Clik here to view.

សាលាដំបូងរាជធានីភ្នំពេញ សម្រេចបដិសេធបណ្ដឹងមេធាវីរបស់លោក គឹម សុខ ករណីសុំនៅក្រៅឃុំបណ្ដោះអាសន្នលើកទីពីរ នៅព្រឹកថ្ងៃទី១៨ កក្កដា។ មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ ថាការសម្រេចនេះមិនអាចទទួលយកបានទេ ព្រោះមិនផ្ដល់យុត្តិធម៌ឲ្យកូនក្ដីខ្លួន។ ចំណែកមេធាវីតំណាងឲ្យដើមបណ្ដឹង សាទរការសម្រេចនេះ។
អស់រយៈពេលជាង ៥ខែហើយដែលលោក គឹម សុខ ត្រូវបានតុលាការក្រុងភ្នំពេញឃុំខ្លួនបណ្ដោះអាសន្ននៅគុកព្រៃស ទោះបីជាលោក ជូង ជូងី ជាមេធាវីការពារលោក គឹម សុខ ខំដាក់ពាក្យប្ដឹងជាច្រើនដងនៅតុលាការជាន់ខ្ពស់ ដើម្បីឲ្យកូនក្ដីលោកបាននៅក្រៅឃុំយ៉ាងណាក្ដី។
ពាក្យប្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នជាលើកទីពីរនេះ ត្រូវបានចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក គី ឫទ្ធី សម្រេចបដិសេធចោល ដោយហេតុថាមិនអាចឲ្យជនជាប់ចោទនៅក្រៅឃុំ ហើយត្រូវរក្សាជនជាប់ចោទទុកជូនតុលាការសម្រាប់ថ្ងៃបើកសវនាការ។
ឈរនិយាយក្នុងរង្វង់ក្រចកសេះ លោក គឹម សុខ ស្នើសុំចៅក្រមជំនុំជម្រះនៅក្រៅឃុំបណ្ដោះអាសន្នបានមួយសប្ដាហ៍ ដើម្បីធ្វើការជាមួយមេធាវីរបស់ខ្លួន មុននឹងឈានដល់ថ្ងៃឡើងសវនាការនៅថ្ងៃទី២៦ កក្កដា ខាងមុខនេះ។ លោក គឹម សុខ នៅតែអះអាងមុខលោកចៅក្រមថា លោកនឹងមិនរត់ទៅណានោះទេ និងព្រមអនុវត្តតាមចំណាត់ការដែលដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការ។
លើកឡើងក្នុងបន្ទប់សវនាការ លោក ជូង ជូងី ថាផ្អែកតាមផ្លូវច្បាប់ តុលាការអាចឲ្យកូនក្ដីលោកនៅក្រៅឃុំបាន ដោយស្ថិតក្រោមចំណាត់ការរបស់តុលាការ។ មេធាវីរូបនេះថា តុលាការអាចបង្គាប់ឲ្យលោក គឹម សុខ ឈប់និយាយជាមួយអ្នកសារព័ត៌មាន ឈប់ចូលរួមសិក្ខាសាលាធំៗ ឬក៏អាចឲ្យលោកទៅបង្ហាញខ្លួននៅប៉ុស្តិ៍នគរបាលណាមួយតាមការកំណត់ ប្រសើរជាងដាក់ឃុំខ្លួនលោកក្នុងគុក។
យោងតាមមាត្រា២០៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ លោក ជូង ជូងី ថាមិនមានចំណុចពិសេសណាមួយដែលត្រូវឃុំខ្លួនកូនក្ដីលោកនៅក្នុងគុកទៀតទេ។ លោក ជូង ជូងី ថាការបន្តឃុំខ្លួនលោក គឹម សុខ ដើម្បីរង់ចាំថ្ងៃបើកសវនាការជំនុំជម្រះ នោះជាការបំពានសិទ្ធិសេរីភាពរបស់ជនត្រូវចោទ៖ «លោក គឹម សុខ ចង់បាន ១០ថ្ងៃ ដោះលែងគាត់នៅក្រៅ ដើម្បីគាត់ធ្វើការជាមួយខ្ញុំ ដើម្បីតតាំងក្ដីនៅថ្ងៃទី២៦ ប៉ុន្តែមិនព្រមអនុញ្ញាត។ ចឹងតាំងពីមុនមក ពេលហ្នឹងហើយពីពេលហ្នឹងទៅថ្ងៃសវនាការ លោក គឹម សុខ នៅតែមានការលំបាកធ្វើការជាមួយខ្ញុំ ខ្វះលទ្ធភាពពេញលេញដើម្បីតតាំងក្ដី»។
ការលើកឡើងនេះ ត្រូវបានជំទាស់ដោយលោក គី តិច ជាមេធាវីតំណាងឲ្យលោក ហ៊ុន សែន និងលោក សៀង សុខ ជាតំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ។
លោក គី តិច ស្នើសុំចៅក្រមឲ្យរក្សាឃុំខ្លួនលោក គឹម សុខ ទុកនៅដដែល ដោយបារម្ភថាលោក គឹម សុខ នៅក្រៅឃុំ អាចបង្កបទល្មើសណាផ្សេងទៀត ដោយសារតែការនិយាយរបស់គាត់។ មេធាវីតំណាងឲ្យលោក ហ៊ុន សែន ចង់ឲ្យតុលាការដាក់ទោសលោក គឹម សុខ ជាអតិបរមា ដើម្បីឲ្យស័ក្តិសមនឹងការនិយាយរបស់លោក គឹម សុខ បង្ខូចកិត្តិយសគណបក្សប្រជាជនកម្ពុជា៖ «ជាក់ស្ដែង គឺបទល្មើសរបស់លោក គឹម សុខ ដែលបានប្រព្រឹត្តនេះ ធ្វើឲ្យមានការខូចខាត ឬមានទំហំធំធេង។ ចឹងការដែលចោទប្រកាន់ផ្ទុយពីការពិត ធ្វើឲ្យគណបក្សប្រជាជន បាត់បង់ប្រជាប្រិយភាព ក៏ដូចជាបាត់កិត្យានុភាព ភាពស្អាតស្អំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានបាត់បង់ដោយសារអំពើរបស់ គឹម សុខ។ ចំពោះខ្ញុំ ខ្ញុំចង់ឲ្យផ្ដន្ទាទោស គឹម សុខ ក្នុងកម្រិតទោសអតិបរមានៃច្បាប់»។
នៅសល់ពេលមួយសប្ដាហ៍ទៀតប៉ុណ្ណោះ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ នឹងត្រូវគេនាំខ្លួនមកតុលាការក្រុងភ្នំពេញម្ដងទៀត ដើម្បីជំនុំជម្រះលើអង្គសេចក្ដី តាមពាក្យបណ្ដឹងរបស់មេធាវីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីលោក គឹម សុខ ថ្លែងដោយប្រយោលកាលពីខែកុម្ភៈ ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយការសម្លាប់បណ្ឌិត កែម ឡី។
លោក គឹម សុខ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែកុម្ភៈ តាមបណ្ដឹងរបស់លោក ហ៊ុន សែន ដែលប្ដឹងរូបលោក និងទារសំណងជំងឺចិត្តជាងកន្លះលានដុល្លារអាមេរិក។ ការឃុំខ្លួននេះ ក្រោមបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ចំណាត់ការដ៏ឆាប់រហ័សរបស់តុលាការក្រុងភ្នំពេញនេះ ធ្វើឡើងភ្លាមៗក្រោយពេលលោក ហ៊ុន សែន គំរាមប្ដឹងលោក គឹម សុខ ដាក់ពន្ធនាគារ ២ឆ្នាំ៕