Clik here to view.

មគ្គុទ្ទេសក៍ទេសចរជនជាតិខ្មែរនិយាយភាសាបរទេសជាច្រើននាក់នៅខេត្តសៀមរាប ត្អូញត្អែរថា ពួកគេមិនសូវសម្បូរភ្ញៀវទេសចរដើម្បីនាំដើរកម្សាន្តតាមតំបន់អង្គរទេ ដោយសារតែបច្ចុប្បន្ន ក្រុមហ៊ុនទេសចរណ៍បរទេសខ្លះដែលមករកស៊ីនៅស្រុកខ្មែរ បាននាំទាំងមគ្គុទ្ទេសក៍ទេសចររបស់គេមកជាមួយផង។
ក្រុមមគ្គុទ្ទេសក៍ទេសចរជនជាតិខ្មែរ ចង់ឃើញរដ្ឋាភិបាលចេញវិធានការលុបបំបាត់មគ្គុទ្ទេសក៍ទេសចរបរទេសដែលមកដណ្ដើមការងារខ្មែរឲ្យអស់ដូចរដ្ឋាភិបាលថៃ ដែលបានប្រកាសមិនឲ្យមានមគ្គុទ្ទេសក៍ទេសចរបរទេសនៅក្នុងប្រទេសថៃ ដូច្នេះដែរ។
ក្រុមមគ្គុទ្ទេសក៍ទេសចរជនជាតិខ្មែរនិយាយភាសាបរទេសខ្លះនៅខេត្តសៀមរាប ទាមទារជាថ្មីទៀតឲ្យមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋាភិបាល លុបបំបាត់ចោលមគ្គុទ្ទេសក៍ទេសចរបរទេសដែលកំពុងតែមកដណ្ដើមនាំភ្ញៀវ ដើរកម្សាន្តនៅតាមរមណីយដ្ឋានអង្គរនាពេលបច្ចុប្បន្នឲ្យអស់។
មគ្គុទ្ទេសក៍ម្នាក់ក្នុងចំណោមអ្នកនិយាយភាសាកូរ៉េ គឺលោក សុខ វាសនា។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ថា បច្ចុប្បន្ននេះបើទោះបីជារដ្ឋាភិបាលអះអាងថា តួលេខភ្ញៀវទេសចរបរទេសកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ក៏អ្នកនិយាយភាសាកូរ៉េដូចរូបគាត់ មិនសូវសម្បូរភ្ញៀវទេសចរសម្រាប់នាំដើរកម្សាន្តនៅតំបន់អង្គរទេ។ មូលហេតុដែលមិនសូវសម្បូរភ្ញៀវ គឺដោយសារតែក្រុមហ៊ុនកូរ៉េខ្លះដែលមករកស៊ីនៅខេត្តសៀមរាប មានក្រុមមគ្គុទ្ទេសក៍របស់គេសម្រាប់ជូនភ្ញៀវដើរកម្សាន្ត។
លោក សុខ វាសនា យល់ថា បញ្ហាដែលក្រុមហ៊ុនទេសចរណ៍កូរ៉េប្រើមគ្គុទ្ទេសក៍ជនជាតិរបស់គេក្រោមរូបភាពជាអ្នកបកប្រែភាសានោះ ធ្វើឲ្យមគ្គុទ្ទេសក៍ខ្មែរនិយាយភាសាកូរ៉េជាច្រើនគ្មានការងារ ហើយម្យ៉ាងទៀត មគ្គុទ្ទេសក៍ទាំងនោះមិនយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែរទេ ជាហេតុធ្វើឲ្យមានការបារម្ភអំពីការប៉ះពាល់យ៉ាងខ្លាំងទៅលើវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រពិតរបស់ខ្មែរ៖ «មគ្គុទ្ទេសក៍ទេសចរជាតិ ពេលខ្លះអត់មានការងារទាល់តែសោះ ហើយជនបរទេសអនុញ្ញាតឲ្យចូលមកនាំភ្ញៀវទេសចរ មកនិយាយអំពីប្រវត្តិសាស្ត្រខ្មែរ។ ការមកដណ្ដើមការងារមគ្គុទ្ទេសក៍ជាតិ គឺជះឥទ្ធិពលច្រើនយ៉ាងណាស់»។Image may be NSFW.
Clik here to view.
មគ្គុទ្ទេសក៍ទេសចរនិយាយភាសាកូរ៉េ ម្នាក់ទៀត លោក លី ប៊ុនលីម មានប្រសាសន៍ថា លោកខិតខំរៀនភាសាកូរ៉េ ជាច្រើនឆ្នាំ ប៉ុន្តែនៅពេលចេះភាសានេះទៅធ្វើជាមគ្គុទ្ទេសក៍ទេសចរ បែរជាក្រុមហ៊ុនមិនទទួលយក ដោយគេយកតែជនជាតិកូរ៉េ មកនាំភ្ញៀវដើរកម្សាន្ត។ លោក លី ប៊ុនលីម បញ្ជាក់ថា បច្ចុប្បន្ននេះក្នុងមួយខែៗ លោកបាននាំភ្ញៀវដើរកម្សាន្តប្រហែល ៣ដង ដោយបានកម្រៃប្រហែល ១៥០ដុល្លារអាមេរិក។ ភ្ញៀវដែលលោកនាំដើរកម្សាន្តនេះ គឺបានដោយសារតែគេទាក់ទងមកលោកផ្ទាល់ មិនមែនក្រុមហ៊ុនជាអ្នកផ្ដល់ឲ្យទេ៖ «ខ្ញុំសូមអំពាវនាវទៅរដ្ឋាភិបាល សូមជួយគិតគូរដល់ពលរដ្ឋខ្មែរនៅខេត្តសៀមរាប ដែលជាអ្នកមគ្គុទ្ទេសក៍ភាសាកូរ៉េផង»។
ក្រុមមគ្គុទ្ទេសក៍ជនជាតិខ្មែររិះគន់ថា ដោយសារតែរដ្ឋាភិបាលផ្ដល់សិទ្ធិឲ្យបរទេសមកធ្វើជាមគ្គុទ្ទេសក៍នាំភ្ញៀវដើរកម្សាន្តនៅតំបន់អង្គរ គឺវាបានធ្វើឲ្យចំណូលទេសចរណ៍ជាច្រើនមិនធ្លាក់ដល់ដៃពលរដ្ឋខ្មែរឡើយ ពោលគឺក្រុមហ៊ុនបរទេសទាំងនោះបាននាំយកលុយស្ទើរតែគ្រប់ផ្នែក ចំណែកខ្មែរបានទទួលតែសំរាមដែលភ្ញៀវបរទេសស៊ី ហើយគ្រវាត់ចោលប៉ុណ្ណោះ។
ទោះជាយ៉ាងណា ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឆ្លើយតបថា ក្រសួងទេសចរណ៍ បានយកចិត្តទុកដាក់ជុំវិញបញ្ហានេះ ហើយកំពុងកាត់បន្ថយអ្នកបកប្រែភាសាកូរ៉េ ឲ្យថយចុះចំនួន ៥០នាក់ក្នុងមួយឆ្នាំៗ ដើម្បីទុកការងារឲ្យមគ្គុទ្ទេសក៍ខ្មែរ។ មន្ត្រីដដែលបញ្ជាក់ថា បញ្ហាកាត់បន្ថយអ្នកបកប្រែភាសាកូរ៉េ នេះ ត្រូវធ្វើជាជំហានៗ មិនអាចផ្ដាច់ភ្លាមបានទេ ពីព្រោះវាក៏មានការទាក់ទងជាមួយនឹងស្ថិរភាពភ្ញៀវទេសចរជនជាតិកូរ៉េ ដែរ៖ «ទម្រាំយើងបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ខ្មែរនិយាយភាសាកូរ៉េ គ្រប់ចំនួន ហើយយើងទ្រទ្រង់បាន ១០០% គឺយើងនឹងកាត់ផ្ដាច់ទាំងស្រុងរយៈពេល ៤ឆ្នាំទៀត»។
កាលពីថ្ងៃទី១៧ ខែកក្កដា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានប្រកាសមិនឲ្យមានមគ្គុទ្ទេសក៍ជនជាតិបរទេសនៅក្នុងប្រទេសថៃ ទាំងស្រុង ដោយយល់ថាមគ្គុទ្ទេសក៍ទេសចរបរទេសទាំងនោះជាអ្នកដណ្ដើមការងារពលរដ្ឋថៃ។ ពលរដ្ឋខ្មែរចង់ឲ្យរដ្ឋាភិបាលមានចំណាត់ការប្រឆាំងមគ្គុទ្ទេសក៍ទេសចរបរទេសដូចគ្នានឹងរដ្ឋាភិបាលថៃ ដែរ។
ប្រភពពីមន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប ឲ្យដឹងថា បច្ចុប្បន្នមានជនបរទេសប្រមាណជាង ២០០នាក់បានចូលមកធ្វើជាមគ្គុទ្ទេសក៍ទេសចរនៅខេត្តសៀមរាប ដូចជាមគ្គុទ្ទេសក៍ជនជាតិរុស្ស៊ី មគ្គុទ្ទេសក៍ជនជាតិអ៊ីតាលី និងជនជាតិកូរ៉េ ជាដើម៕