មេធាវីដែលគណៈមេធាវីតម្រូវឲ្យការពារក្ដីឲ្យជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែលដំបូងឡើយបញ្ជាក់ជំហរថា ខ្លួនអាចនឹងដាក់ពាក្យពន្យារពេលចូលរួមសវនាការ ពេលនេះ លុបចោលគម្រោងនោះវិញ ដោយលើកហេតុផលថា រឿងក្ដីនេះពុំមានភាពស្មុគស្មាញឡើយ។ គណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី ឲ្យដឹងថា ថ្ងៃសវនាការដែលគ្រោងនឹងដំណើរការនៅថ្ងៃទី១ ខែមីនា ដ៏សំខាន់នេះ ពួកគេនឹងចូលរួមស្ដាប់ និងឃ្លាំមើលការជំនុំជម្រះនេះដែរ។
មេធាវីការពារក្ដីឲ្យជនជាប់ចោទក្នុងរឿងក្ដីឧក្រិដ្ឋជុំវិញឃាតកម្មលើលោកបណ្ឌិត កែម ឡី នៅពុំទាន់អាចប៉ាន់ស្មានទុកជាមុនបានថា មានសង្ឃឹមដោះបន្ទុកឲ្យកូនក្ដីរបស់ខ្លួនរួចផុតពីការចោទប្រកាន់នេះបានកម្រិតណានៅឡើយនោះទេ។
លោក យុង ផានិត ដែលគណៈមេធាវីតម្រូវឲ្យចូលខ្លួនការពារក្តីជនសង្ស័យឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ និយាយថា លោកសម្រេចចូលរួមការពារក្ដីដោយផ្ទាល់ទៅតាមដីកាជូនដំណឹងស្ដីពីថ្ងៃជំនុំជម្រះរបស់តុលាការក្រុងភ្នំពេញ ហើយ។ បើទោះជាបែបណា លោកនៅមិនទាន់ប្រាកដនៅឡើយទេ ថាតើក្នុងសំណុំរឿងនៃបទឧក្រិដ្ឋនេះ លោកមានលទ្ធភាពគ្រប់គ្រាន់ប៉ុណ្ណាក្នុងការដោះបន្ទុកប្រឆាំងបទចោទនេះទេ៖ «មកដល់ពេលនេះ គឺថ្ងៃទី១ហ្នឹង ខ្ញុំចូលរួមសវនាការ។ រឿងហ្នឹងខ្ញុំអត់អាចបរិយាយបាន អាហ្នឹងយើងអាចជួបគ្នាពេលសវនាការទៅ រួចអស់លោកដែលចូលរួមវាយតម្លៃនៅពេលយើងយើងសួរដេញដោល»។
គិតចាប់ពីថ្ងៃដែលតុលាការក្រុងភ្នំពេញ ជូនដំណឹងស្ដីពីការបិទបញ្ចប់ការស៊ើបសួរកាលពីខែធ្នូ ឆ្នាំ២០១៦ គឺមានជនសង្ស័យឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នេះតែម្នាក់ប៉ុណ្ណោះដែលត្រូវចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារព្រៃស។
អ្នកឃ្លាំមើលពីព្រឹត្តិការណ៍នយោបាយនៅកម្ពុជា មិនជឿលើការស៊ើបអង្កេតនេះ ថាអាចជាជនសង្ស័យឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ តែម្នាក់ឯងអាចធ្វើសកម្មភាពបាននោះទេ។
ក្រោយការបាញ់ប្រហារអ្នកវិភាគបញ្ហាសង្គម និងនយោបាយ អោយស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ គឺសមត្ថកិច្ចចាប់ខ្លួនបានជនជាប់ចោទក្នុងរឿងក្ដីឧក្រិដ្ឋនេះបានតែម្នាក់គឺឈ្មោះ អឿត អាង ហៅ ជួប សម្លាប់។ នៅថ្ងៃទី១ ខែមីនា តុលាការក្រុងភ្នំពេញ នឹងចាប់ដំណើរការជំនុំជម្រះបន្ទាប់ពីបើកការស៊ើបសួរទៅលើជនជាប់ចោទអស់ពេលប្រមាណ ៧ខែ។
ទាក់ទិននឹងបទចោទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតនេះ គឺមានលោក លាង សំណាត់ ជាចៅក្រមជំនុំជម្រះ និងលោក លី សុផាណា ជាតំណាងអយ្យការ។
លោក សៅ កុសល គណៈកម្មការកសាងចេតិយសម្រាប់សពលោកបណ្ឌិត កែម ឡី ធ្លាប់បញ្ជាក់ថា លោកនឹងចូលរួមស្ដាប់សវនាការនេះ។ ប៉ុន្តែលោកហាក់ពុំមានជំនឿថា នឹងផ្ដល់ភាពយុត្តិធម៌សម្រាប់សពលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារបានទេ៖ «យើងឃើញថា មហាជនមិនយល់ស្របថា ជួប សម្លាប់ ហ្នឹងជាឃាតកពិតទេ។ បើយើងវិភាគទៅតាមការទំនាក់ទំនងគ្នារវាងលោកបណ្ឌិត កែម ឡី ជាមួយ ជួប សម្លាប់ អត់មានសោះទីមួយ។ ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចយើងឃើញថា វាមិនអាចលោក ជួប សម្លាប់ មានលទ្ធភាពឲ្យលុយលោកបណ្ឌិតខ្ចី ឬមានលុយទិញកាំភ្លើងដើម្បីសម្លាប់កូនបំណុលទេ»។
ដោយឡែក សាច់ញាតិលោកបណ្ឌិត កែម ឡី និងភរិយា បានបោះបង់សិទ្ធិក្នុងនាមជាដើមបណ្ដឹង និងចូលរួមស្ដាប់សវនាការ ដោយសារតែពុំមានជំនឿលើការរកយុត្តិធម៌នេះ។ អ្នកស្រាវជ្រាវពីបញ្ហាសង្គមដ៏មានប្រជាប្រិយភាព ត្រូវឃាតកបាញ់សម្លាប់ ២ថ្ងៃក្រោយលោកវិភាគលើរបាយការណ៍ដ៏ស៊ីជម្រៅមួយរបស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) ដែលនិយាយពីអាណាចក្រជំនួញត្រកូល "ហ៊ុន"។
ទាក់ទងរឿងក្ដីដ៏រសើបនេះ អ្នកដែលហ៊ានរិះគន់ ឬចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី ឬបក្សកាន់អំណាចមានជាប់ទាក់ទិនសំណុំរឿងនេះ បើមិនត្រូវភៀសខ្លួនក៏ជាប់គុកដែរ។
សមាជិកព្រឹទ្ធសភា អ្នកស្រី ថាក់ ឡានី និងអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវរត់ចោលស្រុក ដោយឡែកអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយវ័យក្មេង គឺលោក គឹម សុខ ត្រូវជាប់ពន្ធនាគារដោយត្រូវលោក ហ៊ុន សែន ប្ដឹង៕