Clik here to view.

សហគមន៍នេសាទនៅខេត្តកំពត បានប្រាប់ថា ក្នុងរយៈពេល ១សប្ដាហ៍មកនេះ ទោះជាដឹងថា មានភ្លៀង ឬខ្យល់កន្ត្រាក់ខ្លាំងនៅលើផ្ទៃសមុទ្រ និងនៅលើគោក ក៏នៅតែមានអ្នកនេសាទខ្លះត្រូវបង្ខំចិត្តចេញទូកដើម្បីទៅរកត្រី ក្ដាម បង្គា ជារៀងរាល់យប់ដែរ។ ការចេញទៅទាំងប្រថុយប្រថាននេះ ដោយសារតែជីវភាព។
សហគមន៍អ្នកនេសាទត្រើយកោះ ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត បានរអ៊ូថា ចាប់តាំងពីមានខ្យល់បក់បោកមកលើខេត្តកំពត ប៉ុន្មានថ្ងៃមកនេះ ពួកគេភាគច្រើនបានផ្អាកចេញទូកទៅនេសាទលើផ្ទៃសមុទ្រ ខណៈដែលអ្នកនេសាទខ្លះទៀតបានចេញទៅនេសាទជារៀងរាល់យប់ បើទោះដឹងថា នឹងមានខ្យល់កន្ត្រាក់នៅលើផ្ទៃសមុទ្រក៏ដោយ។ អ្នកនេសាទប្រាប់ថា ទូករបស់អ្នកនេសាទបានលិចចំនួន ២គ្រឿងនៅក្នុងសមុទ្រ កាលពីយប់ថ្ងៃទី១៣ ខែកក្កដា ហើយមកដល់ថ្ងៃទី១៧ ខែកក្កដា ខ្យល់កន្ត្រាក់នៅតែបន្តបោកបក់លើផ្ទៃសមុទ្រនៅខេត្តកំពត។
ប្រធានសហគមន៍នេសាទត្រើយកោះ លោក នាក់ សេន ប្រាប់ថា ម្ចាស់ទូកដែលលិចទាំង ២គ្រឿងកាលពីយប់ថ្ងៃទី១៣ កក្កដា មិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ដោយសារមានអ្នកនេសាទដូចគ្នានៅក្បែរនោះសង្គ្រោះទាន់។ បើទោះជាធ្លាប់លិចទូក ប្រឈមការបាត់បង់អាយុជីវិតនៅក្នុងសមុទ្រក្ដីម្ចាស់ទូកទាំង២នោះ នៅតែចេញទៅនេសាទនៅឆ្ងាយៗ ក្នុងសមុទ្រដដែល ព្រោះនេះគឺជាអាជីពរបស់ពួកគាត់ជាយូរណាស់មកហើយ៖ «ជួបការលំបាករឿងខ្យល់ហ្នឹងហ្មង! ពីព្រោះអានេះវាជាធម្មជាតិ ការប្រែប្រួលអាកាសធាតុវាខុសពីមុន ពីមុនអត់ដែលខ្យល់អ៊ីចឹងទេ។ ខ្ញុំរកអី បើថាមានតែមួយភ្លែតៗ ថ្ងៃមុនដូចយូរ (ខ្យល់ខ្លាំង) ជាប់ប្រហែល ១ម៉ោងជាង ទើបធ្វើឲ្យបញ្ហាទូកលិចហ្នឹងណា»។
លោក នាក់ សេន បន្តថា ចាប់តាំងពីមានខ្យល់ភ្លៀងកន្ត្រាក់នៅលើផ្ទៃសមុទ្រជិតមួយសប្ដាហ៍មកនេះ កំពង់ផែក្នុងសង្កាត់កំពង់កណ្ដាល ក្រុងកំពត ដែលអ្នកនេសាទឈប់សំចតដើម្បីលក់ផលនេសាទដែលរកបាននៅរៀងរាល់ព្រឹកនោះ មានសភាពស្ងប់ស្ងាត់ខុសពីមុនដែលមានទូកច្រើនរកតែកន្លែងចូលចតសឹងតែគ្មាន។ អ្នកនេសាទភាគច្រើនក្នុងសហគមន៍ត្រើយកោះ គឺជាខ្មែរឥស្លាម និងមានជនជាតិខ្មែរប្រហែល ១០ភាគរយ។
បើទោះជាអ្នកនេសាទយល់ថា ហានិភ័យនៅពេលមានខ្យល់កន្ត្រាក់លើផ្ទៃសមុទ្រកើតចេញពីគ្រោះធម្មជាតិនៃការប្រែប្រួលអាកាសធាតុ ឬនៅក្នុងរដូវវស្សាក៏ពិតមែន តែពួកគេនៅតែបារម្ភពីសុវត្ថិភាពរបស់ពួកគេនៅពេលចេញទៅនេសាទរាល់យប់។
នៅខេត្តកំពត ភ្លៀងបានធ្លាក់ជិតមួយសប្ដាហ៍មកហើយ គឺរលឹមជាប់ទាំងយប់ទាំងថ្ងៃ។ ខ្យល់កន្ត្រាក់បានបោកបង់ខ្លាំងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា បណ្ដាលឲ្យបាក់មែកឈើ និងដួលរំលំដើមឈើនៅជាប់មាត់ព្រែកកំពត ជិតសាលាខេត្តមួយចំនួន។ ផ្ទាំងយីហោធំៗ តាមភោជនីយដ្ឋានខ្លះ ក៏បានដួលរលំ និងមានបដាគណបក្សប្រជាជនកម្ពុជា មួយផ្ទាំងដែលដាក់តាំងនៅម្ដុំមាត់ព្រែកកំពត ត្រូវខ្យល់បោកបក់ទ្រេតផងដែរ។
មេបញ្ជាការវរៈការពារព្រំដែនទឹកប្រចាំខេត្តកំពត លោក ខៀវ បេ ឲ្យអាស៊ីសេរី ដឹងថា អាជ្ញាធរជើងទឹកទាំងបីស្ថាប័ននៅលើផ្ទៃសមុទ្រ គឺកងទ័ពជើងទឹក កងនាវាចរណ៍លើផ្ទៃសមុទ្រ និងជលផល បានត្រៀមលក្ខណៈទាំងថ្ងៃ និងយប់ ដើម្បីជួយដល់អ្នកនេសាទ។ បន្ថែមពីនេះ អាជ្ញាធរជើងទឹកបានឲ្យលេខទូរស័ព្ទសង្គ្រោះបន្ទាន់លើផ្ទៃទឹកទៅដល់អ្នកនេសាទផងដែរ៖ «ឲ្យតែប្រជាពលរដ្ឋគាត់តេមកម៉ោងប៉ុន្មាន មិនថាថ្ងៃ មិនថាយប់! កងកម្លាំងប្រដាប់អាវុធរបស់យើង សមត្ថកិច្ច។ និយាយរួមទាំងជើងទឹក ទាំងកងនាវាចរណ៍ ទាំងជលផល កម្លាំងទាំង ៣ស្ថាប័ន ទទួលខុសត្រូវលើផ្ទៃទឹកនេះ ឲ្យតែប្រជាពលរដ្ឋគាត់សំណូមពរ ឲ្យតែគាត់ផ្ដល់ព័ត៌មានមក យើងទៅជួយគាត់គ្រប់ពេលវេលា»។
ទោះជាយ៉ាងណាក៏ដោយ ប្រធានសហគមន៍នេសាទត្រើយកោះ លោក នាក់ សេន ប្រាប់ថា លោកតែងជំរុញឲ្យអ្នកនេសាទក្នុងសហគមន៍លោក ត្រៀមអាវពោងសម្រាប់ចេញនេសាទរាល់យប់។
អ្នកនេសាទរស់នៅសង្កាត់ត្រើយកោះ ក្រុងកំពត តែងចេញទៅនេសាទនៅចន្លោះម៉ោង ៤ ឬ ៥ល្ងាច ហើយត្រឡប់ចូលផែ ដើម្បីលក់ផលនេសាទនៅព្រឹកព្រលឹមម៉ោង ៤ ដល់ម៉ោង ៧ព្រឹក។ លោក នាក់ សេន បញ្ជាក់ថា ការចេញទៅនេសាទក្នុងមួយយប់ៗ អ្នកនេសាទអាចចូលផែលក់ផលនេសាទបានប្រាក់ប្រហែលពី ៣០ម៉ឺន ទៅ ៤០ម៉ឺនរៀល ដោយមិនទាន់ដកថ្លៃប្រេងពាក់កណ្ដាលចេញ៕