Quantcast
Viewing all articles
Browse latest Browse all 11174

ក្រុមប្រឹក្សា​ឃុំ​២​នៅ​ស្រុក​បន្ទាយមាស​ធ្វើ​ការ​ក្រោម​ផ្ទះ​មេ​ឃុំ​និង​៦​ឃុំ​ទៀត​ជួល​ផ្ទះ​ពលរដ្ឋ​ធ្វើការ

Image may be NSFW.
Clik here to view.

យ៉ាង​ហោច​ណាស់​មាន​ឃុំ​ចំនួន ៨ ក្នុង​ចំណោម​ឃុំ​ទាំង​អស់ ១៥​ឃុំ នៅ​ក្នុង​ស្រុក​បន្ទាយមាស ខេត្ត​កំពត នៅ​មិន​ទាន់​មាន​សាលាឃុំ​សម្រាប់​ឲ្យ​មេ​ឃុំ ជំទប់​ឃុំ និង​ក្រុមប្រឹក្សា​ឃុំ​ធ្វើការ​នោះ​ទេ។ ក្រុមប្រឹក្សា​ឃុំ​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ទាំង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច បាន​នាំ​គ្នា​យក​ឯកសារ​ទៅ​ធ្វើ​ការ និង​ប្រជុំ​ក្រុមប្រឹក្សា​នៅ​ក្រោម​ផ្ទះ​មេឃុំ និង​ជួល​ផ្ទះ​ពលរដ្ឋ​ដើម្បី​ធ្វើ​ការ។

មេ​ឃុំ​ស្ដេចគង់​ខាងត្បូង លោក អ៊ូក ផាន្នី ប្រាប់​ថា ក្នុង​ចំណោម​ឃុំ​ទាំង​៨ ក៏​មាន​ឃុំ​របស់​លោក​មួយ​ដែរ។ លោក​មេ​ឃុំ​បន្ត​ថា សាលាឃុំ​ស្ដេចគង់ខាងត្បូង ពី​មុន​ធ្វើ​ពី​ឈើ បាន​ពុក​ខូច​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ នៅ​ពេល​សាលាឃុំ​បែកបាក់​ដំបូង មេ​ឃុំ​បាន​សុំ​ទីតាំង​សាលាបឋមសិក្សា និង​វត្ត ដើម្បី​ធ្វើ​ទីស្នាក់ការ​សាលាឃុំ​បណ្ដោះអាសន្ន តែ​ក្រោយ​មក​ដោយសារ​មាន​ការ​រំខាន​ដល់​ការ​សិក្សា​របស់​សិស្ស និង​ព្រះសង្ឃ ក្រុមប្រឹក្សា​ឃុំ​បាន​សម្រេច​រើ​ទីស្នាក់ការ​ឃុំ​ស្ដេចគង់ខាងត្បូង មក​នៅ​ក្រោម​ផ្ទះ​មេ​ឃុំ។

លោក​មេឃុំ អ៊ូក ផាន្នី៖ «គម្រោង​សាងសង់​សាលាឃុំ​យើង​ធ្វើ​រហូត ប៉ុន្តែ​អ្នក​ឆ្លើយ​តប​ថា​មក​ធានា​សាងសង់​វា​អត់​ទាន់​មាន។ សាងសង់​សាលាឃុំ​មួយ​បាន ខ្ញុំ​អរគុណ​ណាស់ មិន​ចាំតែ​រដ្ឋាភិបាល​ទេ ប៉ុន្តែ​បើ​តាម​រយៈ​រដ្ឋាភិបាល ក៏​ខ្ញុំ​សរសើរ បើ​ខាង​រដ្ឋាភិបាល​មក​ជួយ​សាងសង់​បាន ខ្ញុំ​ក៏​ត្រេកអរ​ដែរ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា បើ​ក្រៅពី​រដ្ឋាភិបាល​មិន​អាច​ចេញ​បាន​ទេ សាលាឃុំ»

​ឃុំ​ចំនួន​៨​នោះ គឺ​ឃុំ​ស្ដេចគង់ខាងត្បូង ឃុំ​ទូកមាសខាងកើត ឃុំ​បន្ទាយមាសខាងកើត ឃុំ​ព្រៃទន្លេ ឃុំ​សំរោងក្រោម ឃុំ​ត្រពាំងសាលាខាងកើត ត្រពាំងសាលាខាងលិច និង​ឃុំ​មួយ​កំពុង​សាងសង់​សាលាឃុំ គឺ​ឃុំ​សំរោងលើ។

ជំទប់​ទី​២ ឃុំ​ស្ដេចគង់ខាងត្បូង មក​ពី​គណបក្ស​ប្រឆាំង លោក ឈន វណ្ណា ប្រាប់​ថា នៅ​ពេល​គ្មាន​សាលាឃុំ​ធ្វើការ ហើយ​ត្រូវ​ធ្វើការ​នៅ​ក្រោម​ផ្ទះ​មេ​ឃុំ មាន​ផល​លំបាក​ច្រើន​ណាស់ ពិសេស​គឺ​រឿង​អាថ៌កំបាំង​របស់​ពលរដ្ឋ​រង​គ្រោះ​ដែល​ប្ដឹង​នៅ​សាលាឃុំ មិន​ត្រូវ​បាន​រក្សា​ការសម្ងាត់​នោះ​ទេ។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​សាលាឃុំ​ឲ្យ​ឃុំ​ស្ដេចគង់ខាងត្បូង ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​នេះ។

​លោក​ជំទប់​ឃុំ​ទី​២ ឈន វណ្ណា៖ «ក្នុង​នាម​ជា​ជំទប់​ទី​២​ដែរ ចង់​ដោះស្រាយ​សំណុំរឿង​ដែរ។ ដូច​ថា គ្នា​មាន​រឿង​កេរ្តិ៍​ខ្មាស មិន​ចង់​ឲ្យ​នៅ​កណ្ដាលវាល ចង់​បាន​សាលាឃុំ​ធ្វើ​ការ ដើម្បី​ស្ងៀមស្ងាត់ មិន​ចង់​បែក​ធ្លាយ​ព័ត៌មាន (អាថ៌កំបាំង​ជនរងគ្រោះ) ទៅ​ក្រៅ។ ...(ឯកសារ) ទុក​នៅ​កណ្ដាលវាល​អត់​មាន​សោ​អត់​អី​ដាក់ សម្ភារៈ​អត់​មាន បើ​យើង​មាន​បន្ទប់ មាន​សាលាឃុំ យើង​អាច​ទុក​សម្ភារៈ​វា​អាច​ជិត​ល្អ ដល់​អ៊ីចឹង​ដាក់​ចោល​នៅ​កន្លែង​ធ្វើ​ការ​នៅ​ក្រោម​ផ្ទះ (មេ​ឃុំ) ហ្នឹង»

​លោក អ៊ូក ផាន្នី មេ​ឃុំ​ស្ដេចគង់ខាងត្បូង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជឿជាក់​ថា មាន​តែ​រដ្ឋាភិបាល​ទេ​ដែល​មាន​លទ្ធភាព​ក្នុង​ការ​កសាង​សាលាឃុំ។ លោក​ប្រាប់​ថា លោក​បាន​ដាក់​សំណើ​ទៅ​ថ្នាក់​ស្រុក ថ្នាក់​ខេត្ត​ជា​ច្រើនដង​មក​ហើយ ក្នុង​រយៈពេល ២​អាណត្តិ​ដែល​លោក​ឈ្នះ​ឆ្នោត​ជា​មេ​ឃុំ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ឆ្លើយតប​យ៉ាង​ណា​នោះ​ទេ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្ដេចគង់ខាងត្បូង បាន​ត្អូញត្អែរ​ថា ពួកគាត់​មាន​ការ​លំបាក​នៅ​ពេល​ដែល​មាន​រឿង​ក្ដីក្ដាំ ឬ​ទៅ​រក​សេវា​នៅ​សាលាឃុំ​ម្ដងៗ ដោយសារ​សាលាឃុំ​នៅ​ក្រោម​ផ្ទះ​មេឃុំ។

អភិបាល​រង​ស្រុក​បន្ទាយមាស លោក អ៊ុក រ៉ាស៊ី ប្រាប់​អាស៊ីសេរី​ថា ក្នុង​ចំណោម ៨​ឃុំ មាន​តែ ២​ឃុំ​ទេ ដែល​ក្រុមប្រឹក្សា​ឃុំ​ធ្វើ​ការ​ក្រោម​ផ្ទះ​មេ​ឃុំ ហើយ​ថ្នាក់​ស្រុក​យល់ព្រម​ឲ្យ​ធ្វើការ​ក្រោម​ផ្ទះ​មេ​ឃុំ​ដោយសារ​តែ​មេ​ឃុំ​បាន​សន្យា​ការពារ​ឯកសារ​ត្រឹមត្រូវ និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន។ លោក​ក៏​សង្ឃឹម​ដូច​មេ​ឃុំ​ដែរ​ថា រដ្ឋាភិបាល​នឹង​ទម្លាក់​ថវិកា​ឲ្យ​សាងសង់​សាលាឃុំ​ដែល​កំពុង​ខ្វះខាត៖ «ជួល​ផ្ទះ​បងប្អូន​ប្រជាជន​ណា ឬ​ក៏​អ្នក​ណា។ ប៉ុន្តែ​យើង​អាច​ជួល (ផ្ទះ) មេ​ឃុំ​អ៊ីចឹង​ទៅ មេ​ឃុំ​គាត់​ធានា​សុវត្ថិភាព ការ​គ្រប់គ្រង​ឯកសារ មិន​មែន​យើង​ជួល​តែ​ផ្ទះ​មេ​ឃុំ​ទេ»

​មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី មើល​ឃើញ​ថា មេ​ឃុំ ក្រុមប្រឹក្សា​ឃុំ និង​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​សុទ្ធតែ​ពិបាក​ក្នុង​ការ​ធ្វើការ​ដោយសារ​តែ​គ្មាន​សាលាឃុំ​ត្រឹមត្រូវ៖ «ភាព​លំបាក​ទៅ​ដល់​មេ​ឃុំ​ដែល​បាន​ជាប់​ឆ្នោត​ថ្មី ព្រោះ​សេវា​បម្រើ​ប្រជាពលរដ្ឋ មិន​បាន​ល្អ​ដូច​នៅ​សាលាឃុំ​ទេ។ ធម្មតា​ទេ កាល​ដែល​នៅ​ផ្ទះ វា​អាច​ជះ​ឥទ្ធិពល​មួយ​មិន​ល្អ ទៅ​ដល់​ពលរដ្ឋ​គាត់​មាន​ឧបសគ្គ ឬ​ក៏​បញ្ហា​ណា​មួយ​កើត​ឡើង។ អ៊ីចឹង មាន​ដំណោះស្រាយ ឬ​ក៏​វិវាទ​អី​ផ្សេងៗ វា​មិន​បាន​មាន​ភាព​ជា​សម្ងាត់​សម្រាប់​ប្រជាពលរដ្ឋ​ហ្នឹង​ដែរ»

អភិបាលរង​ស្រុក​បញ្ជាក់​ថា នៅ​ពេល​រដ្ឋាភិបាល​ទម្លាក់​ថវិកា​ឲ្យ​ធ្វើ​សាលាឃុំ គឺ​ឃុំ​អាទិភាព ដែល​នឹង​ត្រូវ​កសាង​មុន​គេ គឺ​ឃុំ​ព្រៃ​ទន្លេ ដែល​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles