Quantcast
Viewing all articles
Browse latest Browse all 11174

ក្រសួង​មហាផ្ទៃ​បញ្ចប់​ការ​ស៊ើប​អង្កេត​អ្នក​ពាក់ព័ន្ធ​ជាមួយ​ទណ្ឌិត​ប្រព្រឹត្ត​បទល្មើស​ក្នុង​គុក​ខេត្ត​ព្រៃវែង

Image may be NSFW.
Clik here to view.

មន្ត្រី​ជំនាញ​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​មន្ត្រី​ពន្ធនាគារ​ដែល​ពាក់ព័ន្ធ​ជាមួយ​ទណ្ឌិត​ជា​ចោរ​ប្លន់​ម្នាក់ ប្រព្រឹត្ត​បទល្មើស​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង រួច​ហើយ។ ទោះ​យ៉ាង​ណា ការ​ស៊ើប​អង្កេត​នោះ​នៅ​មិន​ទាន់​ចេញ​ជា​លទ្ធផល​ផ្លូវការ​នៅ​ឡើយ។

លទ្ធផល​ស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ពាក់ព័ន្ធ​នឹង​ការ​អនុញ្ញាត​ឲ្យ​ទណ្ឌិត​ជា​ចោរ​ប្លន់​មួយ​រូប ប្រើប្រាស់​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ ធ្វើ​សកម្មភាព​ចេញ​មក​ក្រៅ​ប្រព្រឹត្ត​បទល្មើស​នោះ ប្រហែល​ជា​អាច​នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​កក្កដា។

អនុប្រធាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ជា​អ្នក​នាំ​ពាក្យ លោក នុត សាវនា មាន​ប្រសាសន៍​ថា ក្រុម​ជំនាញ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​សុក្រ ទី​២១ កក្កដា តែ​មិន​ទាន់​ចេញ​លទ្ធផល​ផ្លូវការ​បាន​នៅ​ឡើយ ដោយសារ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ អត់​មាន​មន្ត្រី​ធ្វើ​ការ ហើយ​ប្រធាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​កំពុង​ជាប់​រវល់​នៅ​ប្រទេស​អូស្ត្រាលី ដូច្នេះ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​កក្កដា ប្រហែល​ជា​នឹង​បូក​សរុប​លទ្ធផល​ស៊ើប​អង្កេត និង​ប្រកាស​ឲ្យ​ដឹង​តែ​ម្ដង។

ទោះ​យ៉ាង​ណា លោក នុត សាវនា ឲ្យ​ដឹង​ដែរ​ថា ក្នុង​ការ​ស៊ើប​អង្កេត​នោះ គឺ​ក្រុម​មន្ត្រី​ជំនាញ​បាន​ហៅ​អ្នក​ពាក់ព័ន្ធ​រួម​មាន មន្ត្រី​ពន្ធនាគារ និង​ជន​ជាប់​ឃុំ​ប្រហែល​ជា ៥ ទៅ ៦​នាក់ ដើម្បី​សាកសួរ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ពាក់ព័ន្ធ​ករណី​នេះ​ក្នុង​កម្រិត​ណា​នោះ​ទេ៖ «»

ការ​ចុះ​ស៊ើប​អង្កេត​នេះ បន្ទាប់​ពី​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន បាន​បង្ហោះ​តាម​ហ្វេសប៊ុក (facebook) ផ្លូវការ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ទាក់ទង​ទៅ​នឹង​អ្នក​ទោស​មួយ​រូប​ឈ្មោះ យ៉ែម ប្រុស នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដែល​បាន​ប្រើប្រាស់​កុំព្យូទ័រ​យួរ​ដៃ និង​ទូរស័ព្ទ​ដៃ​ទាក់ទង​ស្នេហា​ជាមួយ​ស្ត្រី​តាម​រយៈ​គណនី​ហ្វេសប៊ុក​ចំនួន​៥។ លោក អ៊ាវ ចំរើន សរសេរ​បន្ត​ថា ទណ្ឌិត យ៉ែម ប្រុស បាន​បោក​បញ្ឆោត​លួងលោម​ស្ត្រី​តាម​ហ្វេសប៊ុក​ឲ្យ​លង់​ស្នេហ៍ រហូត​បង្ហាញ​រូបភាព​អាក្រាត​ទៅ​វិញ​ទៅ​មក ហើយ​ជនល្មើស​រូប​នោះ​បាន​ថត​រូប​ទុក និង​បាន​គំរាម​ទារ​ប្រាក់​ចំនួន ៥​ពាន់​ដុល្លារ ជា​ថ្នូរ​មិន​បង្ហោះ​រូប​អាក្រាត​ជា​សាធារណៈ។

ទណ្ឌិត យ៉ែម ប្រុស បាន​សារភាព​ថា រូប​គេ​អាច​លេង​កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​បាន​នៅ​ក្រៅ​បន្ទប់​ឃុំឃាំង ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​លោក អ៊ុំ រ៉ាយឿង អនុប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង ដែល​កន្លង​ទៅ អ្នក​ទោស​រូប​នេះ​ធ្លាប់​ទិញ​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ឲ្យ​គាត់។ អ្នក​ទោស​រូប​នេះ​បាន​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​២០១០ នៅ​ខេត្ត​កំពត បន្ទាប់​មក​ត្រូវ​បាន​ផ្ទេរ​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រៃវែង វិញ ដោយ​អ្នក​ទោស​រូប​នេះ​ជាប់​ពន្ធនាគារ​សរុប​ចំនួន ១០​ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន ៨​ករណី ពោល​គឺ​ប្លន់ ៧​លើក​នៅ​ខេត្ត​កំពត និង​ប្លន់ ១​លើក​នៅ​ខេត្ត​តាកែវ។

លោក នុត សាវនា ឲ្យ​ដឹង​ដែរ​ថា ទណ្ឌិត​ជា​ចោរ​ប្លន់​រូប​នេះ ត្រូវ​បាន​ផ្ទេរ​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​ហើយ​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ដើម្បី​ងាយស្រួល​ស៊ើប​អង្កេត​លើ​ករណី​នេះ ព្រោះ​ថា​បើ​ទុក​ឲ្យ​នៅ​កន្លែង​ដដែល ខ្លាច​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃវែង បញ្ចុះបញ្ចូល​ឲ្យ​ផ្តល់​ចម្លើយ​ខុស​ពី​ការពិត។

រីឯ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រៃវែង លោក ជួប សារីម បាន​ថ្លែង​ថា លោក​មិន​អាច​រៀបរាប់​លម្អិត​បាន​ទេ ខណៈ​ដែល​មន្ត្រី​អគ្គនាយកដ្ឋាន​កំពុង​ចុះ​ស្រាវជ្រាវ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រសិន​បើ​ករណី​នេះ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ណា​ម្នាក់ ដែល​ឃុបឃិត​ឲ្យ​ទណ្ឌិត​ប្រើប្រាស់​ឧបករណ៍​ផ្សេងៗ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​នោះ គឺ​នឹង​អាច​មាន​ទោស​ដូច​គ្នា​ដែរ៖ «»

មាត្រា​២ នៅ​ក្នុង​ច្បាប់​ស្ដីពី​ពន្ធនាគារ​ឆ្នាំ​២០១២ ចែង​ថា ច្បាប់​នេះ​មាន​គោលដៅ​អប់រំ កែប្រែ និង​ស្ដារ​នីតិសម្បទា ដើម្បី​ធ្វើ​សមាហរណកម្ម​ជន​ជាប់​ឃុំ​ទៅ​ក្នុង​សង្គម​វិញ និង​ទប់ស្កាត់​បទល្មើស​សាជាថ្មី។

ទោះ​បី​ជា​ច្បាប់​ចែង​ដូច្នេះ​ក្តី ប៉ុន្តែ​ការ​គ្រប់គ្រង​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា តែងតែ​ត្រូវ​បាន​គេ​រិះគន់​ថា មាន​ភាព​រញ៉េរញ៉ៃ ដូចជា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ការ​ប្រើប្រាស់​គ្រឿង​ញៀន ការ​ជក់​បារី និង​ល្បែង​ស៊ី​សង ជាពិសេស​អតីត​អ្នក​ទោស​មួយ​ចំនួន​ធ្លាប់​លើក​ឡើង​ថា ពន្ធនាគារ​ស្រុក​ខ្មែរ​មិន​អាច​កែប្រែ​អ្នក​ទោស​ពី​អាក្រក់​មក​ល្អ​បាន​ទេ ជួនកាល​អ្នក​ទោស​ខ្លះ​កែ​ពី​លួច​ទៅ​ប្លន់ កែ​ពី​ជក់​គ្រឿង​ញៀន​ទៅ​ជួញដូរ​គ្រឿង​ញៀន ជាដើម។

ទោះ​យ៉ាង​ណា អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ តែងតែ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំងនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles