Quantcast
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ​រឿង​មិន​បង្ក្រាប​បទល្មើស​ព្រៃឈើ

Image may be NSFW.
Clik here to view.

អ្នក​ភូមិ​នៅ​ស្រុក​លំផាត់ ខេត្ត​រតនគីរី និង​សង្គម​ស៊ីវិល​បាន​ដាក់​ពាក្យ​ប្ដឹង​បរិហារ​មន្ត្រី និង​អាជ្ញាធរ​មួយ​ចំនួន​ពី​បទ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​លើ​ផ្ទៃដី​ប្រមាណ ៨០០​ហិកតារ។ ក៏ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

​មន្ត្រី​នាំ​ពាក្យ​សាលាដំបូង​ខេត្ត​រតនគិរី អះអាង​ថា តុលាការ​អាច​នឹង​ចំណាយ​ពេល ១​ខែ ដើម្បី​ពិនិត្យ​មើល​សំណុំ​រឿង​នេះ​មុន​នឹង​កោះហៅ​ដើម​បណ្ដឹង​ទៅ​សាកសួរ។

​អ្នក​ភូមិ​បាន​ដាក់​ពាក្យបណ្ដឹង​នោះ ជូន​សាលា​ដំបូង​ខេត្ត​រតនគីរី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា។

អ្នក​ភូមិ​សមុទ្រ​ក្រោម និង​ភូមិ​ណងហៃ ឃុំ​សេដា ស្រុក​លំផាត់ និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​បាន​ចោទ​បុគ្គល​ចំនួន ៧​រូប ដែល​មាន​តួនាទី​ពី​ថ្នាក់​មេភូមិ មេ​ឃុំ មេ​ប៉ុស្តិ៍ អភិបាល​ស្រុក អនុ​ប្រធាន​ដែន​ជម្រក​សត្វ អធិការ​នគរបាល និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី ពី​បទ​ពាក់ព័ន្ធ​អនុ​គ្រោះ​ចំពោះ​បទល្មើស​ព្រៃឈើ​មិន​ទប់ស្កាត់​បទល្មើស​កាប់​រាន និង​ឈូស​ឆាយ​ដី​ព្រៃឈើ និង​បទល្មើស​កាប់​រំលំ​ដើម​ឈើ​ប្រណិត​ក្នុង​តំបន់​ព្រៃ​សហគមន៍។

​អ្នក​ភូមិ​សំអាង​លើ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៣ ខែ​មិថុនា ពេល​ពួកគេ​បាន​ល្បាត​ព្រៃ​ឃើញ​ព្រៃឈើ​សាធារណៈ​ចំនួន​ជាង ៨០០​ហិកតារ ត្រូវ​បាន​គេ​កាប់​បំផ្លាញ​តែ​អាជ្ញាធរ​មិន​បាន​បញ្ឈប់​បទល្មើស​នោះ​ទេ។

លោក ហីវ ពុំ ដែល​ជា​អ្នក​ភូមិ​ម្នាក់ បាន​ផ្ដិត​មេដៃ​ដាក់​ពាក្យ​បណ្ដឹង​បាន​បញ្ចូល​បញ្ហា​នេះ​ទៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ពួកគាត់៖ «ព្រោះ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ហ្នឹង ឃើញ​គេ​កាប់​បំផ្លាញ​ព្រៃឈើ មិន​មាន​អ្នក​ទប់​ស្កាត់»

​មេ​ឃុំ​សេដា លោក អង់ ប៊ុនធៀង ដែល​ជា​អាជ្ញាធរ​ម្នាក់​ក្នុង​ចំណោម​បុគ្គល ៧​នាក់ ដែល​អ្នក​ភូមិ​ប្ដឹង​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ លោក​អះអាង​ថា ចាប់​តាំង​ពី​ថ្ងៃ​ដែល​អ្នក​ភូមិ​ចុះ​ល្បាត អាជ្ញាធរ​បាន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​សហគមន៍ មិន​ឲ្យ​កើត​ឡើង​នោះ​ទេ។ ប៉ុន្តែ​លោក​ចោទ​អ្នក​ភូមិ​វិញ​ថា គឺ​ជា​អ្នក​កាប់​ព្រៃឈើ​ក្នុង​តំបន់​ហាម​ឃាត់​នោះ៖ «រឿង​នេះ​ខ្ញុំ​បាន​រាយការណ៍​គ្រប់​អស់​ហើយ។ មន្ទីរ​បរិស្ថាន និង​ប៉ូលិស​គេ​ទៅ​ល្បាត​មើល និង​បង្ក្រាប​អត់​មាន​កាប់​ត​ទៅ​ទេ។ ខ្ញុំ​មិន​មែន​ជា​ជន​ដៃដល់ ហើយ​ខ្ញុំ​មិន​ខ្លាច​ទៅ​បំភ្លឺ​នោះ​ទេ»

​មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ដែល​ចូល​រួម​ដាក់​ពាក្យ​បណ្ដឹង​នេះ​ដែរ​អះអាង​ថា ពលរដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​ដាក់ពាក្យ​ប្ដឹង​បរិហារ​មន្ត្រី​អាជ្ញាធរ ពេល​បាន​ដឹង បាន​ឮ និង​បាន​ឃើញ​នូវ​បទល្មើស​ព្រហ្មទណ្ឌ​ព្រៃឈើ ហើយ​មិនទាន់​ផុត​អាជ្ញាយុកាល​នៃ​បទល្មើស៖ «បើសិនជា​ស្ថាប័ន​យើង​ឯករាជ្យ យុត្តិធម៌ យើង​សង្ឃឹម ដោយសារ​មាន​ការ​កែទម្រង់ (តុលាការ) អ៊ីចឹង​គិត​ថា អ្វី​ដែល​បាត់បង់  គឺ​មាន​សភាព​ធ្ងន់ធ្ងរ»

​ខ្លឹមសារ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​អាស៊ីសេរី ទទួល​បាន​ដើម​បណ្ដឹង​បាន​ស្នើ​តុលាការ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត មន្ត្រី​ពាក់ព័ន្ធ ហើយ​ទាមទារ​សំណង​ចំនួន ២០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles