
ប្រជាពលរដ្ឋរស់នៅឃុំសេដា ស្រុកលំផាត់ ស្នើសុំឲ្យអាជ្ញាធរឃុំ និងស្រុក ជួយដោះស្រាយកង្វល់ជាច្រើនពាក់ព័ន្ធជីវភាពរស់នៅ និងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន ដើម្បីជួយឲ្យប្រជាពលរដ្ឋរស់នៅមានជីវភាពល្អប្រសើរ និងអភិវឌ្ឍមូលដ្ឋានបានរីកចម្រើន។
ពលរដ្ឋជនជាតិដើមភាគតិចជាង ១០០នាក់រស់នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ឯកភាពជាមួយអាជ្ញាធរមូលដ្ឋាន ថានឹងរួមគ្នាពង្រឹងភូមិឃុំលុបបំបាត់ភាពអសកម្មឲ្យបានប្រសើរជាងពេលបច្ចុប្បន្ន ដើម្បីអភិវឌ្ឍមូលដ្ឋានឲ្យបានកាន់តែរីកចម្រើន។
ការអះអាងនេះ ធ្វើឡើងនៅក្នុងវេទិកាសាធារណៈស្ដីពីការផ្សព្វផ្សាយ និងពិគ្រោះយោបល់រវាងក្រុមប្រឹក្សាស្រុកលំផាត់ ជាមួយពលរដ្ឋគ្រប់ភូមិក្នុងឃុំសេដា កាលពីថ្ងៃទី២០ កក្កដា នៅសាលាប្រជុំភូមិសមុទ្រក្រោម ខណៈដែលពលរដ្ឋ និងមន្ត្រីភូមិឃុំបង្ហាញកង្វល់ពាក់ព័ន្ធបញ្ហាអសកម្មដែលកំពុងកើតមាននៅតាមមូលដ្ឋាន។
ប្រជាពលរដ្ឋភូមិណងហៃ លោក សាយ សឿន កត់សម្គាល់ថា តម្លៃទីផ្សារលក់ចេញកសិផលរបស់កសិករកាន់តែធ្លាក់ចុះ ជាហេតុធ្វើឲ្យកសិករប្រឈមមុខខាតបង់ប្រាក់រៀងរាល់ឆ្នាំ។ លោកថា អាជ្ញាធរគួរយកចិត្តទុកដាក់ជួយអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធថ្នាក់ជាតិ ចាត់វិធានការជួយរកទីផ្សារធ្វើយ៉ាងណាពង្រឹងតម្លៃលក់កសិផលរបស់ពលរដ្ឋឲ្យមានស្ថិរភាពរវាងតម្លៃដើម និងតម្លៃលក់ចេញ ទើបកសិករជៀសផុតពីវិបត្តិខ្ចីប្រាក់ធនាគារមកពង្រឹងរបរកសិកម្មនេះ៖ «កសិផលរបស់បងប្អូនផលិតបានហើយ រកទីផ្សារអត់មានតម្លៃ។ ប្រជាជនភាគច្រើននិយាយថាមិនដឹងធ្វើយ៉ាងម៉េចទេ យើងធ្វើបានគ្រប់គ្នា ទីផ្សារលើឈ្មួញកណ្ដាល គេឲ្យតម្លៃប៉ុន្មាន បើយើងមិនលក់ មិនដឹងយកទៅលក់ឯណា»។
ចំណែកប្រធានភូមិកែងសាន់ លោក ញ៉ អង្គួន បង្ហាញថា គ្រូបង្រៀនក្នុងភូមិមិនបានមកបង្រៀនសិស្សតាមកាលវិភាគកំណត់នោះទេ។ គ្រូមួយចំនួនរវល់ធ្វើស្រែចម្ការផ្ទាល់ខ្លួន ធ្វើឲ្យសិស្សទៅសាលា ហើយគ្មានគ្រូមកបង្រៀន។ លោកកត់សម្គាល់ថា ដោយសារគ្រូអវត្តមានច្រើន ទើបគុណភាពសិក្សារបស់សិស្សមិនបានប្រសើរ៖ «គ្រូបង្រៀនមានឈ្មោះមែន តែអត់យកចិត្តទុកដាក់បង្រៀន មានសិស្សរៀនមួយរយពីររយនាក់ហើយ នាយកអត់បង្រៀនទេ ឲ្យកូនក្មេងកូនចៅរបស់គាត់រៀនថ្នាក់ទីពីរទីបី ចូលបង្រៀន។ ខ្ញុំលួចសួរក្មេងៗ ម៉េចកូនចៅអត់ចេះចំណាំទេ វាថាអត់ទេប៉ា គេសរសេរនៅលើក្ដារតែអត់ប្រាប់ឲ្យប្រកបទេ»។
ក្រៅពីនេះ អ្នកភូមិផ្សេងទៀតបានលើកឡើងពីបញ្ហាល្បែងស៊ីសង ក្មេងទំនើង បញ្ហាចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាព បញ្ហាផ្លូវធ្វើដំណើរ កង្វះមណ្ឌលសុខភាព និងគ្រូពេទ្យពិនិត្យសុខភាពពលរដ្ឋ និងការអភិរក្សវិស័យទេសចរណ៍សហគមន៍ ដែលអ្នកភូមិស្នើសុំឲ្យអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយជូនពលរដ្ឋ។
ឆ្លើយតបការស្នើសុំរបស់ពលរដ្ឋ អធិការរងនគរបាលស្រុកលំផាត់ លោក ដែន អូដែន ទទួលស្គាល់ថា ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិតជានៅមានចំណុចខ្វះខាត ដែលធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋ ក៏ប៉ុន្តែករណីទាំងអស់នេះបណ្ដាលមកពីការមិនទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានខ្លះ និងការមិនសហការពីប្រជាពលរដ្ឋ។ លោកថា ការកសាងភូមិឃុំមានសុវត្ថិភាពល្អប្រសើរបាន លុះត្រាមានការចូលរួមទាំងមន្ត្រីអាជ្ញាធរ និងពលរដ្ឋ ទើបការងារនេះសម្រេចបានលទ្ធផលល្អ៖ «មេភូមិ មេឃុំ និងប្រជាពលរដ្ឋ សុំឲ្យចូលរួម ប្រជាពលរដ្ឋក៏មានសិទ្ធិបង្ក្រាបដែរល្បែងស៊ីសង មានដូចគ្នា»។
ដូចគ្នានេះដែរ នាយកអនុវិទ្យាល័យ សមុទ្រ សេដា លោក យ៊ូសុស អាប់ឌុលការីម កត់សម្គាល់ថា នៅរដូវវស្សា ភាគច្រើនគ្រូ និងសិស្សអវត្តមានច្រើន ដោយសារគ្រូខ្លះត្រូវធ្វើស្រែចម្ការផ្ទាល់ខ្លួន រីឯសិស្សមួយចំនួនត្រូវជួយធ្វើស្រែចម្ការឪពុកម្ដាយ ទើបខកខានមិនមកបង្រៀន ឬសិស្សមិនមករៀន។ លោកទទួលស្គាល់ថា នេះជាបញ្ហាអសកម្មប៉ះពាល់ការសិក្សារបស់សិស្ស ក៏ប៉ុន្តែដំណោះស្រាយ គឺនៅពេលវិស្សមកាលខាងមុខនេះ សាលានឹងជំរុញឲ្យគ្រូ និងសិស្សមករៀនបំពេញកម្មវិធីសិក្សារបស់សិស្សឡើងវិញ៖ «មានគ្រូខ្លះអវត្តមានហួសហេតុពេកហ្នឹង ក៏ធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយដែរ។ យើងអាចឆ្លៀតរដូវធ្វើស្រែចម្ការ តែត្រូវឆ្លៀតមកបង្រៀនដែរ សុំឲ្យជួយគ្នាទៅវិញទៅមក»។
ចំណែកមេឃុំសេដា លោក អង្គ ប៊ុនធៀង ទទួលស្គាល់ថា កង្វះហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានដែលសម្រួលការធ្វើដំណើររបស់ពលរដ្ឋ ជាបញ្ហាសំខាន់ ក៏ប៉ុន្តែមូលនិធិអភិវឌ្ឍន៍ឃុំដែលថ្នាក់ជាតិបានផ្តល់ប្រចាំឆ្នាំ ក្រុមប្រឹក្សាឃុំបានដាក់ផែនការធ្វើផ្លូវនៅតំបន់អាទិភាពដែលប្រជាពលរដ្ឋប្រើប្រាស់ជាសំខាន់។ លោកថា បញ្ហាមណ្ឌលសុខភាព និងការរៀបចំចុះបញ្ជីដីសហគមន៍ គឺជាបញ្ហាអាទិភាពដែលក្រុមប្រឹក្សាឃុំដាក់បញ្ចូលក្នុងកម្មវិធីអភិវឌ្ឍន៍ឃុំ ដោះស្រាយនាអាណត្តិជាប់ឆ្នោតថ្មីនេះ៖ «ធ្វើភូមិនេះហើយ ធ្វើភូមិនោះទៀត។ សូមបងប្អូនអធ្យាស្រ័យផង បញ្ហាការអភិវឌ្ឍហ្នឹង តែលុយនៅធនាគារទេ លុយមូលនិធិឃុំហ្នឹងសុំយោគយល់»។
អាជ្ញាធរខេត្តរតនគិរី បានរៀបចំបង្កើតវេទិកាពិគ្រោះយោបល់រវាងមន្ត្រីមូលដ្ឋាន និងពលរដ្ឋ ប្រយោជន៍ស្វែងរកដំណោះស្រាយវិជ្ជមានឆ្លើយតបទៅនឹងកង្វល់ និងផលលំបាកដែលកើតមានចំពោះពលរដ្ឋនៅគ្រប់ឃុំ-សង្កាត់ ដែលជាផ្នែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានលទ្ធផលវិជ្ជមាន។
របាយការណ៍របស់អាជ្ញាធរឃុំសេដា ឲ្យដឹងថា ចាប់ពីដើមឆ្នាំ២០១៧ រហូតបច្ចុប្បន្ន ភាពអសកម្មដែលកើតមានក្នុងឃុំមាន ៣៨ករណី និងមានមនុស្សម្នាក់ស្លាប់ ក្នុងនោះអំពើហិង្សាក្នុងគ្រួសារមានបីករណី លួចក្របី ២ករណី លួចទ្រព្យសម្បត្តិមួយករណី និងបញ្ហាក្មេងទំនើង ៣០ករណី។
ទោះបីជាយ៉ាងណាក៏ដោយ អភិបាលស្រុកលំផាត់ លោក នូ ថេរ ថ្លែងថា អាជ្ញាធរត្រូវបំពេញតួនាទីជាអ្នកបម្រើរាស្ត្រឲ្យបានពេញលេញ ជាពិសេសអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ការពារសន្តិសុខសណ្ដាប់ធ្នាប់ និងរៀបចំការអភិវឌ្ឍនៅមូលដ្ឋានជូនប្រជាពលរដ្ឋ។ លោកអំពាវនាវឲ្យប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរ រួមគ្នាអភិវឌ្ឍមូលដ្ឋានរស់នៅរបស់ពលរដ្ឋបានកាន់តែរីកចម្រើន៕