Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ខេត្ត​រតនគិរី​បង្ហាញ​ឯកសារ​លក់​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់

$
0
0

សមាជិក​សហគមន៍​ភូមិ​សមុទ្រក្រោម រក​ឃើញ​ឯកសារ​ទិញ​លក់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​លំផាត់ ខេត្ត​រតនគិរី ពាក់ព័ន្ធ​មន្ត្រី​ភូមិ និង​ប្រធាន​សហគមន៍ បាន​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​លក់​ឈើ​ក្នុង​ព្រៃ​នោះ​ទៅ​ឲ្យ​ឈ្មួញ។ ចំណែក​មន្ត្រី​ភូមិ​ទទួល​ស្គាល់​ថា ការ​លក់​ឈើ​ក្នុង​ព្រៃ គឺ​មាន​ការ​ព្រមព្រៀង​ពី​ពលរដ្ឋ​ក្នុង​ភូមិ​គ្រប់​គ្រួសារ។

ពលរដ្ឋ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន ស៊ើប​អង្កេត​បន្ទាន់​ទៅ​លើ​សកម្មភាព​ទិញ​លក់​ឈើ​មូល​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​មាន​តម្លៃ ១​ម៉ឺន ៥​ពាន់​ដុល្លារ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​រក​ឃើញ​ឯកសារ​ថត​ចម្លង​មួយ ដែល​ជា​កិច្ចសន្យា​រវាង​មេ​ភូមិ រួម​ជាមួយ​ប្រធាន​សហគមន៍​ភូមិ​សមុទ្រក្រោម ដែល​បាន​ផ្ដិត​មេដៃ​លក់​ដើមឈើ​នៅ​ចំណុច​ភ្នំ​អាត ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ទៅ​ឲ្យ​ឈ្មួញ​កាល​ពី​ចុង​ឆ្នាំ​២០១៦។

ពលរដ្ឋ​ភូមិ​សមុទ្រក្រោម លោក តូច ផល្លា បញ្ជាក់​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ថា ឯកសារ​នេះ​គឺ​ជា​ភស្តុតាង​បន្ថែម​ទៀត​ដែល​បញ្ជាក់​ថា ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម​បន្ទាប់​ពី​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ឈើ​មូល​នៅ​តំបន់​ភ្នំ​អាត ត្រូវ​គេ​អារ​រំលំ ហើយ​ឈ្មួញ​គឺ​ជា​អ្នក​ដឹក​ជញ្ជូន​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម។ លោក​ថា អ្នក​ភូមិ​នឹង​បង្ហាញ​ឯកសារ​នេះ​ជូន​មន្ត្រី​អយ្យការ ខណៈ​អ្នក​ភូមិ​នឹង​ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​បង្ហាញ​អង្គ​ហេតុ​ដែល​អ្នក​ភូមិ​បាន​ប្ដឹង​បរិហារ​អាជ្ញាធរ​មូលដ្ឋាន ថា​ជាប់​ពាក់ព័ន្ធ​រឿង​កាប់​រាន​ព្រៃ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់៖ «ចាប់​បាន​អា​ហ្នឹង​យក​មក បាន​គាត់​ទទួល​ស្គាល់​ថា​បាន​លក់ គេ​កាប់​ហ្នឹង​ពីរ​ភ្នំ ភ្នំ​អាត មួយ ភ្នំ​ម៉ាហាត មួយ​ទៀត»

ប្រជាពលរដ្ឋ​ភូមិ​សមុទ្រក្រោម ឲ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មករា ឆ្នាំ​២០១៧ ឈើ​មូល​នៅ​តំបន់​ភ្នំ​អាត និង​ភ្នំ​ម៉ាហាត ក្បែរ​គ្នា​នេះ​រាប់​ពាន់​ដើម ត្រូវ​គេ​អារ​រំលំ​កាត់​ចុង​កាត់​គល់ ហើយ​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម។ ប្រជាពលរដ្ឋ​ភូមិ​សមុទ្រក្រោម ដែល​បាន​ទៅ​ដល់​ទីតាំង​កាប់​ឈើ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា រហូត​បច្ចុប្បន្ន ឈើ​មូល​រាប់​រយ​ដើម​ដែល​គេ​កាប់​រួច ហើយ​បន្សល់​ចោល​នៅ​ភ្នំ​នោះ​នៅ​ឡើយ បន្ទាប់​ពី​សមត្ថកិច្ច​បាន​បង្ក្រាប​ទីតាំង​នោះ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី លោក ផុន ខេមរិន្ទ ជុំវិញ​ការ​អះអាង​របស់​អ្នក​ភូមិ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា។

ចំណែក​អនុប្រធាន​ភូមិ​សមុទ្រក្រោម លោក ប៊ុន ធានសឿន ទទួល​ស្គាល់​ថា លិខិត​ព្រមព្រៀង​លក់​ព្រៃឈើ​នៅ​តំបន់​ភ្នំ​អាត ថា​ជា​ការ​ឯកភាព​របស់​សមាជិក​សហគមន៍​ទាំងអស់។ លោក​ថា ប្រាក់​ដែល​បាន​ពី​ការ​លក់​ឈើ ៧​ពាន់​ដុល្លារ បាន​យក​ទៅ​សង់​សាលា​ប្រជុំ​ភូមិ ហើយ​ប្រាក់​នៅ​សល់​ចែក​សមាជិក​សហគមន៍​មួយ​គ្រួសារ​បាន​ជាង ១០​ម៉ឺន​រៀល៖ «ប្រជាពលរដ្ឋ​ព្រម​ទាំងអស់​គាត់ ព្រម​លក់​ព្រៃឈើ បាន​យើង​លក់​ទៅ បើ​គាត់​មិន​ព្រម គេ​មិន​ហ៊ាន​ទិញ​ដែរ។ ចែក​ម្នាក់ ១០​ម៉ឺន ក្រៅ​ពី​ធ្វើ​សាលា​ភូមិ ខ្ញុំ​ចែក​ប្រជាពលរដ្ឋ»

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឌិន ខុន្នី បញ្ជាក់​ថា សហគមន៍​ភូមិ​សមុទ្រក្រោម បាន​ប្រគល់​ឯកសារ​ទិញ​លក់​ឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ឲ្យ​សមាគម ដើម្បី​ទុក​ជា​វត្ថុ​តាង​តាម​ផ្លូវ​ច្បាប់។ លោក​ថា លិខិត​ព្រមព្រៀង​លក់​ឈើ​នេះ​ជា​វត្ថុ​តាង​សំខាន់​ទាក់ទិន​បទឧក្រិដ្ឋ​ព្រៃឈើ ហេតុ​នេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ស៊ើប​អង្កេត​រឿង​នេះ៖ «កាលណា​មាន​បុគ្គល​ណា​គាត់​កាប់​ក៏ដោយ គាត់​លក់​ក៏ដោយ អា​ហ្នឹង​ជា​សកម្មភាព​ខុស​ច្បាប់»

កិច្ចព្រមព្រៀង​ថត​ចម្លង​ចុះ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ដែល​អាស៊ីសេរី​ទទួល​បាន​ពី​សហគមន៍​ភូមិ​សមុទ្រក្រោម ឲ្យ​ដឹង​ថា តំណាង​អាជ្ញាធរ​ភូមិ​សមុទ្រក្រោម ពីរ​នាក់ គឺ​ប្រធាន​ភូមិ លោក ខាំ ផសាវាត និង​អនុប្រធាន​ភូមិ លោក ប៊ុន ធានសឿន រួម​ទាំង​គណៈកម្មការ​សហគមន៍​ភូមិ​សមុទ្រក្រោម លោក ថាន់ ម្ហើល និង​លោក ខាំ ម៉ាសាក បាន​ព្រមព្រៀង​លក់​ព្រៃឈើ​ចាប់​ពី​ជើង​ភ្នំ​អាត រហូត​កំពូល​ភ្នំ ទៅ​ឲ្យ​ឈ្មោះ ម្រិម ធើប ទាំង​ឈើ​អារ​រួច និង​ឈើ​មិន​ទាន់​អារ​រំលំ ហើយ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​មាន​សិទ្ធិ​ដឹក​ឈើ​ចេញ​ក្រៅ​ពី​អ្នក​ទិញ​នោះ​ទេ និង​ចាត់​កង​សន្តិសុខ​ចំនួន ៨​នាក់​យាម​ការពារ​នៅ​ទីតាំង​កាប់​ឈើ​នោះ​ទៀត​ផង។ ឈើ​ក្នុង​ព្រៃ​ដែល​លក់​មាន​តម្លៃ ១​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles