Quantcast
Viewing all articles
Browse latest Browse all 11174

ចិន​ចាត់​ទុក​វេទិកា​ជាមួយ​អាស៊ាន​ថា​មាន​សារសំខាន់​ចែក​រំលែក​ចំណេះ​ដឹង​ពី​ការ​អភិវឌ្ឍ

Image may be NSFW.
Clik here to view.

រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ចិន បាន​ងាក​មក​រក​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​ចាប់​ធ្វើ​ជា​ដៃគូ​សន្ទនា​លើ​វិស័យ​ផ្សេងៗ​ជាច្រើន ទាំង​ខាង​វប្បធម៌ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ​សង្គម​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ជាដើម។

ការ​ងាក​មក​រក​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ គឺ​រដ្ឋាភិបាល​ចិន ចាត់​ទុក​ថា ជា​ការ​បង្កើត​វេទិកា​អន្តរជាតិ​បើក​ទូលាយ​នៃ​យុទ្ធសាស្ត្រ​ខ្សែ​ក្រវាត់​មួយ និង​ផ្លូវ​មួយ សម្រាប់​ត្រួសត្រាយ​ផ្លូវ​អភិវឌ្ឍន៍​ថ្មី​ទៅ​កាន់​ពិភពលោក និង​បណ្ដា​ប្រទេស​អាស៊ាន។

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ នៃ​ប្រទេស​កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​អាស៊ាន-ចិន លើក​ទី​១១ ស្ដីពី​ការ​អភិវឌ្ឍ​សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ឯ​ខេត្ត​សៀមរាប ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​កក្កដា។

ប្រទេស​ចិន បាន​ចាត់​ទុក​ថា វេទិកា​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ ជាមួយ​ប្រទេស​ចិន ពេល​នេះ មាន​សារសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ចែក​រំលែក​ចំណេះដឹង​ស្ដីពី​ការ​អភិវឌ្ឍ ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​លើក​កម្ពស់​ទៅ​ដល់​ការ​បង្កើត​ការងារ​ថ្មីៗ នៃ​ដំណោះស្រាយ​យុទ្ធសាស្ត្រ​ឈ្នះៗ។

អនុរដ្ឋមន្ត្រី​ក្រុមប្រឹក្សា​រដ្ឋ​នៃ​ការិយាល័យ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​លោក ហុង ទៀនយុន (Hong Tianyun)។ លោក​ថ្លែង​នៅ​ក្នុង​ការ​បើក​វេទិកា​អាស៊ាន-ចិន លើក​ទី​១១ នៅ​ឯ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​កក្កដា ថា រដ្ឋាភិបាល​ចិន បាន​ដើរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ជាច្រើន​ឆ្នាំ​មក​ហើយ ទម្រាំ​បាន​ក្លាយ​ទៅ​ជា​ដៃគូ​សន្ទនា​ជាមួយ​គ្នា​នេះ។

លោក ហុង ទៀនយុន បញ្ជាក់​ទៀត​ថា វេទិកា​អាស៊ាន-ចិន ស្ដីពី​ការ​អភិវឌ្ឍ​សង្គម និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ពេល​នេះ គឺ​ជា​កម្លាំង​ថ្មី​មួយ​សម្រាប់​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់។

ក្រសួង​អភិវឌ្ឍន៍​ជនបទ ឲ្យ​ដឹង​ថា បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​បង្កើត​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​១០ រួម​នឹង​ប្រទេស​ចិន ក្នុង​ការ​ធ្វើ​សមាហរណកម្ម​រវាង​ទីក្រុង និង​ទី​ជនបទ​ដាច់ស្រយាល ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​បំណង​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​តាម​ជនបទ​ឲ្យ​សមរម្យ។

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក អ៊ុក រ៉ាប៊ុន ថ្លែង​ថា សព្វថ្ងៃ​នេះ​រដ្ឋាភិបាល​កំពុង​រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែល​សម្រេច​បាន​ជា​មធ្យម​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំ រីឯ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​សម្រេច​បាន ១% ជា​រៀង​រាល់​ឆ្នាំ​ក្នុង​រយៈពេល ១០​ឆ្នាំ​មក​ហើយ។

លោក អ៊ុក រ៉ាប៊ុន ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ដើម្បី​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល និង​កាត់​បន្ថយ​ការ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស តាម​រយៈ​ការ​ផ្ដល់​សេវា​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ទាប ការ​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​មុខ​ជំនាញ ព្រម​ទាំង​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជនបទ​ប្រសើរ​ឡើង ដូចជា​ការ​សង់​ផ្លូវ​ពី​ក្រួស​ក្រហម ឲ្យ​ទៅ​ជា​ផ្លូវ​ចាក់​បេតុង និង​កៅស៊ូ ជាដើម៖ «រាជ​រដ្ឋាភិបាល​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ដើម្បី​កែលំអ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​ជនបទ ព្រម​ទាំងកាត់​បន្ថយ​ចំណាក​ស្រុក ដើម្បី​ស្វែងរក​ការងារ​ធ្វើ»

លោក​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​នៃ​ការ​ផ្ដល់​ទឹក​ស្អាត គឺ​នៅ​ឆ្នាំ​២០១៨ នឹង​អាច​ផ្ដល់​ឲ្យ​ពលរដ្ឋ​ប្រមាណ ៦០% នៅ​ជនបទ​ទូទាំង​ប្រទេស​បាន​ប្រើប្រាស់ ការ​ទទួល​សេវា​ថែទាំ​សុខភាព និង​អនាម័យ ហើយ​នៅ​ឆ្នាំ​២០២៥ ខាង​មុខ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​នៅ​ទី​ជនបទ នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់ៗ​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles