Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ប្រធាន​សម្ព័ន្ធ​សហជីព​ស្នើ​តុលាការ​ខេត្ត​កំពង់ចាម​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់

$
0
0

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា នៅ​រោងចក្រ មេតថេក ខេមបូឌា (Medtec Cambodia) នៅ​ខេត្ត​កំពង់ចាម ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​លើ​ពួក​គាត់ ពីព្រោះ​អ្វី​ដែល​ពួក​គេ​ធ្វើ គឺ​ដើម្បី​ផល​ប្រយោជន៍​របស់​កម្មករ​ប៉ុណ្ណោះ។ ការ​ស្នើ​ជា​ថ្មី​ទៀត​នេះ ក្រោយ​ពេល​ប្រធាន​សហជីព​ម្នាក់​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៩ កក្កដា ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ប្រើប្រាស់​មធ្យោបាយ​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣។

ក្រោយ​ពេល​ចូល​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត​កំពង់ចាម ស្រប​តាម​ដីកា​កោះ​ហៅ​របស់​ចៅក្រម​ស៊ើបសួរ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា នៅ​រោងចក្រ មេតថេក ខេមបូឌា (Medtec Cambodia) បញ្ជាក់​ថា តុលាការ​មិន​បាន​ឃុំ​ខ្លួន​លោក​ទេ ពោល​គឺ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។ បន្ថែម​ពី​នេះ លោក ចន ធាង ត្រូវ​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រៀង​រាល់​មួយ​ខែ​ម្តង​នៅ​សប្ដាហ៍​ទី​៤។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា នៅ​រោងចក្រ មេតថេក ខេមបូឌា រូប​នេះ​មាន​ប្រសាសន៍​ថា លោក​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងឡាយ​មក​លើ​រូប​គាត់ ពីព្រោះ​លោក​មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទ​ប្រកាន់​ទេ៖ «សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ជៀសវាង​ការ​ចោទ​ប្រកាន់​អី​មួយ​មក​ដល់​ថ្នាក់​ដឹកនាំ​សហជីព ដែល​ជា​អ្នក​ការពារ​ផល​ប្រយោជន៍​ជូន​កម្មករ»

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពង់ចាម លោក ប៉ុក សុវណ្ណមុនី្ន បាន​ចេញ​ដីកា​មួយ​តម្រូវ​ឲ្យ​លោក ចន ធាង ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៩ កក្កដា ជុំវិញ​បទ​ចោទ​ប្រកាន់​ថា បាន​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ប្រើប្រាស់​មធ្យោបាយ​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ លោក ប៉ុក សុវណ្ណមុនី្ន បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ កក្កដា។

ពលរដ្ឋ​ម្នាក់​ដែល​បាន​តាមដាន​ការ​ចូល​ឆ្លើយ​បំភ្លឺ​របស់​លោក ចន ធាង គឺ​លោក រិន រដ្ឋ លើក​ឡើង​ថា សកម្មភាព​លោក ចន ធាង ធ្វើ​កាល​ពី​ឆ្នាំ​២០១៣ គឺ​ដើម្បី​ផល​ប្រយោជន៍​ជូន​កម្មករ​សុទ្ធសាធ។ លោក​កាន់​តែ​ត្រេកអរ​ប្រសិន​បើ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​ប្រធាន​សហជីព​រូប​នេះ៖ «ខ្ញុំ​សូម​អំពាវនាវ​ដល់​តុលាការ​នៅ​កំពង់ចាម ហ្នឹង មេត្តា​លើកលែង​បទ​ចោទ​ចំពោះ​គាត់​ទៅ»

កាល​ពី​ចុង​ឆ្នាំ​២០១៣ កម្មករ​ស្ទើរ​ទូទាំង​ប្រទេស​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់ខែ​គោល​ចំនួន ១៦០​ដុល្លារ​ពី​រាជ​រដ្ឋាភិបាល ក្នុង​នោះ​កម្មករ​នៅ​រោងចក្រ មេតថេក ខេមបូឌា រាប់​រយ​នាក់ ក៏​បាន​ចូលរួម​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់ខែ​គោល​ទាំងនោះ​ដែរ។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍​ថា ដ្បិតតែ​តុលាការ​សម្រេច​មិន​ឃុំ​ខ្លួន​សហសេវិក​របស់​អ្នកស្រី​ក៏ដោយ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក ចន ធាង គឺ​វា​ធ្ងន់ធ្ងរ​ពេក​ដែល​មិន​អាច​ទទួល​យក​បាន។ បន្ថែម​ពី​នេះ គឺ​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ទៀត​ផង នៅ​ពេល​តុលាការ​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ និង​ចូល​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​រៀង​រាល់​ខែ។ ប្រធាន​សហជីព​រូប​នេះ​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល អាជ្ញាធរ និង​តុលាការ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​ពួក​គាត់​ដែល​បាន​បំពេញ​ការងារ​ជួយ​ដល់​កម្មករ​នោះ៖ «ខ្ញុំ​សង្ឃឹម​ថា តុលាការ​នឹង​លើកលែង​ការ​ចោទ​ប្រកាន់​ចំពោះ​គាត់ រួម​ទាំង​ពួក​ខ្ញុំ​អី​ហ្នឹង»

ចំណែក​មន្ត្រី​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី ស្វាគមន៍​ចំពោះ​ការ​សម្រេច​មិន​ឃុំ​ខ្លួន​ប្រធាន​សហជីព លោក ចន ធាង ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ចៅក្រម​ទម្លាក់​ការ​ចោទ​ប្រកាន់​ជុំវិញ​សំណុំ​រឿង​មួយ​នេះ។ លោក​កត់​សម្គាល់​ថា សកម្មភាព​របស់​សហជីព​ចូលរួម​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​កាល​ពី​ចុង​ឆ្នាំ​២០១៣ គឺ​ជា​សេចក្តី​ត្រូវការ​របស់​កម្មករ ម្យ៉ាង​ក្រុម​សហជីព​ពេល​នោះ​ក៏​បាន​ស្នើសុំ​ធ្វើ​កូដកម្ម​តាម​នីតិវិធី​ដែរ។ លោក​បញ្ជាក់​ថា ចៅក្រម​ស៊ើបសួរ​មាន​សិទ្ធិ​សម្រេច​ទម្លាក់​ការ​ចោទ​ប្រកាន់​នេះ​បាន ប្រសិន​បើ​គាត់​យល់​ថា​សំណុំ​រឿង​នេះ​មិន​មាន​បទល្មើស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles