ថាប័ន​នានា មិន​ឲ្យ​ចុះ​មក​សួរសុខទុក្ខ និង​ជួយ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នេះ៖ «ផ្ទះ​ប្រាកដជា​លិច​ឆាប់ៗ ប្រសិនជា​ទឹក​កើន​ឡើង​ឆាប់​បែប​នេះ សម្រាប់​ពួក​យើង​នៅ​ល្ងាច​នេះ នឹង​កាប់​ឫស្សី​ផង និង​ជួយ​ធ្វើ​ជំរំ បោះតង់​ឲ្យ​គាត់​ផង។ នេះ​ជា​ជម្រើស និង​តម្រូវ​ការ​បន្ទាន់»

គិត​ត្រឹម​ថ្ងៃ​ទី​២៥ កក្កដា ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម​ពីរ នៅ​ខែត្រ​ស្ទឹងត្រែង បាន​បិទ​ទ្វារ​ទឹក​សាកល្បង ១២​ថ្ងៃ​ហើយ ដើម្បី​អនុវត្ត​គម្រោង​ផលិត​ថាមពល​អគ្គិសនី។ រហូត​មក​ទល់​ពេល​នេះ កម្ពស់​ទឹក​កើន​ឡើង ៦៨​ម៉ែត្រ​នៅ​ការដ្ឋាន​សាងសង់​វារីអគ្គិសនី និង​កើន​ឡើង ៦៩​ម៉ែត្រ​នៅ​ឃុំ​ស្រែគរ ធៀប​រយៈកម្ពស់​នីវ៉ូ​ទឹក​សមុទ្រ។ តំណាង​ក្រុមហ៊ុន​អះអាង​ថា ទឹកនឹង​ពន្លិច​ភូមិ​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ និង​ក្បាលរមាស ប្រសិនបើ​បិទ​ទ្វារ​ទឹក​ទាំង​ស្រុង។

តំណាង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ លោក អ៊ុំ រ៉េត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​បិទ​ទ្វារ​ទឹក​សាកល្បង​បាន ៨​ទ្វារ​ទឹក ហើយ​មន្ត្រី​បច្ចេកទេស​កំពុង​រង់ចាំ​មើល​អាកាសធាតុ ព្រោះ​បច្ចុប្បន្ន​ទឹក​ជំនន់​កំពុង​កើន​ឡើង​ពី​ខ្សែទឹក​ខាង​លើ។ លោក​ថា ក្រុមហ៊ុន​នឹង​ផ្អាក​បិទ​ទ្វារ​ទឹកជា​បណ្ដោះអាសន្ន ប្រសិន​ទឹកជំនន់​នៅតែ​បន្ត​កើន​ឡើង។

លោក​ថា ក្រុមហ៊ុន​នៅ​មិន​ទាន់​អាច​កំណត់​ពេល​ណា​ជាក់លាក់​ពី​គម្រោង​បិទ​ទ្វារ​ទឹក​ទាំង​ស្រុង​នោះ​ទេ ដោយសារ​មន្ត្រី​បច្ចេកទេស​កំពុង​សិក្សា​ពី​ស្ថានភាព​ទឹក និង​កត្តា​អាកាសធាតុ៖ «ចាំ​មើល​កម្ពស់​ទឹក អាកាសធាតុ​ដែល​ប្រែប្រួល​សិន ទឹក​ជំនន់​​សិន បើ​ស្រក​បាន​យើង​បិទ​ទៀត តែ​បើ​វា​នៅ​បន្ត​ឡើង​យើង​អត់​បិទ​ទៀត​ទេ»

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ថ្លែង​បញ្ជាក់​ថា អាជ្ញាធរ​មិន​ជំទាស់​ការ​ប្ដេជ្ញា​ជួយ​គ្នា​របស់​ជនជាតិ​ដើម​ភាគតិច​នោះ​ទេ បើ​ការ​ជួយ​នោះ​មិន​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ សង្គម និង​ប៉ះពាល់​ដល់​បរិយាកាស​នៃ​ការ​ខំ​ប្រឹងប្រែង​ដោះស្រាយ​ផល​ប៉ះពាល់​របស់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ដែល​កំពុង​ជួយ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​នៅ​តំបន់​នោះ។ លោក​អះអាង​ថា តំបន់​នោះ​ជា​តំបន់​គ្រោះថ្នាក់ ហើយ​អាជ្ញាធរ​បាន​បញ្ជូន​កម្លាំង​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ និង​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​មកពី​តំបន់​ផ្សេង​ចូល​នោះ​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព ខណៈ​ក្រុមហ៊ុន​កំពុង​ដំណើរ​ការ​បិទ​ទ្វារ​ទឹក។

លោក​អំពាវនាវ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​តំបន់​ផ្សេង កុំ​ចូល​ទៅ​ទីតាំង​ដែល​អាជ្ញាធរ​ហាមឃាត់ ដោយសារ​តំបន់​នោះ​ហានិភ័យ​ខ្ពស់ ដ្បិត​ក្រុម​ការងារ​ខែត្រ​កំពុង​អន្តរាគមន៍​ចាំ​សង្គ្រោះ​ពលរដ្ឋ​នៅ​តំបន់​នោះ៖ «មិន​មែន​មាន​ន័យ​ថា គាត់​ជួយ​គាត់​ប្រមូល​កម្លាំង​ធ្វើ​សកម្មភាព​ដង្ហែ​ក្បូន​ក្នុង​ហ្នឹង វា​កាន់​តែ​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​បរិយាកាស ការងារ​នៅ​កន្លែង​ហ្នឹង​មិន​ល្អ​ទេ សុំ​អំពាវនាវ​ឲ្យ​បងប្អូន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​តំបន់​ផ្សេង សុំ​កុំ​ចូល​ទៅ​ទីតាំង​តំបន់​ហ្នឹង​ទៀត ចូល​ទៅ​គឺ​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ច្រើន​ទៀត ដល់​ក្រុម​ការងារ​ដែល​កំពុង​អន្តរាគមន៍​ទៅ​នោះ»

ក្រុមហ៊ុន​បាន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ជិត​រួចរាល់​ហើយ នឹង​បើក​ឲ្យ​ដំណើរ​ការ​តួប៊ីន​ទី​មួយ​នៅ​ពេល​ឆាប់ៗ​នេះ ក៏ប៉ុន្តែ​ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ចំនួន ១២០​គ្រួសារ និង​ឃុំ​ក្បាលរមាស ចំនួន ៥៨​គ្រួសារ មិន​ទាន់​យល់​ព្រម​ទទួល​សំណង និង​មិន​ទាន់​ចាក​ចេញ​ពី​ភូមិ​ចាស់​ទៅ​តាំង​ទីលំនៅ​ថ្មី​នៅ​ឡើយ​ទេ៕


Viewing all articles
Browse latest Browse all 11174

Trending Articles