Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង​ដាក់​ញត្តិ​ទៅ​សាលា​ក្រុង​ឲ្យ​ដោះស្រាយ​បញ្ហា​ផ្ទះ​សម្បែង

Image may be NSFW.
Clik here to view.

ប្រជាពលរដ្ឋ​សហគមន៍​ផ្លូវ​ដែក​ដែល​រស់នៅ​សងខាង​ផ្លូវ​រថភ្លើង​ក្នុង​រាជធានី​ភ្នំពេញ ប្រមាណ ៦០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​វត្ត​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ នៅ​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា។ ការ​ជួបជុំ​នេះ ដោយ​ពួក​គាត់​មាន​បំណង​យក​ញត្តិ​ទៅ​ដាក់​សាលា​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី គឺ​លោក ឃួង ស្រេង បន្ត​យន្តការ​ដោះស្រាយ​តាម​ការ​សន្យា​របស់​អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស។

មន្ត្រី​មក​ពី​សាលា​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​តំណាង​ពលរដ្ឋ​សហគមន៍​រថភ្លើង​ចំនួន ៦​រូប ចេញ​ពី​កន្លែង​ជួបជុំ​គ្នា​ដើម្បី​ចូល​ដាក់​ញត្តិ​ដល់​សាលា​រាជធានី​ភ្នំពេញ។

ប្រធាន​សហគមន៍​ទួលសង្កែ​ប៊ី (B) ខណ្ឌ​ឫស្សីកែវ លោក ឡុង ចាន់ឌី ថ្លែង​ថា តំណាង​ពលរដ្ឋ​បាន​ដាក់​ញត្តិ​ជុំវិញ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ផ្ទះ​សម្បែង​ជូន​លោក មាន ចាន់យ៉ាដា ជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ។ ជា​លទ្ធផល លោក មាន ចាន់យ៉ាដា សន្យា​ថា​នឹង​សម្រួល​ពេលវេលា​ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ។

លោក​បន្ត​ថា ញត្តិ​នេះ​មាន​គោល​បំណង​ឲ្យ​អភិបាល​ថ្មី​ដែល​ទើប​កាន់​តំណែង លោក ឃួង ស្រេង បន្ត​យន្តការ​ដោះស្រាយ​តាម​ការ​សន្យា​របស់​អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែល​បាន​សន្យា​ជាមួយ​ពលរដ្ឋ​មុន​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់​ពី​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង និង​ពន្យល់​ពួក​គាត់​ពី​ភាព​មិន​ច្បាស់លាស់​ពី​ការ​ផ្ដល់​ដី​ជូន​ពលរដ្ឋ​មាន​ទំហំ ៤ គុណ ១៥​ម៉ែត្រ តែ​មិន​ទាន់​ដឹង​កន្លែង​ណា​ពិតប្រាកដ​នៅ​ឡើយ«កន្លែង​មក​ពុំ​ទាន់​មាន​ពន្លឺ​នៃ​ការ​ដោះស្រាយ។ ផ្លូវ​នេះ​សាលា​រាជធានី​ភ្នំពេញ ក៏ដូចជា​រាជ​រដ្ឋាភិបាល ដក​ផ្លូវ​ដែក​ចេញ​ជំនួស​វិញ​ដោយ​ផ្លូវ​បេតុង ដែល​មាន​ចម្ងាយ​ពី​គីឡូម៉ែត្រ​លេខ​៦ ដល់​ផ្លូវ​៧០ មក​ដល់​ពេល​នេះ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ»

ពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី កែវ បុប្ផា ថ្លែង​ថា មុន​ស្ថាបនា​ផ្លូវ គួរ​មាន​ការ​ប្រឹក្សា​យោបល់​ជាមួយ​ពលរដ្ឋ​ឲ្យ​ជាក់លាក់ និង​ផ្ដល់​ពន្លឺ​នៃ​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ។ ប៉ុន្តែ​លោកស្រី​បន្ត​ថា គោលការណ៍​ដោះស្រាយ​អភិវឌ្ឍ​នៅ​នឹង​កន្លែង គឺ​ជា​ជម្រើស​ល្អ​បំផុត​ដែល​ពលរដ្ឋ​គាំទ្រ«រាជធានី​ចាស់ (អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស) គាត់​បាន​និយាយ​ថា គាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​រង​ទឹក​ភ្នែក​ទេ សូម្បី​តែ​សិស្ស​ក៏​មិន​ឲ្យ​ដូរ​សាលា​ដែរ នេះ គឺ​ជា​សម្ដី​ពេជ្រ។ ខ្ញុំ​គាំទ្រ ក្រែងលោ​អភិបាល​ថ្មី​គាត់​អត់​ដឹង​ការ​សន្យា​ជាមួយ​ពលរដ្ឋ។ ពេញ​ចិត្ត​តម្រូវការ​របស់​ពលរដ្ឋ គឺ​ចង់​បាន​អ៊ីចឹង»

ឆ្លើយតប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី មាន​ប្រសាសន៍​ថា ជា​យន្តការ​ការងារ ពុំ​មាន​អ្វី​ផ្លាស់ប្ដូរ​នោះ​ទេ។ លោក​ថា សាលា​រាជធានី​នៅ​តែ​បន្ត​ផែនការ​នេះ​ក្នុង​គោលការណ៍​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ជាមួយ​នឹង​ការ​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ និង​ផ្ដល់​ជូន​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ផ្ទះ​សម្បែង​ជូន​ពលរដ្ឋ។ ចំណែក​បញ្ហា​ផ្ដល់​ជូន​ដី​ទំហំ​ប៉ុន្មានៗ​នោះ គឺ​ពុំ​ទាន់​មាន​សម្រេច​ចេញ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ ក្រុម​ការងារ​ត្រូវ​ប្រើ​ពេល​សិក្សា​បន្ត។ ការ​ផ្ដល់​ដី​នេះ​ទៀតសោត គឺ​ស្ថិត​នៅ​ក្នុង​គោលការណ៍​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ដដែល«ជា​ជំហាន នៅ​សិក្សា អត់​ទាន់​មាន​អី​ឲ្យ​បង​ប្អូន​ជ្រាប​ជា​ព័ត៌មាន ព្រោះ​យើង​កំពុង​តែ​គិតគូរ​នៅ​ឡើយ ប៉ុន្តែ​ច្បាស់​ណាស់​គាត់​ត្រូវ​មាន​ភាព​កក់ក្ដៅ មាន​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង»

ការ​ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ផ្ទះ​ពី​ការ​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​តាំង​ពី​ជំនាន់​លោក ប៉ា សុជាតិវង្ស នៅ​ជា​អភិបាល​រាជធានី​ភ្នំពេញ​នេះ គឺ​គម្រោង​របស់​រដ្ឋាភិបាល អភិវឌ្ឍ​ផ្លូវ​បេតុង​ដើម្បី​រំដោះ​ចរាចរណ៍​ទំហំ ៣០​ម៉ែត្រ មាន​ចម្ងាយ​ពី​គីឡូម៉ែត្រ​លេខ​៦ ដល់​ផ្លូវ​៧០ ដែល​មាន​ប្រវែង ១៥​ម៉ែត្រ​ម្ខាង​ពី​អក្សរ​ផ្លូវ។

សហគមន៍​ឲ្យ​ដឹង​ថា ជា​បឋម ការ​អភិវឌ្ឍ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ក្បាល​ដី និង​ខ្នង​ផ្ទះ​របស់​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ជាង ១​ពាន់​ខ្នង​ផ្ទះ (.១៤៩​ផ្ទះ)។ ពលរដ្ឋ​ដែល​អស់​ផ្ទះ​ទាំងស្រុង​ពី​ការ​ពង្រីក​ផ្លូវ​មាន​ចំនួន ៣៤៣​គ្រួសារ និង​ពលរដ្ឋ​ដែល​សល់​ផ្ទះ​ក្រោម ៥​ម៉ែត្រ គឺ​មាន ១០០​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles