
ពលរដ្ឋមានជម្លោះដីធ្លីនៅតំបន់បឹងកក់ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ជួបជុំគ្នាដាក់ញត្តិទៅសហភាពអឺរ៉ុប និងធនាគារពិភពលោក ដើម្បីស្នើឲ្យស្ថាប័នអន្តរជាតិទាំងពីរនេះតាមដានសវនាការអ្នកស្រី ទេព វន្នី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកក្កដា។
តំណាងសហគមន៍បឹងកក់ លោកស្រី បូវ សោភា ថ្លែងថា ពួកគេចង់ឲ្យស្ថាប័នអន្តរជាតិទាំងពីរនេះបានឃើញនីតិវិធីដែលតុលាការនឹងអនុវត្តចំពោះអ្នកស្រី ទេព វន្នី ដែលពួកគេចាត់ទុកថា ជាសកម្មជនហ៊ានបញ្ចេញមតិ និងតវ៉ាដើម្បីទាមទារសិទ្ធិរបស់ខ្លួនឯង៖ «ជារឿងលេងសើចមែនទែនដែលគេចោទអ្នកស្រី ទេព វន្នី ដឹកនាំហិង្សា ហើយបែរជាមានការប្រើអំពើហិង្សាទៅលើសំណាក់អាជ្ញាធររបួសដល់ទៅពីរនាក់ ហើយប្រុសៗហ្នឹងមាឌធំៗទៀត។ អ៊ីចឹង! វាផ្ទុយទៅនឹងអ្វីដែលយើងមើលឃើញកន្លងមក ឆាកអន្តរជាតិបានផ្តល់ពានរង្វាន់ដល់អ្នកស្រី ទេព វន្នី ថ្នាក់ពិភពលោក ដែលដឹកនាំការតស៊ូមតិ ការទាមទារដោយអហិង្សាបំផុត។ ចា៎! អ៊ីចឹងហើយបើគាត់កាន់តែធ្វើ វាកាន់តែផ្ទុយនឹងអ្វីដែលអន្តរជាតិកំពុងតែមើលថា គាត់កំពុងតែវិវឌ្ឍន៍ដល់ណាហើយផ្នែកសិទ្ធិមនុស្ស»។
តុលាការបានកាត់ទោសអ្នកស្រី ទេព វន្នី ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ ១៤លានរៀលពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសលើសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ ដែលប្រព្រឹត្តនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ កន្លងទៅ។
ការកាត់ទោសនេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកថា ជាការប្រព្រឹត្តផ្ទុយនឹងគោលការណ៍ច្បាប់ និងសិទ្ធិមនុស្ស។
តំណាងស្ថាប័នអន្តរជាតិទាំងពីរ បានទទួលយកញត្តិរបស់ពលរដ្ឋ តែមិនទាន់ផ្តល់ការឆ្លើយតបយ៉ាងណាទេនៅព្រឹកថ្ងៃទី១៩ ខែកក្កដា នេះ។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សង្កេតឃើញថា ករណីអ្នកស្រី ទេព វន្នី នេះគឺកើតចេញពីការតវ៉ាស្វែងរកដំណោះស្រាយដីធ្លី រហូតត្រូវបានគេចាត់ទុកថា អ្នកស្រីជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ។ លោកថា ទាំងអស់នេះអាចជាមូលហេតុដែលនាំឲ្យមានការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោក អំ សំអាត ស្នើឲ្យតុលាការពិចារណាឡើងវិញពាក់ព័ន្ធនឹងករណីអ្នកស្រី ទេព វន្នី ដើម្បីឈានដល់ការផ្តល់យុត្តិធម៌ជូនសកម្មជនដីធ្លីរូបនេះ៕