Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ថយ​ចុះ​ប៉ុន្តែ​អត្រា​គ្រោះថ្នាក់​នៅ​តែ​ខ្ពស់

$
0
0

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ឆមាស​ទី​១ ឆ្នាំ​២០១៧  អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​នេះ បាន​ថយ​ចុះ បើ​ប្រៀបធៀប​ពេល​វេលា​ដូច​គ្នា​ឆ្នាំ​២០១៦។ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​អះអាង​ថា ទោះ​ចំនួន​គ្រោះថ្នាក់​នេះ​ថយ​ចុះ ប៉ុន្តែ​អត្រា​គ្រោះថ្នាក់​ដូច​បច្ចុប្បន្ន​នេះ នៅ​តែ​មាន​ចំនួន​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ។

របាយការណ៍​នៃ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ៦​ខែ ឆ្នាំ​២០១៧ បង្ហាញ​ថា ខេត្ត​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ១១០​ករណី បើ​ប្រៀបធៀប ៦​ខែ ឆ្នាំ​២០១៦ បាន​ថយ​ចុះ ៦៦​ករណី។ គ្រោះថ្នាក់​នេះ បាន​សម្លាប់​មនុស្ស ៣១​នាក់ បើ​ធៀប​ឆ្នាំ​២០១៦ បាន​ថយ​ចុះ ២៥​នាក់ និង​អ្នក​រង​របួស​ធ្ងន់​ស្រាល​មាន ២០២​នាក់ បាន​ថយ​ចុះ ១០៨​នាក់។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ខូចខាត​យានយន្ត​ជិត ២០០​គ្រឿង ហើយ​អ្នក​បង្ក​គ្រោះថ្នាក់​នេះ មាន​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស​មាន​ជនជាតិ​ចិន និង​មក​ពី​អឺរ៉ុប​ជាដើម។

ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ លោក អ៊ី សុខា ឲ្យ​ដឹង​ថា ការ​ថយ​ចុះ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧ នេះ អាច​ដោយសារ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​អប់រំ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​តាម​ផ្លូវ​នានា ទាំង​ទីប្រជុំជន និង​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤ ជា​រៀងរាល់​ថ្ងៃ។ ក្នុង​នោះ​អ្នក​ប្រើប្រាស់​ផ្លូវ ឬ​អ្នក​បើកបរ​ភាគ​ច្រើន បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន​ការ​កើន​ច្រើន។

ទោះ​ជា​បែប​នេះ​ក្តី លោក អ៊ី សុខា បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ជាង ៥០​ភាគរយ គឺ​បណ្ដាល​មក​ពី​អ្នក​បើកបរ​រថយន្ត​មាន​ល្បឿន​លឿន អ្នក​បើកបរ​ស្រវឹង បើកបរ​ប្រជែង​គ្នា​នៅ​ទីតាំង​ផ្លូវ​កោង ឬ​ផ្លូវ​មាន​សភាព​គ្រោះថ្នាក់ និង​បើកបរ​មិន​គោរព​ភ្លើង​សញ្ញា​ជាដើម។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ អាណាព្យាបាល និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ឲ្យ​បន្ត​​ចុះ​ពង្រឹង ត្រួត​ពិនិត្យ​ទៅ​លើ​ជនបរទេស​ដែល​បាន​បើកបរ​រថយន្ត​ដោយ​ខ្លួន​ឯង ពិសេស​ជនជាតិ​ចិន ដែល​តែង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​មក​នេះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា ទោះ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ និង​អត្រា​ស្លាប់​ពី​គ្រោះថ្នាក់​នេះ បាន​ថយ​ចុះ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៦ ក្តី ក៏ប៉ុន្តែ​ចំនួន​គ្រោះថ្នាក់ និង​អត្រា​អ្នក​ស្លាប់ ឬ​រង​របួស​នៅ​តែ​មាន​ចំនួន​ខ្ពស់​នៅ​ឡើយ។ អ្នកស្រី​កត់សម្គាល់​ថា រាល់​ថ្ងៃ​នេះ​ឃើញ​មាន​ជនបរទេស ពិសេស​ជនជាតិ​ចិន បាន​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​តាម​ផ្លូវ​សាធារណៈ​ដោយ​សេរី និង​មាន​ល្បឿន​លឿន ហើយ​តែង​បង្ក​គ្រោះថ្នាក់​ជា​បន្តបន្ទាប់។

អ្នកស្រី​បន្ត​ថា៖ «គ្រោះថ្នាក់​ចរាចរណ៍​រាល់​ថ្ងៃ​នេះ គឺ​មាន​សភាព​សហាវ​ជាង​ពេល​មុន​ទៅ​ទៀត។ បើ​យើង​និយាយ​ពី​ចំនួន​ករណី​វា​បាន​ថយ​ចុះ​ពិត​មែន ប៉ុន្តែ​បើ​យើង​និយាយ​ពី​ចំនួន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​មួយ​ករណីៗ គឺ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​ច្រើន​នាក់ ព្រមទាំង​បាន​ខូចខាត​សម្ភារៈ​សាធារណៈ និង​ទ្រព្យសម្បត្តិ​ឯកជន​មាន​ចំនួន​ច្រើន។ ឧទាហរណ៍​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខេត្ត​ព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង ដោយសារ​អ្នក​បើកបរ​ជនជាតិ​ចិន មាន​ទទួល​ទាន​គ្រឿង​ស្រវឹង ហើយ​បាន​បុក​រះ បណ្ដាល​ឲ្យ​ខូចខាត​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​ចំនួន​ធំ។ ក្នុង​នោះ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​ជនរងគ្រោះ​ផង​ដែរ។ អ៊ីចឹង​សម្រាប់​ខ្ញុំ​ជា​សង្គម​ស៊ីវិល ខ្ញុំ​នៅ​តែ​ស្នើ​សុំ​ឲ្យ​មាន​ការ​រឹត​បន្តឹង​ទៅ​លើ​ទីតាំង​ផឹកស៊ី ហើយ​បើ​សិន​ធ្វើ​ទៅ​បាន កន្លែង​ផឹក​ស៊ី​ហ្នឹង​គួរ​តែ​​បញ្ចប់​កុំ​ឲ្យ​មាន​ការ​លក់ដូរ​គ្រឿង​ស្រវឹង​ហ្នឹង​រហូត​ដល់​មួយ​យប់​ទល់​ភ្លឺ»

គ្រោះថ្នាក់​នេះ អ្នកស្រី ជៀប សុធា​រី ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច ឲ្យ​ជួយ​បង្កើន​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទៅ​លើ​ជនបរទេស មាន​ជនជាតិ​ចិន ជាដើម ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​ការ​បើកបរ​យានយន្ត​របស់​ជនបរទេស​នៅ​តាម​ផ្លូវ​សាធារណៈ​ទាំង​នោះ អនុវត្ត​ស្រប​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែរ ឬ​ទេ?

​លោក អ៊ី សុខា ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ ឆ្លើយ​តប​ថា សមត្ថកិច្ច​ជំនាញ​មិន​ព្រងើយ​កន្តើយ​ការងារ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ទេ។ លោក​បន្ត​ថា រាល់​ថ្ងៃ​នេះ សកម្មភាព​របស់​កម្លាំង​នគរបាល​ចរាចរណ៍ បាន​ចុះ​ត្រួតពិនិត្យ​ការ​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​តាម​ផ្លូវ​សាធារណៈ​ជា​ប្រចាំ ដោយ​មិន​កំណត់​ថា អ្នក​បើកបរ​ទាំង​នោះ​ជា​ជនជាតិ​ខ្មែរ ឬ​ជនបរទេស​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles