Clik here to view.

បញ្ហាដីធ្លីរវាងប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរនៅរាជធានីភ្នំពេញ បានក្លាយជាវិវាទរ៉ាំរ៉ៃដោះស្រាយមិនដាច់ស្រេច និងអូសបន្លាយរាប់ឆ្នាំរហូតមកដល់បច្ចុប្បន្ននេះ។ ទោះជាយ៉ាងនេះក្ដី ពលរដ្ឋមើលឃើញការដោះស្រាយបញ្ហានៅអគារស ឬហៅថាអគារប៊ូឌីង ជាយន្តការដោះស្រាយបានឆាប់រហ័ស។
ទាំងពលរដ្ឋដែលមានទំនាស់ដីធ្លីនៅរាជធានីភ្នំពេញ និងអង្គការមិនមែនរដ្ឋាភិបាល សុទ្ធតែបញ្ចេញទស្សនៈសាទរចំពោះយន្តការដោះស្រាយបញ្ហាដីធ្លី ដែលប៉ះពាល់ដោយសារការអភិវឌ្ឍនៅអគារស ហៅថាអគារប៊ូឌីងកាលពីប៉ុន្មានថ្ងៃមុននេះ ថាជាយន្តការល្អមួយ។
តំណាងអ្នកបឹងកក់ ដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ស៊ូកាគូ (Shukaku) ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍នៅតំបន់បឹងកក់តាំងពីឆ្នាំ២០១១ គឺលោកស្រី បូវ សោភា សរសើរដល់ការដោះស្រាយផលប៉ះពាល់នៅអគារស ហៅអគារប៊ូឌីង ថាជាការគិតពីផលប្រយោជន៍ប្រជាពលរដ្ឋ៖ «នៅប៊ូឌីង គឺខ្ញុំសរសើរសមត្ថភាពរបស់លោក ជា សុផារ៉ា ដែលគាត់តែងតែមើលពីផលប្រយោជន៍របស់ ប្រជាពលរដ្ឋរហូតមកដល់ពេលនេះ។ បើសិនជាគាត់គិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ កុំថាឡើយ ក្រុមហ៊ុនមកអភិវឌ្ឍន៍នៅប៊ូឌីង ទោះក្រុមហ៊ុនធំប៉ុណ្ណាមកអភិវឌ្ឍ បើសិនជាទំនាស់ផលប្រយោជន៍ជាមួយ ថ្នាក់ដឹកនាំជាមួយរាជរដ្ឋាភិបាល ក៏មិនងាយមានការដោះស្រាយល្អដែរ។ យើងមើលផ្លូវជាតិ១ ពេលដែលជប៉ុន មកដោះស្រាយជូនប្រជាពលរដ្ឋ គឺគេយកគោលការណ៍សិទ្ធិមនុស្សជាធំ គេយកដំណោះស្រាយគេគិតពីផលប៉ះពាល់ប្រជាពលរដ្ឋជាធំ។ តែសម្រាប់ពួកខ្ញុំជាប្រជាពលរដ្ឋបឹងកក់ អ្វីដែលគេគិត គឺគិតពីប្រយោជន៍ផ្ទាល់ខ្លួន»។
លោកស្រីឲ្យដឹងថា នៅពេលនេះមានអ្នកភូមិបឹងកក់សរុបចំនួន ២៥គ្រួសារទៀតដែលមិនទាន់ដោះស្រាយចប់។
ដោយឡែកអ្នកបុរីកីឡាដែលមានបញ្ហាជាមួយក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) របស់អ្នកស្រី ស៊ុយ សុផាន ក៏បានអូសបន្លាយជាច្រើនឆ្នាំមកហើយ នៅតែមិនទាន់ដោះស្រាយចប់ដែរ។ យ៉ាងហោចណាស់មានពលរដ្ឋរស់នៅបុរីកីឡា ១៤គ្រួសារទៀតដែលនៅបន្តការទាមទាររកដំណោះស្រាយ។
ទាក់ទងនឹងការដោះស្រាយបញ្ហានៅអគារប៊ូឌីង តំណាងសហគមន៍បុរីកីឡាដែលនៅសេសសល់ គឺលោកស្រី សរ ស៊ន មានប្រសាសន៍ថា លោកស្រីចង់បានការដោះស្រាយដូចគ្នានេះដែរ ព្រោះជាការដោះស្រាយដែលអាចទទួលយកបាន៖ «ព្រោះអីអ្នកមានដីមានផ្ទះ ដោះស្រាយដូចអ៊ីចឹងទៅ គាត់មានសំណងអាចទិញផ្ទះបាននៅ។ ពួកខ្ញុំធ្លាប់ដាក់ទៅក្រុងដាក់ទៅសុរិយោដីអីញឹកញាប់ ទាមទារឲ្យដោះស្រាយដូចប៊ូឌីង ហើយសុរិយោដីគាត់ថា បញ្ជូនទៅឲ្យក្រុងដោះស្រាយវិញ ហើយបើឲ្យក្រុងដោះស្រាយ គាត់នៅតែឲ្យខ្ញុំបញ្ចប់ដដែល លោក មាន ចាន់យ៉ាដា នៅតែឲ្យអ៊ីចឹងដដែល»។
ទន្ទឹមគ្នានេះ ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ចាត់ទុកការដោះស្រាយបញ្ហាប៉ះពាល់នៅអគារប៊ូឌីង ថាជាគំរូដែលអង្គការសង្គមស៊ីវិលចង់ឃើញជាយូរមកហើយ៖ «បញ្ហាប៊ូឌីងនេះ វាជាបញ្ហាមួយដែលយើងឃើញថា ជាការដោះស្រាយមួយ មកទល់ពេលនេះមិនទាន់ចេញបាតុភាពណាមួយគួរឲ្យកត់សម្គាល់ វាទៅជាការដោះស្រាយយល់ព្រមគ្នា យើងគិតថា វាមិនទាន់អស់ ក៏វាស្ទើរតែអស់ទៅហើយដែរទាក់ទងបញ្ហាទាំងអស់នេះ។ អ៊ីចឹងយើងសង្គមស៊ីវិលចង់ឃើញដំណោះស្រាយរបៀបហ្នឹងពីមុនមក។ យើងចង់ថា ការអភិវឌ្ឍកន្លែងណាមួយ វាជាការពិតហើយថា ប្រទេសយើងត្រូវការការអភិវឌ្ឍ ប៉ុន្តែការអភិវឌ្ឍត្រូវតែដោះស្រាយដោយតម្លាភាព និងយុត្តិធម៌ ដែលអ្នករងផលប៉ះពាល់គាត់ទទួលយកបាន។ អ៊ីចឹងបើសិនជាដោះរបៀបនេះ ខ្ញុំគិតថា វាជាចំណុចល្អ ជាគំរូមួយ សម្រាប់ដំណោះស្រាយលើបញ្ហាផ្សេងៗ ទៀត នៅក្នុងរាជធានី ឬក៏នៅតាមខេត្ត»។
ការដោះស្រាយបញ្ហាដីធ្លីចំពោះពលរដ្ឋដែលប៉ះពាល់ពីការអភិវឌ្ឍនៅតំបន់មួយចំនួនកន្លងទៅ សុទ្ធតែបន្សល់ទុកភាពមិនដាច់ស្រេច ហើយមិនទទួលយកបានគ្រប់គ្នា ដែលជាហេតុធ្វើឲ្យមានអ្នកនៅបន្តការតវ៉ា តួយ៉ាងដូចជាអតីតអ្នកបឹងកក់ម្នាក់ គឺលោកស្រី ស៊ា ណារ៉េត ដែលតែងចេញទាមទាររកសំណងបន្ថែមទៀតពីសាលារាជធានីភ្នំពេញ៖ «ការដោះស្រាយនៅប៊ូឌីងហ្នឹង គឺដោះស្រាយដែលប្រជាពលរដ្ឋអាចទទួលយកបាន ហើយសមរម្យដែលគាត់អាចទៅទិញជម្រកថ្មីក៏បានអ៊ីចឹង គាត់ត្រូវទទួលយក។ គាត់ផ្ដល់ឲ្យសំណងមិនសមរម្យ ពួកខ្ញុំអត់អាចទទួលយកបានហ្នឹងហើយ បានជាពួកខ្ញុំចេះតែដើរទាមទារ។ ធ្វើម៉េចឲ្យសំណងសមរម្យឲ្យខ្ញុំបានផ្ទះនៅសមរម្យវិញ តែមិនមាន។ អ៊ីចឹងឯកឧត្ដម ជា សុផារ៉ា គាត់ដោះឲ្យនៅប៊ូឌីងនេះល្អប្រសើរហើយ ពលរដ្ឋគាត់សប្បាយចិត្តនឹងទទួលយកហើយ»។
ក្រៅពីអ្នកបឹងកក់ បុរីកីឡា សហគមន៍ថ្មគោល អេស.អូ.អេស (SOS) និងអ្នកទៅនៅទីតាំងភ្នំបាត ឯខេត្តកណ្ដាល និងពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវរថភ្លើងចំនួន ៨សហគមន៍នៅខណ្ឌទួលគោក ក៏កំពុងបារម្ភផលប៉ះពាល់ពីការអភិវឌ្ឍផ្លូវរថភ្លើងរបស់រដ្ឋាភិបាលដែរ។ ពួកគាត់សុទ្ធតែចង់ឲ្យអាជ្ញាធរសាលារាជធានីភ្នំពេញ ដោះស្រាយសំណងសមរម្យទទួលយកបានតាមគំរូនៅអគារប៊ូឌីង៕