Clik here to view.

ការចុះឈ្មោះបោះឆ្នោតជាតិ ឆ្នាំ២០១៨ ដែលគ្រោងរៀបចំចាប់ពីថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ គឺនៅសល់ពេលប្រមាណជាង ១ខែទៀតប៉ុណ្ណោះ នឹងត្រូវចាប់ផ្ដើមហើយ។ បញ្ហាពលករចំណាកស្រុកដែលប្រឈមនឹងបាត់សិទ្ធិចុះឈ្មោះបោះឆ្នោត បានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខាងមុខនេះ។
ច្បាប់បោះឆ្នោតថ្មី ដែលមិនអនុញ្ញាតអោយបង្កើតការិយាល័យនៅក្រៅប្រទេសដើម្បីឲ្យពលករចំណាកស្រុកអាចចុះឈ្មោះបាននេះ នៅតែជាបញ្ហាដែលខ្វែងគំនិតគ្នានៅឡើយរវាងអ្នកនយោបាយ និងស្ថាប័នជំនាញរៀបចំការបោះឆ្នោត។
ស្របពេលគណបក្សប្រឆាំងបញ្ជាក់ថា ដើម្បីអាចឲ្យមានភស្តុតាងខ្លះក្នុងការស្នើកែប្រែមាត្រាមួយចំនួននៃច្បាប់ស្ដីពីការបោះឆ្នោត សម្រាប់បើកផ្លូវឲ្យកម្មករចំណាកស្រុកនៅបរទេសអាចចុះឈ្មោះបោះឆ្នោតបាននោះ បញ្ហានេះត្រូវបានមន្ត្រីរៀបចំការបោះឆ្នោតយល់ឃើញថា ភារៈនេះគឺជាបន្ទុករបស់សមាជិកសភាទៅវិញទេ ដែលជាអ្នកផ្ដួចផ្ដើមរៀបចំធ្វើវិសោធនកម្មច្បាប់នេះ ហើយស្ថាប័ន គ.ជ.ប រង់ចាំតែអនុវត្តប៉ុណ្ណោះ។
យ៉ាងណាតំណាងរាស្ត្រមកពីគណបក្សប្រឆាំងគឺលោក សុន ឆ័យ ចាត់ទុកថា តាមពិតទៅកិច្ចការទាំងនេះ គឺជាការទទួលខុសត្រូវរបស់ស្ថាប័ន គ.ជ.ប ទៅវិញទេ។ មិនតែប៉ុណ្ណោះ ថ្វីបើនីតិវិធីចង្អុលបង្ហាញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពុំមានភារៈធ្វើសេចក្ដីស្នើដើម្បីដាក់ឲ្យកែប្រែច្បាប់ក៏ពិតមែន ស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះ អាចជូនដំណឹងមកសភាដោយបញ្ជាក់ហេតុផលសមរម្យ ដែលជាឧបសគ្គក្នុងការអនុវត្តច្បាប់នេះ ជាមូលហេតុអាចឲ្យរដ្ឋសភាធ្វើសេចក្ដីសម្រេចក្នុងការកែប្រែបាន៖ «យើងបានបញ្ជាក់ហើយថា គ.ជ.ប គ្មានសិទ្ធិស្នើធ្វើវិសោធនកម្មច្បាប់ទេ។ ប៉ុន្តែ គ.ជ.ប មានកាតព្វកិច្ចធ្វើរបាយការណ៍មករដ្ឋសភា ដើម្បីយើងយករបាយការណ៍ធ្វើជាមូលដ្ឋានក្នុងការរៀបចំស្នើច្បាប់»។
លោក សុន ឆ័យ បញ្ជាក់ជំហរថា សមាជិកសភាពីខាងគណបក្សប្រឆាំង នឹងរៀបចំសេចក្ដីស្នើច្បាប់ទៅរដ្ឋសភាក្នុងពេលឆាប់ៗនេះ បើទោះជាដឹងថា សេចក្ដីស្នើនេះប្រហែលជាត្រូវជួបឧបសគ្គ ឬអាចប្រឈមនឹងភាពតានតឹងខ្លះយ៉ាងណាក៏ដោយចុះ។
Image may be NSFW.
Clik here to view.
បញ្ជីឈ្មោះជាផ្លូវការរបស់ គ.ជ.ប សម្រាប់ការបោះឆ្នោតឃុំសង្កាត់កន្លងទៅនេះ បង្ហាញថា មានអ្នកចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មីមានជាង ៩លាននាក់។ ប៉ុន្តែចំនួនអ្នកដែលបានទៅបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧នេះ គឺមានតែជាង ៧លាននាក់ប៉ុណ្ណោះ។
អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្រ្វែល (COMFREL) លោក កន សាវាង្ស យល់ឃើញថា តាមពិតការកំណត់ទិសដៅនៃការអនុវត្តច្បាប់ស្ដីពីការបោះឆ្នោតនេះ គឺជាដែនសមត្ថកិច្ចរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត។ លើសពីនេះទៅទៀត វាងាយស្រួលទេ ប្រសិនបើពិនិត្យឃើញថា ច្បាប់ស្ដីពីការបោះឆ្នោតនេះ នៅមានភាពចន្លោះប្រហោងសម្រាប់ពលករចំណាកស្រុកពិតមែន ស្ថាប័ន គ.ជ.ប ត្រូវរៀបចំរបាយការណ៍បញ្ជូនទៅរដ្ឋសភា ដើម្បីពិនិត្យពីសម្បទាផ្លូវច្បាប់ឲ្យបានគ្រប់គ្រាន់ដើម្បីប្រាកដថាពលករចំណាកស្រុកអាចមានសិទ្ធិចុះឈ្មោះឆ្នោតបាន ឬមិនបាន៖ «ទោះបីច្បាប់គេមិននិយាយបែបហ្នឹងមែន ប៉ុន្តែសំខាន់ជាងគេបញ្ហាផ្លូវដើររបស់ គ.ជ.ប។ទោះបី គ.ជ.ប មិនមានការស្នើសុំ ប៉ុន្តែ គ.ជ.ប អាចមានសិទ្ធិក្នុងការសរសេររបាយការណ៍អំពីបញ្ហាទុក្ខលំបាករបស់ខ្លួន»។
របាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) បង្ហាញថា សព្វថ្ងៃនេះមានពលករចំណាកស្រុកដែលកំពុងបម្រើការនៅបរទេសសរុបជិត ២លាននាក់ (១,៨លាន)។ ពួកគេភាគច្រើនបានបាត់បង់សិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោត ដូចពលរដ្ឋដែលពុំទាន់គ្រប់អាយុ និងអ្នកដែលជួបភាពស្មុគស្មាញផ្នែកច្បាប់ ហើយពុំអាចបោះឆ្នោតបានដែរ។
បើទោះជាបែបណា អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បដិសេធថា បើច្បាប់ពុំមានបញ្ញត្តិអំពីសិទ្ធិពលករចំណាកស្រុកអាចចុះឈ្មោះបានទេ ស្ថាប័នជាតិរៀបចំការបោះឆ្នោត មិនអាចអនុវត្តលើសពីដែនកំណត់បានឡើយ។ លោកបន្តថា តាមពិតបញ្ហានេះ គឺជាបន្ទុករបស់សមាជិកសភា ប្រសិនបើយល់ឃើញថា ត្រូវការជាចាំបាច់បើកផ្លូវឲ្យពលករចំណាកស្រុកអាចចុះឈ្មោះបោះឆ្នោតបានដូចពលរដ្ឋដទៃ រដ្ឋសភាត្រូវកែប្រែច្បាប់បោះឆ្នោតជាមុនសិន៖ «មិនត្រូវស្នើមក គ.ជ.ប ទេ គ.ជ.ប ចាំតែអនុវត្តតើ! ជាសមាជិកសភាហើយគឺស្នើរបៀបម៉េចទៅខាងរដ្ឋសភាដើម្បីឲ្យសភាទៅនោះ គ.ជ.ប ធ្វើតាមហើយ»។
ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាត្រា១០ ចែងថា ការជ្រើសរើសចាប់ពីប្រធានរហូតដល់សមាជិក និងការបណ្ដេញចេញចាប់ពីប្រធានរហូតដល់សមាជិករបស់ គ.ជ.ប គឺជាសមត្ថកិច្ចរបស់រដ្ឋសភា។ ស្ថាប័នជាតិរៀបចំការបោះឆ្នោត ត្រូវមានកាតព្វកិច្ចដោយចៀសពុំបានគឺត្រូវធ្វើរបាយការណ៍ជូនទៅរដ្ឋសភា។
ជុំវិញគំនិតផ្ដើមចង់កែប្រែច្បាប់បោះឆ្នោតនេះ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ហាក់មានការអល់អែកចំពោះបញ្ហានេះនៅឡើយ។ ប៉ុន្តែលោកបញ្ជាក់ថា ជាគោលការណ៍ប្រសិនបើពិនិត្យឃើញមានមន្ទិលសៅហ្មងចំណុចណាមួយ បក្សនយោបាយអាចធ្វើសេចក្ដីស្នើច្បាប់ទៅតាមបែបបទ និងនីតិវិធីដែលមានស្រាប់៖ «អត់ទាន់សម្រេចយ៉ាងណាទេ គ្រាន់តែឮប៉ុណ្ណឹងយើងអត់ទាន់អាចសម្រេចកើតទេ។ រង់ចាំហត្ថលេខីរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្វើតាមនីតិវិធី ទើបគណៈកម្មការអចិន្ត្រៃយ៍សភាជាអ្នកសម្រេច»។
អង្គការមិនមែនរដ្ឋាភិបាល ធ្វើកិច្ចការលើការបោះឆ្នោតរិះគន់ថា កន្លងទៅមានច្បាប់មិនតិចទេដែលមិននាំឲ្យចំណេញដល់ប្រយោជន៍សាធារណៈ ហើយបម្រើឲ្យភាគីតែម្ខាង រដ្ឋសភាតែងតាក់តែង និងអនុម័តបានយ៉ាងឆាប់រហ័ស ដោយមិនរង់ចាំការពិគ្រោះយោបល់ និងជជែកដេញដោលឲ្យបានស៊ីជម្រៅឡើយ៕