
ជនជាតិដើមភាគតិចកួយ រស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ភ័យព្រួយពីសុវត្ថិភាព ក្រោយពីរងការគំរាមសម្លាប់ពីជនល្មើស។ ការបារម្ភនេះ ធ្វើឡើងបន្ទាប់ពីគាត់បានលាតត្រដាងពីបទល្មើសព្រៃឈើ ដែលកើតមាននៅតំបន់ព្រៃសហគមន៍ និងដីព្រៃត្រៀមបម្រុងសម្បទានសង្គមកិច្ច ទៅប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរឲ្យចុះទប់ស្កាត់។
ជនជាតិដើមភាគតិចកួយ ឲ្យដឹងនៅថ្ងៃទី២៤ កក្កដា ថា បើទោះបីជារងការគំរាមសម្លាប់ពីឈ្មួញឈើក្តី ក៏គាត់នៅតែស្ម័គ្រចិត្តបំពេញកាតព្វកិច្ចជាពលរដ្ឋ រាយការណ៍ពីបទល្មើសព្រៃឈើទៅស្ថាប័នពាក់ព័ន្ធ ឲ្យចាត់វិធានការតាមផ្លូវច្បាប់ បំណងរួមចំណែកទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងកើតមានឡើងពេញបន្ទុកនៅមូលដ្ឋានពួកគាត់រស់នៅ។
ជនជាតិដើមភាគតិចកួយ រស់នៅឃុំសំអាង លោក អ៊ុក ម៉ៅ វ័យ ៥៣ឆ្នាំ ឲ្យដឹងថា ជនមិនស្គាល់មុខបានគំរាមសម្លាប់លោកតាមទូរស័ព្ទកាលពីយប់ថ្ងៃទី២២ កក្កដា បន្ទាប់ពីលោកបានផ្តល់ព័ត៌មានទៅប្រព័ន្ធផ្សព្វផ្សាយ និងអាជ្ញាធរកាលពីថ្ងៃទី២១ កក្កដា ទាក់ទិនគ្រឿងចក្រមួយគ្រឿង ឬអេស្កាវ៉ាទ័រ បានឈូសឆាយដីព្រៃកោងកាង ឋិតក្នុងបរិវេណដីត្រៀមបម្រុងសម្បទានសង្គមកិច្ចរបស់រដ្ឋបាលឃុំ ហើយក្រោយពីលោករាយការណ៍បញ្ហាបានមួយថ្ងៃ អាជ្ញាធរបានចុះឃាត់គ្រឿងចក្ររបស់ឈ្មួញ ក៏ប៉ុន្តែរហូតមកទល់ពេលនេះ សមត្ថកិច្ចពុំទាន់រកឃើញម្ចាស់គ្រឿងចក្រឲ្យមកទទួលខុសត្រូវផ្លូវច្បាប់នៅឡើយទេ។
លោករំឭកថា មេឃុំសំអាង លោក ញៀន ផុន និងប្រជាការពារភូមិឈ្មោះ ស៊ី គិ ក៏ធ្លាប់គំរាមប្រើហិង្សាលើលោកដែរកាលពីខែមីនា ឆ្នាំ២០១៧ ក្រោយពីលោកផ្តល់ដំណឹងទៅប្រព័ន្ធផ្សព្វផ្សាយពីភាពអសកម្មរបស់អាជ្ញាធរពាក់ព័ន្ធ ដែលធ្វើមិនដឹងមិនឮរឿងបទល្មើសព្រៃឈើ៖ «គេតេមកគេសួរថា បងឯងឈ្មោះ ម៉ៅ? ការងារអីបានបងឯងផ្តល់ព័ត៌មានទៅអាស៊ីសេរី និងផ្តល់ព័ត៌មានទៅមេព្រៃទៅចាប់គ្រឿងចក្ររបស់គេ? អត់ខ្លាចគេខឹងទេអី? ខ្ញុំថារឿងខ្ញុំផ្តល់ព័ត៌មាន ខ្ញុំចេះតែផ្តល់ហើយ តែរឿងចាប់ជារឿងរបស់គេ។ គេថាអញស្គាល់ផ្ទះអ្ហែងហើយ អ្ហែងថ្ងៃណាមួយគង់ក្បាលធ្លាក់ពីលើស្មា»។
លោក អ៊ុក ម៉ៅ ពុំមានជំនឿថា អាជ្ញាធរនឹងស៊ើបអង្កេតរកមុខអ្នកគំរាមសម្លាប់លោកឲ្យមកទទួលខុសត្រូវផ្លូវច្បាប់ទេ ព្រោះអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋាន ច្រើនតែមើលរំលងរឿងកាប់ទន្ទ្រានដីព្រៃរានយកដីជាកម្មសិទ្ធិឯកជន និងធ្វើអាជីវកម្មអស់រាប់ពាន់ហិកតារ ហើយអ្នកពាក់ព័ន្ធកាប់រានដីព្រៃទាំងនោះ អាជ្ញាធរជំនាញហាក់មិនបានស៊ើបអង្កេតឲ្យមកទទួលខុសត្រូវផ្លូវច្បាប់ទេ បែរជាទម្លាក់ការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក និងធ្វើទុក្ខបុកម្នេញអ្នកការពារបរិស្ថានទៅវិញ។ លោកបន្ថែមថា លោកកំពុងរៀបចំពាក្យប្ដឹងរឿងនេះទៅសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីអង្គការសង្គមស៊ីវិល។
ឆ្លើយតបរឿងនេះ ប្រធានរដ្ឋបាលសាលាស្រុកថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មានប្រសាសន៍ថា អាជ្ញាធរស្រុកពុំទាន់ទទួលព័ត៌មានពីការគំរាមសម្លាប់នោះទេ។ តែយ៉ាងណា លោកថាជនរងគ្រោះអាចដាក់ពាក្យប្ដឹងមកអាជ្ញាធរស្រុក តាមរយៈអាជ្ញាធរភូមិ-ឃុំ ដើម្បីឲ្យអាជ្ញាធរចុះទៅស៊ើបអង្កេត។ លោកបញ្ជាក់ថា បើអាជ្ញាធររកឃើញថាមានការគំរាមអាយុជីវិតពលរដ្ឋមែននោះ អ្នកគំរាមនឹងត្រូវមានទោស។ លោកបន្ថែមថា អាជ្ញាធរស្រុកនឹងផ្តល់ការគាំទ្រជូនពលរដ្ឋ ក្នុងការផ្តល់ព័ត៌មាននានាពីស្ថានភាពបទល្មើសព្រៃឈើគ្រប់រូបភាព៖ «ប្រសិនពលរដ្ឋចូលរួមសហការ និងផ្តល់ព័ត៌មានមកយើងជាការប្រសើរហើយ សម្រាប់ស្រុកសហការជាមួយគាត់ជានិច្ច សម្រាប់ព័ត៌មានទាំងអស់ដែលពលរដ្ឋរាយការណ៍មក»។
អ្នកគ្រប់គ្រងការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា អាជ្ញាធររដ្ឋាភិបាលត្រូវផ្តល់កិច្ចការពារសុវត្ថិភាពពលរដ្ឋដែលហ៊ានរាយការណ៍ពីបទល្មើសព្រៃឈើ ដើម្បីជាគំរូដល់ពលរដ្ឋផ្សេងទៀត។ លោកមានជំនឿថា សមត្ថកិច្ចពាក់ព័ន្ធអាចមានលទ្ធភាពស្រាវជ្រាវរកមុខជនល្មើសដែលគំរាមនោះ និងកំណត់មុខសញ្ញាជនល្មើសយកមកអនុវត្តតាមច្បាប់។ លោកជឿថា កិច្ចគាំពារព្រៃឈើឲ្យមានប្រសិទ្ធភាព ទាល់តែមានការចូលរួមពីពលរដ្ឋជាភ្នែកច្រមុះ រាយការណ៍ពីបទល្មើសព្រៃឈើដែលកើតឡើងនៅមូលដ្ឋានពួកគាត់រស់នៅ៖ «ខ្ញុំគិតថា រដ្ឋាភិបាល និងអាជ្ញាធរគួរតែជំរុញលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមកិច្ចការពារព្រៃឈើ បើសិនគាត់ជួបការគំរាមកំហែង អាជ្ញាធរត្រូវចាត់វិធានការការពារសុវត្ថិភាពពួកគាត់»។
ច្បាប់ព្រហ្មទណ្ឌមាត្រា២៣៣ ចែងថា ការគំរាមកំហែង និងសម្លាប់សម្ដែងចេញតាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្ដន្ទាទោសពី ៦ខែទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល ឲ្យដឹងថា សមាគមអាដហុក ត្រៀមផ្តល់ប្រឹក្សាផ្នែកច្បាប់ដល់ជនជាតិដើមភាគតិច និងអន្តរាគមន៍ទៅតុលាការ និងអាជ្ញាធរពីការគំរាមកំហែងនេះ។ លោកថា បញ្ហានេះប្រសិនបើមានការស្នើសុំពីជនរងគ្រោះឲ្យជួយអន្តរាគមន៍ផ្នែកច្បាប់ សមាគមអាដហុក នឹងស្នើសុំមេធាវីពីទីស្នាក់ការកណ្ដាល៖ «ខ្ញុំគិតថា រឿងនេះមិនពិបាកស៊ើបអង្កេតរកអ្នកម្ចាស់លេងហ្នឹងទេ បើសិនជាគេមានចេតនាចង់រកខុសរកត្រូវឲ្យគាត់ចឹង ហើយណាមួយរឿងករណីគាត់មានការគំរាមកំហែងពីរទៅបីដងរួចមកហើយដែរ ក្នុងការការពារព្រៃឈើរបស់គាត់»។
រដ្ឋធម្មនុញ្ញមាត្រា៣៥ ចែងថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕