Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សមាជិក​សភា​អាស៊ាន​បារម្ភ​ពី​ការ​បង្ក្រាប​ពលករ​ខុស​ច្បាប់​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី

$
0
0

សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី​១២ កក្កដា ចេញ​សេចក្ដី​ថ្លែងការណ៍​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​បង្ក្រាប​ពលករ​ខុស​ច្បាប់​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី។ ការ​បង្ក្រាប​នេះ មាន​គោលដៅ​ចំពោះ​ពលករ​បរទេស​ទាំងឡាយ​ណា​ដែល​ធ្វើ​ការ​ដោយ​មិន​មាន​លិខិត​អនុញ្ញាត​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម នៅ​ថ្ងៃ​ទី​១២ កក្កដា សមាជិក​សភា​កម្ពុជា អ្នកស្រី មូរ សុខហួរ ដែល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ថ្លែង​ថា ការ​ចង់​ឲ្យ​ចំនួន​ពលករ​គ្មាន​ឯកសារ​ក្នុង​ប្រទេស​នេះ​ថយ​ចុះ មិន​អាច​ជា​លេស​ធ្វើ​ឲ្យ​អ្នក​រងគ្រោះ​ទទួល​ភាព​រងគ្រោះ​ថែម​ទៀត​ទេ។ អ្នកស្រី​បន្ត​ថា ទោះ​ជា​ត្រូវ​ដោះស្រាយ​បញ្ហា​ពលករ​ខុស​ច្បាប់​ក្ដី អាជ្ញាធរ​ត្រូវ​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​គ្រប់​រូប និង​គ្រប់​ពេលវេលា ព្រោះ​មុន​ការ​បង្ក្រាប​ពលករ​ខុស​ច្បាប់ មណ្ឌល​ឃុំឃាំង​ម៉ាឡេស៊ី មាន​ភាព​ចង្អៀត​ណែន និង​ខ្វះ​សេវា​មូលដ្ឋាន​រួច​ស្រេច​ទៅ​ហើយ។

ទន្ទឹម​គ្នា​នេះ​ដែរ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា លោក​ក៏​ព្រួយ​បារម្ភ​ចំពោះ​ការ​រឹត​បន្តឹង​ច្បាប់​របស់​អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី នៅ​ពេល​នេះ ព្រោះ​ប្រទេស​នេះ អាច​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​ដូច​ប្រទេស​ថៃ ដែរ«យើង​អត់​ទាន់​ឃើញ​កម្មករ​យើង​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ ឬ​ក៏​ចាប់​គាត់​ដាក់​ទោស​ផ្សេងៗ ដោយសារ​គាត់​ទៅ​បំពេញ​ការងារ​ហ្នឹង​ទេ ហើយ​ខ្ញុំ​ដឹង​ថា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​នេះ ខ្ញុំ​ទៅ​ប្រជុំ​នៅ​ហ្សឺណែវ គឺ​ម៉ាឡេស៊ី ត្រូវ​បាន​អង្គការ ILO ដាក់​ចូល​ទៅ​ក្នុង list ជា​របាយការណ៍​មួយ​ដែល​រំលោភ​សិទ្ធិ​ការងារ ការងារ​ដោយ​បង្ខំ​ហ្នឹង​ខ្ពស់ ហើយ​គេ​កំពុង​តែ​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​ហ្នឹង។ អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ថា ផ្ទៃក្នុង​របស់​គេ​ចង់​កែ​ទម្រង់​ដើម្បី​ឲ្យ​មាន​កម្មករ​ស្រប​ច្បាប់ ហើយ​គេ​រៀបចំ​យ៉ាង​ម៉េច យើង​អត់​ដឹង​ទេ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់ យើង​គិត​ថា​អ្វី​ដែល​ប៉ះពាល់​ដល់​កម្មករ​យើង យើង​មាន​ការ​បារម្ភ។ អ៊ីចឹង​សុំ​ឲ្យ​រដ្ឋាភិបាល ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ខ្លាំង ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង»

លោក​អះអាង​ថា ស្ថិតិ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​ថា តួលេខ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន​ជាង ៤​ម៉ឺន ៦​ពាន់​នាក់ (៤៦.៥៤១​នាក់)

ជុំវិញ​បញ្ហា​នេះ អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការងារ និង​ក្រសួង​ការ​បរទេស បាន​ទេ​នៅ​ថ្ងៃ​ទី​១២ កក្កដា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៩ កក្កដា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍ និង​ធ្វើ​មាតុភូមិ​និវត្តន៍​ពលករ​ពលការិនី​ខ្មែរ​ចំនួន ១៦​នាក់​ពី​ប្រទេស​ម៉ាឡេស៊ី មក​ដល់​ប្រទេស​កម្ពុជា វិញ។ ពលករ​ទាំងនេះ ភាគច្រើន​ជា​អ្នក​នេសាទ ហើយ​មួយ​ចំនួន​តូច​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី នោះ។

អាជ្ញាធរ​ម៉ាឡេស៊ី ចាប់​ផ្ដើម​យុទ្ធនាការ​បង្ក្រាប​ពលករ​អន្តោប្រវេសន៍​ធ្វើ​ការ​ខុស​ច្បាប់​នៅ​តាម​រោងចក្រ សហគ្រាស និង​ភោជនីយដ្ឋាន​នានា​តាំង​ពី​ថ្ងៃ​ទី​១ កក្កដា ដោយ​ចាប់​ឃុំ​ខ្លួន​ពលករ​គ្មាន​លិខិត​ស្នាម​ជាង ៣.០០០​នាក់។ ការ​បង្ក្រាប​នេះ អាជ្ញាធរ​ម៉ាឡេស៊ី ក៏​បាន​ចាប់​ថៅកែ​ជាង ៦០​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ជួល​កម្មករ​បរទេស​ខុស​ច្បាប់​ឲ្យ​ធ្វើ​ការ។ ប្រទេស​ម៉ាឡេស៊ី មាន​ពលករ​ស្រប​ច្បាប់​ប្រហែល ១​លាន ៩​សែន​នាក់ រីឯ​ចំនួន ៦​លាន​នាក់​ផ្សេង​ទៀត​ជា​ពលករ​ខុស​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles